ភ្នំពេញៈ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា និង​ក្រសួង​ស្ថាព័ន្ធ​ពាក់ព័ន្ធ​នៅ​ថ្ងៃទី​ ៤​ ខែ មេសា បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់ «​ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​កម្លាំង​សេវា​សង្គម​នៅ​កម្ពុជា ២០២២-២០៣១ និង​ផ្សព្វផ្សាយ​ឯកសារ​ទឡ្ហីករណ៍​ស្ដីពី ការវិនិយោគ​លើ​កម្លាំង​សេវា​សង្គម និង​សេចក្តី​ណែនាំ​ស្ដីពី​តួនាទី និង​ភារកិច្ច សម្រាប់​មន្ត្រី​ទទួលបន្ទុក​ជា​បុគ្គលិក​សង្គមកិច្ច ក្រុង ស្រុក ខណ្ឌ​»​។

លោក​ វង សូត រដ្ឋមន្តី្រ​ក្រសួង​សង្គមកិច្ច ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់ ផែនការ​យុទ្ធសាស្ត្រ​នេះ​ថា ផែនការ​យុទ្ធសាស្ដ្រ​នេះ​ជា​ឯកសារ​ដ៏​មាន​សារៈសំខាន់​ក្នុងការ​ពង្រឹងសមត្ថភាព និង​បង្កើន​ចំនួន​កម្លាំង​សេវា​សង្គមកិច្ច​យ៉ាងហោចណាស់​មាន​អ្នក​អាជីព​សង្គមកិច្ច​ ឬ​អ្នក​អាជីព​សង្គមកិច្ច​រង ២ ​នាក់​ក្នុង​ ១ ​ឃុំ​-​សង្កាត់ ដើម្បី​លើកកម្ពស់​កម្លាំង​សេវា​សង្គម​។ លោក​ថ្លែងថា ការប្រកាស​ឱ្យ​ប្រើប្រាស់​ផែនការ​យុទ្ធសាស្ដ្រ​នេះ គឺ​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​ប្រកប​ដោយ​ចក្ខុវិស័យ​ច្បាស់លាស់ និង​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​គាំពារ​នូវ​សុខុមាលភាព​របស់​ប្រជាជន ជាមួយ​នឹង​អ្នកមាន​វិជ្ជាជីវៈ​ដែល​ត្រឹមត្រូវ និង​ពិតប្រាកដ​ក្នុង​ការផ្តល់​សេវា​សង្គម​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌ ដែលជា​អភិក្រម​ប្រកបដោយ​ប្រសិទ្ធភាព​របស់​អ្នកផ្តល់​សេវា​។

លោក​ថ្លែងថា​៖ «​ក្នុងនាម​ថ្នាក់​ដឹកនាំ​ក្រសួង​សង្គមកិច្ច និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់​ខ្ញុំ​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ផែនការ​យុទ្ធសាស្ត្រ ស្តីពី​កម្លាំង សេវា​សង្គម​នៅ​កម្ពុជា ២០២២-២០៣១ និង​ពិធី​ផ្សព្វផ្សាយ ឯកសារ​ទឡ្ហីករណ៍ ស្តីពី​ការវិនិយោគ​លើ​កម្លាំង​សេវា​សង្គម​នៅ​កម្ពុជា​ និង​សេចក្ដីណែនាំ​ស្តីពី​តួនាទី និង​ភារកិច្ច សម្រាប់​មន្ត្រី​ទទួលបន្ទុក​ជា​បុគ្គលិក​សង្គមកិច្ច ក្រុង ស្រុក ខណ្ឌ​»​។

លោក វង សូត បាន​លើកឡើងថា កត្តាវិវឌ្ឍ​នៃ​សង្គម​ប្រកបដោយ​សង្គតិភាព​ដូច​សព្វថ្ងៃ​ធ្វើឱ្យ​កម្ពុជា​ត្រូវ​បន្តដំណើរ​វិវឌ្ឍន៍​របស់​ខ្លួន​លើ​មាគ៌ា​ច្បាស់លាស់​ក្នុងការ​កំណត់​ និង​រក្សាបាន​នូវ​សុខុមាលភាព​របស់​ប្រជាជន ជាពិសេស​ការធានា​នូវ​ការផ្ដល់​នូវ​សេវា​សង្គម​ប្រកបដោយ​សមភាព សមធម៌ និង​វិជ្ជាជីវៈ​ពិតប្រាកដ​។

លោក​បន្តថា ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ខាងលើ​នេះ​នាពេល​ខាងមុខ​រាជរដ្ឋាភិបាល​ដែលមាន​ក្រសួង​សង្គមកិច្ច ជា​សេនាធិការ​បានកំណត់​យក​គោលដៅ​របស់ខ្លួន​ក្នុង​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការជំរុញ​កម្លាំង​សេវា​សង្គមកិច្ច ដើម្បី​ធ្វើជា​កម្លាំងចលករ ពហុប៉ូល ក្នុង​ការចូលរួម​ចំណែក​ដល់​ការផ្លាស់ប្ដូរ​សង្គម ការកសាង​សហគមន៍ និង​ការអភិវឌ្ឍ ដោយ​ធ្វើការ​ជាមួយ​សហគមន៍​ដែល​ប្រជាជន​ត្រូវការ ការគាំទ្រ​គ្រប់​ប្រភេទ​មិន​ថា ផ្លូវចិត្ត សម្ភារ ការអប់រំ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌​ និង​នយោបាយ​ជាដើម​។

