ភ្នំពេញៈ ក្រសួង​រ៉ែ​ និង​ថាមពល​សហការ​ជាមួយនឹង​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បាននិង​កំពុង​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ថាមពល​ឱ្យ​មាន​ភាព​ពេញលេញ​សម្រាប់​រយៈពេល​វែង​ឆ្នាំ ​(២០២១-២០៤០) ដោយ​ធ្វើការ​សិក្សា​វាយតម្លៃ​អំពី​សេណារីយោ​នៃ​កំណើន​តម្រូវការ ជម្រើស​ផ្សេងៗ​នៃ​ការអភិវឌ្ឍ​ប្រភព​អគ្គិសនី និង​ការសិក្សា​ស្វែងយល់ អំពី​តម្រូវការ​ក្នុង​ការពង្រីក​បណ្តាញ​បញ្ជូន​ និង​បណ្តាញ​ចែកចាយ​។

លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ថ្លែង​នៅក្នុង​ពិធី​បើក​វេទិកា​ថាមពល​កម្ពុជា ស្ដីពី «​ការរៀបចំ​ប្រព័ន្ធ​ថាមពល​កម្ពុជា​សម្រាប់​ពេលអនាគត​» ​នៅ​ថ្ងៃទី ៥ ខែមេសា​ថា គោលការណ៍​ដែលជា​មូលដ្ឋាន​ដឹកនាំ​ដំណើរ​ការរៀបចំ​ផែនការ​មេនេះ គឺ​ដើម្បី​ផ្តល់ឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​នូវ​ថាមពល​អគ្គិសនី​មួយ ដែលមាន​តម្លៃ​សមរម្យ មាន​ស្ថិរភាព និង​អាច​ទុកចិត្ត​បាន ទន្ទឹមនឹង​ការធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​សន្តិសុខ​នៃ​ការផ្គត់ផ្គង់​អគ្គិសនី និង​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​អគ្គិសនី​ក្នុង​គ្រប់​វិស័យ​។

លោក ស៊ុយ សែម ថ្លែង​​ថា​៖ «​ក្រសួង​រ៉ែ និង​ថាមពល បេ្តជ្ញា​ក្នុង​ការ​បង្កើន និង​ផ្តល់​អាទិភាព​ឱ្យបាន​ជា​អតិបរមា ការពង្រីក​ការប្រើប្រាស់​ថាមពល​ស្អាត ជាពិសេស​ថាមពល​កកើត​ឡើងវិញ និង​ប្រសិទ្ធភាព​ថាមពល​»​។ បើតាម​លោក ស៊ុយ សែម វិធីសាស្ត្រ​នេះ គឺ​ស្របទៅតាម​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ និង​កម្មវិធី​ស្តារ​ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុងការ​រស់នៅ​ជាមួយ​កូវីដ​ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី ដែល​បាន​កំណត់ដោយ​រដ្ឋាភិបាល រួមមាន​សសរស្តម្ភ​ចំនួន ៣ គឺ ការ​ងើប​ឡើងវិញ​កំណែទម្រង់ និង​ភាពធន់​។

លោក ហេង គុណលាង អ្នកនាំពាក្យ ក្រសួង​រ៉ែ និង​ថាមពល ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៥ ខែមេសា​ថា កន្លងមកនេះ ក្រសួង​បាន​រៀបចំ​ផែនការមេ​នៅក្នុង​ការអភិវឌ្ឍ​វិស័យ​អគ្គិសនី​ម្តង​រួចហើយ បន្ទាប់ពី​កម្ពុជា​មាន​ការខ្វះខាត​ក្នុង​ការផ្គត់ផ្គង់​ភ្លើងអគ្គិសនី​នៅក្នុង​ឆ្នាំ ២០១៩ ដែល​នៅពេលនោះ រដូវប្រាំង​មាន​រយៈពេល​វែង ការខ្វះខាត​ទឹក​ដែល​ធ្វើឱ្យ​គម្រោង​អគ្គិសនី ៧ គម្រោង​អត់​ដំណើរការ​។ នៅពេលនោះ ក្រសួង​បានធ្វើ​ផែនការ​រយៈពេល​ខ្លី​ជាមួយ​ជប៉ុន ជាបន្ទាន់​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​។

លោក​បន្តថា នៅពេល​ចប់​ផែនការ​ខាងលើនេះ ក្រសួង​ក៏បាន​ធ្វើ​ផែនការមេ​ថ្មី​មួយទៀត​ជាមួយ​ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB ) រយៈពេល​វែង (២០២១-២០៤០) ដែល​ផែនការ​មេនេះ មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​។ ក្រៅពីនេះ​ក៏មាន​ផែនការ​តម្រូវការ​អគ្គិសនី​ដែល​ប៉ះពាល់​ ដោយសារ​ជំងឺ​កូវីដ​ ១៩ និង​មាន​សេណារីយោ​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​ផែនការ​ផ្គត់ផ្គង់​អគ្គិសនី​។ លោក​ថ្លែងថា​៖ «​ផែនការ​ថ្មី​នេះ យើង​សហការ​ជាមួយ ADB ដោយបាន​រៀបចំ​នៅថ្ងៃនេះ (​ទី ៥ ខែមេសា​)​។ យើង​ដាក់​សេចក្តី​ព្រាង​សូមឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ដៃគូ​អភិវឌ្ឍន៍ និង​ស្ថានទូត​ជាដើម​ចូលរួម​ផ្តល់​មតិយោបល់​លើ​ផែនការ​ថ្មី​នេះ​ដើម្បី​ឱ្យមាន​ភាពងាយស្រួល​ និង​បង្គ្រប់​ឱ្យ​គ្រប់​ជ្រុងជ្រោយ​»​។

បើតាម​ក្រសួង​រ៉ែ និង​ថាមពល​វេទិកា​ថាមពល​កម្ពុជា ស្ដីពី «​ការរៀបចំ​ប្រព័ន្ធ​ថាមពល​កម្ពុជា​សម្រាប់​ពេលអនាគត​»- Cambodia Energy Forum: Designing the Future of Cambodia''s Power System គឺជា​ព្រឹត្តិការណ៍​អន្តរជាតិ​ដំបូង​មួយ​ដែល​រៀបចំឡើង ដោយ​ក្រសួង​រ៉ែ និង​ថាមពល​ក្នុង​នាម​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​ថាមពល​អាស៊ាន​ឆ្នាំ ២០២២ ក្រោម​កិច្ចគាំទ្រ និង​សហការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)​។

ក្រសួង​បន្តថា វេទិកា​នេះ​បានធ្វើការ​ពិភាក្សា​ជា​ចម្បង​លើ​វិស័យ​ថាមពល​កម្ពុជា បន្ទាប់មក​ទៀត​នឹងមាន​ការសន្ទនា​ថ្នាក់​តំបន់​លើ​បញ្ហា​អន្តរកាល​វិស័យ​ថាមពល នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​៕