ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល​បាន​អះអាងថា ដោយ​មើលឃើញ​ពី​សកម្មភាព​ និង​លទ្ធផល​ល្អប្រសើរ​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩​ នៅ​កម្ពុជា អង្គការ​ហ្គាវី (GAVI) ​និង​មជ្ឈមណ្ឌល​កូវ៉ាក់​ (COVAX)​ បាន​ប្តេជ្ញា​បន្ត​គាំទ្រ​ដល់​កម្ពុជា ហើយ​មជ្ឈមណ្ឌល​កូវ៉ាក់​ក៏បាន​យល់ព្រម​បង្កើន​ការផ្ដល់​វ៉ាក់សាំង​ចំនួន​១០​ភាគរយ​បន្ថែមទៀត​លើ​ចំនួន​​ ២០​ ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​សរុប​ដែល​បាននិងកំពុង​ផ្តល់​មក​ជា​បន្តបន្ទាប់​ផងដែរ​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ (​គ.វ.ក​-១៩) ​បាន​ថ្លែងប្រាប់​ដូចនេះ កាលពី​ថ្ងៃទី​ ១ ខែមេសា បន្ទាប់ពី​លោកស្រី​បាន​ជួបពិភាក្សា​ការងារ​វ៉ាក់សាំង​ជាមួយ​មន្ត្រីជាន់ខ្ពស់​អង្គការ​ GAVI និង​មជ្ឈមណ្ឌល​កូវ៉ាក់ (COVAX),​អង្គការ​ CHAI​ នៅ​កម្ពុជា​,​តំណាង​អង្គការ​សុខភាព​ពិភពលោក ​(WHO) ​ប្រចាំ​កម្ពុជា​, តំណាង​អង្គការ​ UNICEF ​ប្រចាំ​កម្ពុជា និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។

លោកស្រី​បាន​ថ្លែងថា​៖ «​ទាំង​អង្គការ​ GAVI,COVAX និង​អង្គការ​ CHAI បានធ្វើការ​កោតសរសើរ​យ៉ាងខ្លាំង​នូវ​សមិទ្ធផល​ដែល​ប្រទេស​កម្ពុជា​ទទួលបាន​ពី​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ហើយក៏​ជា​ចំណុច​មួយ​ដែល​ពួកគេ​ចង់​រៀនសូត្រ​និង​ដកស្រង់​បទពិសោធ​ពី​ប្រទេស​យើង​ផងដែរ​»​។

ចំណុច​ជា​វិជ្ជមាន​សម្រាប់​កម្ពុជា​ដែល​អង្គការ​ទាំងនេះ​សប្បាយចិត្ត​ហើយ​បញ្ជាក់​ពី​ការគាំទ្រ​កម្ពុជា​បន្តទៀត​នេះ គឺ​មជ្ឈមណ្ឌល​កូវ៉ាក់​បាន​អនុម័ត​ក្នុង​​ការបង្កើន​នូវ​ការគាំទ្រ​របស់ខ្លួន​នេះ​​ដែល​ពីមុន​កូវ៉ាក់​សម្រេច​នៅក្នុង​ផែនការ​តែ​ចំនួន​ ២០% ​នៅក្នុង​ការផ្តល់​វ៉ាក់សាំង​ក្នុងចំណោម​ប្រជាជន​កម្ពុជា​សរុប​ដែលមាន​ប្រមាណ​ជា​ ៦,៦​ លាន​ដូស​។ មកទល់​ពេល​បច្ចុប្បន្ននេះ​កម្ពុជា​បានទទួល​វ៉ាក់សាំង​ជាង​ ១,៨ ​លាន​​ដូស​រួចហើយ ហើយ​ចាប់ពីពេលនេះ​ដល់​ខែកញ្ញា​ឆ្នាំ​ ២០២២ ខាងមុខ កូវ៉ាក់​នឹង​ផ្តល់នូវ​វ៉ាក់សាំង​ប្រភេទ​ Pfizer ចំនួន​ជាង​ ៥,៥ ​លាន​ដូ​ស​បន្ថែមទៀត​មក​កម្ពុជា ដើម្បី​បង្គ្រប់​នូវ​ចំនួន​ដែល​កូវ៉ាក់​ត្រូវ​ផ្តល់​មក​កម្ពុជា​។

លោកស្រី ឱ វណ្ណឌីន បាន​ប្រាប់ថា​៖ «​អ្វី​ដែលជា​ចំណុច​ល្អ​ដែល​យើង​បាន​ពិភាក្សាគ្នា​នេះ​គឺ​ខាង​កូវ៉ាក់​នឹង​បង្កើន​នូវ​ការផ្តល់​វ៉ាក់សាំង​របស់ខ្លួន​រហូត​ដល់​ ៣០ ​ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​។ ​មានន័យថា កូវ៉ាក់​នឹង​ផ្តល់​វ៉ាក់សាំង​មក​កម្ពុជា​ជា​បន្តបន្ទាប់​ទៀត​នៅ​ឆ្នាំ​ខាងមុខៗ​ទៀត​ប្រសិនបើ​យើង​ប្រើប្រាស់​រួចរាល់​ហើយ​នូវ​វ៉ាក់សាំង​ដែល​គេ​ផ្តល់​ ២០ ​ភាគរយ​នេះ​»​។

