ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កំពុង​ពិចារណា​ក្នុង​ការដក​បម្រាម​ទៅលើ​ការពាក់​ម៉ាស់​ក្នុងស្រុក ឬ​ខេត្ត​ណាមួយ​ជា​ការសាកល្បង សម្រាប់​ទីតាំង​ដែល​មិនមាន​ការឆ្លង​មេរោគ​កូវីដ ​១៩ ប៉ុន្តែ​លោក​នៅ​បន្ត​ធ្វើការ​តាមដាន​បន្ថែម​ទៀត​មុននឹង​សម្រេច​ឱ្យ​បញ្ឈប់​ការពាក់​ម៉ាស់​នេះ​។

ក្នុង​អំឡុងពេល​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ដែល​នឹង​មកដល់​នាពេល​ខាងមុខនេះ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​រក្សា វិធានការ ៣ ​ការពារ និង​ ៣​ កុំ​ដដែល ជាមួយនឹង​ការសប្បាយ​រីករាយ​ក្នុងពេល​បុណ្យចូលឆ្នាំ​។ លោក​ថ្លែង​ដូចនេះ​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​ ៣៨ ​ខ្សែ​ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​ ៤ ខែមេសា​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​កំពុង​គិតថា នៅពេល​ណាមួយ​នឹង​អាច​ប្រើប្រាស់​វិធីសាស្ត្រ​បញ្ឈប់​ការពាក់​ម៉ាស់​នៅក្នុង​ខេត្ត​ណាមួយ ឬ​ខេត្ត​ ២ ដើម្បី​សាកល្បង​។ យើង អាច​យក​ខេត្ត​មួយ​ដោយ​អ្នក​នៅក្នុង​ខេត្ត អាច​ចល័ត ឬ​ដើរ​នៅក្នុង​ខេត្ត​នោះ​ដោយ​មិនចាំបាច់​ពាក់​ម៉ាស់​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​នៅក្នុង​ខេត្ត​នោះ​ចូលមកក្នុង​ខេត្ត​ផ្សេង​គឺ​ត្រូវតែ​ពាក់​ម៉ាស់​»​។

លោក​បន្តថា ប្រសិនបើ​ខេត្ត ​២ ​ជាប់​គ្នា ហើយ​លើកលែង​ការពាក់​ម៉ាស់​ដូចគ្នា នោះ​អ្នករស់នៅ​ខេត្ត​ទាំង​ ២ ​នោះ ឆ្លង​ចេញចូល​ដោយ​មិនបាច់​ពាក់​ម៉ាស់​ផងដែរ​។

លោក​ ហ៊ុន សែន មានប្រសាសន៍​ថា​៖ «​កុំ​ទាន់​អាល​ដោះ​ម៉ាស់​អី ចាំ​ដល់ពេល​ខ្ញុំ​ប្រកាស​ចាំ​ដោះ ខ្ញុំ​កំពុង​តាមដាន​។ រៀងរាល់​ពេល​ល្ងាច​ខ្ញុំ​តាមដាន​ការឆ្លង​នៅតាម​ខេត្ត​នីមួយៗ​។ ដូចនេះ យើង​យក​ស្ថានភាព​នោះ ដើម្បី​សាកល្បង ដោយ​មិន​តម្រូវឱ្យ​មាន​ការពាក់​ម៉ាស់​នៅក្នុង​ខេត្ត​ណាមួយ ឬ​អាច​ថា ស្រុក​ហ្នឹង​មួយ​មិនបាច់​ពាក់​ម៉ាស់ តែបើ​ចូល​ស្រុក​ផ្សេង​គឺ​ត្រូវតែ​ពាក់​ម៉ាស់​»​។

