ភ្នំពេញៈ ក្រសួង​សុខាភិបាល​ត្រៀម​ឈាម​ប្រមាណ​ ១ ​ពាន់​ប្លោក ដើម្បី​ជួយសង្គ្រោះ​បន្ទាន់​ដល់​អ្នកជំងឺ និង​ជន​រងគ្រោះ​ដោយ​ករណី​គ្រោះថ្នាក់​ផ្សេងៗ​ទៀត ក្នុង​អំឡុងពេល​បុណ្យចូលឆ្នាំថ្មី​ខាងមុខនេះ ជាពិសេស​ជនរងគ្រោះ​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។ ប៉ុន្តែ​បច្ចុប្បន្ន ឈាម​នៅក្នុង​ស្តុក​មាន​ប្រមាណ ​៥០០​ ប្លោក​ប៉ុណ្ណោះ​។ នេះ​បើតាម​ប្រសាសន៍​លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម កាលពី​ថ្ងៃទី​ ៥ ខែមេសា​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ឆ្នាំនេះ​រាជរដ្ឋាភិបាល​បាន​បើក​ឱ្យមាន​ការរៀបចំ​ពិធី​បុណ្យចូលឆ្នាំ​ឡើងវិញ​ បន្ទាប់ពី​បាន​ផ្អាក​អស់​ ២​ ឆ្នាំ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩​។ ​ហេតុដូច្នេះ ប្រជាពលរដ្ឋ​អាច​នឹង​ធ្វើដំណើរ​ទៅ​ជួបជុំ​ក្រុមគ្រួសារ សាច់ញាតិ​នៅឯ​ស្រុកកំណើត​តាម​បណ្ដា​ខេត្ត​នានា ឬ ទៅ​កម្សាន្ត​នៅតាម​ទី​រមណីយដ្ឋាន​នានា​ច្រើន​ជាង​បណ្ដា​ឆ្នាំមុនៗ​។

តាម​ការកត់សម្គាល់​របស់​លោក​ក្នុង​អំឡុងពេល​បុណ្យ​ចូលឆ្នាំថ្មី ចរាចរណ៍​នៅលើ​ដងផ្លូវ​មាន​ភាព​ចង្អៀត​ណែន​តាន់តាប់ និង​មាន​អត្រា​គ្រោះថ្នាក់​ខ្ពស់ជាង​ថ្ងៃ​ធម្មតា ដែល​តម្រូវឱ្យ​មានការ​ត្រៀម​បម្រុង​ឈាម​ឱ្យបាន​គ្រប់គ្រាន់​សម្រាប់​ការជួយ​សង្គ្រោះ​ជីវិត​ជនរងគ្រោះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ដើម្បី​ឆ្លើយតប​កិច្ចការ​ជួយសង្គ្រោះ​បន្ទាន់​ដល់​អ្នកជំងឺ និង​ជន​រងគ្រោះ​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​អំឡុងពេល​បុណ្យ​ចូលឆ្នាំថ្មី​ខាងមុខ​នេះ យើង​ត្រូវការ​ឈាម​ចំនួន ១ ០០០ ​ប្លោក សម្រាប់​បែងចែក​ដល់​មន្ទីរពេទ្យ​នៅ​ទូទាំងប្រទេស​។ ប៉ុន្តែ​បច្ចុប្បន្ន មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​របស់​យើង​មាន​ឈាម​នៅក្នុង​ស្តុក ប្រមាណ​ ៥០០​ ប្លោក​ប៉ុណ្ណោះ​»​។

បើតាម​ប្រសាសន៍​លោក សុខ ប៉ូ ចំនួន​នេះ​នឹងមិន​អាចឆ្លើយតប​ទៅតាម​តម្រូវការ​ជាក់ស្ដែង សម្រាប់​ការជួយ​សង្គ្រោះ​ជីវិត​ជនរងគ្រោះ​នោះទេ​។ ដើម្បី​ទទួលបាន​ឈាម​គម្រប់​ ១ ០០០​ ប្លោក​តាម​ការគ្រោងទុក​នោះ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ដ៏មាន​សារៈសំខាន់​មួយ​នៅ​ថ្ងៃទី​ ៨ ខែមេសា ខាងមុខ​នេះ ដើម្បី​កៀរគរ​សាធារណជន​មក​ចូលរួម​បរិច្ចាគ​ឈាម ជួយសង្គ្រោះ​ជីវិត​ជនរងគ្រោះ​។ កម្មវិធី​នេះ​នឹង​ត្រូវ​ធ្វើឡើង​ពេញ​ ១​ ថ្ងៃ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដោយ​ចាប់ផ្ដើម​ពី​ម៉ោង​ ៩​ ព្រឹក ដល់​ម៉ោង​ ៤ ​រសៀល និង​មាន​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រុមហ៊ុន​ទឹកបរិសុទ្ធ Vital​។

