កំពង់ស្ពឺៈ ស្ថានភាព​ត្រី​ក្នុង​ទឹកស្ទឹង​ព្រែកត្នោត​បាន​វិល​មករក​ភាពប្រក្រតី​ឡើងវិញ​ហើយ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​គ្នា​ ២ ​ថ្ងៃ​មកនេះ​។ ទោះបីយ៉ាងណា ក្រុមមន្ត្រី​ជំនាញ​នៅតែ​បន្ត​ស្រាវជ្រាវ​ស្វែងរក​មូលហេតុ ដែលនាំ​ឱ្យ​ត្រី​ក្នុង​ដងស្ទឹង​ធម្មជាតិ​មួយ​នេះ​ ពុល​ងាប់​ជា​បន្តបន្ទាប់​នា​ប៉ុន្មាន​ថ្ងៃ​មុននេះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​កសិកម្ម​ខេត្ត​កំពង់ស្ពឺ នា​ថ្ងៃទី​ ៤ មេសា​។

លោក​ ឈាង តុលា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ស្ពឺ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​ប៉ុន្មាន​សប្ដាហ៍​មុននេះ ជាពិសេស​កាលពី​ថ្ងៃទី​ ១ ទី​ ២ ខែមេសា មាន​ត្រី​ជាច្រើន​ប្រភេទ​បាន​ពុល​ងាប់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅ​ទំនប់​រលាំងជ្រៃ​នៃ​ឃុំ​កាហែង ស្រុក​សំរោងទង និង​នៅ​ចំណុច​ស្ពាន​ស្ទឹង​ស្វាស្លាប់​នៃ​ឃុំ​តាំងសំរោង ស្រុក​ភ្នំស្រួច​។ ប៉ុន្តែ​ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​ ២ ​ថ្ងៃ​ជាប់​គ្នា​កន្លងមកនេះ គេ​ពុំ​ឃើញ​មាន​ត្រី​ពុល​ងាប់​ទៀត​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​ទោះជា​បែបនេះ​ក្ដី ក្រុមការងារ​យើង​នៅតែ​បន្ត​ចុះ​ស្រាវជ្រាវ​លើ​ករណីនេះ ដើម្បី​ស្វែងរក​ការពិត ខណៈ​អ្នកភូមិ​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​អះអាង​ស្រដៀង​គ្នា​ថា ករណីនេះ​បណ្ដាល​មកពី​ការហូរចូល​នៃ​កាកសំណល់ ដែល​មាន​ជាតិពុល​ពី​រោងចក្រ​កែច្នៃ​ផ្លែស្វាយ​មួយចំនួន ដែល​ស្ថិតនៅតាម​ដងស្ទឹង​នេះ​»​។

បើតាម​លោក​ តុលា នៅ​ព្រឹក​ថ្ងៃទី​ ៤ មេសា លោក​បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ រួមទាំង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ត្រួតពិនិត្យ​ទីតាំង​រោងចក្រ​កែច្នៃ​ធ្វើ​ដំណាប់​ផ្លែស្វាយ​ចំនួន​ ៤​ ទីតាំង ព្រោះ​ត្រូវបាន​សង្ស័យថា មិនបាន​វេចខ្ចប់​កាកសំណល់​ឱ្យបាន​រៀបរយ​ និង​រៀបចំ​អាង​ប្រព្រឹត្តិកម្ម ចម្រោះ​ទឹក​កខ្វក់​ឱ្យបាន​ត្រឹមត្រូវ​តាម​ស្ដង់ដា​បច្ចេកទេស មុនពេល​បង្ហូរ​ចូលទៅក្នុង​ស្ទឹង​ព្រែក​ធម្មជាតិ ដែល​បង្កឱ្យមាន​ការបំពុល​ទឹក និង​ធ្វើឱ្យ​ងាប់​ត្រី និង​ខូចខាត​ដល់​ធនធាន​ជីវចម្រុះ​មួយចំនួនទៀត នៅតាម​ដងស្ទឹង​។

