ភ្នំពេញៈ សកម្មភាព​នៃ​បទល្មើស​នេសាទ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​មាន​សភាព​ស្ងប់ស្ងាត់​ បន្ទាប់ពី​មាន​យុទ្ធនាការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ ប៉ុន្តែ​កម្លាំង​អាជ្ញាធរ​ និង​ក្រុមមន្ត្រី​ជំនាញ នៅតែ​បន្ត​ចុះ​ល្បាត​ត្រួតពិនិត្យ ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​នេសាទ​តាម​គ្រប់​ច្រកល្ហក​ ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ធនធាន​មច្ឆជាតិ​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប​ឡើងវិញ​។

លោក អ៊ឹង ទ្រី អ្នកនាំពាក្យ​រដ្ឋបាល​ជលផល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បន្ទាប់ពី​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ជលផល​ទ្រង់ទ្រាយ​ធំ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប នា​ប៉ុន្មាន​សប្តាហ៍​កន្លងមក​នេះ សកម្មភាព​បទល្មើស​នេសាទ​បាន​ស្ងប់ស្ងាត់​ទៅវិញ គួរឱ្យ​កត់សម្គាល់ ដោយ​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស បាន​ខ្លាច​រអា​មិន​ហ៊ាន​ចេញ​ធ្វើ​សកម្មភាព​ដូច​កាលពីមុន​ទៀត​នោះទេ​។ ទោះជា​បែបនេះ​ក្ដី ក្រុម​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត នៅតែ​បន្ត​ចុះ​ល្បាត​ស្រាវជ្រាវ នៅតាម​គ្រប់​ច្រកល្ហក​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប និង​ប្រព័ន្ធ​ផ្លូវទឹក​នានា​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​គ្រប់​ទម្រង់​នៃ​បទល្មើស​នេសាទ​។

លោក​បញ្ជាក់ថា​៖ «​នៅពេលនេះ​សកម្មភាព​បទល្មើស​នេសាទ​បាន​ស្ងប់ស្ងាត់​ទៅវិញ​ហើយ ប៉ុន្តែ​កម្លាំងចម្រុះ​ថ្នាក់ជាតិ​របស់​យើង នៅតែ​បន្ត​ប្រចាំការ​នៅ​ទីស្នាក់ការ​កណ្ដាល​ទាំង​ ២ ​ទីតាំង​ក្នុង​តំបន់​បឹង​ទន្លេសាប និង​បន្ត​សហការ​ជាមួយ​កម្លាំង​ថ្នាក់ក្រោម​ជាតិ គឺ​អាជ្ញាធរខេត្ត​ទាំង​ ៦​ ជុំវិញ​បឹង​ទន្លេសាប​ចុះ​ល្បាត​ស្រាវជ្រាវ​បទល្មើស​នេះ​ដដែល​»​។

សមត្ថកិច្ច​បាន​បន្ត​រក​ឃើញ​និង​រុះរើ​ឧបករណ៍​នេសាទ ដែល​ក្រុម​ជន​ប្រព្រឹត្តិ​បទល្មើស​បាន​បន្សល់ទុក​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប ដូចជា​លបឡុក បង្គោល​ឈើ របាំង​ស្បៃ​អួន​ក្រឡា​ល្អិត​ដ៏ច្រើន​សន្ធឹក​សន្ធាប់​។

