ព្រះសីហនុៈ ​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី ​៤ មេសា កំពុង​ស្រាវជ្រាវ​ករណី​រថយន្ត​ស្ទូច​ដែល​បើក​ចុះ​ចំណោត​ហើយ​ដាច់​ហ្វ្រាំង​ទៅបុក​បុរស​ជនជាតិ​កាណាដា​ដែល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​ប្រពន្ធ​ជនជាតិខ្មែរ​ស្លាប់ ខណៈ​អ្នក​បើកបរ​រថយន្ត​ និង​ព្រូឡាន​នោះ​ក៏​ស្លាប់​ផងដែរ កាលពី​ថ្ងៃទី​ ៣ មេសា នៅក្នុង​សង្កាត់​លេខ ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។

លោក អ៊ី សុខា ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ​ឱ្យ​​ដឹង​នៅ​ថ្ងៃទី​ ៤ ​មេសា ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​រហូត​មកដល់​ថ្ងៃទី ​៤ មេសា សមត្ថកិច្ច​របស់​លោក​កំពុង​ស៊ើបអង្កេត​ជុំវិញ​ហេតុការណ៍​នេះហើយ​។ ចំណែក​ជនរងគ្រោះ​ជនជាតិ​កាណាដា ឈ្មោះ JEAN CHAR-LES ភេទ ប្រុស អាយុ​ ៧៦ ​ឆ្នាំ រីឯ​ស្ត្រី​ប្រពន្ធ​គាត់​ជា​ជនជាតិខ្មែរ តែ​សមត្ថកិច្ច​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។

ចំណែក​បុរស​អ្នកបើក​បររថយន្ត​ឈ្មោះ ឡូ អាយុ​ ២២ ​ឆ្នាំ និង​ឈ្មោះ យុគ អាយុ​ ២៣ ​ឆ្នាំ​ជា​ព្រូឡាន​ក៏បាន​ស្លាប់​ដែរ​។

លោក​ថា​៖ «​រឿងនេះ​សមត្ថកិច្ច​​ជំនាញ​របស់ខ្ញុំ​កំពុងតែ​ស្រាវជ្រាវ​ធ្វើការ​បន្តទៀត​ព្រោះ​យើង​គ្រាន់​​តែ​ដឹងថា រថយន្ត​បង្ក​នោះ​ជា​រថយន្ត​ស្ទួច​។ យើង​ក៏​មិនទាន់​កំណត់​បាន​ថា​ជា​រថយន្ត​របស់​ក្រុមហ៊ុន​ឬ​យ៉ាងណាទេ​»​។

លោក​ សុខា បាន​រៀបរាប់​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​ថា កាលពី​ម៉ោង​ប្រហែល​ ១១ ​ព្រឹក ថ្ងៃទី​ ៣ ខែមេសា គេ​បានឃើញ​រថយន្ត​ស្ទួច​ ១​ គ្រឿង​ពាក់​​ស្លាក​លេខ​កំពង់ស្ពឺ 3A-1512 ដែលមាន​មនុស្ស​ប្រុស ​២ ​នាក់​នៅក្នុង​កាប៊ីន​រថយន្ត​បាន​បើក​លើ​​ផ្លូវ​ចុះ​ចំណោត​ពី​ឃ្លាំង​លើ​សំដៅ​មក​ភូមិ​ផ្លូវ​អូរ​ ២ ក្នុង​សង្កាត់​លេខ​ ៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ត្រូវ​ដាច់​ហ្វ្រាំង​។ ស្របពេលនោះ មាន​ម៉ូតូ​ ១​ គ្រឿង​បើកបរ​ដោយ​បុរស​ជាតិ​កាណាដា​ឈ្មោះ JEAN CHARLES បាន​ឌុប​ស្ត្រី​ខ្មែរ​ត្រូវជា​ប្រពន្ធ​គាត់​ពីក្រោយ ក៏ត្រូវ​រថយន្ត​បង្ក​បុក​ស្លាប់​ទាំង​ ២​ នាក់​តែម្តង​។ ចំណែក​រថយន្ត​បាន​បន្ត​ល្បឿន​ទៅបុក​ផ្ទះ​ដែល​គេ​កំពុង​សាងសង់​ហើយ​បាន​កៀប​អ្នកបើកបរ​ និង​ព្រូឡាន​ស្លាប់​ទាំង​ ២ ​នាក់​ភ្លាមៗ​ផងដែរ​។

