The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ហ៊ុន សែន ថា ​​គ្មាន​ការវិនិយោគ​អចលនទ្រព្យ​នៅ​តំបន់​បេតិកភណ្ឌ​ពិភពលោក

លោក ហ៊ុន សែន ថា ​​គ្មាន​ការវិនិយោគ​អចលនទ្រព្យ​នៅ​តំបន់​បេតិកភណ្ឌ​ពិភពលោក

Content image - Phnom Penh Post
លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ក្នុង​ខេត្តសៀមរាប​។ រូបថត SPM

លោក ហ៊ុន សែន ថា ​​គ្មាន​ការវិនិយោគ​អចលនទ្រព្យ​នៅ​តំបន់​បេតិកភណ្ឌ​ពិភពលោក

ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​បញ្ជាក់ថា តំបន់​អភិរក្ស​បេតិកភណ្ឌ​ពិភពលោក នៅក្នុង​ខេត្ត​សៀមរាប​មិនអាច​អនុញ្ញាតឱ្យ​មានការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដែល​ខុសពី​លក្ខខណ្ឌ​ដែល​នឹង​នាំឱ្យ​អង្គការ​បេតិកភណ្ឌ​ពិភពលោក​ដកចេញ​ពី​បញ្ជី​វិញ​នោះ​។

នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​ ៣៨​ ខ្សែ​ក្នុង​ក្រុង​សៀមរាប​កាលពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​ ២០២២ ​នេះ លោកនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​សូមបញ្ជាក់ថា មិនអាច​យក​តំបន់​សៀមរាប​ប្រៀបធៀប​ទៅនឹង​ទីផ្សារ​អចលនទ្រព្យ​ដូចជា​ខេត្ត​ដទៃ​ទេ បើសិនជា​ធ្វើ​ដូច្នេះ​កម្ពុជា​នឹង​ត្រូវគេ​បណ្តេញចេញ ដោយ​យក​អង្គរវត្ត​របស់​យើង​ចេញពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ហើយ​។ អ៊ីចឹង​សូមឱ្យ​ខាង​ផ្នែក​ទីផ្សារ​អចលនទ្រព្យ សូម​មើល​ព្រៃ​ទាំងមូល កុំ​មើល​ឈើ​ ១​ ដើមៗ អ៊ីចឹង​បានជា​ខ្ញុំ​ស្នើថា វា​មិន​ខ្វះ​ទេ​កន្លែង​ដែល​ត្រូវធ្វើ​ទីផ្សារ​អចលនទ្រព្យ​ច្រើនណាស់ ប៉ុន្តែ​កុំឱ្យ​មក​កៀក​អង្គរ​»​។

លោក​ថ្លែងថា​៖ «​យើង​ពិតជា​អរគុណ​ចំពោះ​បារាំង ជប៉ុន ដែលជា​សហប្រធាន​នៃ ICC រួម​ជាមួយ​នឹង​អង្គការ​យូណេស្កូ ដែល​អាច​ហៅថា នៅទីនេះ​​ជានិច្ចកាល​យើង​ប្រើ​យន្តការ​ត្រីភាគី គឺ​កម្ពុជា ជា​ម្ចាស់ផ្ទះ បូក​ជាមួយ​សហប្រធាន​ទាំង​ ២ ​គឺ​បារាំង និង​ជប៉ុន​ដែល​បាន​ចូលរួម ប៉ុន្តែ​យើង​ក៏មាន​ដៃគូ​សំខាន់​មួយទៀត គឺ​យូណេស្កូ​។ ខ្ញុំ​សូម​ធ្វើការ​បញ្ជាក់​ហេតុផល ដែល​ខ្ញុំ​លើក​មក​និយាយ​ត្រង់​កន្លែង​នេះ ដើម្បី​កុំឱ្យ​ដៃគូ​របស់​យើង​ដូចជា យូណេស្កូ បារាំង ជប៉ុន មាន​ការព្រួយបារម្ភ អំពី​អ្វីដែល​កើតឡើង​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ទេ​។ រាជរដ្ឋាភិបាល​កម្ពុជា​មិនអាច​ទុកឱ្យ​បេតិកភណ្ឌ​រង​នូវ​ផលប៉ះពាល់​ណាមួយ​ពី​ការសាងសង់​សំណង់​ផ្សេងៗ​ឡើង​»​។

