បន្ទាយមានជ័យៈ អាជ្ញាធរខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ស្រះកែវ​នៃ​ប្រទេស​ថៃ​ កំពុង​ពិភាក្សា​ពី​លទ្ធភាព​ក្នុង​ការបើក​ច្រកព្រំដែន​ គឺ​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត​ក្នុង​កម្រិត​តំបន់​នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ និង​ប្រពៃណី​ថៃ​ខាងមុខនេះ​។

អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ​លោក សេក សុខុម ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា នាពេល​បច្ចុប្បន្ននេះ ច្រកទ្វារ​​អន្តរជាតិ​ប៉ោយប៉ែត​ជាប់​ខេត្ត​ស្រះកែវ​នេះ​បាន​បើក​ឱ្យ​ដំណើរការ​ធម្មតា​សម្រាប់​ការចេញចូល​រថយន្ត​ដឹកទំនិញ និង​អាជីវករ​ខ្មែរ​ដែល​លក់ដូរ​នៅ​ផ្សារ​ថៃ​នោះ​ប៉ុណ្ណោះ​។

លោក​បន្តថា ដោយសារ​កម្ពុជា និង​ថៃ​មាន​ប្រពៃណី​រៀបចំ​បុណ្យ​ចូលឆ្នាំថ្មី​​ស្រដៀង​គ្នា ទើប​ភាគី​ទាំង​ ២ ​ពិចារណា​​ក្នុង​ការបើក​ច្រកព្រំដែន​អន្តរជាតិ​នេះ​ក្នុង​កម្រិត​តំបន់​ដែល​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​អាច​ចេញចូល​ជាធម្មតា និង​បាន​ដើរលេង​កម្សាន្ត​។

លោក​ថា​៖ «​ប្រទេស​ខ្មែរ​ និង​ថៃ​មាន​រៀបចំ​សង្ក្រាន្ត​នៅ​ថ្ងៃ​ចូលឆ្នាំ​ស្រដៀង​គ្នា អ៊ីចឹង​ថ្ងៃនោះ​អាច​ចេញចូល​បាន​...​ខ្ញុំ​ទៅជា​មួយ​អាជ្ញាធរខេត្ត​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ គឺ​ខាង​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ស្រះកែវ​បាន​ព្រមព្រៀងគ្នា​គឺ​អនុញ្ញាតឱ្យ​ចេញចូល​ត្រឹម​កម្រិត​ព្រំដែន​ ប៉ុន្តែ​មិនមែន​ទៅលេង​នៅ​បាងកក​ទេ​»​។

លោក​បាន​បន្តទៀតថា ជារឿយៗ​​មុន​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ប្រជាជន​ដែល​រស់នៅ​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២​ តែងតែ​ចេញដំណើរ​កម្សាន្ត​ឆ្លងដែន​ទៅវិញ​ទៅមក​នៅ​​ពេល​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ម្តងៗ​។

លោក​ថា​៖ «​ឧទាហរណ៍​នៅ​ច្រក​អូរ៣​ជាន់​ដែលមាន​ប្រាសាទ​របស់​ជ័យវរ្ម័ន​ទី​ ៧ គាត់​កសាង ហើយ​នៅពេល​យើង​ក្រោម​អាណានិគម​របស់​ថៃ​គឺ​ប្រាសាទ​យើង​នៅ​ទឹកដី​ថៃ អ៊ីចឹង​ចូលឆ្នាំ​ជាទូទៅ​យើង​ទៅលេង​នៅតាម​ប្រាសាទ​​នានា​នៅ​ថៃ ហើយ​ជនជាតិ​ថៃ​មកលេង​ប្រាសាទ​នៅ​ខេត្តបន្ទាយមានជ័យ​»​។

ទោះជា​យ៉ាងណា លោក​បញ្ជាក់ថា គម្រោង​បើក​ច្រក​នេះ​ត្រឹម​កម្រិត​តំបន់​ប៉ុណ្ណោះ ពោល​អនុញ្ញាត​ឱ្យ​ចេញចូល​ដើរលេង​ត្រឹម​ខេត្ត​ព្រំដែន​ខេត្ត​ស្រះកែវ​​មិន​អនុញ្ញាត​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​បាងកក​នោះទេ​។

