ភ្នំពេញៈ អង្គការ Fauna & Flora International (FFI)​ បានឱ្យដឹងថា មាន​ក្រពើ​ភ្នំ​ចំនួន ១៣៦​ ក្បាល​ហើយ ត្រូវបាន​លែង​ចូលទៅក្នុង​តំបន់​ធម្មជាតិ ខណៈ​ក្រពើ​ភ្នំ​ចំនួន ២៥ ​ក្បាល​ចុងក្រោយ បាន​លែង​កាលពីដើម​ខែមីនា​ដោយ​បំពាក់​ជាមួយ​ឧបករណ៍​តាមដាន​សូរសំឡេង និង​ប្រព័ន្ធ​ផ្កាយរណប ដែល​មិន​ធ្លាប់មាន​ពីមុនមក​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ FFI ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី ៤ ខែមេសា បានឱ្យដឹងថា អ្នក​អភិរក្ស​មកពី​អង្គការ Fauna & Flora International (FFI) និង​ដៃគូ​ក្នុងប្រទេស​កម្ពុជា បាន​ដោះលែង​ក្រពើ​ភ្នំ​ចំនួន​ ២៥ ក្បាល ដែល​ជិត​ផុត​ពូជ​បំផុត ទៅក្នុង​ព្រៃ នៅ​តំបន់​ឆាយ​រាប​នៃ​ជួរ​ភ្នំក្រវាញ​របស់​កម្ពុជា​កាលពី​ដើម​ខែមីនា​។ សេចក្តីប្រកាស​បន្តថា​៖ «​ក្រពើ​ទាំង ២៥ ​ក្បាល ត្រូវបាន​បំពាក់​ដោយ​ឧបករណ៍​តាមដាន​ដោយ​ប្រព័ន្ធ​សូរសំឡេង ដែល​នេះ​ជា​លើក​ទី​ ១ ដែល​ពួកវា ត្រូវបាន​តាមដាន​តាម​របៀបនេះ​។ ក្រពើ​ដ៏​ធំ​បំផុត​ចំនួន​ ៣ ក៏ត្រូវ​បាន​បំពាក់​ជាមួយ​ប្រព័ន្ធ​តាមដាន​ដោយ​ផ្កាយរណប​ផងដែរ ដែល​អនុញ្ញាត​ឱ្យ​អ្នក​អភិរក្ស ប្រមូល​ទិន្នន័យ​សំខាន់ៗ អំពី​ចំនួន និង​ការផ្លាស់ទី​របស់​ពួកវា​»

អង្គការ​នេះ​បានឱ្យដឹង​ទៀតថា ការដាក់​បំពាក់​សញ្ញា​តាមដាន និង​ការត្រួតពិនិត្យ​សុខភាព មុនពេល​ដោះលែង​បាន​ធ្វើ​ឡើង​នៅ​កន្លែង​ចិញ្ចឹមសត្វ​ព្រៃភ្នំ​តាម៉ៅ ដែល​គ្រប់គ្រង​ដោយ FFI សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​កម្ពុជា ហើយ​ក្រពើ​ភ្នំ​ទាំងនោះ​ត្រូវបាន​ដោះលែង​នៅ​តំបន់​ឆាយរាប​នៃ​ជួរ​ភ្នំក្រវាញ​របស់​កម្ពុជា​កាលពីដើម​ខែមីនា​។

សេចក្តី​ប្រកាស​ព័ត៌មាន​អង្គការ FFI បានឱ្យដឹង​ទៀតថា ការដោះលែង​ក្រពើ ២៥ ​ក្បាល​នោះ​ត្រូវបាន​គ្រប់គ្រង​យ៉ាង​ប្រុងប្រយ័ត្ន និង​ជា​និមិត្តរូប​ឱ្យ​ការជំរុញ​ដល់​ឱកាស​រស់​រានមាន​ជីវិត​ដ៏ទូលាយ​របស់​សត្វល្មូន ដែល​ជិត​ផុត​ពូជ បន្ទាប់ពី​ការរកឃើញ​ឡើងវិញ​របស់​វា នៅលើ​ភ្នំក្រវាញ​ដាច់ស្រយាល​កាលពី ២ ​ទសវត្សរ៍​មុន​។

អង្គការ​នេះ​ឱ្យដឹងថា ភាពជោគជ័យនៃ​កម្មវិធី​បង្កាត់​ពូជ និង​ការដោះលែង​ជា​លក្ខណៈ​អភិរក្ស​មាន​ក្រពើ​ជាង ១៣៦ ក្បាល​ត្រូវបាន​ដោះលែង​ទៅក្នុង​តំបន់​ធម្មជាតិ​។ ក្រពើ​ទាំងនោះ​ត្រូវបាន​តាមដាន និង​ថែរក្សា​យ៉ាង​មាន​ប្រសិទ្ធភាព​ដោយ​សហគមន៍​ប្រឆាំងនឹង​ការលួច​បរបាញ់ និង​ការពារ​នៅ​កន្លែង​បង្កាត់កូន​សំខាន់ៗ ក្នុង​ប្រទេស​កម្ពុជា​។ «​ក្រពើ​ភ្នំ​នៅតែ​ស្ថិតក្នុង​បញ្ជី​ក្រហម ប៉ុន្តែ​មានការ​ថែទាំ​យ៉ាង​យកចិត្ត​ទុកដាក់ ពី​អង្គការ FFI រដ្ឋាភិបាល​កម្ពុជា និង​សហគមន៍​មូលដ្ឋាន ក្នុង​រយៈពេល ​២ ​ទសវត្សរ៍​ចាប់តាំងពី​ការរកឃើញ​ឡើងវិញ​មក​»​។

