ភ្នំពេញៈ លោក នុត សវនា អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួង​មហាផ្ទៃ បាន​ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី ​៥ ខែមេសា ឆ្នាំ​ ២០២២ ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​ប្រមាណ ៣៨ ០០០​ នាក់ បានទទួល​ការចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ ១៩ ដែលជា​ដូស​ជំរុញ​ (​ដូស​ទី​ ៣) បាន​ស្ទើរតែ ១០០ % ខណៈ​បច្ចុប្បន្ន​នៅតាម​ពន្ធនាគារ​នីមួយៗ​កំពុងតែ​ដំណើការ និង​រៀបចំ​ត្រៀម​ចាក់​ដូស​ទី​ ៤ បន្តទៀត​។

លោក នុត សវនា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៥ ខែមេសា​ថា មកដល់​ពេលនេះ ជន​ជាប់ឃុំ​ទាំងអស់​ទទួលបាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ដូស​ជំរុញ ឬ​ដូស​ទី ៣ បាន​គ្រប់ៗ​គ្នា​ស្ទើរ ១០០ % និង​បច្ចុប្បន្ននេះ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ​មួយចំនួន​ទៀត​បាន​ចាក់​ដូស​ទី ៤ ជា​បណ្តើរៗ​។ ដោយឡែក​នៅតាម​ពន្ធនាគារ​មួយចំនួន​កំពុង​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត ត្រៀម​សម្រាប់​ចាក់​ដូស​ទី​ ៤​។

លោក​បន្តថា បញ្ហា​ទាំងអស់​នេះ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​បែងចែក​ទៅឱ្យ​ថ្នាក់​រាជធានី​- ខេត្ត ជា​អ្នករៀបចំ​សម្របសម្រួល​ដោយ​ខ្លួនឯង​ជាមួយ​នឹង​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត​សហការ​គ្នា ដើម្បីឱ្យ​ជន​ជាប់ឃុំ នៅ​​ក្នុង​ពន្ធនាគារ នៅតាម​បណ្តា​រាជធានី​ខេត្ត​ទាំងនោះ​ទទួលបាន​ការចាក់​វ៉ាក់សាំង​ដូស​ទី​ ៤ ឱ្យបាន​គ្រប់ៗ​គ្នា​។

លោក នុត សវនា ថ្លែង​ថា​៖ «​អ្នកទោស យើង​បាន​ចាក់​គ្រប់គ្នា​ហើយ ស្ទើរ ១០០ % នៅ​តិចបំផុត​។ បច្ចុប្បន្ននេះ អត់​មាន​ការឆ្លង​ទេ បើ​មាន​ឆ្លង​មានតែ​អ្នក​ចូល​ថ្មី ម្នាក់ ឬ ២ ​នាក់ អីហ្នឹង ប៉ុន្តែ​យូរៗ​ឃើញ​ម្តង ហើយ​នៅពេល​មាន យើង​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល​។ ម្យ៉ាងទៀត កូវីដ នៅក្នុង​ប្រទេស​យើង​ឥឡូវ វា​ដូចជា​ធូរ​ស្រាយ​ច្រើន​វា​លែង​ជា​បញ្ហា​អី​ទៀតហើយ​»​។ បើតាម​លោក នុត សវនា តាមរយៈ​កិច្ចប្រជុំ​តាម​អនឡាញ​ក្តី និង​ការប្រជុំ​ដោយផ្ទាល់​ក្តី ជាមួយ​នឹង​តំណាង​អង្គការ​កាកបាទក្រហម និង​អង្គការ​សហប្រជាជាតិ ដែល​បានធ្វើ​កិច្ចការ​នេះ​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កម្ពុជា និង​ចាត់ទុក​កម្ពុជា​ជា​ប្រទេស​ទី​ ១ នៅលើ​ពិភពលោក ដែល​ផ្តល់​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ជូន​ដល់​ជន​ជាប់ឃុំ​។

