សៀមរាបៈ ក្រុម​អ្នកជំនាញ​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ នៃ​អាជ្ញាធរជាតិ​អប្សរា​កំពុង​ដំណើរការ​ជួស​ជុល​ស្ពាន​តាអោង ដែលជា​ស្ពាន​បុរាណ​មួយ​កសាងឡើង​នៅក្នុង​សម័យអង្គរ ដែល​កំពុងមាន​ភាព​ទ្រុឌទ្រោម​ទៅហើយ​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យដឹងថា នេះ​ជា​ដំណាក់កាល​ជួសជុល​លើក​ទី ​២ ដោយបាន​ចាប់ផ្ដើម​កាលពី​ដើមខែ​មេសា​រហូត​ដល់​ខែសីហា ឆ្នាំ​ ២០២២​ ខាងមុខ ដោយ​ប្រើ​ថវិកា​មូលនិធិ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

អាជ្ញាធរ​ជាតិ​អប្សរា​ថា​៖ «​ការជួសជុល​ពង្រឹង​គ្រឹះ​ស្ពាន​បុរាណ​នេះ ក្នុង​គោលបំណង​ជួយ​ពង្រឹង​រចនាសម្ព័ន្ធ​របស់​ស្ពាន​ឱ្យ​រឹងមាំ​ឡើងវិញ​ផង និង​រក្សា​ឱ្យបាន​នូវ​អាយុកាល​យូរអង្វែង​បន្តទៅ​ទៀតផង ពិសេស គឺ​ជួយ​សម្រួល​ចរន្តទឹក​ហូរ​ដើម្បី​បញ្ចៀស​ចេញពី​ការ​ជន់លិច ព្រមទាំង​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​មាន​ភាពងាយស្រួល និង​ទាក់ទាញ​ភ្ញៀវទេសចរ​មក​លេង​កម្សាន្ត​នៅទីនេះ​ឱ្យ​កាន់តែច្រើន​ថែម​ទៀតផង​»​។

មន្ត្រី​ទទួល​បន្ទុក​ការដ្ឋាន​ជួសជុល​ស្ពាន លោក ពុទ្ធ សុទ្ធ ឱ្យដឹងថា នៅ​ផ្នែក​ខាងត្បូង​របស់​ស្ពាន​តាអោង គឺ​មានការ​ទ្រុឌទ្រោម​ខ្លាំង​ដូចជា ថ្ម រលុះ​ធ្លាក់​ ២ ​កន្លែង និង​ជញ្ជាំង​ស្ពាន​​រហែក​ចេញ ​១ ​កន្លែង​។ ដំណើរការ​ជួសជុល​ពេលនេះ គឺ ក្រុមការងារ​បានធ្វើ​សម្រង់​ប្លង់ ចុះបញ្ជី​ថ្ម ជួសជុល​ថ្ម ពង្រឹង​សសរស្ពាន​ដែល​រលុះ​ធ្លាក់ ព្រមទាំង​ជួសជុល​ជញ្ជាំង​​រហែក​ខាងកើត​ឱ្យ​ត្រូវ​តាម​លំនាំ​ដើម​ឡើងវិញ​។

លោក ពុទ្ធ សុទ្ធ ថ្លែងថា កត្តា​ដែលនាំឱ្យ​ស្ពាន​តាអោង​រង​ការខូចខាត គឺ​ដោយ​អាយុកាល អាកាសធាតុ​ធម្មជាតិ និង​សម្ពាធ​នៃ​ទម្ងន់​ដែល​បង្កឡើង​ពី​មនុស្ស​ជាដើម​។ ទន្ទឹមនឹង​ការជួសជុល​ស្ពាន​តាអោង​នេះ ក៏មាន​ការជួសជុល​ពង្រឹង​បង្កាន់ដៃ​នាគ​ដាក់ចូល​ទីតាំង​ដើម​ឡើងវិញ​សរុប​ប្រវែង ៧០ ​ម៉ែត្រ​។ បច្ចុប្បន្ន​ស្ពាន​បុរាណ​តាអោង ដែល​ស្ថិតនៅ​ភូមិ​ចុងស្ពាន ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង​ជាច្រើន​ផ្នែក​ដូចជា ប្រេះ​ញែក​ចេញពី​គ្នា ហើយ​ផ្នែក​កណ្តាល​នៃ​តួ​ស្ពាន​សងខាង គឺ​ថ្ម​មួយចំនួន​បាន​រលុះ​ធ្លាក់ និង​ផ្នែក​ផ្សេងទៀត​ក៏​កំពុង​ប្រឈម​នឹង​ការ​រលុះ​ធ្លាក់​ដែរ​។

ស្ពាន​បុរាណ​តោអោង​សាងសង់​ឡើង​អំពី​ថ្មបាយក្រៀម លម្អ​ដោយ​បង្កាន់ដៃ​នាគ​ក្បាល​ ៩ ​ធ្វើ​អំពី​ថ្មភក់ និង​មាន​ព្រះពុទ្ធ សមាធិ​នៅ​ចំ​កណ្តាល​ក្បាល​នាគ​។ ស្ពាន​នេះ​សាង​ឡើង​នា​សម័យអង្គរ​ក្នុង​រចនាប័ទ្ម​បាយ័ន ដោយ​យោងទៅលើ​បង្កាន់ដៃ​នាគ​។ កាលពី​ឆ្នាំ​ ២០២០ អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្លាប់បាន​ជួសជុល​ស្ពាន​តាអោង​នេះ​ម្តងមកហើយ​នៅ​ដំណាក់កាល​ទី​ ១ ដោយ​កាលនោះ ការជួសជុល​បានធ្វើ​នៅ​ផ្នែក​ខាងជើង​ដូចជា បង្កាន់ដៃ​នាគ ពង្រឹង​ជញ្ជាំង​សសរ​ចំនួន ​១១ និង​ការកាយ​ដី​កកស្ទះ ដើម្បី​សម្រួល​ដល់​ផ្លូវទឹក​ហូរ​ឆ្លងកាត់​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោក ហូ វណ្ឌី មានប្រសាសន៍ថា មួយរយៈ​ចុងក្រោយ​នេះ ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ភាពមមាញឹក​ក្នុងការ​ថែរក្សា​ និង​ជួសជុល​ប្រាសាទ​បាន​ល្អ​ប្រសើរ ដែល​នេះ​ជា​អ្វីដែល​អ្នក​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍​ចង់បាន​យូរណាស់​មកហើយ​។

លោក​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​រូបនេះ​ថ្លែង​ដោយ​ស្នើឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និង​កំណត់​ពី​ពេលវេលា​ជួសជុល​ច្បាស់លាស់ ដើម្បីឱ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ទៅ​ទស្សនា​គ្រប់គ្នា​។ លោក​បន្តថា ការអភិរក្ស​បេតិកភណ្ឌ​ជាតិ ​គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យចូល​ទស្សនា​។

លោក​ថា​៖ «​ក្រុមការងារ​ជំនាញ​ធ្វើ​នេះ ដើម្បី​លើកកម្ពស់​សោភណភាព​ដល់​ភ្ញៀវទេសចរ​ហើយ​វា​ជា​និរន្តរភាព​ដល់​ប្រាង្គ​ប្រាសាទ​ទៅ​ថ្ងៃមុខ​»៕