ភ្នំពេញៈ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ «​ក.ប.ប​» ​បានឱ្យដឹងថា ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ បាន​រកឃើញ​បទល្មើស​ចំនួន ៣៥៩​ ករណី ដោយបាន​អនុវត្ត​នីតិវិធី​ពិន័យ​អន្តរការណ៍​ទៅតាម​ប្រភេទ និង​ទំហំ​នៃ​បទល្មើស​នីមួយៗ​។

ក្នុង​របាយការណ៍​របស់ ក.ប.ប ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​កាលពីថ្ងៃ​ទី ៤ ខែមេសា ឆ្នាំ​ ២០២២ បានឱ្យ​ដឹងថា លទ្ធផល​ដែល​មន្ត្រី​ស៊ើបអង្កេត​អគ្គនាយកដ្ឋាន ក.ប.ប. រកឃើញ​មាន​ចំនួន ៣៥៩ ករណី​នោះ គឺ​ចុះ​ពិនិត្យ​ទីផ្សារ​បាន​ចំនួន ២៧៣ លើក ដកហូត​ទំនិញ​មិនមាន​ភាពអនុលោម​ចំនួន​ ១២ ៦៣២ គីឡូក្រាម​។ រកឃើញ​ករណី​ដាក់លក់​អាល់កុល​ក្លែងក្លាយ ដោយ​រឹបអូស​សារធាតុ​មេតាណុល​ចំនួន ៨០៧,៥០ ​លីត្រ និង​ចុះ​ត្រួតពិនិត្យ​ស្ថានីយ​/​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ចំនួន ១១៣០ ស្តានីយ​/​ដេប៉ូ ដោយ​រកឃើញ​ស្ថានីយ​/​ដេប៉ូ​ចំនួន ៣៨៧ មិនមាន​ភាពអនុលោម​។

របាយការណ៍​ដដែល​បន្តថា មន្ត្រី​អនុវត្ត​នៅ​ទូទាំង​ប្រទេស​ក៏បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ផលិត កែច្នៃ និង​ឃ្លាំង​ស្តុក ផលិតផល​ចំនួន ៥២ ​លើក ដោយ​រកឃើញ​ផលិតផល​មិនមាន​ភាព​អនុលោម ឬ​រំលោភសិទ្ធិ​នាំចូល​ផ្តាច់មុខ​ចំនួន ១ ២៧២ តោន ៦៨២ ​គីឡូក្រាម ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។

ដោយឡែក​នៅ​ថ្ងៃទី​ ១ ខែមេសា​នេះដែរ មន្ត្រី​ជំនាញ ក.ប.ប. បាន​រក​ទំនិញ​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​បាន​ដកហូត ២៣ គីឡូក្រាម ខណៈ​ថ្ងៃ​ដដែល​នោះ បន្ត​រកឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ៥ ​ទីតាំង មិន​អនុលោម​តាមច្បាប់​ផងដែរ​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប លោក ផាន អូន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែមថា ក្នុងចំណោម​បទល្មើស​ទាំងនោះ​ពុំមាន​បទល្មើស​ណាមួយ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​នោះទេ​។ លោក​បន្តថា មន្ត្រី​ ក.ប.ប. បាន​អនុវត្ត​នីតិវិធី ពិន័យ​អន្តរការណ៍​តាមច្បាប់​ជា​ធរមាន ហើយ​ម្ចាស់​អាជីវកម្ម​ទាំង​នោះបាន​សហការ​បង់​ប្រាក់​ពិន័យ និង​ធ្វើ​កិច្ចសន្យា​កែប្រែ​កំហុស​ដែល​មន្ត្រី​ ក.ប.ប. បាន​រកឃើញ​ផងដែរ​។

លោក​ថា​៖ «​ចំពោះ​បទល្មើស​ដែល​មន្ត្រី​ ក.ប.ប. បាន​រកឃើញ​កន្លងមក ភាគច្រើន​ជា​បទល្មើស​ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​មិន​គោរព​តាម​បទដ្ឋាន​ព័ត៌មាន និង​ការប្រព្រឹត្ត​អំពើ​មិន​សុចរិត​ក្នុង​អាជីវកម្ម ពិសេស​អាជីវកម្ម​ប្រេងឥន្ធនៈ​»​។

ជាមួយ​គ្នា​នេះដែរ លោក ផាន អូន បាន​អំពាវនាវ​ដល់​ធុរជន ដែល​ប្រកបរបរ​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រកប​អាជីវកម្ម​ដោយ​សុចរិត ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​អតិថិជន​របស់ខ្លួន ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ទាំង​ប្រយោជន៍​សុខភាព និង​ផលប្រយោជន៍​សេដ្ឋកិច្ច ពិសេស​ដើម្បី​ចៀសវាង​ការប្រឈម​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។

របាយការណ៍​របស់ ក.ប.ប បាន​បង្ហាញថា ក្នុង​ឆ្នាំ​ ២០២១ មន្ត្រី​បាន​អនុវត្ត​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ចុះ​ត្រួតពិនិត្យ និង​បាន​រកឃើញ​ផលិតផល​គ្មាន​សុវត្ថិភាព​រាប់រយ​តោន និង​អាជីវកម្ម​មិនមាន​ភាព​អនុលោម​តាមច្បាប់​រាប់រយ​កន្លែង​ត្រូវបាន​បង្ក្រាប​។

លើសពីនេះ ក.ប.ប បាន​កោះអញ្ជើញ ក្រុមហ៊ុន​ចំនួន ១៥ ឱ្យមក​បំភ្លឺ និង​ផ្តល់​ឯកសារ​ពាក់ព័ន្ធ ព្រមទាំង​បាន​សហការ​ចុះបង្ក្រាប​ទីតាំង​ផលិត កែច្នៃ និង​ឃ្លាំង​ស្តុក​ផលិតផល​ក្លែងក្លាយ​ចំនួន ១៤ លើក ដោយ​បាន​ឃាត់ទុក​ផលិតផល​ក្លែងក្លាយ​ចំនួន ១៣ តោន និង ៣១១ គីឡូក្រាម​។

ក្នុងនោះ មន្ត្រី​ស៊ើបអង្កេត​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. ដែល​ទទួលបាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​បាន​រកឃើញ​បទល្មើស​ចំនួន ៦៨២ ករណី​ត្រូវបាន​អនុវត្ត​វិធានការ​ពិន័យ​អន្តរការណ៍​ទៅតាម​ប្រភេទ និង​ទំហំ​នៃ​បទល្មើស​នីមួយៗ និង​បទល្មើស​ចំនួន ៧ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​»​។ លោក អូន ថា ក.ប.ប បាន​ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ ដោយសារតែ​កង្វះ​កិច្ចសហប្រតិបត្តិការ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ក្នុង​កិច្ចសម្រួល​ពាណិជ្ជកម្ម សុវត្ថិភាព​ម្ហូបអាហារ និង​កិច្ចការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ ដែលនាំឱ្យ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ ច្បាប់ និង​បទប្បញ្ញត្តិ ជា​ធរមាន មិនទាន់បាន​ល្អប្រសើរ​៕