បើតាម​លោក​ អ៊ឹង ទ្រី បន្ទាប់ពី​មាន​បទបញ្ជា​របស់លោក​នាយករដ្ឋមន្ត្រី​ឱ្យ​បង្ក្រាប​ចាប់​ឱ្យអស់​នូវ​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​រួចមក ក្រុម​គណៈកម្មការ​ចម្រុះ​ថ្នាក់ជាតិ​បាន​ឯកភាព​គ្នា បង្កើត​ទី​ស្នាក់​កណ្ដាល​ចំនួន​ ២ ​កន្លែង​ក្នុង​តំបន់​បឹង​ទន្លេសាប​ដែល​ទី​តាំងទី​ ១​ ស្ថិតនៅ​តំបន់​ជ្រោយ​ស្ដី​ក្នុង​ខេត្តពោធិ៍សាត់ និង ទីតាំង​ទី​ ២ ស្ថិតនៅ​តំបន់​កំពង់ភ្លុក ខេត្ត​សៀមរាប​ដើម្បី​ត្រួតពិនិត្យ ស្រាវជ្រាវ​ និង​បង្ក្រាប​ចាប់​ជន​ប្រព្រឹត្ត​បទល្មើស ជាពិសេស​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ចល័ត​ដែល​ប្រើ​ឧបករណ៍​ឆក់​ភ្ជាប់​ជាមួយ​អួន​ក្រឡា​ល្អិត និង​កាណូត​ល្បឿន​លឿន ដែល​តែងតែ​ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​ធនធាន​មច្ឆជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប​។

ក្រៅពី​ទីស្នាក់ការ​ទាំង​ ២ ​កន្លែង​សម្រាប់​គណៈកម្មការ​ចម្រុះ​ថ្នាក់ជាតិ អាជ្ញាធរ​ខត្ត​ទាំង​ ៦ ជុំវិញ​តំបន់​បឹង​ទន្លេសាប ក៏បាន​បង្កើត​ទីស្នាក់ការ​មួយចំនួន​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​មួយចំនួន​ទៀត ដើម្បី​ត្រួតពិនិត្យ ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​នេសាទ​បាន​ទាន់ពេលវេលា​។

ទន្ទឹម​ជាមួយ​គ្នានេះ លោក អ៊ឹង ទ្រី ក៏បាន​ប្រាប់​ឱ្យដឹង​ទៀតថា កាលពី​ថ្ងៃទី​ ២ មេសា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ រួមជាមួយ​មន្ត្រី​ជាន់ខ្ពស់​មួយចំនួនទៀត បាន​ចុះសួរសុខទុក្ខ​មន្ត្រី​ដែល​កំពុង​បំពេញបេសកកម្ម​ការងារ​បង្ក្រាប​បទល្មើស​ជលផល​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប​។ ក្នុង​ដំណើរ​ចុះសួរសុខទុក្ខ​នេះ​លោក​រដ្ឋមន្ត្រី បាន​នាំយក​ស្បៀងអាហារ និង ថ្នាំសង្កូវ​មួយចំនួន​ទៅ​ចែកជូន​ដល់​ក្រុម​កម្លាំង​បង្ក្រាប​ទាំងនោះ ព្រមទាំង​បាន​ជួយឧបត្ថម្ភ​គាំទ្រ​នូវ​ប្រេងឥន្ធនៈ​ចំនួន​ ១ ០០០​ លីត្រ និង​ថវិកា​ចំនួន​ ៥ លាន​រៀល ក្នុង ​១​ ស្នាក់ការ ដើម្បី​ជា​ការលើក​ទឹកចិត្ត​ដល់​ក្រុមការងារ​ប្រយុទ្ធប្រឆាំង​បទល្មើស​ជលផល ដែល​កំពុង​បំពេញ​បេសកកម្ម ការងារ​លើ​ផ្ទៃ​បឹង​ទន្លេសាប​។

លោក​បាន​បញ្ជាក់ថា​៖ «​ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​ក្រុម​កម្លាំង​អន្តរាគមន៍​ដាក់​វេន​គ្នា​ចុះ​ល្បាត​ឱ្យបាន​ជាប់​ជាប្រចាំ​នៅតាម​តំបន់​ការពារ និង​តំបន់​អភិរក្ស​របស់​រដ្ឋបាល​ជលផល​។ ត្រូវ​រឹបអូស និង​បំផ្លាញចោល​នូវ​រាល់​ឧបករណ៍​ដែល​អាច​យកមកប្រើ​ប្រាស់​ធ្វើ​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ និង​ឧបករណ៍​ល្មើស​ផ្សេងៗ​ និង​ជំរុញ​ការផ្សព្វផ្សាយ​បន្ថែមទៀត​»៕