ភ្នំពេញៈ គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ ​១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស (​គ.វ.ក​-១៩) ណែនាំ​ដល់​គ្រប់​រាជធានី​-​ខេត្ត​ទូទាំងប្រទេស​ឱ្យធ្វើ​ការរៀបចំ​ទីតាំង​សម្រាប់​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅតាម​តំបន់​កម្សាន្ត​សំខាន់ៗ និង​តាម​ទីវត្តអារាម ដើម្បី​សម្រួល​ឱ្យ​ប្រជាពលរដ្ឋ​អាច​ទទួលបាន​ការចាក់​វ៉ាក់សាំង ទាំង​ដូស​មូលដ្ឋាន និង​ដូស​ជំរុញ​ក្នុងអំឡុងពេល​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ​។

លោកស្រី​ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន ​គ.វ.ក-១៩ ឱ្យដឹង​នា​ថ្ងៃទី​ ៤ មេសា ថា ចាប់ពី​ថ្ងៃទី​ ១៣-១៧ មេសា រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំង ​២៥ នឹង​បន្ថែម​ទីតាំង​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅតាម​តំបន់​កម្សាន្ត​សំខាន់ៗ​ និង​វត្ត​អារាម​នានា​ផងដែរ​។

លោកស្រី​បញ្ជាក់ថា​៖ «​ការដាក់​ទីតាំង​ចាក់​វ៉ាក់សាំង​បន្ថែម​នេះ គឺ​ដើម្បី​សម្រួល​ឱ្យ​បងប្អូន ក្មួយៗ កម្មករ កម្មការិនី អាច​ទទួល​បាន​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ទាំង​ដូស​មូលដ្ឋាន​ និង​ដូស​ជំរុញ​បន្ថែម​លើ​ទីតាំង​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដែល​កំពុងបើក​ដំណើរការ​ស្រាប់​នៅតាម​មន្ទីរពេទ្យ​ជាតិ មន្ទីរពេទ្យ​ខេត្ត មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​»​។

ប្រធាន គ.វ.ក-១៩ ប្រាប់​ឱ្យ​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​រាជធានី​-​ខេត្ត ត្រូវធ្វើ​សេចក្តី​ជូន​ព័ត៌មាន និង​ផ្សព្វផ្សាយ​ដល់​សាធារណជន​ជ្រាប​ឱ្យបាន​ទូលំទូលាយ​ពី​ទីតាំង​ចាក់​វ៉ាក់សាំង ដែល​ត្រូវ​រៀបចំ​បន្ថែម​នៅតាម​តំបន់​កម្សាន្ត និង​វត្តអារាម​ដែល​នឹងត្រូវ​បើកចាក់​វ៉ាក់សាំង​ក្នុងអំឡុង​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​តាម​កាលបរិច្ឆេទ​បានកំណត់​។

លោកស្រី​ ឱ វណ្ណឌីន ​លើកឡើង​ថា​៖ «​គ.វ.ក-១៩ សូម​អញ្ជើញ កុមារ យុវវ័យ ព្រមទាំង​ប្រជាពលរដ្ឋ ក៏ដូចជា​កម្មករ កម្មការិនី ស្ម័គ្រចិត្ត​ទទួលយក​ការចាក់​វ៉ាក់សាំង​កូវីដ ១៩ ដូស​មូលដ្ឋាន ដូស​ទី ​៣ ឬ​ដូស​ជំរុញ​រួច ឬ​ដូស​ទី​ ៤ ឱ្យបាន​គ្រប់គ្នា​នៅពេល​ដល់​វេន​ចាក់ ដើម្បី​បង្កើន​ភាពស៊ាំ​ក្នុង​សហគមន៍ សំដៅ​ទប់ស្កាត់​ការឆ្លង​រីករាលដាល កាត់បន្ថយ​អត្រា​ឈឺ​ធ្ងន់ និង​អត្រា​ស្លាប់ ដែល​បង្ក​ដោយ​ជំងឺ​កូវីដ ​១៩ ក្នុងប្រទេស​កម្ពុជា​»​។