បើតាម​លោក សេក សុខុម ទោះបី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ​២ មិនទាន់​ប្រកាស​ឱ្យ​បើក​ច្រកព្រំដែន​ជា​ផ្លូវការ​ក្តី ប៉ុន្តែ​ការ​រឹតបន្តឹង​សម្រាប់​អាជីវករ​មាន​ភាពប្រសើរ​ជាង​មុន​ដោយ​មិន​តម្រូវឱ្យ​ធ្វើ​ចត្តាឡីស័ក​ទៀតឡើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​លក់ដូរ​នៅ​ព្រំដែន​ពីមុន​មានការ​ធ្វើ​ចត្តាឡីស័ក​ទាំង​នៅ​ថៃ​ និង​ខ្មែរ​ ​ប៉ុន្តែ​ឥឡូវ​គ្រាន់តែ​មាន​កាត​វ៉ាក់​សាំង​​បញ្ជាក់ថា អត់​មាន​វិជ្ជមាន​កូវីដ​យើង​ចូលទៅ​បាន​ហើយ ប៉ុន្តែ​ចូល​រកស៊ី​ត្រឹម​ព្រំដែន​ទេ គេ​មិន​ឱ្យចូល​បាងកក​ទេ​»​។

លោក​បាន​បន្តថា សម្រាប់​ខេត្ត​បន្ទាយមានជ័យ​បានកំណត់​ជា​ផ្លូវការ​អនុញ្ញាត​ឱ្យ​ពលករ​ចូល​តាម​ច្រក​ចំនួន​ ៣ គឺ​ច្រក​អូរ​ ៣ ​ជាន់ ច្រក​បឹង​ត្រកួន និង​ច្រក​ម៉ាឡៃ​។

លោក ង៉ោ ម៉េងជ្រួន អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ថ្លែងថា សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​នាពេល​បច្ចុប្បន្ន​មិនបាន​បិទ​ព្រំដែន​ទេ​គឺ​រង់ចាំ​តែ​ភាគី​ថៃ​ប៉ុណ្ណោះ​។ ​លោក​បន្តថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​របស់​យើង​អត់​បិទ​ព្រំដែន​ទេ គឺ​ភាគី​ថៃ​ដែល​គាត់​អត់​ទាន់​មាន​គោលការណ៍​ណាមួយ​ជាក់លាក់​ទេ ហើយ​អាជ្ញាធរខេត្ត​អត់​ទាន់​បានទទួល​ព័ត៌មាន​ណាមួយ​ពី​ភាគី​ថៃ​ជា​លាយលក្ខណ៍អក្សរ​ជា​ផ្លូវការ​ថា​បើក​នៅឡើយ​»​។

លោក​បាន​បន្តថា ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​អនុញ្ញាត​ឱ្យមាន​ការរៀប​ចំ​បុណ្យ​ចូលឆ្នាំថ្មី​នោះ ពលករ​បាន​វិលត្រឡប់​ចូល​ស្រុក​មានការ​កើនឡើង​គួរឱ្យ​កត់សម្គាល់​។

លោក​ថ្លែងថា​៖ «​ពលករ​ចូល​តាម​ច្រក​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ច្រើនជាង​សព្វដង ដោយ​គាត់​មក​ចូលរួម​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ដែល​រាជរដ្ឋាភិបាល​បាន​បើក​ប្រទេស​ឱ្យមាន​ការ​រៀបចំ​ចូលឆ្នាំ​ខ្មែរ​ឡើងវិញ​»​។

លោក ង៉ោ ម៉េងជ្រួន បានឱ្យដឹងថា ជា​មធ្យម​ក្នុង​ ១​ ថ្ងៃ ពលករ​វិល​ចូលស្រុក​ចន្លោះ​ពី​ ១៥០ ទៅ​ ២៥០ ​នាក់ ក៏​​ប៉ុន្តែ​ខណៈ​ពិធីបុណ្យ​ឆ្នាំ​ថ្មី​កាន់តែ​ខិតជិត​មកដល់​មាន​ពលករ​វិល​ចូល​ស្រុក​តាម​ខេត្ត​នេះ ចន្លោះ​ពី​ជាង​ ៣០០ ឬ ៤០០ ​នាក់​ក្នុង​ ១ ​ថ្ងៃ​៕