ភ្នំពេញៈ ​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា រកឃើញថា កុមារ​កម្ពុជា​បាន​ជួបប្រទះ​នឹង​បាត់បង់​ការរៀនសូត្រ​យ៉ាងច្រើន ក្នុងអំឡុង​កូវីដ​ ១៩​ រាតត្បាត​ដែល​ទាមទារ​ឱ្យ​បង្កើន​ការវិនិយោគ​លើ​វិស័យ​អប់រំ​។ ឆ្លើយតប​ទៅនឹង​ការរកឃើញ​នេះ ក្រសួង​អប់រំ​បាន​ប្រជុំ​ក្រុមការងារ​បច្ចេកទេស​រួមជាមួយ​នឹង​ដៃគូ​ទាំងអស់ ដើម្បី​រៀបចំ​ជំហាន​បន្ទាប់​ក្នុង​ការដោះស្រាយ​លើ​បញ្ហា​នេះ​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួង​អប់រំ និង​ដៃគូ​ទាំងអស់​ក្នុង​វិស័យ​អប់រំ​កាលពី​ថ្ងៃទី​ ៥ ខែមេសា បាន​បង្ហាញថា លទ្ធផល គឺ​បានមកពី​ការវាយតម្លៃ​ចុងក្រោយ​របស់​ក្រសួង​អប់រំ​ទៅលើ​ការរៀនសូត្រ​នៅ​ថ្នាក់​ទី​ ៦​ ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១ និង​បានប្រកាស​ផ្សព្វផ្សាយ​នៅ​ខែមីនា ឆ្នាំ​ ២០២២ បន្ទាប់ពី​មានការ​វិភាគ​យ៉ាង​លម្អិត​។

នាយកដ្ឋាន​ធានា​គុណភាព​អប់រំ (EQAD) របស់​ក្រសួង​បាន​វាយតម្លៃ​លើ​សិស្សានុសិស្ស​ជាង ៦ ០០០ នាក់​នៅក្នុង​សាលារៀន​ចំនួន​ ២៣០ នៅ​ទូទាំង​ប្រទេស ហើយ​បាន​រកឃើញថា ការសិក្សា​របស់​កុមារ​បាន​ធ្លាក់ចុះ​នៅក្នុង​អំឡុងពេល​នៃ​ជំងឺ​រាតត្បាត​។ ដោយ​ប្រៀបធៀប​ជាមួយ​ការវាយតម្លៃ​ដូចគ្នា​នៅ​ឆ្នាំ ​២០១៦ ភាគរយ​នៃ​សិស្សានុសិស្ស ដែល​មិនអាច​បង្ហាញ​អំពី​ជំនាញ​ចំណេះដឹង​មូលដ្ឋាន​ផ្នែក​ភាសា​ខ្មែរ​បាន​កើនឡើង​ពី ៣៤% ទៅ ៤៥% និង​ផ្នែក​គណិតវិទ្យា​បាន​កើនឡើង​ពី ៤៩% ទៅ ៧៤%​។

សេចក្ដី​ប្រកាស​ឱ្យដឹងថា សាលារៀន​នៅ​កម្ពុជា​ត្រូវបាន​បិទទ្វារ​អស់​រយៈពេល ២៥០ ថ្ងៃ នៅ​ឆ្នាំ​ ២០២០ និង​ ២០២១ ដែល​ចំនួន​នេះ ស្ទើរតែ​ស្មើនឹង​ ២ ​ភាគ​ ៣ នៃ​ឆ្នាំ​សិក្សា​ចំនួន​ ២​ ឆ្នាំ​។ លទ្ធផល​នៃ​ការវាយតម្លៃ​លើ​ការរៀនសូត្រ​នេះ​បង្ហាញថា ទោះបីជា​សិស្សានុសិស្ស​ទាំងអស់​បាន​ជួបប្រទះ​នឹង​ការបាត់បង់​ការរៀនសូត្រ បន្ទាប់ពី​ការបិទ​សាលារៀន​ទាំងនេះ​ក្ដី ក៏​ផលប៉ះពាល់​មិនមាន​លក្ខណៈ​ដូចៗ​គ្នា​ឡើយ​។