លោក​បាន​បន្តថា ឈាម​ដែល​ទទួលបាន​ពី​ការបរិច្ចាគ​របស់​សប្បុរសជន​នៅក្នុង​ព្រឹត្តិការណ៍​នេះ នឹង​យក​ទៅ​បែងចែក​ទៅតាម​មន្ទីរពេទ្យ​នានា​នៅ​ទូទាំង​ប្រទេស ក្នុងនោះ​នៅ​រាជធានី-​ភ្នំពេញ​ត្រៀម​ផ្ដល់ជូន​ប្រមាណ​ ៥០០​ ប្លោក​ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តតាកែវ និង​ខេត្តកំពង់ចាម ដែលមាន​ធនាគារ​ឈាម​ត្រៀម​ផ្ដល់ជូន​ក្នុង​មួយ​ខេត្តៗ​ចំនួន​ ១០០ ​ប្លោក​។ ចំណែក​ខេត្ត​ផ្សេងៗ​ទៀត​ក៏បាន​ត្រៀម​ឈាម​នៅតាម​មន្ទីរពេទ្យ​ខេត្ត​របស់ខ្លួន​ប្រមាណ​ ២០ ​ប្លោក​ផងដែរ​។ ​ក្នុងករណី​មាន​តម្រូវការ​ឈាម​ច្រើន​ខេត្ត​ទាំងអស់​អាច​ស្នើសុំ​មក​ខេត្ត​ទាំង​៤​ខាងលើ​ឬ​មក​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ដើម្បីឱ្យ​មន្ទីរពេទ្យ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ជួយសង្គ្រោះ​ដល់​អ្នកជំងឺ និង​ជនរងគ្រោះ​ឱ្យបាន​ទាន់​ពេលវេលា​។

ទន្ទឹម​ជាមួយគ្នានេះ លោក​បាន​អំពាវនាវ​ដល់​សប្បុរសជន ដែលមាន​សុខភាព​ល្អ ចូលរួម​បរិច្ចាគ​ឈាម​ឱ្យបាន​គ្រប់គ្នា​នៅ​ថ្ងៃទី​ ៨ ខែមេសា ខាងមុខនេះ ដោយ​ឈរលើ​ស្មារតី​រួបរួម​សាមគ្គីភាព និង មនុស្សធម៌ ព្រោះ​ការបរិច្ចាគ​ឈាម​គឺជា​សកម្មភាព​មនុស្សធម៌​មួយ​ប្រភេទ​ក្នុង​ការ​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​។ សម្រាប់​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម​ការបរិច្ចាគ​ឈាម​គឺ​ពិតជា​សំខាន់​ណាស់ ព្រោះ​វា​អាចជួយ​សង្គ្រោះ​ជីវិត​ពួកគេ​បាន​។

លោក សុខ ប៉ូ បានបញ្ជាក់​ទៀតថា​៖ «​ឈាម​មិនអាច​ផលិត​នៅតាម​រោងចក្រ សហគ្រាស​ផលិត​ឱសថ ឬ​គ្រឹះស្ថាន​បច្ចេកទេស​វិទ្យាសាស្ត្រ​ណាមួយ​បានឡើយ​។ ការទទួលបាន​ឈាម​សុវត្ថិភាព​សម្រាប់​ជួយសង្គ្រោះ​ជីវិត​ជនរងគ្រោះ គឺ​បានមក​អាស្រ័យ​ដោយ​មាន​ការបរិច្ចាគ​ពី​មនុស្ស​ដែលមាន​សុខភាព​ល្អ​តែប៉ុណ្ណោះ​»​។

ព្រម​ជាមួយ​គ្នានេះ លោក​បាន​ក្រើនរំឭក​ដល់​ពលរដ្ឋ​ទាំងអស់​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​អំពី​សុវត្ថិភាព​នៃ​ការធ្វើដំណើរ តាម​គ្រប់​មធ្យោបាយ​ទាំងអស់ ដោយ​ត្រូវគោរព​អនុវត្ត​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ធ្វើ​យ៉ាងណា​កាត់បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​បាន​ជា​អប្បបរមា និង​ត្រូវអនុវត្ត​ឱ្យបាន​ជាប់​ជាប្រចាំ​នូវ​វិធានការ​ ៣ ​កុំ​ ៣​ ការពារ ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

យោងតាម​របាយការណ៍ អគ្គស្នងការ​នគរបាលជាតិ គ្រោះថ្នាក់ ចរាចរណ៍​នៅ​ទូទាំងប្រទេស កាល​ថ្ងៃទី​ ៤ ខែមេសា បាន​បណ្ដាលឱ្យមាន​ជនរងគ្រោះ​ ១៥ ​នាក់​ស្លាប់ និង ១១ ​នាក់​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល ព្រមទាំង​ខូចខាត​យានយន្ត និង​ទ្រព្យសម្បត្តិ​ជាច្រើន​ទៀត​។ នេះ​ជា​​អត្រា​ស្លាប់​ និង​រងរបួស​ដ៏ខ្ពស់បំផុត​ចាប់តាំងពី​រាជរដ្ឋាភិបាល​បានប្រកាស​បើក​ប្រទេស​ឡើងវិញ ក្រោយពី​ស្ថានភាព​ជំងឺ​កូវីដ-១៩ មាន​ភាព​ធូរស្រាល​។

បច្ចុប្បន្ន កម្ពុជា មាន​តម្រូវការ​ឈាម​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ជួយសង្គ្រោះ​ជនរងគ្រោះ​មានការ​កើនឡើង​ពី​ ២៥០​ ទៅ ៣០០ ​ប្លោក​ក្នុង ​១​ ថ្ងៃ​ខណៈ​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​មាន​ត្រឹម​ ១០ ​ភាគរយ​ប៉ុណ្ណោះ​។ នេះ​យោងតាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​៕