ព្រះសីហនុៈ អាជ្ញាធរ​ជាតិ​រួមគ្នា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ និង​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បើក​វគ្គ​បណ្តុះបណ្តាល មន្ត្រី​នៅ​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រី​ផ្តល់​សេវា​ព្យាបាល និង​ស្តារនីតិសម្បទា​ដល់​អ្នក​ញៀន​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​ជាតិ​នេះ​។

ការបើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល និង​ស្តារ​នីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី ៤ ខែមេសា ក្រោម​អធិបតីភាព​លោក ធូ ស៊ុន រដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​មានការ​ចូលរួម​ពី​លោក ហុក គីមចេង អគ្គនាយក​បច្ចេកទេស សុខាភិបាល លោក ជ័យ បុប្ផា និង​តំណាង​ក្រសួង ស្ថាប័ន អង្គភាព​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​។

វគ្គ​បណ្ដុះបណ្ដាល​នេះ​រៀបចំឡើង​ដោយ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន ក្រសួង​សុខាភិបាល​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​គណៈកម្មាធិការត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ​ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រី​ផ្តល់​សេវា​ព្យាបាល និង​ស្តារ​នីតិសម្បទា​ដល់​អ្នកញៀន​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​ជាតិ​។

លោក ធូ ស៊ុន ថ្លែងថា ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​យកចិត្ត​ទុកដាក់​ខ្ពស់ ដោយ​ឱ្យ​អ្នក​ពាក់ព័ន្ធ​ធ្វើការ​ពង្រឹង​ប្រសិទ្ធភាព​លើ​ការផ្តល់​សេវា​ព្យាបាល និង​ស្តារនីតិសម្បទា​ដល់​អ្នក​ញៀន​គ្រឿងញៀន ដើម្បី​ពិនិត្យ​វាយតម្លៃ​នូវ​លក្ខខណ្ឌ អ្នកញៀន​គ្រឿងញៀន​ទាំងឡាយណា ដែលមាន​សភាព​ធ្ងន់ធ្ងរ​ចាំបាច់​ត្រូវ​បញ្ជូនទៅ​ព្យាបាល និង​ស្តារនីតិសម្បទា​នៅ​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល និង​ស្តារ​នីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​ដោយ​ស្ម័គ្រចិត្ត និង​ផ្អែកលើ​សហគមន៍​នៅ​ខេត្ត​ព្រះសីហនុ​។

លោក​បន្តថា​៖ «​មជ្ឈមណ្ឌល​ជាតិ​ត្រូវ​រៀបចំ​ជា​មជ្ឈមណ្ឌល​ស្តង់ដា​ប្រកប​ដោយ​ប្រសិទ្ធភាព​ទាំង​ការងារ​ព្យាបាល​ដោយ​វេជ្ជសាស្ត្រ ការងារ​ស្តារនីតិសម្បទា ឱ្យមាន​សុខភាព​ល្អ​ទាំង​ផ្លូវកាយ-​ផ្លូវចិត្ត បណ្តុះបណ្តាល វិជ្ជាជីវៈ​ជំនាញ​ពិតប្រាកដ​ទាំង​រយ:ពេល​វែង និង​ខ្លី និង​ផ្តល់​ការងារ​ឱ្យ​អ្នក​នៅទីនេះ​ធ្វើ​សំដៅ​ផ្តល់​ភាពជឿជាក់​ដល់​មាតាបិតា​អាណាព្យាបាល​ក៏ដូចជា​បំណងប្រាថ្នា​របស់​ថ្នាក់ដឹកនាំ ពិសេស​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​»​។

លោក ធូ ស៊ុន បាន​ណែនាំ​ដល់​សិក្ខាកាម​ទាំង ៤៥ ​នាក់ ត្រូវខិតខំ​ក្រេប​ចាប់យក​ចំណេះដឹង​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​ពង្រឹង​បាន​នូវ​សមត្ថភាព​របស់ខ្លួន​ ដើម្បី​ប្រសិទ្ធភាព​ការងារ​។

លោក លឹម តុងហួត ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តារនីតិសម្បទា បាន​ប្រាប់ថា កម្មវិធី​បណ្តុះបណ្តាល​នេះ​រៀបចំ​ក្នុង​គោលបំណង​ពង្រឹង សមត្ថភាព​មន្ត្រី ដែល​កំពុង​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​ជាតិ តាមរយៈ​ការផ្តល់​ជា​មេរៀន​និង​ចែករំលែក​បទពិសោធ​ពី​សំណាក់​វេជ្ជបណ្ឌិត គ្រូពេទ្យ មន្ត្រី​ជំនាញ អ្នកឯកទេស មាន​ចំណេះដឹង និង​បទពិសោធ​ខ្ពស់​។ លោក​ឱ្យដឹងថា កម្មវិធី​បណ្តុះបណ្តាល​នេះ​ប្រព្រឹត្ត​ទៅ​មាន​រយ:ពេល ៤ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ៤​ មេសា ដល់​ថ្ងៃទី​ ៧​ មេសា​។ វគ្គ​បណ្ដុះបណ្តាល​នេះ គឺជា​វគ្គ​ពិសេស​សម្រាប់​មន្ដ្រី​សង្គមកិច្ច និង​មន្ដ្រី​សុខាភិបាល​ដែល​កំពុង​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល​ និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ពង្រឹងសមត្ថភាព​របស់​មន្ដ្រី​ក្នុង​ការបំពេញ​តួនាទី​ជា​មន្ដ្រី​ដែលមាន​គុណភាព និង​ជា​គំរូ​ដល់​មន្ដ្រី​នៅតាម​មណ្ឌល​ដទៃទៀត​។ លោក​ថ្លែងថា​៖ «​មណ្ឌល​ជាតិ​យើង​នេះ គឺជា​មណ្ឌល​ជំនាញ សម្រាប់​ព្យាបាល​អ្នកញៀន​គ្រឿងញៀន បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ផ្ដល់​ការងារ​ដល់​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​ដែល​មក​ស្នាក់នៅ​ក្នុង​មណ្ឌល​»​។ លោក​បញ្ជាក់ថា ក្រោយ​ទទួលបាន​ការបណ្ដុះបណ្ដាល​រយៈពេល​ ៤ ថ្ងៃនេះ មន្ដ្រី​ទាំង ៤៥ ​នាក់ គឺ​នឹង​ត្រូវឱ្យ​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល និង​ស្តារ​នីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​នៅ​ខេត្ត​ព្រះសីហនុ​តែម្ដង​៕