ជុំវិញ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ លោកនាយ​ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង​នគរបាលជាតិ​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​ស្តីពី​ការប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង ការពិន័យ និង​ការដក​ពិន្ទុ ករណី​គ្រោះថ្នាក់ចរាចរណ៍​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៅ​ថ្ងៃទី​ ៤ មេសា​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​ ២០២០ ​និង​ ២០២១ ​មាន​​ការថយចុះ ខណៈ​កម្ពុជា​កំពុង​​ស្ថិតក្នុង​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

ប៉ុន្តែ​អត្រា​គ្រោះថ្នាក់​នេះ​ហាក់​ហក់​ឡើងវិញ​នៅ​ចុងឆ្នាំ ​២០២១ ​និង​ដើមឆ្នាំ​ ២០២២ ​នេះ គ្រា​ដែល​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ ហាក់​បាន​ធូរស្រាល​។

លោក​ថា ក្នុង​រយៈពេល​ ២​ ឆ្នាំ​កន្លងមកនេះ កម្ពុជា​បាន​កាត់បន្ថយ​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​​ចរាចរណ៍​បាន​ប្រមាណ ៨០០​ នាក់ និង​កាត់បន្ថយ​អ្នករងរបួស​ប្រមាណ​ ៣ ​ពាន់​នាក់​។ លោក​ថា នៅ​ឆ្នាំ​ ២០១៩ អ្នករងរបួស​មាន​ជាង​ ៦​ ពាន់​នាក់ រីឯ​នៅ​ឆ្នាំ​ ២០២១ របួស​មានតែ​ជាង​ ៣ ​ពាន់​នាក់​ប៉ុណ្ណោះ​។ ​ក៏ប៉ុន្តែ​ចាប់​​ពី​ត្រីមាស​ទី ​៤ ឆ្នាំ​ ២០២១ ចូលដល់​ត្រីមាស​ទី ​១ ឆ្នាំ​ ២០២២ ​អត្រា​អ្នកស្លាប់​ជា​មធ្យម​ក្នុង​ ១ ​ថ្ងៃ​មាន​រហូតដល់ ​៦ ​នាក់ និង​អ្នករបួស​មាន​ជិត​ ២០​ នាក់​។

ជាមួយ​គ្នា​នោះ លោក ហ៊ឹម យ៉ាន បាន​ជំរុញ​មន្ត្រី​ជំនាញ​ ​និង​ក្រុមការងារ​ប្រតិបត្តិការ​ត្រូវ​យល់ដឹង​អំពី​ការដឹកនាំ​លើ​បច្ចេកទេស​ខ្លះ​នៃ​ប្រតិបត្តិការ​អំពី​នីតិវិធី​លើ​ការគ្រប់គ្រង​ការពិន័យ ក៏ដូចជា ការគ្រប់គ្រង​លើផ្លូវ​ល្បឿន​លឿន​តាម​ខេត្ត​ក្រុង​ដែល​ពាក់ព័ន្ធ ជាពិសេស​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​។

លោក​ថា​៖ «​បើ​ចង់​ទប់ស្កាត់​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​បាន​ត្រូវអនុវត្ត​វិធានការ​ចំនួន​ ៣៖ ទី​ ១- ​រឹតបន្តឹង និង​ការដាក់ពិន័យ​ចំពោះ​បទល្មើស​ចរាចរណ៍ ហើយ​ត្រូវតែ​ធ្វើឱ្យមាន​ប្រសិទ្ធភាព ទី​ ២-​ ត្រូវ​ចាប់​មុខសញ្ញា​ដែល​គេចខ្លួន​ឱ្យបាន​ដោយ​ការ​ព្យាយាម​តាមរក​ចាប់​ឱ្យបាន ​និង​​ទី​ ៣-​ គឺ​វិធានការ​ផ្សព្វផ្សាយ​អប់រំ​ឱ្យបាន​ទូលំទូលាយ​»៕