ភ្នំពេញៈ នគរបាល​ខណ្ឌ​ជ្រោយចង្វារ​កំពុង​បន្ត​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​មួយចំនួនទៀត ក្រោយពី​បក្ខពួក​របស់​ក្រុម​ជនសង្ស័យ​ចំនួន​ ៣ ​នាក់​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​ ៣ ​មេសា បន្ទាប់ពី​ចាប់ខ្លួនបាន​ ២​ ថ្ងៃ ករណី​ធាក់​ប្លន់​ម៉ូតូ​ពី​អ្នក​ដំណើរ​នៅតាម​ដងផ្លូវ ស្ថិតក្នុង​សង្កាត់​ព្រែកតាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

លោក​វរសេនីយ៍ត្រី ឯក សេរីវុធ អធិការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ជ្រោយចង្វារ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ៤ ​មេសា​ថា សមត្ថកិច្ច​របស់លោក​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​មួយចំនួន​ទៀត ដែលជា​បក្ខពួក​ជន​ត្រូវបាន​ចាប់ខ្លួន​។ ចំពោះ​ជនសង្ស័យ​ដែល​ត្រូវបាន​សមត្ថកិច្ច​របស់លោក​ឃាត់ខ្លួន​មាន​ឈ្មោះ​ និត រតនា អាយុ​ ១៦​ ឆ្នាំ ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី​ ១០ ជនសង្ស័យ​ទី​ ២ ឈ្មោះ​ លន់ ចាន់ អាយុ​ ១៦ ​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ជនសង្ស័យ​ទី​ ៣ ឈ្មោះ​ សៀម ចិត្រា អាយុ​ ១៥ ​ឆ្នាំ ជា​សិស្ស​នៅ​ថ្នាក់​ទី​ ៩​។

ក្រុម​ជនសង្ស័យ​ទាំង​ ៣ ​នាក់​ត្រូវបាន​សមត្ថកិច្ច​របស់​លោក​ដែល​ពួន​ចាំ​ឃ្លាំមើល​នោះ ដេញ​ចាប់បាន កាលពី​ថ្ងៃទី​ ១​ មេសា ដោយសារ​ពួកគេ​ធាក់​ប្លន់​យក​ម៉ូតូ​ ១ ​គ្រឿង​ពី​បុរសរងគ្រោះ​ម្នាក់​។

លោក​បាន​ថ្លែងថា​៖« ករណី​ជនសង្ស័យ​ ៣ ​នាក់​នេះ កម្លាំង​សមត្ថកិច្ច​ខ្ញុំ​បញ្ជូនទៅ​តុលាការ​ពីថ្ងៃ​ម្សិលមិញ [​ថ្ងៃទី​ ៣​ មេសា​]​។ ជន​ទាំង​ ៣​ នាក់ គឺ​តុលាការ​កំពុង​បន្ត​នីតិវិធី​»​។

ពាក់ព័ន្ធ​ការចោទប្រកាន់​ពី​តំណាង​អយ្យការ​យ៉ាងណា​នោះ នៅ​ថ្ងៃទី​ ៤ ​មេសា ភ្នំពេញ​ប៉ុស្តិ៍​បាន​ព្យាយាម​ទាក់ទង​លោក​ ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​លោក​មិនទាន់​ឆ្លើយតប​នៅឡើយ​។

ចំពោះ​អង្គហេតុ​នៃ​ការចាប់​ខ្លួន​ជនសង្ស័យ មិនត្រូវ​បាន​លោក​ ឯក សេរីវុធ ផ្តល់ព័ត៌មាន​លម្អិត​បាន​ទេ ដោយ​លោក​គ្រាន់តែ​ប្រាប់ថា បក្ខពួក​របស់​ក្រុម​ជនសង្ស័យ​នៅមាន​ចំនួន​លើសពី​ ៣ ​នាក់​នេះ​ទៀត​។

ទោះយ៉ាងណា បើតាម​មន្ត្រី​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ ១​ រូប​ស្នើសុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​នៅ​ថ្ងៃទី ​៤ ​មេសា ថា កន្លងមក​សមត្ថកិច្ច​តែងតែ​ទទួល​ព័ត៌មាន​ថា នៅតាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុង​ភូមិសាស្ត្រ ទឹកដី​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ មាន​ករណី​ធាក់​ប្លន់​យក​ម៉ូតូ​ពី​អ្នកដំណើរ​ជា​ញឹកញាប់​។ លុះ​នៅ​ព្រឹក​ថ្ងៃទី​ ១​ មេសា កម្លាំង​សមត្ថកិច្ច​ខណ្ឌ​បាន​ចុះ​ល្បាត ហើយ​ពួនស្ទាក់​ចាប់ខ្លួន​ជនសង្ស័យ​បាន​ ៣ ​នាក់ បន្ទាប់ពី​ពួកគេ​ធាក់​ប្លន់​យក​ម៉ូតូ​ ១​ គ្រឿង​ពី​បុរសរងគ្រោះ​បានសម្រេច​។

មន្ត្រី​រូបនោះ​បន្តថា ក្នុង​ពេលធ្វើ​សកម្មភាព​ក្រុម​ជនសង្ស័យ​មាន​គ្នា​ ៦​ នាក់ និង​មាន​ម៉ូតូ​ ៣ ​គ្រឿង​បាន​ជិះ​អែប​នឹង​ម៉ូតូ​របស់​ជនរងគ្រោះ ហើយ​បក្ខ​ពួកគេ​បាន​ធាក់​ម៉ូតូ​របស់​ជនរងគ្រោះ​ឱ្យ​ដួល ហើយគ្នា​គេ​ចុះ​ពីលើ​ម៉ូតូ​ដែល​កំពុង​ឌុប​គ្នា​ទៅ​ដណ្តើមយក​ពី​បុរសរងគ្រោះ​ហើយ​ជិះ​គេចខ្លួនបាត់​៕

វីដេអូ៖