កណ្ដាលៈ នគរបាល​ស្រុក​ខ្សាច់កណ្តាល​នៅ​ថ្ងៃទី​ ៥​ មេសា​បាន កោះហៅ បុរស​តឿ​ម្នាក់​មក​ធ្វើ​កិច្ចសន្យា​ជាមួយ​សមត្ថកិច្ច​បញ្ឈប់​សកម្មភាព​ថត​បង្ហាញ ការប្រើប្រាស់​មន្តអាគម​បង្ហោះ​នៅលើ​ហ្វេសប៊ុក ដោយ​សមត្ថកិច្ច​អះអាង​ថា ជា​សកម្មភាព​បោកប្រាស់​សាធារណជន​ និង​ត្រូវ​សុំទោស​ជា​សាធារណៈ​។

បុរស​ម្នាក់នេះ​បានបង្ហាញ​សកម្មភាព​អួតអាង​ចេះ​ប្រើ​កម្លាំង​ធាតុ ចេះ​ជប់​ដើម​ត្រប់​ឱ្យចេញ​មកជា​ពង​ទា និង​ប្រើ​វេទមន្ត​ស៊ី​អាចម៍គោ ស៊ី​ដែក​ម៉ូតូ​ និង​រឿង​ប្លែកៗ​មួយចំនួនទៀត​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ជា​ភាគ​បន្តបន្ទាប់​។

លោក មែន សុឃឿន អធិការនគរបាល​ស្រុក​ខ្សាច់កណ្តាល​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៥ មេសា​ថា បុរស​ឈ្មោះ ជឹម ភ័ក្រ អាយុ ២៧​ ឆ្នាំ នៅ​ថ្ងៃទី​ ៥​ មេសា​ត្រូវបាន​សមត្ថកិច្ច​របស់​លោក​កោះហៅ​សាកសួរ និង​ឱ្យធ្វើ​កិច្ចសន្យា​ឈប់​ដើរ​បោកប្រាស់​ប្រជាពលរដ្ឋ​តទៅទៀត​។

លោក​ថ្លែងថា​៖ «​យើង​មិនបាន​ឃាត់ខ្លួន​គាត់​ទេ​តែ​គ្រាន់​អប់រំ​ណែនាំ​ឱ្យ​គាត់​ឈប់​ធ្វើ​សកម្មភាព​នេះ​តទៅទៀត​។ យើង​ឱ្យ​គាត់​ផ្តិតមេដៃ​ធ្វើ​កិច្ចសន្យា និង​ធ្វើការ​សុំទោស​ប្រជាពលរដ្ឋ​ជា​សាធាណៈ​ទៅ​»​។

លោក ម៉េង ឆៀងហេង មេឃុំ​វិហារសួគ៌ ថ្លែងថា បុរស​ឈ្មោះ ជឹម ភ័ក្រ អាយុ ២៧ ​ឆ្នាំ ជាជាង​បិទស្កុត​ម៉ូតូ រស់នៅ​ភូមិ​សេដា ឃុំ វិហារ​សួគ៌ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល​។ គាត់​មាន​ប្រពន្ធ​ ២​ នាក់ តែ​ប្រពន្ធ​ទី ​១ មានកូន​តូច​ម្នាក់​បាន​លែងលះគ្នា​ហើយ បន្ទាប់មក​គាត់​ដណ្តឹង​ស្ត្រី​ម្នាក់ទៀត​ធ្វើ​ប្រពន្ធ​តែ​មិនទាន់​មានកូន​ទេ​។

លោក​បាន​បន្តថា នៅ​ថ្ងៃទី​ ៥​ មេសា គាត់​ត្រូវបាន​សមត្ថកិច្ច​ស្រុក​ខ្សាច់កណ្តាល កោះហៅ​ទៅ​ណែនាំ និង​ធ្វើ​ការអប់រំ​កុំឱ្យ​ឃោសនា​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​តទៅទៀត​។ ព្រោះថា សកម្មភាព​របស់គាត់​ថត និង​នាំ​គ្នីគ្នា​គាត់​ស៊ី​អាចម៍គោ​ហើយ​បង្ហោះ​តាម​បណ្តាញ​សង្គម​បែបនេះ​វា​ធ្វើឱ្យប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សន្ដិសុខ​សង្គម​។

តាម​លោក ឆៀងហេង ការពិតទៅ​រូបភាព​វីដេអូ​របស់គាត់​ជាមួយ​យុវជន​ ៣​ នាក់​ទៀត​ថត​ស៊ី​អាចម៍គោ​នោះ​មិនមែន​ជា​អាចម៍គោ​ពិតប្រាកដ​ក្តី ក៏ប៉ុន្តែ​តាមរយៈ​សកម្មភាព​នោះ​អាច​ធ្វើឱ្យ​អ្នក​ចូល​មើល​ក្នុង​ឃ្លីប​វីដេអូ​របស់គាត់​មាន​ការភាន់ច្រឡំ​។ ម្យ៉ាងវិញទៀត​ធ្វើឱ្យប៉ះពាល់​សណ្តាប់ធ្នាប់​សង្គម​ផង​។

លោក​បញ្ជាក់ថា​៖ «​បើតាម​មន្ត្រី​ខ្ញុំ​បើក​ឃ្លីប​វីដេអូ​គាត់​ឱ្យ​ខ្ញុំ​មើល ខ្ញុំ​ឃើញ​គេ​ខមម៉ិន​សួរថា​គ្រូ​តឿ​រស់នៅ​ភូមិ​ណា​គេ​ចង់​មកជួប​មុខ​គាត់​ផ្ទាល់​។ រឿងនេះ​គាត់​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទាំងមូល​»​។

លោក ឃុយ ពង់ មេភូមិ​សេដា និយាយ​នៅ​ថ្ងៃទី​ ៥ មេសា ថា បើតាម​ការសាកសួរ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​តាមរយៈ​ការឆែក​មើល​នៅក្នុង​ខមម៉ិន​ក្នុង​ផេច​របស់​បុរស​ឈ្មោះ​ ជឹម ភ័ក្រ ម្នាក់នេះ គឺ​ទាំង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​សេដា និង​ទាំង​អ្នក​ចូល​ខមមិន​ពួកគេ​សុទ្ធតែ​មិន​សប្បាយ​ចិត្តនឹង​ការសម្តែង​ភូតកុហក​របស់គាត់​។

លោក​បញ្ជាក់ថា​៖ «​គាត់​កុហក​មហាជន​ដែលមាន​សកម្មភាព​ខ្លះ​រហូត​ជប​ឱ្យ​ក្លាយ​ជា​អ្វី​ផ្សេងៗ​ដែល​វេទមន្ត​របស់​ខ្មែរ​យើង​មិន​ដល់​ថ្នាក់​ហ្នឹង​ទេ គាត់​ចេះតែ​ធ្វើតាម​អំពើ​ចិត្ត​។ អ្នកស្រុក​អ្នកភូមិ​គេ​ចេះតែ​ប្តឹង​ខ្ញុំ​ដែរ​ហ្នឹង ដោយសារ​អ្វីដែល​គាត់​រួម​នឹង​គ្នីគ្នា​គាត់​សម្តែង​គឺ​គ្មាន​ការពិត​នោះទេ​»៕