លោក​បញ្ជាក់ថា​៖ «​កម្លាំង​សេវា​សង្គមកិច្ច គឺជា​ទស្សនៈ​រួមមួយ​ដែល​សំដៅ​ទៅលើ​អ្នកជំនាញ និង​អ្នកជំនាញ​រង​ទាំង​ក្នុង​រដ្ឋាភិបាល​ និង​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើការ​ជាមួយ​កុមារ យុវជន មនុស្សពេញវ័យ ក្រុមគ្រួសារ និង​សហគមន៍ ដើម្បី​ធានា​នូវ​ការអភិវឌ្ឍ និង​សុខុមាលភាព​»​។

តាម​ការសិក្សា​របស់​សម្ព័ន្ធ​កម្លាំង​សេវា​សង្គម​សកល (GSSWA) និង​អង្គការ​យូនីសេហ្វ​ពី​កម្លាំង​សេវា​សង្គមកិច្ច​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីបូព៌ា និង​តំបន់​ប៉ាស៊ីហ្វិក​បាន​រកឃើញថា​ទិន្នន័យ​សំខាន់ៗ ដែល​ទាក់ទង​នឹង​កម្លាំង​សេវា​សង្គមកិច្ច​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១២ ចំនួន​អ្នកផ្តល់​សេវា​សង្គម ដោយ​រាប់ទាំង​មន្ត្រី​ក្រសួង​សង្គមកិច្ច​មាន​ចំនួន​ប្រមាណ ១ ៥៥១ នាក់​ដែល​ក្នុងចំណោម​នោះ ចំនួន​ប្រមាណ​ ១ ​ភាគ ​៣ ធ្វើការ​នៅ​ថ្នាក់ជាតិ ហើយ​ ១​ ភាគ​ ៣​ គឺជា​ស្ដ្រី​។

ផ្អែកលើ​ការសិក្សា​នាពេល​ថ្មីៗ​នេះ​មានមុខ​តំណែង​ការងារ​សង្គម​ចំនួន ៣ ៧៦៤ នៅក្នុង​ជួរ​រាជរដ្ឋាភិបាល ដែល​ចំនួន​នេះ​បាន​ផ្តល់នូវ​សមាមាត្រ​នៃ​បុគ្គលិក​សេវា​សង្គម​ចំនួន ៦៤,៤ នាក់ ក្នុងចំណោម​កុមារ​ចំនួន ១០០ ០០០ នាក់​។ ក្រៅពី​ក្រសួង​សង្គមកិច្ច ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​បាននិង​កំពុង​បង្កើត ឬ​ស្វែងរក​ឱ្យមាន​ការបង្កើត​សេវា​សង្គមកិច្ច​នៅក្នុង​សេវាកម្ម​របស់ខ្លួន​។ ឧទាហរណ៍ ក្រសួង​សុខាភិបាល​មាន​មុខ​តំណែង​ជា​បុគ្គលិក​សង្គម​ខាង​វេជ្ជសាស្ត្រ​។ ទោះ​យ៉ាងណា​ចំនួន​មុខតំណែង និង​ចំនួន​អ្នក​កាន់តំណែង​នៅក្នុង​វិស័យនេះ​មិនត្រូវ​បាន​គេ​ដឹង​ចំនួន​ជាក់លាក់​នោះទេ​។ នេះ​បើតាម​លោក វង សូត​។

អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​បាន​គាំទ្រ និង​ចូលរួម​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់ «​ផែនការ​យុទ្ធសាស្ត្រ ស្តីពី​កម្លាំង​សេវា​សង្គម​នៅ​កម្ពុជា ២០២២-២០៣១ និង​ការវិនិយោគ​កម្លាំង​សេវា​សង្គម​នៅ​កម្ពុជា និង​សេចក្តី​ណែនាំ​ស្តីពី​តួនាទី ភារកិច្ច​សម្រាប់​មន្ត្រី​ទទួលបន្ទុក​ជា​បុគ្គលិក​សង្គមកិច្ច ក្រុង ស្រុក និង​ខណ្ឌ​»​។

នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​លោកស្រី គ្វីននេត វ៉ង បាន​ថ្លែង​អំណរគុណ ចំពោះ​ក្រសួង​សង្គមកិច្ច ដែល​បានរៀបចំ​កម្មវិធី​សម្ពោធ​ដ៏​សំខាន់​នេះ ក្រោម​ការដឹកនាំ​របស់​លោក វង សូត​។

លោកស្រី​ថ្លែងថា​៖ «​កម្លាំង​ពលកម្ម​ផ្នែក​សេវា​សង្គម​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ និង​លើកកម្ពស់​សុខុមាលភាព​របស់​កុមារ គ្រួសារ និង​ក្រុម​ងាយ​រងគ្រោះ​ដោយ​កំណត់​អត្តសញ្ញាណ និង​គ្រប់គ្រង​ហានិភ័យ​ព្រមទាំង​សម្រួល​ដល់​ការទទួល​បាន​ និង​ការផ្តល់សេវា​គាំទ្រ​សង្គម​ និង​ធានាថា គ្រួសារ​ដែល​ទទួលបាន​ការគាំទ្រ​ទទួលបាន​សេវា​សុខុមាលភាព​ដែល​ពួកគេ​ត្រូវការ​»៕