ប៉ៃលិនៈ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​នៅ​ថ្ងៃទី​ ៥​ មេសា កំពុង​សាកសួរ​បុរស​សង្ស័យ​ម្នាក់ បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួនបាន​ ៣​ ថ្ងៃ​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ក្មេងស្រី​ជា​កូនឈ្នួល​ ២​ នាក់ អាយុ​ ១៤​ ឆ្នាំ​ដូចគ្នា រំលោភ​សេពសន្ថវៈ​ប្រព្រឹត្ត​នៅ​ឃុំ​-​ស្រុក- សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

លោក ពិន សុខុម អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​ឱ្យ​ភ្នំពេញ​ប៉ុស្ដិ៍​ដឹង​នៅ​ថ្ងៃទី ​៥​ មេសា​ថា ជនសង្ស័យ​ឈ្មោះ ជុន ប្រុស ហៅ ញ៉ាញ់ អាយុ​ ២៩ ​ឆ្នាំ កំពុង​ត្រូវ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន សាកសួរ​តាម​នីតិវិធី​។ ដូច្នេះ​លទ្ធផល​នៃ​សំណុំ​រឿងនេះ​នៅ​មិនទាន់​សម្រេច​ថា​យ៉ាងណា​នៅឡើយ​ទេ​។

លោក​បាន​ថ្លែងថា​៖ «​នៅថ្ងៃនេះ​ (​ថ្ងៃទី​ ៥​ មេសា​) ​តំណាង​អយ្យការ​ទើប​ចាប់ផ្តើម​សាកសួរ​ជនសង្ស័យ និង​កំពុង​ស្តាប់​ចម្លើយ​ពី​សាក្សី​ពាក់ព័ន្ធ​ទាំងអស់​។ តំណាង​អយ្យការ​កំពុងតែ​មាន​ចំណាត់ការ​នីតិវិធី​លើ​សំណុំ​រឿងនេះ​»​។

លោក កន សារុន នាយ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​ប៉ៃលិន​ប្រាប់​នៅ​ថ្ងៃទី​ ៥ មេសា​ថា ករណីនេះ​លោក​ទទួលបាន​របាយការណ៍​ពី​​នគរបាល​ស្រុក​សាលា​ក្រៅ​រួចហើយ ប៉ុន្តែ​ការងារ​នេះ លោក​បាន​ប្រគល់ឱ្យ​នគរបាល​ស្រុក​សាលា​ក្រៅ​ជា​អ្នក​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​​ទៅ​សាលាដំបូង​ខេត្ត​ប៉ៃលិន​ផ្ទាល់​។

ពាក់ព័ន្ធ​ទៅនឹង​អង្គហេតុ​នៃ​ដំណើរ​រឿងនេះ លោក មាឃ សារ៉ន អធិការនគរបាល​ស្រុក​សាលា​ក្រៅ​បានឱ្យដឹង​នៅ​ថ្ងៃទី​ ៥​ មេសា​ថា ជនសង្ស័យ​ឈ្មោះ ជុន ប្រុស គឺជា​អ្នកលក់​ផលិតផល​តាម​អនឡាញ​។

នៅក្នុង​អំឡុង​ឆ្នាំ ​២០២១ ជនសង្ស័យ​រូបនេះ​បាន​យក​ក្មេងស្រី​រងគ្រោះ ២​ នាក់ ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា ដែល​ម្នាក់​ឈ្មោះ ម.វ អាយុ​ ១៤​ ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ណ.ប អាយុ​ ១៤ ឆ្នាំ​ដូចគ្នា ឱ្យជួយ​លក់ដូរ​ទំនិញ​តាម​អនឡាញ​នៅ​នឹង​ផ្ទះ​របស់​ជនសង្ស័យ​ផ្ទាល់​។ ​ចាប់តាំងពី​ពួកគេ​បម្រើ​ការងារ​ឱ្យ​ជនសង្ស័យ​មក គឺ​ជនសង្ស័យ​តែង​បាន​ចាប់​នាង​រំលោភ​ជា​បន្តបន្ទាប់​។

លោក​បន្ត​ទៀតថា លុះ​នៅ​​មុន​ថ្ងៃទី​ ១ មេសា ឆ្នាំ​ ២០២២ ឪពុកម្តាយ​របស់​ក្មេងស្រី​ឈ្មោះ ​ណ.ប សង្កេតឃើញ​អាការ​របស់​កូនស្រី​ប្លែក​ក៏​ហៅ​កូន​មក​សួរ ហើយ​ក្មេងរងគ្រោះ​រៀបរាប់​ប្រាប់​តាម​ដំណើររឿង​ក៏​បែកការ​តែម្ដងទៅ​។ បន្ទាប់ពី​បែកធ្លាយ​រឿង​ក្មេងស្រី​ឈ្មោះ​ ណ.ប មក​ក៏ត្រូវ​បាន​ឪពុក​របស់​នាង​មកប្តឹង​នគរបាល​ប៉ុស្តិ៍​សាលា​ក្រៅ​នៅ​រសៀល​ថ្ងៃ​ដដែល ហើយ​គ្រួសារ​ក្មេងស្រី​ម្នាក់ទៀត​ក៏​ប្តឹង​ដូចគ្នា​ដែរ​នៅ​ថ្ងៃ​បន្ទាប់​។

លោក​បាន​បន្ថែមថា ក្រោយពី​នគរបាល​ប៉ុស្តិ៍​ឃុំ​សាលា​ក្រៅ​ទទួលបាន​បណ្តឹង​ពី​ឪពុក​ក្មេងស្រី​ឈ្មោះ ណ.ប មក​ក៏​រាយការណ៍​មក​លោក​ជា​អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ ហើយ​លោក​ក៏បាន​ចាត់​កម្លាំង​ចុះ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​កោះហៅ​បុរស​ឈ្មោះ​ ជុន ប្រុស មក​សួរ​នៅ​ថ្ងៃទី​ ២ មេសា ហើយក៏​បាន​ឃាត់​ខ្លួនគេ​នៅ​​ថ្ងៃនោះ​តែម្ដង​។

លោក​ថ្លែងថា​៖ «​ជនសង្ស័យ​បាន​សារភាព​នូវ​អ្វីដែល​គេ​បាន​ប្រព្រឹត្ត​លើ​ក្មេងស្រី​រងគ្រោះ​ទាំង​ ២ ​នាក់​មែន ហើយ​យើង​​ក៏បាន​ឃាត់ខ្លួន​គាត់ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​»៕