នៅក្នុង​ពិធី​សម្ពោធ​នោះដែរ លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​គណៈកម្មាធិការ អន្តរជាតិ​ ICC- Angkor ដែល​បាន​ចូលរួម​នៅក្នុង​ការអភិរក្ស​តំបន់​ក្នុង​ក្រុង​សៀមរាប ក៏ដូចជា​អភិរក្ស​ជាមួយ​នឹង​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​របស់​អង្គរវត្ត ដោយ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្ត​សៀមរាប បន្ត​រក្សា​នូវ​របៀបរៀបរយ គោរព​ទៅតាម​គោលការណ៍​ដែល​ការពារ​បាន​នូវ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ ព្រោះ​ទឹកដី​សៀមរាប​ពិតជា​មាន​ប្រាង្គ​ប្រាសាទ​ច្រើន​។

ទន្ទឹមនេះដែរ​លោក​បាន​ថ្លែង​ប្រតិកម្ម​ចំពោះ​អ្នកវិនិយោគ​​ដីធ្លី​ផ្នែក​អចលនទ្រព្យ​ដែល​ចង់ឱ្យមាន​អគារ​ខ្ពស់ៗ​នៅ​តំបន់​សៀមរាប​ផងដែរ​។

លោក​ថា​៖ «​ខ្ញុំ​គិតថា ការលើកឡើង​នោះ​គាត់​ក៏បាន​ដឹងថា ខុស គាត់​ប្រើប្រាស់​ថា​នៅ​សៀមរាប​មិនអាច​អភិវឌ្ឍ​បាន​ដោយសារតែ​មាន​ការរាំង​ស្កាត់​ដោយ​អាជ្ញាធរ​មិនឱ្យ​សាងសង់​ខ្ពស់ៗ​»​។

លោក​បានឱ្យដឹងថា សូម្បី​ប្រទេស​ជឿនលឿន ដែល​កសាង​បំពាន​ទៅលើ​លក្ខខណ្ឌ​បច្ចេកទេស​នៃ​អង្គការ​យូណេស្កូ គេ​បាន​ដក​ចេញពី​បញ្ជី​នៃ​បេតិកភណ្ឌ​ពិភពលោក​តែម្តង ហើយ​កម្ពុជា​ក៏​ដូចគ្នា បើសិន​ជា​បាន​បំពាន​លក្ខខណ្ឌ​ទាំងឡាយ​ដែល​កំណត់ដោយ​អង្គការ​យូណេស្កូ​នឹង​បាត់បង់​លក្ខណ​សម្បត្តិ​ជា​បេតិកភណ្ឌ​ពិភពលោក​ទាំង​នៅ​អង្គរវត្ត សំបូរ​ព្រៃ​គុក និង​ប្រាសាទព្រះវិហារ​។

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ លោក សំបូរ ម៉ាណារ៉ា មើលឃើញថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រឹងប្រែង និង​បាន​យកចិត្ត​ដាក់​ចំពោះ​ការអភិរក្ស​បេតិកភណ្ឌ​ទាំង​មុន និង​ក្រោយ​ចូល​បេតិកភណ្ឌ​ពិភពលោក​ម្ល៉េះ​។

លោក​ថា​៖ «​ប្រមុខ​រាជរដ្ឋាភិបាល​មានប្រសាសន៍​បែបនេះ ព្រោះ​លោក​ចង់ឱ្យ​អន្តរជាតិ​ទាំងអស់​យកចិត្ត​ទុកដាក់​គិត​ឱ្យបាន​ច្បាស់​ថា យើង​ក៏មាន​ផ្នែក​មួយ​នៅក្នុង​ការទទួល​ខុសត្រូវ​ក្នុងការ​អភិរក្ស​នេះ ហើយ​មិនមែន​ទើបតែ​ពេលនេះ​ទេ គឺមាន​តាំងពី​យូរណាស់​មកហើយ​ដែរ​»​។