លោក​ ផុន ប៉ិច នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ស្ពឺ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុមការងារ​របស់​លោក​បាន​រកឃើញ​ភាពមិន​ប្រក្រតី​មួយចំនួន​នៅតាម​បណ្ដា​រោងចក្រ​កែច្នៃ​ផលិតផល​ផ្លែស្វាយ​ទាំងនោះ ដូចជា​ការ​វេចខ្ចប់​កាកសំណល់​មិនបាន​ត្រឹមត្រូវ​តាម​ស្តង់ដា​បច្ចេកទេស បង្កឱ្យ​មាន​ក្លិន​មិនល្អ​ប៉ះពាល់​ដល់​បរិស្ថាន​សង្គម​។

លោក​បញ្ជាក់ថា​៖ «​ភាគី​រោងចក្រ​បាន​រៀបចំ​អាង​ប្រព្រឹត្តិកម្ម​ចម្រោះ ទឹក​កខ្វក់ បានល្អ​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​មន្ត្រី​ជំនាញ​។ ​ប៉ុន្តែ​ការរៀបចំ​វេចខ្ចប់​កាកសំណល់​នៅ​មិនទាន់មាន​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​តាម​កម្រិត​ស្ដង់ដា​បច្ចេកទេស​នៅឡើយ​ទេ​»​។

លោក​បន្តថា ក្រៅពី​ចុះ​ត្រួតពិនិត្យ​នៅតាម​ទីតាំង​រោងចក្រ​កែច្នៃ​ផលិតផល​ធ្វើ​ពី​ផ្លែស្វាយ ក្រុមការងារ​របស់លោក​ក៏បាន​ចុះ​ពិនិត្យ​នៅតាម​ចម្ការ​អំពៅ និង​ចម្ការ​ស្វាយ​របស់​ប្រជាពលរដ្ឋ​នៅតាម​ដងស្ទឹង ដោយបាន​រកឃើញថា ប្រជាកសិករ​នៅ​តំបន់​នោះបាន​ប្រើប្រាស់​ថ្នាំ​បាញ់សម្លាប់​ស្មៅ​ដ៏​ច្រើន​ហួស​ប្រមាណ ដើម្បី​ជួយ​ដល់​ដំណាំ​អំពៅ និង​ស្វាយ​របស់​ពួកគេ​ទទួលបាន​ទិន្នផល​ខ្ពស់​។ ប៉ុន្តែ​សារធាតុ​គីមី​ពុល ដែលមាន​នៅក្នុង​ថ្នាំ​កម្ចាត់​ស្មៅ​ និង​សត្វល្អិត​ទាំងនោះ​បាន​ហូរ​ចូល​ទៅក្នុង​ទឹកស្ទឹង​អាច​បង្កឱ្យមាន​ការបំពុល​បរិស្ថាន​ទឹក ធ្វើឱ្យ​ត្រី​ពុល​ងាប់​បាន​។ ទន្ទឹមនឹងនេះ ការប្រែប្រួល​អាកាសធាតុ​មិន​ទៀងទាត់ ដែល​ពេលខ្លះ​មាន​ភាព​ស្អុះស្អាប់​ខ្លាំង ដោយសារ​កង្វះ​អុកស៊ីហ្ស៊ែន​។

លោក​ ផុន ប៉ិច បន្ថែមថា​៖ «​តាមរយៈ​លទ្ធផល​នៃ​ការចុះ​អង្កេត​ស្រាវជ្រាវ​នេះ យើង​អាចសន្និដ្ឋាន​ក្នុង​ជំហាន​បឋម​ថា ករណី​ត្រី​ក្នុង​ស្ទឹងសែន​ពុល​ងាប់​ជា​បន្តបន្ទាប់​នាពេល​កន្លងមកនេះ គឺ​បណ្ដាលមកពី​កត្តារួម​ផ្សំ​មួយចំនួន​។ ក្នុងនោះ​បណ្ដា​លពី​ការហូរ​ចូល​នូវ​កាកសំណល់​ជាតិពុល​ពី​រោងចក្រ​កែច្នៃ​ផលិតផល​ផ្លែស្វាយ ថ្នាំ​កសិកម្ម​បាញ់សម្លាប់​ស្មៅ និង​សត្វល្អិត ព្រមទាំង​ការប្រែប្រួល​អាកាសធាតុ​»​។

