ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ផ្តល់​ឧបករណ៍​បច្ចេកទេស​ពិន័យ​បទល្មើស​ចរាចរណ៍​ចំនួន ៣០០ គ្រឿង​ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​ទូទាំង ២៥ ​រាជធានី-​ខេត្ត សម្រាប់​ប្រើប្រាស់​ក្នុង​ការដក​ពិន្ទុ​បណ្ណ​បើកបរ និង​ផាក​ពិន័យ​បទល្មើស​ចរាចរណ៍​។

ឧបករណ៍​ទាំងនេះ​ត្រូវបាន​ផ្តល់​តាមរយៈ​លោក ហ៊ឹម យ៉ាន អគ្គស្នងការរង​នគរបាលជាតិ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​អនុគណៈកម្មការ​ទី​ ២ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កាលពី​ថ្ងៃទី​ ៤ ខែមេសា ក្នុងពេល​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តី​ណែនាំ​ស្តីពី​ការប្រើប្រាស់​ប្រព័ន្ធ​បង់ប្រាក់​ផាកពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើសច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ការដក​ពិន្ទុ និង​បំពេញ​ពិន្ទុ​ឡើងវិញ​សម្រាប់​បណ្ណ​បើកបរ​។

លោក​បាន​ថ្លែងថា៖ «​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​បែងចែក​ឧបករណ៍​បច្ចេកទេស​ពិន័យ​បទល្មើស​ចរាចរណ៍ និង​ជាការ​បណ្តុះបណ្តាល​ដល់​មន្ត្រី​នគរបាល​ចរាចរណ៍​ទៅលើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី ទាក់ទង​នឹង​ការគ្រប់គ្រង​ទិន្នន័យ ពិន័យ​អំពើ​ល្មើសច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក នីតិវិធី​ប្រតិបត្តិការ​ប្រព័ន្ធ ការប្រើប្រាស់​ឧបករណ៍​ពិន័យ​អំពើ​ល្មើសច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​វិធី​គ្រប់គ្រង​ព័ត៌មាន និង​ការ​រក្សាទុក​ទិន្នន័យ​នៃ​ការពិន័យ​»​។

ក្នុង​កិច្ចប្រជុំ​នោះដែរ លោក​បាន​ជំរុញ​ដល់​មន្ត្រី​នគរបាល​ត្រូវធ្វើ​ការងារ​ជាក់ស្តែង​លើ​ប្រតិបត្តិការ​គ្រប់គ្រង​ការផាកពិន័យ​បទល្មើស​ចរាចរណ៍​លើ​ដងផ្លូវ ជាពិសេស​គឺ​ការងារ​នគរបាល​ចរាចរណ៍​ដែលមាន​ការកែទម្រង់កា​រងារ​ថ្មី​មួយ​ និង​ការទទួល​ភារកិច្ច​សំខាន់​មួយទៀត​នៅលើ​ផ្លូវ​ល្បឿន​លឿន ដែលជា​ការកែទម្រង់​ពិន័យ​អន្តរការណ៍ ចំពោះ​បទល្មើស​ចរាចរណ៍​ផ្លូវគោក​។

លោក​បាន​សង្កត់ធ្ងន់ថា ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ត្រូវអនុវត្ត​វិធានការ រឹតបន្តឹង និង​ការដាក់ពិន័យ​ចំពោះ​បទល្មើស​ចរាចរណ៍​ឱ្យមាន​ប្រសិទ្ធភាព ត្រូវ​ចាប់​មុខសញ្ញា​ដែល​គេចខ្លួន​ឱ្យបាន​ និង​មាន​វិធានការ​ផ្សព្វផ្សាយ​អប់រំ​ឱ្យបាន​ទូលំទូលាយ​។

ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា​ និង​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក​ ហ៊ាង សុទ្ធាយុត្តិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការផ្តល់​ឧបករណ៍​នេះ ដើម្បី​បែងចែក​ពី​ថ្នាក់ជាតិ​ជូនទៅ​ដល់​ស្នងការដ្ឋាន​នគរបាល​ទាំង​ ២៥ រាជធានី​-​ខេត្ត ពោលគឺ​ការចែក​នេះ​ដល់​កម្រិត​ស្រុក​តែម្តង​សម្រាប់​យកទៅ​អនុវត្ត​បន្ត​នៅ​តាម​គោលដៅ​។