លោក​ថ្លែង​ដោយ​បង្ហាញ​ក្ដី​សង្ឃឹមថា មិន​ថា រាជ​រដ្ឋាភិបាល​ក៏ដូចជា​ប្រជាជន​គួរតែ​ចូលរួម​អភិរក្ស​បេតិកភណ្ឌ​ទាំងនេះ​ដើម្បី​ប្រទេសជាតិ​ទៅ​អនាគត​មាន​ភាពផូរផង់​នៃ​ដំណាក់កាល​នៃ​ការអភិរក្ស​វប្បធម៌​។

លោក​ថា​៖ «​បេតិកភណ្ឌ​របស់​ជាតិ​នេះ​គឺជា​ដំណើរ​នៃ​ប្រវត្តិសាស្ត្រ​មិនមែន​គ្រាន់តែ​សេដ្ឋកិច្ច និង​ទេសចរណ៍​ទេ ប៉ុន្តែ​ជា​ប្រវត្តិសាស្ត្រ កាលណា​យើង​ភ្លេចខ្លួន​តែ​បន្តិច​យើង​បាត់ដាន​នៃ​បុព្វបុរស​យើង​»​។

លោក សំបូរ ម៉ាណារ៉ា ថ្លែងថា អ្នកវិនិយោគ​ដែលមាន​បំណង​ចង់​អភិវឌ្ឍ​ផ្នែក​អចលនទ្រព្យ​អាច​រក​ទីតាំង​ឆ្ងាយៗ​ពី​តំបន់​អង្គរ​បាន ដោយ​មិនចាំបាច់​ប្រមូលផ្តុំ​នៅ​ជុំវិញ​អង្គរ​នោះទេ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ចង់​បន្ថែមថា អភិវឌ្ឍ​ប្រទេស​យើង មិនមែន​តែ​អភិវឌ្ឍ​នៅ​កន្លែង​មួយ​ទេ យើង​មើល​ព្រះបាទ​ជ័យវរ្ម័ន​ទី ​២ រហូត​ដល់​សម័យអង្គរ​គឺ​អភិវឌ្ឍ​ប្រទេសជាតិ​​គឺ​ប្តូរ​ទីតាំង​អភិវឌ្ឍន៍​ទីក្រុង​ឆ្ងាយៗ ដើម្បី​បណ្តុំ​ប្រជាជន និង​បង្កើន​វិសាលភាព​នៃ​ការអភិវឌ្ឍ​ជាតិ​»​។

នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​នោះដែរ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​គូសបញ្ជាក់ថា​៖ «​យើង​មិនអាច​ទុកឱ្យ​បេតិកភណ្ឌ​របស់​យើង គឺ​ប្រាសាទ​អង្គរ​នៅទីនេះ​រង​នូវ​ផលប៉ះពាល់​ណាមួយ ដែល​បាត់បង់​លក្ខណសម្បត្តិ​ជា​បេតិកភណ្ឌ​ពិភពលោក ហើយ​ខ្ញុំ​សូមឱ្យ​អង្គការ​អន្តរជាតិ ICC-Angkor ដែល​ត្រៀម​ចុះ​ហត្ថលេខា ១០​ ឆ្នាំ​បន្ថែមទៀត គឺ​កុំ​មានការ​ស្ទាក់ស្ទើរ​។ ​នេះ​ជា​ការ​អះអាង​របស់​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធានាថា សម្បត្តិ​ដូនតា​របស់​យើង​ដែល​បាន​ខិតខំ​ទុក​ពី​ពេលមុន​ត្រូវបាន​គោរព យើង​មិន​ត្រឹមតែ​គោរព​ដល់​ប្រាសាទ​អង្គរ​ទេ យើង​គោរព​តាំងពី ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​នៅតាម​ផ្លូវ​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