លោក​ថ្លែងថា​៖ «​វា​ពិសេស​ណាស់ ដែល​អន្តរជាតិ​បាន​វាយតម្លៃ​មកលើ​យើង​។ សូម្បីតែ​អត្រា​ស្លាប់​ និង​អត្រា​ឆ្លង​នៅក្នុង​ពន្ធនាគារ ក៏​យើង​មាន​កម្រិត​តិចតួច បើ​ធៀប​ជាមួយ​នឹង​ប្រទេសជិតខាង និង​ប្រទេស​ដទៃទៀត​នៅលើ​ពិភពលោក​។ ម្យ៉ាង​យើង​អាច​គ្រប់គ្រង​ជំងឺ​កូវីដ ​១៩ បានល្អ​។ បើទោះបី​កម្ពុជា​ជា​ប្រទេស​តូចតាច​មែន​កិច្ចការ​ផ្សេងៗ​យើង​ធ្វើ​បាន​ល្អ​»​។

លោក អំ សំអាត នាយករង​អង្គការសិទ្ធិមនុស្ស​លីកាដូ​បាន​ទទួល​ស្គាល់​ចំពោះ​ការយកចិត្ត​ទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការចាក់​វ៉ាក់សាំង​ការពារ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ សម្រាប់​ជន​ជាប់ឃុំ ដែល​នេះ វា​ជា​វិធានការ​ចាំបាច់​បំផុត​ដែល​ត្រូវធ្វើ ព្រោះ​នៅក្នុង​ពន្ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ មាន​ភាពចង្អៀត​ណែន​ច្រើន ដែល​ធ្វើឱ្យប៉ះពាល់​ទៅនឹង​សុខភាព​អនាម័យ ជំងឺឆ្លង និង​ជាពិសេស​គឺ​ជំងឺ​កូវីដ​ ១៩ នេះ ដែល​អាច​ឆ្លង​នៅក្នុង​ពន្ធនាគារ​។

លោក​បន្តថា បើ​មិនមាន​វិធានការ​ទប់ស្កាត់ ឬ​ចាក់​វ៉ាក់សាំង​បាន​ទាន់​ពេលវេលា​ទេ វា​នឹង​អាច​ឆ្លង​លឿន និង​មិនអាច​គ្រប់គ្រង​បាន​។ ដូច្នេះ​ការទទួលបាន​ការចាក់​វ៉ាក់សាំង​ដោយ​ស្ម័គ្រចិត្ត​ពី​ជន​ជាប់ឃុំ គឺជា​រឿង​ចាំបាច់​បំផុត ប៉ុន្តែ​ការធ្វើ​និង​ទប់ស្កាត់​ប៉ុណ្ណេះ វា​មិនទាន់​អាច​ឆ្លើយតបបាន​ទាំងស្រុង​នោះទេ អ្វី​ដែលជា​វិធានការ​ចាំបាច់​ដែល​ត្រូវធ្វើ​បំផុត គឺ​ការកាត់បន្ថយ​ការចង្អៀតណែន​នៅក្នុង​ពន្ធនាគារ ដើម្បី​កុំឱ្យ​មាន​ការឆ្លង​នូវ​ជំងឺ​ផ្សេងៗ រក្សា​បាន​នូវ​សន្តិសុខ អនាម័យ និង​សុខភាព​។

លោក​ថ្លែងថា​៖ «​បើទោះបី​កន្លងមក រាជរដ្ឋាភិបាល​បាន​គិតគូរ​រួចហើយ ដូចជា​ក្រសួងយុត្តិធម៌ ពន្លឿន​នីតិវិធី​នៅ​តុលាការ​ហើយ​ចេញ​ជាគោលការណ៍​ណែនាំ​ដោះលែង​អ្នកទោស ដែល​ជិត​ផុត​ទោស​ដោយ​មិនមាន​លក្ខខណ្ឌ ហើយ​ចេញ​ជា​គណៈកម្មការ​តាមដាន​ និង​ដោះលែង​អ្នកទោស​ក៏ដោយ ប៉ុន្តែ​ដំណើរការ​មិនទាន់​អនុវត្ត​នៅឡើយ​»៕