លទ្ធផល​បង្ហាញថា កុមារា​បាន​បាត់បង់​ការរៀនសូត្រ​ច្រើនជាង​មុន និង​ទទួលលទ្ធផល​ខ្សោយ​ជាង​មុន នៅក្នុង​ការធ្វើ​តេស្ត កុមារា​ចំនួន ៥៥% ត្រូវបាន​វាយតម្លៃថា មិន​សម្រេចបាន​ជំនាញ​ចំណេះដឹង​មូលដ្ឋាន​ផ្នែក​ភាសា​ខ្មែរ​ឡើយ​នៅ​ឆ្នាំ​ ២០២១ ធៀប​នឹង​កុមារី​ចំនួន ៣៤%​។

ការវាយតម្លៃ​លើ​ការរៀនសូត្រ​នេះ​ត្រូវ​ធ្វើឡើង​នៅ​ខែវិច្ឆិកា ឆ្នាំ​ ២០២១ និង​បន្ទាប់មក ត្រូវបាន​វិភាគ​និង​បោះពុម្ព​នៅ​ខែមីនា ឆ្នាំ​ ២០២២​។ ការវាយតម្លៃ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រសួង​អប់រំ និង​គាំទ្រ​ដោយ​យូនីសេហ្វ និង​ដៃគូ​នៃ​មូលនិធិ​ភាពជា​ដៃគូ​ដើម្បី​អភិ​-​វឌ្ឍន៍​សមត្ថភាព​វិស័យ​អប់រំ (CDPF)​រួមមាន​សហភាព​អឺរ៉ុប (EU) ទីភ្នាក់ងារ​ស៊ុយអែត សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (SIDA) និង​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​ភាពជា​ដៃគូ​សាកល​សម្រាប់​ការអប់រំ (GPE)​។

លទ្ធផល​ដទៃទៀត​បង្ហាញ​ថា បើទោះជា​សាលារៀន​នៅ​ទីក្រុង​បាន​សម្រេច​លទ្ធផល​ល្អ​ជាង​សាលារៀន​នៅ​ជនបទ​ទាំង​ក្នុង​ឆ្នាំ​ ២០១៦ និង​ ២០២១ យ៉ាងណាក្ដី ក៏​លទ្ធផល​បានបង្ហាញ​នូវ​ការបាត់បង់​ការរៀនសូត្រ​ក្នុង​កម្រិត​កាន់តែ​ធ្ងន់ធ្ងរ​ផងដែរ​។ លទ្ធផល​ក៏មាន​ភាពខុសគ្នា​យ៉ាងច្បាស់​មួយ ចំពោះ​ភាព​ធ្ងន់ធ្ងរ​នៃ​ការបាត់បង់​ការរៀនសូត្រ​នៅក្នុង​មុខវិជ្ជា​ស្នូល​ទាំង​ ២​ ពោលគឺ​គណិតវិទ្យា និង​ភាសា​ខ្មែរ​។ លទ្ធផល គណិតវិទ្យា​មាន​លក្ខណៈ​អន់​ជាង​លទ្ធផល​ភាសា​ខ្មែរ​គួរឱ្យ​កត់សម្គាល់ ដែល​ឆ្លុះបញ្ចាំង​ពី​ការពិត​ថា​មុខវិជ្ជា​គណិតវិទ្យា​តែងតែ​ទាមទារ​នូវ​ការ​ផ្តោតអារម្មណ៍ និង​ការយកចិត្ត​ទុកដាក់ ក្នុងការ​រៀនសូត្រ​ក្នុង​ថ្នាក់​ដោយផ្ទាល់ ​(​មិនមែន​ពី​ចម្ងាយ​) ជាជាង​ភាសា​ខ្មែរ ដែលជា​កត្តា​លំបាក​អាចធ្វើ​បាន​នៅពេល​សាលា​បិទទ្វារ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​រួម​។

លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ថ្លែងថា​៖ «​លទ្ធផល​ទាំងនេះ​ជា​លទ្ធផល​គួរឱ្យ​បារម្ភ​។ យើង​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ជាមួយ​ដៃគូ​ទាំងអស់​របស់​យើង ដើម្បី​ដាក់ចេញ​នូវ​វិធានការ​រៀនសូត្រ​ពី​ចម្ងាយ នៅពេល​សាលារៀន​បិទទ្វារ​ក្នុងអំឡុងពេល​នៃ​ជំងឺ​រាតត្បាត​»​។ លោក​លើកឡើងថា ការសិក្សា​នានា​ក៏បាន​បង្ហាញថា វិធានការ​ទាំងនេះ ពិតជា​បាន​ជួយ​រក្សា​ការរៀនសូត្រ​សម្រាប់​កុមារ​ជាច្រើន ប៉ុន្តែ​លទ្ធផល​នៃ​ការវាយតម្លៃ​លើ​ការរៀនសូត្រ​បាន​បញ្ជាក់ថា សកម្មភាព​ទាំងនេះ​មិនទាន់​គ្រប់គ្រាន់​ ដើម្បី​មក​បង្គ្រប់​មកវិញ​ចំពោះ​សកម្មភាព​ទាំងអស់ ដែល​កុមារ​បាន​បាត់បង់​នៅពេល​ពួកគេ មិនបាន​រៀនសូត្រ​នៅក្នុង​ថ្នាក់​។ លោក​បញ្ជាក់ថា​៖ «​ឥឡូវនេះ​គឺជា​ពេលដែល​យើងទាំងអស់គ្នា​ត្រូវ​ព្យាយាម និង​ជួយ​កុមារ​កម្ពុជា​តាម​ឱ្យទាន់​ការរៀនសូត្រ​ដែល​ពួកគេ​បាន​បាត់បង់ ដែល​នេះ​ជា​ដំណើរការ​មួយ ដែល​បាន​ចាប់ផ្ដើម​រួចហើយ ប៉ុន្តែ​នៅពេលនេះ វា​ត្រូវតែ​ពន្លឿន​បន្ថែម​ជាមួយនឹង​ការគាំទ្រ​ពី​ដៃគូ​ទាំងអស់​នៅក្នុង​វិស័យ​អប់រំ​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា ជា​លទ្ធផល​ពី​របកគំហើញ​មិន​គួរឱ្យ​ពេញចិត្ត ក្រសួង​អប់រំ​បាន​រៀបចំ​កិច្ចប្រជុំ​របស់​ក្រុមការងារ​បច្ចេកទេស​រួមជាមួយ​នឹង​ដៃគូ​វិស័យ​អប់រំ​ទាំងអស់​​របស់ខ្លួន​ ដើម្បី​រៀបចំ​ជំហាន​បន្ទាប់​។ ក្រសួង​ក៏បាន​ចាត់​វិធានការ​ចាំបាច់​មួយ​ចំនួន​ដូចជា ការកំណត់​ការបង្រៀន​មេរៀន​បំប៉ន​នៅពេល​សាលារៀន​បើក​ឡើងវិញ​ភ្លាម ប៉ុន្តែ​ក្រុមការងារ​បច្ចេកទេស​បាន​ព្រមព្រៀង​ថា​វិធានការ​ទាំងនេះ​ចាំបាច់​ត្រូវបាន​ពង្រីក និង​ពង្រឹង ដើម្បី​ជួយ​សិស្សានុសិស្ស​ឱ្យ​តាម​ទាន់​ការរៀនសូត្រ​ជាមួយ​ការបង្កើន​ការផ្ដោត​គោលដៅ​ទៅលើ​សិស្សានុសិស្ស​នៅក្នុង​ស្ថានភាព​លំបាក​បំផុត ដែល​បាន​បាត់បង់​ការរៀនសូត្រ​ច្រើន​បំផុត​។