ស្រដៀង​គ្នា​នេះ លោក​ អោម ម៉ាក់ធារី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការគ្រប់គ្រង​កាកសំណល់​គ្រប់​ប្រភេទ​មិនបាន​ល្អ​នឹង​បង្កឱ្យមាន​ហានិភ័យ​ដ៏ធ្ងន់ធ្ងរ​ដល់​បរិស្ថាន សុខភាព និង​សេដ្ឋកិច្ចសង្គម​។

លោក​ថ្លែងថា​៖ «​កាកសំណល់​អ្វី​ក៏ដោយ​ដែល​ហូរ​ចូលទៅក្នុង​ទឹក វា​នឹង​ធ្វើឱ្យ​បរិស្ថាន​ទឹក​កខ្វក់ មាន​មេរោគ​ និង​បំផ្លាញ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​នៅក្នុង​ទឹក កាត់បន្ថយ​ខ្យល់​អុកស៊ីហ្ស៊ែន​ពី​ក្នុង​ទឹក​ធ្វើឱ្យ​ប៉ះពាល់​ដល់​ធនធាន​ត្រី និង​ជីវចម្រុះ​ជាច្រើន​ទៀត​»​។

ទោះបី​យ៉ាងណា លោក​ គង់ សឿន មេឃុំ​តាំងសំរោង​នៃ​ស្រុក​ភ្នំស្រួច បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេលនេះ មិនមាន​ករណី​ត្រី​ពុល​ងាប់​នៅតាម​ដង​ស្ទឹង​ព្រែកត្នោត​ទៀត​នោះទេ ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ២​ ថ្ងៃ​ជាប់​គ្នា​មក​។ ប៉ុន្តែ​លោក​បាន​រៀបរាប់ថា កាលពី​ថ្ងៃទី​ ១ និង​ទី​ ២ ខែមេសា ប្រជាពលរដ្ឋ​នៅ​ឃុំ​របស់លោក ដែលមាន​លំនៅឋាន​ស្ថិតនៅតាម​បណ្ដោយ​សណ្ដ​ស្ទឹង​ព្រែកត្នោត បាននាំគ្នា​ដង​ចាប់​ត្រី​ដែល​ពុល​នោះ​ក្នុង​ម្នាក់ៗ បាន​មិន​ក្រោម​ពី​ ១០​ គីឡូក្រាម​នោះទេ​ក្នុង​ ១ ​ថ្ងៃ​។ ត្រី​ដែល​អ្នកភូមិ​ចាប់បាន​ភាគច្រើន ជា​ប្រភេទ​ត្រី​ឆ្លាំង ត្រី​ផ្ទក់ ត្រី​ឆ្ពិន ត្រី​សណ្តាយ ត្រី​រៀល ត្រី​ទ្រនេល និង​ត្រី​ផ្សេងៗ​ទៀត​។

លោក​មេឃុំ​បាន​និយាយថា​៖ «​ករណី​ត្រី​ពុល​ងាប់​ជា​បន្តបន្ទាប់​នេះ វា​មិនមែន​ទើបតែ​កើតមាន​កាលពី​ ២-៣​ ថ្ងៃមុន​នេះ​ទេ​។ វា​បាន​កើតឡើង​ចំនួន​ ៣​ ដង​មកហើយ​នៅក្នុង​ឆ្នាំនេះ ហើយ​ការ​ដែលមាន​ត្រី​ពុល​ងាប់​នេះ គឺ​មកពី​មានការ​ចាក់​សំរាម​គរ​ចោល​នៅតាម​មាត់ស្ទឹង និង​ការបង្ហូរ​កាកសំណល់​ពី​រោងចក្រ​មួយចំនួន​ចូលទៅក្នុង​ទឹកស្ទឹង ដោយ​មិនទាន់បាន​ឆ្លងកាត់​ការធ្វើ​ពិពិធកម្ម​ទឹក​កខ្វក់​ឱ្យមក​ជា​ទឹកស្អាត​គ្មាន​មេរោគ និង​សារ​ធាតុគីមី​ពុល​ជាមុន​»៕