ប្រធាន​ គ.វ.ក-១៩​រូបនេះ បាន​បញ្ជាក់ថា​៖ «​អ៊ីចឹង​! ​វ៉ាក់សាំង​ ១០% ​ដែល​គេ​នឹង​បង្កើន​ឱ្យ​យើង​បន្តទៀត​នេះ យើង​នឹង​គិតគូរ​ចាត់ចែង​រៀបចំ​នៅ​​ពេល​ដំណាក់កាល​ជា​បន្តបន្ទាប់​ទៀត​។

មូលហេតុ​ដែល​ខាង​កូវ៉ាក់​បន្ថែម​វ៉ាក់សាំង​ឱ្យ​យើង​គឺ​ដោយសារតែ​ការអនុវត្ត ការគ្រប់គ្រង ការយកចិត្ត​ទុកដាក់​ និង​ជំនឿ​ទុកចិត្ត ព្រមទាំង​លទ្ធផល​ដែល​គេ​មើលឃើញ​នេះ​តែម្តង​»​។

បើតាម​លោកស្រី ឱ វណ្ណឌីន មកទល់​ពេលនេះ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​កូវីដ​ ១៩ ​សរុប​ជាង​ ៤៩​ លាន​ដូស​ដែល​វ៉ាក់សាំង​ទាំងនោះ​ទទួលបាន​ពី​ការបញ្ជាទិញ​ដោយ​ប្រើ​ថវិកាជាតិ​ និង​ជា​ជំនួយ​ពី​ប្រទេស​ជា​ដៃគូ​ផងដែរ​។

លោកស្រី ណាឌីយ៉ា ឡាស្រ៊ី (Nadia Lasri)​ ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់​របស់​អង្គការ GAVI និង​មជ្ឈមណ្ឌល​កូវ៉ាក់​ (COVAX)​ ប្រចាំ​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ បាន​សាទរ និង​កោតសរសើរ​នូវ​ការខិតខំ​ជា​បន្តបន្ទាប់​របស់​រាជរដ្ឋាភិបាល​ និង​ក្រសួង​សុខាភិបាល​កម្ពុជា​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល ការលើកកម្ពស់​គុណភាព​សេវា​សុខាភិបាល ជាពិសេស​ការគ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ បាន​យ៉ាង​ល្អប្រសើរ​។

លោកស្រី​បានបញ្ជាក់​នូវ​គោលជំហរ​របស់​អង្គការ GAVI និង​មជ្ឈមណ្ឌល​កូវ៉ាក់​ (COVAX)​ ក្នុង​ការបន្ត​គាំទ្រ​ពង្រឹង​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​នៅ​កម្ពុជា ជាពិសេស​ពិនិត្យ​លទ្ធភាព​ផ្តល់​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​បន្ថែមទៀត និង​សម្រប​សម្រួលការ​ផ្តល់ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ពី​ដៃគូ​អភិវឌ្ឍន៍​ដល់​កម្ពុជា​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ថ្លែង​កាលពី​ថ្ងៃទី​ ១ ខែមេសា ដែរ​ថា វិធាន​ការដែល​កម្ពុជា​សម្រេចបាន​នេះ លោក​ក៏​សុំ​អរគុណ​ដល់​ប្រជាពលរដ្ឋ ពីព្រោះ​បើទោះបី​ជាមាន​វ៉ាក់សាំង​ក៏ដោយ បើ​ប្រជាពលរដ្ឋ​មិន​ព្រម​ចាក់​គឺ​នៅតែ​មិន​ជោគជ័យ​។

លោក​បាន​បញ្ជាក់ថា​៖ «​ប្រជាពលរដ្ឋ​របស់​យើង ទទួល​យក​នូវ​ការចាក់​វ៉ាក់សាំង​នេះ ទោះបី​មាន​ការបំភ័យ​ពី​មនុស្ស​មួយចំនួន​ពី​ក្រុម​មួយ​ចំនួន​ថា វ៉ាក់សាំង​ចាក់​ទៅធ្វើ​ឱ្យស្លាប់ ឬ​មាន​ញ្ហា​អី​មួយ ប៉ុន្តែ​ចុង​បំផុត​វ៉ាក់សាំង​បាន​ជួយ​ជីវិត​ប្រជាជន​កម្ពុជា​។

យើង​បាត់បង់​ប្រជាជន​យើង​ជាង​ ៣ ​ពាន់​នាក់ ដែល​ស្លាប់​នៅក្នុងពេល​​ដែល​កូវីដ​កើតឡើង​នៅពេល​យើង​អត់​មាន​វ៉ាក់សាំង​ចាក់​»៕