ភ្នំពេញៈ ឯកអគ្គរាជទូត អង់គ្លេស​ប្រចាំ​អាស៊ាន និង​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​បានមក​បំពេញ​ទស្សនកិច្ច​ក្នុងប្រទេស​កម្ពុជា​រយៈពេល ​២​ ថ្ងៃ​ក្នុង​សប្ដាហ៍​នេះ ដើម្បី​បង្កើត​ចំណងមិត្តភាព​ជាមួយ​ប្រធាន​អាស៊ាន​ថ្មី​ ខណៈដែល​ប្រទេស​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ ២០២២ ​នេះ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​៤ ខែមេសា បានឱ្យ​ដឹងថា ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​អាស៊ាន និង​ប្រធាន​នាយកដ្ឋាន​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក ធ្វើដំណើរ​មក​កម្ពុជា ដើម្បី​បង្កើត​ចំណងមិត្តភាព​ជាមួយ​ប្រធាន​អាស៊ាន​ថ្មី​។

លោក Jon Lambe ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​អាស៊ាន និង​លោកស្រី Joelle Jenny នាយក​ប្រចាំ តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ២ ​ថ្ងៃ ដើម្បី​កសាង​ទំនាក់ទំនង​ឱ្យ​កាន់តែ​រឹងមាំ ស្រប​ពេលដែល​កម្ពុជា​បាន​ក្លាយជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ​ផងដែរ​។

ស្ថានទូត​បានលើកឡើង​ថា ៖ «​ទំនាក់ទំនង​រវាង​ចក្រភព​អង់គ្លេស និង​អាស៊ាន​ដ៏​រឹងមាំ គឺជា​ផ្នែក​ដ៏សំខាន់​មួយ​នៃ​ការចូលរួម​ជា​សកល​គោលនយោបាយ​ការបរទេស និង​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​យើង​។ ភាពជា​ដៃគូ​សន្ទនា​ថ្មី​របស់​អាស៊ាន បានអនុញ្ញាត​ឱ្យ​យើង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​រវាង​ចក្រភព​អង់គ្លេស និង​អាស៊ាន និង​ទទួលបាន​ផលប្រយោជន៍​ទៅវិញ​ទៅមក​»​។

ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​អាស៊ាន លោក Jon Lambe បាន​និយាយថា​ចក្រភព​អង់គ្លេស​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ក្លាយជា​ដៃគូ​សន្ទនា​ដំបូង​គេ​របស់​អាស៊ាន​​ក្នុង​រយៈពេល ២៥​ ឆ្នាំ​។ ភាពជា​ដៃគូ​នេះ​នឹង​អនុញ្ញាតឱ្យ​អង់គ្លេស​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ប្រទេស​កម្ពុជា និង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត​លើ​បញ្ហា​ប្រឈម​រួមគ្នា​ដូចជា ពាណិជ្ជកម្ម ការវិនិយោគ ការប្រែប្រួល​អាកាសធាតុ បរិស្ថាន វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា និង​ការអប់រំ​។

លោក Jon Lambe បានលើកឡើង​ទៀតថា​៖ «​ដំណើរ​ទស្សនកិច្ច​របស់​ខ្ញុំ​មកកាន់​ប្រទេស​កម្ពុជា​ក្នុង​សប្តាហ៍​នេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​យើង ចំពោះ​ភាពជា​ដៃគូ​នេះ​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ដើម្បី​បង្ហាញ​ការគាំទ្រ​របស់​ចក្រភព​អង់គ្លេស​ដល់​ប្រទេស​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន និង​ធ្វើការ​ជាមួយ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​មួយចំនួន នៅក្នុង​តំបន់ ដូចជាការ​កសាង​ឱ្យ​ប្រសើរ​ឡើងវិញ​ពី​កូវីដ​ ១៩ ឬក៏​ដោះស្រាយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​»​។

ជាមួយ​គ្នានេះដែរ លោកស្រី Joelle Jenry នាយិកា​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក ក៏បាន​លើកឡើង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​នេះដែរ​ថា ចក្រភព​អង់គ្លេស​បាន​ប្តេជ្ញា​ចំពោះ​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា ហើយ​លោកស្រី​រីករាយ​ដែល​បានមក​​ទីនេះ​ម្តងទៀត​។ លោកស្រី​ថា​៖ «​កម្ពុជា​នឹង​ក្លាយជា​ដៃគូ​ដ៏​សំខាន់​សម្រាប់​ចក្រភព​អង់គ្លេស នៅពេលដែល​យើង​បង្កើន​ការចូលរួម​របស់​យើង​ជាមួយ​តំបន់ ហើយ​យើង​ចង់​ពង្រីក​ទំនាក់ទំនង​របស់​យើង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​»​។