នាឱកាស​នោះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅតែ​បន្ត​ស្នើឱ្យ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​បន្ត​ពាក់ម៉ាស់​បន្តទៀត​សិន ដោយសារ​លោក​មិនទាន់មាន​ការប្រកាស​ឱ្យ​ឈប់​ប្រើ​ម៉ាស់​នៅឡើយ​។ លោក​បញ្ជាក់ថា សម្រាប់​នៅ​ខេត្តសៀមរាប​នៅតែ​បន្ត​ដាក់ឱ្យអនុវត្ត ការពាក់​ម៉ាស់​ដដែល ដោយសារ​វា​ជា​តំបន់​ទេសចរណ៍​មិនត្រូវ​ឱ្យមាន​ការផ្ទុះ​ឡើងវិញ​បានទេ​។

លោក​ថ្លែងថា​៖ «​យើង​បន្ត​ចាំមើល បន្ទាប់ពី​ចូលឆ្នាំ​ហើយ តើ​ចំនួន​នៃ​ការឆ្លង​មានការ​កើនឡើង ឬ​ចំនួន​នៅ​ថេរ​។ ខ្ញុំ​សុំ​ធ្វើការ​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​របស់​យើង បន្ត​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​បន្តទៀត តាមរយៈ​វិធានការ ៣ ​ការពារ និង​ ៣ ​កុំ ហើយ​និង​តាមរយៈ​ការជំរុញ​ការចាក់​វ៉ាក់សាំង​»​។

ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ បើតាម​ការលើកឡើង​របស់​លោក នាយករដ្ឋមន្ត្រី គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​អាច​នឹង​ទៅ​ចាក់​វ៉ាក់សាំង​នៅ​តំបន់​កម្សាន្ត​មួយចំនួន ព្រោះ​អាច​ប្រើប្រាស់​គ្រូពេទ្យ​ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​។

លោក​ ហ៊ុន សែន ថ្លែងថា​៖ «​ខ្ញុំ​សុំ​ប្រកាសថា នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​នេះ សុំឱ្យ​នាំគ្នា​លេងសប្បាយ ហើយ​ឱ្យ​រាំលេង​។ ខ្ញុំ​មិនមែន​យក​ប្រជាជន​ទៅ​ធ្វើ​តេស្ត​ទេ​។ អ្វីដែល​ខ្ញុំ​ចង់ដឹង តើ​ពេលដែល​យើង​បើកឱកាស​សម្រាប់​ការធ្វើដំណើរ​ដើរលេង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​មានការ​រាំលេង​កម្សាន្ត មាន​ការ​ឆ្លង​ទៀត​ឬ​អត់​?»​។

កាលពី​ថ្ងៃទី ​១ ខែមេសា ក្រសួង​សុខាភិបាល​បានចេញ​សេចក្តី​ណែនាំ​ពី​ការអនុវត្ត​ក្នុង​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​ ២០២២ ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល​ ៣ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ១៤-១៦ ខែមេសា​នេះ​។ ក្រសួង​សុខាភិបាល​ក៏បាន​អំពាវនាវ​ដោយ​ទទូច​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​ និង​គ្រប់ៗ​គ្នា​នូវ​វិធានការ​សុខាភិបាល ៣ ​ការពារ និង​ ៣ ​កុំ​។

លោកស្រី​ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ក៏បាន​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ការពារ​ខ្លួន​ឱ្យបាន​ហ្មត់ចត់​ពី​មេរោគ​កូវីដ​ ១៩ ​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខនេះ​។

លោកស្រី​បញ្ជាក់ថា​៖ «​សូម​កុំភ្លេចថា វីរុស​កូវីដ​ ១៩​ នេះ​មិនទាន់​ចប់​នៅឡើយ​ទេ​។ ការ​រាតត្បាត​ជំងឺ​កូវីដ​ ១៩ នៅលើ​សកលលោក និង​ក្នុងប្រទេស​នីមួយៗ មិនទាន់​មាន​ការបញ្ចប់​នៅឡើយ​ទេ ហើយ​ការវិវឌ្ឍ​នៃ​ការ​បំប្លែង​ខ្លួន​របស់​វីរុស​កូវីដ​ ១៩ ក៏​វា​អាច​នឹង​កើតមាន​ផងដែរ​»​។