យូនីសេហ្វ​បានធ្វើការ​ជាមួយ​ដៃគូ​នានា​រួមមាន ក្រសួង​អប់រំ អង្គការ​សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា (KAP) អង្គការ VVOB និង​ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ (GPE) ដើម្បី​ផលិត​កម្រង​ធនធាន​បោះពុម្ព និង​ក្រៅ​អនទ្បាញ (Offline) ដើម្បី​គាំទ្រ​ដល់​ការរៀនសូត្រ​បំប៉ន​នេះ​។ «​គ្រូបង្រៀន​ចំនួន ២ ពាន់​នាក់​បានទទួល​ការបណ្ដុះបណ្ដាល​អំពី​ការប្រើប្រាស់​ធនធាន​ទាំងនេះ ប៉ុន្តែ​ជាការ​ចាំបាច់ វា​ត្រូវមាន​ការណែនាំ​ដល់​គ្រូ​បណ្ដុះបណ្ដាល​ជាច្រើន​នាក់​បន្ថែមទៀត​»​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ តំណាង​យូនីសេហ្វ​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា នៅក្នុង​សកល​លោក​ការបាត់បង់​ការរៀនសូត្រ​ត្រូវបាន​គេ​យល់ឃើញថា ជា​ផលវិបាក​ដ៏​អាក្រក់​បំផុត​មួយ ក្នុងចំណោម​ផលវិបាក​ដ៏​អាក្រក់​បំផុត នានា​ដែល​បង្កដោយ​ជំងឺ​រាតត្បាត (​កូវីដ​ ១៩)​។ ប៉ុន្តែ​ប្រទេស​កម្ពុជា គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​តិចតួច ដែល​បានបង្ហាញ​ទំហំ​នៃ​ការបាត់បង់​នេះ​ជាមួយ​នឹង​ទិន្នន័យ​ដែល​អាច​ជឿទុកចិត្ត​បាន​។ លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​សូម​ទទួលស្គាល់​នូវ​ជំហាន​ដ៏​សំខាន់ៗ​ដែល​ក្រសួង​អប់រំ​បានដាក់​ចេញ ដើម្បី​បង្កើត​ភ័ស្តុតាង​យ៉ាងសំខាន់​នេះ​សម្រាប់​ផ្ដល់​ជា​ភ័ស្តុតាង​ និង​ជា​មគ្គុទ្ទេសក៍​ដល់​គោលនយោបាយ និង​វិធានការ​ចាំបាច់​ដើម្បី​ផ្លាស់ប្ដូរ​ទិសដៅ​នៃ​និន្នាការ​នេះ​»​។

លោកស្រី​បន្តថា កិច្ចការ​នេះ​រួមមាន​ការបង្កើន​ការផ្ដល់​រយៈពេល និង​ប្រសិទ្ធភាព នៃ​ការរៀនសូត្រ​បំប៉ន​នេះ​។ សិស្សានុសិស្ស​គប្បី​ទទួលបាន​ការគាំទ្រ​ដែល​ចាំបាច់ ដើម្បី​ជួយ​ឱ្យ​ពួកគេ​តាម​ទាន់​ការអប់រំ​របស់ខ្លួន​។ យើង​ក៏​ត្រូវតែ​វិនិយោគ​ច្រើន​ទៀត​លើ​គណិតវិទ្យា​ និង​ចំណេះដឹង​ភាសា​ខ្មែរ​នៅ​ថ្នាក់ដំបូង​ផងដែរ​។ សិស្សានុសិស្ស​ក្មេងៗ​ត្រូវការ​មូលដ្ឋាន​រឹងមាំ​លើ​មុខវិជ្ជា​ស្នូល​ទាំងនេះ ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ល្អ​នៅ​ថ្នាក់​ក្រោយៗ​ទៀត​។ លោកស្រី​បញ្ជាក់ថា​៖ «​សម្រាប់​យូនីសេហ្វ យើង​ប្តេជ្ញាចិត្ត​ផ្ដល់​កិច្ចខិតខំ​ប្រឹងប្រែង​អតិបរមា​ជាមួយ​ដៃគូ​ទាំងអស់​ដើម្បី​ជួយ​ធ្វើឱ្យ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​សម្រេចបាន​»៕

វីដេអូ៖