ព្រះសីហនុៈ ​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកទេស​វះកាត់​ចម្រុះ​ជាតិ​សាសន៍​មកពី​បណ្ដា​ប្រទេស​ជា​មិត្ដ​នានា​នឹង​ផ្ដល់ជូន​នូវ​ការវះកាត់​ដោយ​ឥតគិតថ្លៃ ចំពោះ​ជំងឺ​មួយចំនួន​ដូចជា ឆែបមាត់​ក្រអូមមាត់ ពកក ក្លនលូន ដុំគីស និង​ជំងឺ​ផ្សេងៗ​មួយចំនួនទៀត ចាប់ពី​ថ្ងៃទី​ ១៥ ដល់​ថ្ងៃទី​ ២០ ខែ​ឧសភា ខាងមុខ​។

យោងតាម​សេចក្ដី​ជូនដំណឹង​បានឱ្យដឹងថា មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​បាន​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកទេស​វះកាត់​ចម្រុះ​ជាតិ​សាសន៍ (Medical Mission International) ដែល​មកពី​សហរដ្ឋ​អាមេរិក បារាំង កាណាដា អូស្ត្រាលី ឥណ្ឌា ហ្វីលីពីន នឹង​រៀបចំ​កម្មវិធី​វះកាត់​ប្រចាំឆ្នាំ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ១៥ ដល់​ថ្ងៃទី ​២០ ខែឧសភា ឆ្នាំ​ ២០២២ ​ខាងមុខ​។

ជំងឺ​ដែល​ក្រុមគ្រូពេទ្យ​ទទួល​ពិនិត្យ និង​វះកាត់ រួមមាន​ជំងឺ ឆែបមាត់​ក្រអូមមាត់ និង ពកក​។ កែលម្អ​ក្រោយ​ការរលាក ខ្លួនប្រាណ ដៃជើង និង​មុខមាត់ និង​ក្លន​លូន​។ ម្រាម​ដៃជើង​លើស ឬ​ជាប់​គ្នា​។ បូស​អន្ទង់ និង​អាប់សែ​គូទ​។ ក្រួស​ថង់ទឹកប្រមាត់ និង​ផ្លូវទឹក​ប្រមាត់​។ ដុះ​សាច់​ច្រមុះ បំពង់ក និង​ដុំ​គីស​។ គីស​ដៃ​ស្បូន ដុំ​សាច់​ស្បូន និង​ស្បូនស្រុត​។

លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ ថ្លែងថា កម្មវិធី​វះកាត់​ប្រចាំឆ្នាំ​ជូន​ដល់​ប្រជាពលរដ្ឋ​នេះ គឺធ្វើឡើង​តាមរយៈ​កិច្ចសហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកទេស​វះកាត់​ចម្រុះ​ជាតិសាសន៍ ដោយ​ការវះកាត់​នេះ គឺធ្វើឡើង​ក្នុង​ក្របខណ្ឌ​ខេត្ត​ព្រះសីហនុ​។

លោក​ថ្លែងថា​៖ «​ការវះកាត់​នេះ ធ្វើឡើង​ដោយ​មិន​គិតថ្លៃ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​។ ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​លទ្ធភាព ក៏មាន​ការគិត​កម្រៃ​ខ្លះ​ដែរ ប៉ុន្ដែ​យក​ក្នុង​តម្លៃ​សមរម្យ​ប្រមាណ ៦៥ ម៉ឺន​រៀល​»​។

លោក សេង ណុង ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ដ​ព្រះសីហនុ​ថ្លែងថា ជាទូទៅ កម្មវិធី​វះកាត់​ប្រចាំ​ឆ្នាំនេះ មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ព្រះសីហនុ​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកទេស​វះកាត់​ចម្រុះ​ជាតិ​សាសន៍​ធ្វើឡើង​ ១​ ឆ្នាំ​ម្ដង​។ ប៉ុន្ដែ​ដោយសារ​បញ្ហា​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅ​ឆ្នាំ​ ២០២០ និង​ ២០២១ ក៏បាន​ផ្អាក​ការវះកាត់​បណ្ដោះអាសន្ន ទើប​ឆ្នាំ​ ២០២២​ នេះ ចាប់ផ្ដើម​ការវះកាត់​ឡើងវិញ​។

លោក​បានឱ្យដឹងថា តាម​បទពិសោធ​កាលពី​ការវះកាត់​នា​ឆ្នាំ​កន្លងទៅ កម្មវិធី​វះកាត់​រាល់​ឆ្នាំ ក្រុមគ្រូពេទ្យ​បាន​វះកាត់​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជំងឺ​ប្រចាំកាយ​បាន​ប្រមាណ​ពី​ ៣០ ទៅ​ ៤០ នាក់​នៅក្នុង​ ១​ លើកៗ ដែល​ក្នុងនោះ​ភាគច្រើន គឺជា​ប្រជាជន​ដែល​រស់នៅក្នុង​ខេត្ដ​ព្រះសីហនុ​។

លោក​ថ្លែងថា​៖ «​ទោះបី​មាន​ជំងឺ​តិចតួច​ក៏​គ្រូពេទ្យ​ចម្រុះ​ជាតិសាសន៍​នេះ​វះកាត់​ឱ្យ​ដែរ ដូចជា​ករណី​ជំងឺ​ដុះ​សាច់ ជាដើម​»​។

លោក សេង ណុង បានបញ្ជាក់​ទៀតថា ក្រោយ​ការជូន​ដំណឹង​នេះ ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​នឹង​ទទួល​កត់​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​បាន​ទាក់ទង​មក​ស្នើសុំ​វះកាត់​ហើយ​គ្រូពេទ្យ​នឹង​ណាត់​ប្រជាពលរដ្ឋ​ទាំងនោះ មក​ពិនិត្យ​សុខភាព ពិនិត្យ​ឈាម ដើម្បី​ត្រៀម​សម្រាប់​ការវះកាត់ និង​ព្យាបាល​៕