លោក​បន្តថា សម្រាប់​ឧបករណ៍​នេះ ក្រសួង​សាធារណការ​ជាមួយ​នឹង​ក្រសួង​មហាផ្ទៃ​ដែលមាន​អង្គភាព​ជំនាញ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​រួមគ្នា​ធ្វើ និង​បាន​សិក្សា​យ៉ាង​ល្អិតល្អន់ ដើម្បី​រៀបចំ​នូវ​ប្រព័ន្ធ​ឧបករណ៍​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង​។ លោក​ថា​៖ «​ឧបករណ៍​នេះ​ស្រួល​ណាស់ ស្កេន​តែ​កាត​ហើយនឹង​ដឹង​ប្រវត្តិ​នៃ​បណ្ណ​បើកបរ និង​ពិន្ទុ​នៅសល់​ប៉ុន្មាន ហើយ​ឈានទៅរក​ការជ្រើសរើស​បទល្មើស​ដើម្បី​ផាកពិន័យ​ទឹកប្រាក់​ប៉ុន្មាន ហើយ​និង​ត្រូវ​ដក​ពិន្ទុ​ប៉ុន្មាន​ដោយយោង​តាមច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​អនុក្រឹត្យ​ស្តីពី​ផាកពិន័យ​អន្តរការណ៍​ចំពោះ​បទល្មើស​ចរាចរណ៍​ផ្លូវគោក​»​។

នៅពេល​អ្នកបើកបរ​ត្រូវបាន​រកឃើញ​ថា មាន​បទល្មើស​ចរាចរណ៍ នគរបាល​អាចមក​ឧបករណ៍​មក​ស្កេន​ហើយ​វា​នឹង​ព្រីន​ចេញ​ជា​វិក្កយបត្រ​មួយ​បញ្ជាក់ថា គាត់​មាន​បទល្មើស​អី ដក​ពិន្ទុ​ប៉ុន្មាន​ និង​ត្រូវឱ្យ​គាត់​បង់ប្រាក់ ហើយ​ការបង់ប្រាក់​នោះ​ធ្វើឡើង​នៅ​តាមរយៈ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឬ​បង់ប្រាក់​តាម Mobile App ជាដើម​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​។ លោក​ សុទ្ធាយុត្តិ មានការ​ជឿជាក់ថា សម្រាប់​កម្មវិធី​ដក​ពិន្ទុ គួបផ្សំ​ជាមួយ​ការផាក​ពិន័យ​ជា​អន្តរការណ៍​នឹង​រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​។

លោក​ថា​៖ «​យើង​មានការ​ជឿជាក់​ខ្ពស់ ព្រោះ​ការផាកពិន័យ​តែមួយ​មុខ មិន​គ្រប់គ្រាន់​ទេ ឧទាហរណ៍​ថា​ផាកពិន័យ ១០ ​ម៉ឺន​រៀល ក្នុងករណី​មួយ អ្នក​ដែលមាន​ជីវភាព​មាន​កម្រិត គាត់​អាច​រាងចាល​ហើយ​ ប៉ុន្តែ​ចំពោះ​អ្នក​ដែលមាន​រថយន្ត​ទំនើប កម្រិតជីវភាព​ធូរធារ គាត់​គិតថា ផាក​ ១​ ថ្ងៃ ១០ ​ម៉ឺន​រៀល​ ១០​ ដង​ក៏​មិនមាន​បញ្ហា​ដែរ អ៊ីចឹង​បាន​មាន​យន្តការ​មួយទៀត គឺ​ផាកពិន័យ​ជា​លុយ​ផង និង​ធ្វើការ​កាត់​ពិន្ទុ​បណ្ណ​បើកបរ​ផង​»​។