សេចក្តី​ប្រកាស​ដដែល​បានឱ្យ​ដឹងថា ឆ្មាំ​សហគមន៍​បន្ត​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ភាព​ជោគជ័យ​នៃ​គម្រោង​អភិរក្ស​សត្វ​ក្រពើ​កម្ពុជា​។ កាលពី​មេសា ឆ្នាំ ២០២១ ក្រុម​អ្នក​អភិរក្ស​មកពី​ខេត្តកោះកុង បានទទួល​ពាន​រង្វាន់​ឧទ្យានុរក្ស​អន្តរជាតិ​ដ៏មាន​កិត្យានុភាព​សម្រាប់​ការងារ​ត្រួតពិនិត្យ និង​ប្រឆាំង​ការ​បរបាញ់​។

លោក Pablo Sinovas អ្នកគ្រប់គ្រង Flagship Species Manager ជាមួយ​កម្មវិធី FFIs Cambodia បាន​ថ្លែងថា នេះ​គឺជា​ការដោះលែង​ក្រពើ​ដ៏ធំ​បំផុត ដែល​មិន​ធ្លាប់មាន និង​ជា​ជំហាន​ដ៏សំខាន់​មួយ​ឆ្ពោះទៅមុខ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការជំរុញ​ការស្ដារ​ឡើងវិញ​នូវ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នេះ​ក្នុង​រយៈពេល​ចុង​ក្រោយបង្អស់​របស់​វា​។

លោក​បន្តថា នៅ​ដើម​សតវត្សរ៍​ទី​ ២១ ក្រពើ​ទាំងនេះ ត្រូវបាន​គេ​គិតថា បាន​ផុត​ពូជ​នៅក្នុង​ព្រៃ​។ ប៉ុន្តែ​រយៈពេល​ ២ ​ទស្សវត្សរ៍​ក្រោយមក អង្គការ​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ដើម្បី​ជួយ​តាមដាន​ចំនួន​សត្វ​ក្រពើ​នេះ និង​ជួយ​ដល់​ការស្តារឡើងវិញ​ផងដែរ​។ លោក​ថ្លែង​៖ «​វា​ជា​ពេលវេលា​ដ៏រំភើប​មួយ សម្រាប់​អ្នក​អភិរក្ស និង​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល​ផងដែរ​។ ១ ​ជំហាន​ម្តងៗ សត្វ​ល្មូន​ដ៏​កម្រ​បំផុត​មួយ​របស់​ពិភពលោក កំពុង​ត្រូវបាន​នាំយក​មកវិញ​ពី​ការ​ផុត​ពូជ​»​។

លោក កែវ អូម៉ាលីស អគ្គនាយក​រដ្ឋបាល​ព្រៃឈើ​កម្ពុជា​ថ្លែងថា ការដោះលែង​នេះ​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធានាបាន​នូវ​ចំនួន​សត្វព្រៃ ទោះបីជា​វា​ដំណើរការ​យឺត​ក៏ដោយ​។ ជោគជ័យ​កើតចេញពី​ការប្តេជ្ញាចិត្ត​របស់​អ្នកពាក់ព័ន្ធ​ទាំងអស់​ជាពិសេស​សហគមន៍​មូលដ្ឋាន​។ លោក​ថ្លែងថា​៖ «​សំខាន់បំផុត ក្រៅពី​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ យើង​ក៏​កំពុង​ការពារ​សត្វព្រៃ​ដទៃទៀត ដែលមាន​ការ​រស់នៅ​ដូចគ្នា​ជាមួយ​ក្រពើ​ត្រី​» ។

លោក សុខ វិជ្ជា អ្នកស្រាវជ្រាវ​ជីវចម្រុះ​នៅ​កម្ពុជា​ថ្លែង​នៅ​ថ្ងៃទី ៣ ខែមេសា​ថា ការថែរក្សា​អភិរក្ស​សត្វ​ក្រពើ​ភ្នំ គឺជា​សកម្មភាព​មួយ​ល្អ និង​គួរតែ​បន្ត​ការថែរក្សា​បន្ថែមទៀត ដោយសារតែ​សត្វ​ប្រភេទ​នេះ​កំពុងតែ​រងគ្រោះ និង​ប្រឈម​ការ​ផុត​ពូជ ព្រោះតែ​ការនេសាទ និង​ការជួញដូរ​មួយចំនួន​។ លោក​បាន​បញ្ជាក់ថា ក្រពើ​ភ្នំ​មិន​ងាយ​វាយប្រហារ​លើ​មនុស្ស​ឡើយ ប៉ុន្តែ​បើសិនជា​មានការ​ទន្ទ្រាន​នៅ​តំបន់​ដែន​ជម្រក​ដែល​វា​រស់នៅ​នោះ នឹង​អាច​មានការ​វាយប្រហារ​មកលើ​មនុស្ស​វិញ​ផងដែរ​។ លោក​ថ្លែងថា​៖ «​បើសិន​ជាមាន​ការនេសាទ​ត្រី ពី​តំបន់​ដែល​វា​រស់នៅ​ច្រើន បង្ក​ឱ្យ​វា​ខ្វះ​ចំណីអាហារ​នឹង​អាចមាន​ការវាយប្រហារ​លើ​មនុស្ស​ខ្លះៗ​ដែរ ប៉ុន្តែ​បើ​ក្នុង​តំបន់​ដែល​វា​រស់នៅ ត្រី​មិន​ត្រូវបាន​នេសាទ​ទេ អត់​មាន​ការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​របស់​វា នោះ​មិនមាន​បញ្ហា​អ្វី​ទេ​» ៕