បើ​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់ គ.វ.ក-១៩ តាម​ការសិក្សា​ស្រាវជ្រាវ​រកឃើញថា ភាពស៊ាំ សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូវីដ ​១៩ របស់​បុគ្គល​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ មាន​ការធ្លាក់ចុះ​ជា​បន្តបន្ទាប់ ក្រោយពី​បាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ចាប់ពី​ ៤​ ខែ​ឡើង​។ ដូចនេះ មាន​តម្រូវ​ការចាំបាច់​ក្នុង​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ជំរុញ​ជា​បន្តបន្ទាប់ ទាំង​ដូស​ទី​ ៣ និង​ដូស​ទី​ ៤ សំដៅ​កុំឱ្យ​ភាពស៊ាំ​របស់​បុគ្គល​ក៏ដូចជា​ភាពស៊ាំ​ក្នុង​សហគមន៍​មានការ​ធ្លាក់ចុះ ដែល​អាច​ប្រឈម​នឹង​ភាពធ្ងន់ធ្ងរ ឬ​ស្លាប់​បណ្តាលមកពី​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ឡើងវិញ​។

លោកស្រី​ ឱ វណ្ណឌីន នៅតែ​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ថា វីរុស​កូវីដ​ ១៩ ​មិនទាន់​ចប់​នៅឡើយ​ទេ ដោយ​ចំនួន​នៃ​ការរកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ​នៅតែ​បន្ត​រកឃើញ​ជា​រៀងរាល់ថ្ងៃ​នៅឡើយ គ្រាន់​តែមាន​សភាព​ថយ​ចុះ​ជាង​មុន​តែប៉ុណ្ណោះ​។

របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ៤ ខែ មេសា ឆ្នាំ​ ២០២២ លទ្ធផល​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន​ ៩២,៧១% ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦ ​លាន​នាក់​។ សម្រាប់​អ្នក​ដែល​បាន​ចាក់​ដូស​ទី​៣ ឬ​ដូស​ជំរុញ​មកដល់​ពេលនេះ​បាន​ជិត​ ៨​ លាន​នាក់ និង​អ្នក​ដែល​បាន​ចាក់​ដូស​ទី​៤ បាន​ជិត​ ១,២​ លាន​នាក់​ផងដែរ​។

គិត​ត្រឹម​ដើមខែ​មេសា​នេះ កម្ពុជា​បានទទួល​វ៉ាក់សាំង​កូវីដ​ ១៩ ​ទាំង​ជំនួយ​ពី​ប្រទេស​ជា​ដៃគូ និង​ពី​ការបញ្ជាទិញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ជិត​ ៥០​ លាន​ដូស ហើយ​កម្ពុជា​នឹង​បន្ត​ទទួលបាន​វ៉ាក់សាំង​ពី​បណ្តា​ប្រទេស​ជា​ដៃគូ​មួយចំនួន​ទៀត​ជា​បន្តបន្ទាប់​ផងដែរ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ថ្លែង​កាលពី​ចុងខែ​មីនា​ថា ប្រសិនបើ​មិនមាន​ការប្រែប្រួល​ទេ នៅ​ថ្ងៃទី​ ៦ ខែមេសា​នេះ វ៉ាក់សាំង​ជាង​ ១​ លាន​ដូស​ទៀត​នឹង​ដឹក​មកពី​ប្រទេស​អ៊ីតាលី ហើយ​វ៉ាក់សាំង​ជាច្រើន​ទៀត​នឹង​មក​ជាបន្តបន្ទាប់​ទៀត​។ ក្នុងនោះ​មកពី​ប្រទេស​ប៉ូឡូញ​ចំនួន​ ១ ​លាន​ដូស និង​ពី​សហរដ្ឋអាមេរិក​ ៧,៥​ លានដូស​ដែល​នឹង​មកជា​បន្តបន្ទាប់​ផងដែរ​នៅ​ខែមេសា ឧសភា កក្កដា និង​ខែកញ្ញា ឆ្នាំនេះ​។

លោក ហ៊ុន សែន បានបញ្ជាក់​ថា​៖«​អ៊ីចឹង​! យើង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់ ដើម្បី​នឹង​ការពារ​ប្រជាពលរដ្ឋ​របស់​យើង​តាមរយៈ​ដូស​ជំរុញ ឬ​ដូស​ទី​ ៣ និង​ដូស​ទី​ ៤​។ ចំនួន​ឆ្លង​វីរុស​កូវីដ-១៩ នៅក្នុង​ប្រទេស​របស់​យើង​មានការ​ថមថយ​ច្រើន ប៉ុន្តែ​ក៏ត្រូវ​តែ​បន្តធ្វើ​ការការពារ និង​អនុវត្ត​វិធានការ​សុខាភិបាល​ផងដែរ​»៕

វីដេអូ៖