លោកស្រី បន្តថា កម្ពុជា​ក៏មាន​តួនាទី​សំខាន់​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ ហើយ​ចក្រភព​អង់គ្លេស​ក្នុងនាម​ជា​ដៃគូ​សន្ទនា​អាស៊ាន​នៅ​ឆ្នាំ​ដំបូង បាន​ប្តេជ្ញា​គាំទ្រ​ដល់​ការធ្វើជា​ប្រធាន​របស់​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​អាស៊ាន និង​នាយក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក នឹង​ជួបប្រជុំ​ជាមួយ​រដ្ឋលេខាធិការ​ជាច្រើនរូប​ពី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ប្រធាន​ឧត្តមមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​ឆ្នាំ​ ២០២២​។

លោក រ៉ូ វណ្ណៈ សហស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៤ ខែមេសា ថា ទស្សនកិច្ច​នេះ គឺជា​ការពង្រឹង​ពង្រីក​​នូវ​ចំណង​ការទូត​ទ្វេភាគី​នៅក្នុង​ន័យ​​ធ្វើយ៉ាងណា​ឱ្យ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ជា​ប្រធាន​អាស៊ាន និង​ចក្រភព​អង់គ្លេស​ឱ្យ​កាន់តែ​ប្រសើរឡើង​។

លោក​បាន​ថ្លែងថា​៖ «​សម្រាប់​ទិដ្ឋភាព​ភូមិសាស្ត្រ​នយោបាយ​វិញ អង់គ្លេស​ចាត់ទុក​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ជា​តំបន់​យុទ្ធសាស្ត្រ​ដែល​អង់គ្លេស​មើលឃើញថា​អាស៊ាន​គឺជា​ចំណុច​ស្នូល​មួយ​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សម្រាប់​អង់គ្លេស​ដើរតួនាទី​កាន់តែ​ទូលំទូលាយ​ជាង​មុន​ក្រោយពី​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប អង់គ្លេស​ដើរតួនាទី​សំខាន់​ជា​ប្រទេស​មហាអំណាច​មួយ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​»​។

លោក រ៉ូ វណ្ណៈ បានបញ្ជាក់​ទៀតថា ដំណើរ​ទស្សនកិច្ច​របស់​ពួកគាត់​ក្នុង​រូបភាព​មួយទៀត គឺ​បង្ហាញ​ពី​នយោបាយ​ការបរទេស​ពី​ពិពិធកម្ម​របស់​កម្ពុជា​នៅក្នុង​ការសហការ​ជាមួយ​នឹង​មហាអំណាច​ពិភពលោក​។ អង់គ្លេស​គឺជា​មហាអំណាច​ពិភពលោក​មួយ​ដែល​កម្ពុជា​អាច​ទទួលបាន​ផលប្រយោជន៍​ពី​ការពង្រឹង​ក្នុងន័យ​ទទួលបាន​ទីផ្សារ​នាំចេញ​នៃ​ផលិតផល​របស់​កម្ពុជា​។

លោក​ថា​៖ «​អង់គ្លេស​គឺជា​ប្រភព​នៃ​ការជួយ​គាំទ្រ​ទៅដល់​មូលធន​មនុស្ស ពិសេស​ការ​ផ្តល់នូវ​អាហារូបករណ៍​ ឬ​គុណភាព​អប់រំ​សម្រាប់​សិស្ស​និស្សិត​ដែល​ទទួលផល​ប្រយោជន៍​ពី​ប្រព័ន្ធ​អប់រំ​លំដាប់​ពិភពលោក​របស់​អង់គ្លេស​ផងដែរ​»​។ សម្រាប់​តួនាទី​កម្ពុជា​ជា​ប្រធាន​អាស៊ាន អង់គ្លេស​អាច​បង្ហាញ​ពី​ការគាំទ្រ​របស់​កម្ពុជា​នៅក្នុង​ការដោះស្រាយ​នូវ​វិបត្តិ​មីយ៉ាន់ម៉ា​ ឬក៏​អាច​ផ្តល់នូវ​ផលប្រយោជន៍​នៃ​ការស្តារ​សេដ្ឋកិច្ច​របស់​កម្ពុជា​ឡើងវិញ​ក្រោយ​វិបត្តិ​កូវីដ​ ១៩​។ នេះ​បើតាម​លោក រ៉ូ វណ្ណៈ បញ្ជាក់បន្ថែម​៕