លោក​បន្តថា​៖ «​អ៊ីចឹង​ពិន្ទុ​មាន​ ១២ បើ​កាត់​អស់ ១២ ​ពិន្ទុ ដក​បណ្ណ​បើកបរ អ៊ីចឹង​មិន​ថា​កម្រិត​ជីវភាព​មាន​លទ្ធភាព​ប្រើ​រថយន្ត​ទំនើប​ប៉ុនណា បើ​អត់​បណ្ណ​បើកបរ​ហើយ ប៉ូលិស​ហៅ​ម្តងទៀត ច្បាស់​ជា​ប្រឈម​ទោសទណ្ឌ​ទៅតាម​អ្វីដែល​មានចែង​នៅក្នុង​ច្បាប់​។ អ៊ីចឹង​យើង​អាច​ទាញ​ជារួម​មកវិញ​បាន​ថា យើង​មាន​ជំនឿ​ចិត្ត ការអនុវត្ត​ដក​ពិន្ទុ​នេះ​គឺ​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​»​។

លោក​បានឱ្យដឹង​ដែរ នាពេល​បច្ចុប្បន្ននេះ​មន្ត្រីនគរបាល​នឹង​យក​ឧបករណ៍​នោះ​ទៅ​អនុវត្ត​ជាក់ស្តែង​សាកល្បង ខណៈ​ការដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នឹង​ប្រកាស​នៅពេល​ក្រោយ​។

លោក​ថា​៖ «​មកដល់​ម៉ោង​នេះ យើង​បានធ្វើ​រួចរាល់​អស់ហើយ ប៉ុន្តែ​យើង​ដឹង​ហើយ ការងារ​ផាកពិន័យ ការងារ​ដក​ពិន្ទុ គឺជា​បញ្ហា​ក្តៅ​ណាស់ យើង​ត្រូវ​មើល​ឱ្យ​សព្វគ្រប់​ជ្រុងជ្រោយ ដើម្បី​ធានាថា ការអនុវត្ត​ដំណើរការ​ល្អ​ក្នុង​កម្រិត​បច្ចេកវិទ្យា និង​ត្រៀមលក្ខណៈ​ក្នុងការ​តវ៉ា​ ឬ​មាន​តម្រូវការ​ក្នុងការ​ដោះស្រាយ គឺ​មន្ត្រី​ជំនាញ​គាត់​អាចមាន​ការយល់ដឹង​ និង​ត្រៀមលក្ខណៈ​ជាស្រេច​»​។

លោកស្រី លឹម សុខជា ទីប្រឹក្សា​ជាន់ខ្ពស់ អង្គការ​សម្ព័ន្ធ ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (CRY) ធ្លាប់​ថ្លែងថា ការដាក់ឱ្យ​ដំណើរការ​កម្មវិធី​ដក​ពិន្ទុ​បណ្ណ​បើកបរ​នឹង​រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ជួយ​ពង្រឹងស្មារតី​ដល់​អ្នកបើកបរ​នៅតាម​ដងផ្លូវ​សាធារណៈ​។

លោកស្រី​ថា​៖ «​វា​ជា​ផ្នែក ១ ជំរុញឱ្យមាន​សុវត្ថិភាព​អ្នកបើកបរ ព្រោះ​អ្នកបើកបរ​នឹង​ចាប់ផ្តើម​យកចិត្ត​ទុកដាក់ ក្នុង​ការបើកបរ ដោយ​ប្រយ័ត្នប្រយែង ពីព្រោះ​បើ​គាត់​មាន​កំហុស គាត់​នឹង​ប្រឈម​ការដក​ពិន្ទុ ឬ​អស់​ពិន្ទុ​ហើយ​គាត់​ត្រូវ​ចំណាយពេល​ច្រើន ដើម្បី​រៀនសូត្រ​ឡើងវិញ ហើយ​អ្នកខ្លះ​នឹង​អាច​អស់​ពិន្ទុ​ដោយ​ស្វ័យប្រវត្តិ អ្នក​ដែល​មាន​កំហុស​ធំដុំ​»៕

វីដេអូ៖