ដោយឡែក កម្ពុជា​កំពុង​ធ្វើការ​ជំរុញ​ការងារ​ថែទាំ​សុខភាព​បឋម (PHC booster) ​នៅតាម​មូលដ្ឋាន​នានា ដែលជា​ម៉ាស៊ីន​ដ៏មាន​ឥទ្ធិពល សម្រាប់​បំប្លែង​ការថែទាំ​សុខភាព ឆ្ពោះ​ទៅរក​សុខភាព សម្រាប់​ទាំងអស់​គ្នា​។ វា​នឹង​ត្រូវបាន​គេ​មើលឃើញថា ជា​ដំណើរ​ដ៏សំខាន់​មួយ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ឈានទៅដល់​ការ​គ្របដណ្តប់​សុខភាព​ជាសកល​ (UHC)​។

លោកស្រី​ ឱ វណ្ណឌីន បាន​ឱ្យដឹងថា ការងារ​ថែទាំ​សុខភាព​បឋម​បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​ដោយ​គិតគូរ​ពី​មនុស្ស​ជា​មជ្ឈមណ្ឌល​កណ្តាល​ក្នុងការ​ថែទាំ​សុខភាព​។ ជាពិសេស​ការជួយ​បុគ្គល​គ្រួសារ និង​សហគមន៍​ឱ្យទទួល​ខុសត្រូវ ចំពោះ​សុខភាព​របស់​ពួកគេ ជាជាង​ការរង់ចាំ ឬ​ភ្លេចខ្លួន​រហូតដល់​វា​យឺត​ពេល​។

គោលដៅ​របស់​មនុស្ស​គ្រប់រូប គឺ​ដើម្បី​រស់នៅ​ឱ្យ​កាន់​តែមាន​សុខភាព​ល្អ និង​អាយុកាល​រស់នៅ​បានយូរ​អង្វែង ជាង​បច្ចុប្បន្ន​។ ប៉ុន្តែ​តើ​ធ្វើ​ដូចម្តេច ដើម្បី​ទៅដល់​ទីនោះ​? គឺ​វា​ត្រូវការ​ការវិនិយោគ​បន្ថែមទៀត​ទៅលើ​សុខភាព ដើម្បី​អនាគត​កាន់តែ​ប្រសើរ និង​ភ្លឺស្វាង​របស់​កម្ពុជា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី ឱ វណ្ណឌីន​។

លោកស្រី​ថ្លែងថា​៖ «​ការជំរុញ​ការថែទាំ​សុខភាព​បឋម​ជា​ដំណើរ​ដ៏​វែងឆ្ងាយ​នៃ​អន្តរាគមន៍​ផ្នែក​សុខភាព​សាធារណៈ​សម្រាប់​ការកែលម្អ​សុខភាព និង​សុខុមាលភាព​របស់​ពលរដ្ឋ​កម្ពុជា​។ ខ្ញុំ​សូម​អំពាវនាវ​ដល់​សាធារណជន ថ្នាក់ដឹកនាំ​ និង​អ្នកអនុវត្ត​ទាំងអស់ នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ជាពិសេស​សហគមន៍​ឱ្យ​ចូលរួម​កាន់តែច្រើន និង​សកម្ម​នេះ ដើម្បី​ផលប្រយោជន៍​សុខភាព​ផ្ទាល់ខ្លួន​របស់លោក​អ្នក​»​។

លោកស្រី​បាន​បន្តថា ក្រសួង​សុខាភិបាល​កំពុង​ធ្វើការ​រួមគ្នា​ ដើម្បី​ឈានទៅរក​ការច្នៃប្រឌិត​នេះ ដោយ​ផ្តោតលើ​កម្មវិធី​ជំរុញ​ការថែទាំ​សុខភាព​បឋម​ (PHC booster)៕

វីដេអូ៖