មណ្ឌលគិរីៈ នគរបាល​ខេត្ត​មណ្ឌលគិរី​របស់​កម្ពុជា និង​មន្ទីរ​នគរបាល​ខេត្ត​ដាក់​ឡាក់​របស់​វៀតណាម​បាន​ប្ដេជ្ញា​បន្ត​កិច្ចសហប្រតិបត្ដិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា​នៅតាម​តំបន់​ព្រំដែន បន្ទាប់ពី​នៅ​ឆ្នាំ​ ២០២០-២០២១ ភាគី​ទាំង​ ២ នៅ​រក្សាបាន​នូវ​ការផ្ដល់​ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញទៅមក​លើ​បញ្ហា​ផ្សេងៗ បើទោះបី​ជាមាន​បញ្ហា​បណ្ដាល​​មកពី​ជំងឺ​កូវីដ​ ១៩ ក៏ដោយ​។

ការប្ដេជ្ញាចិត្ត​រវាង​ភាគី​ទាំង​ ២ ​នេះ ធ្វើ​​ឡើង​តាមរយៈ​កិច្ចប្រជុំ​ស្ដីពី​កិច្ចសហប្រតិបត្តិការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នៅតាម​តំបន់​ព្រំដែន​រវាង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី និង​មន្ទីរ​នគរបាល​ខេត្ត​ដាក់​ឡាក់​របស់​វៀតណាម​កាលពី​ថ្ងៃទី ​៤ មេសា​។

កិច្ចប្រជុំ​នេះ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី និង​មានការ​ចូលរួម​ពី​លោក ឆាយ សុខា អនុប្រធាន​នាយកដ្ឋាន​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​នៃ​អគ្គស្នងការ​នគរបាលជាតិ និង​មន្ដ្រី​ពាក់ព័ន្ធ​ ១៥ ​នាក់​។ រីឯ​ភាគី​វៀតណាម​ដឹកនាំ​​ដោយ​លោក ឡេ វិញគ្វី នាយក​មន្ទីរ​នគរបាល​ខេត្ត​ដាក់​ឡាក់​របស់​វៀតណាម និង​ប្រតិភូ​សរុប​ចំនួន ​១៥ ​នាក់​។

លោក​ ឡោ សុខា ថ្លែង​ពេល​បើក​កិច្ចប្រជុំ​នេះ​ថា ក្នុង​ឆ្នាំ​ ២០២០ និង​ឆ្នាំ​ ២០២១ ​កន្លងទៅ ដោយសារ​ជំងឺ​កូវីដ​ ១៩​ បាន​ផ្ទុះឡើង​ដែលជា​ផ្នែក​មួយ​បាន​ជះ​ឥទ្ធិពល​យ៉ាងខ្លាំង​ដល់​កិច្ចសហប្រតិបត្តិការ​​រវាង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​កម្ពុជា និង​មន្ទីរ​នគរបាល​ខេត្ត​ដាក់​ឡាក់​របស់​វៀតណាម​។

លោក​ថ្លែងថា​៖ «​ប៉ុន្តែ​ភាគី​ទាំង​ ២ ​នៅ​​តែ​រក្សា​ការជូនដំណឹង​គ្នា​ទៅវិញ​ទៅមក និង​បានផ្ដល់​ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញ​ទៅមក​តាម​បណ្តាញ​ទំនាក់ទំនង​​ជំនួប​នៅលើ​ខ្សែបន្ទាត់​ព្រំដែន និង​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ និង​ខ្ជាប់ខ្ជួន​ទៅតាម​វិធានការ​របស់​ក្រសួង​សុខាភិបាល​របស់​ភាគី​នៃ​ប្រទេស​ទាំង​ ២»​។

បើតាម​របាយការណ៍​កិច្ចប្រជុំ​នោះ​ភាគី​ទាំង​ ២ បាន​ឯកភាព​ចំពោះ​លទ្ធផល​​ដែល​សម្រេចបាន និង​បញ្ហា​ដែល​នៅ​សេសសល់​នៃ​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​បទល្មើស​រវាង​ភាគី​ទាំង​ ២ រយៈពេល​ ២ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២១)​។

«​ភាគី​ទាំង​ ២ ​បន្ត​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​តាម​ផែនការ​សហប្រតិបត្តិការ​ប្រចាំឆ្នាំ​រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​នគរបាល​វៀតណាម ដែល​​ថ្នាក់ដឹកនាំ​ក្រសួង​ទាំង​ ២ ​ជា​ហត្ថលេខី​​ព្រមទាំង​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​ខ្លឹមសារ​នៃ​កិច្ចសហប្រតិបត្តិការ​បង្ការ​​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា​​នៅតាម​តំបន់​ព្រំដែន​...»​។ នេះ​បើតាម​របាយការណ៍​ដដែល​។

របាយការណ៍​បញ្ជាក់ថា ភាគី​ទាំង​ ២​ បន្ត​កិច្ចប្រតិបត្តិការ​ផ្លាស់ប្ដូរ​ព័ត៌មាន​អំពី​សភាពការណ៍​សន្តិសុខ​តាម​ព្រំដែន​ដូចជា សកម្មភាព​អមិត្ត និង​អង្គ​ការចាត់តាំង​អាជីវកម្ម​អន្តរជាតិ​ព្រមទាំង​មុខសញ្ញា​បំពាន​ច្បាប់​នៃ​ប្រទេស​នីមួយៗ​។

លោក​ ឡោ សុខា បញ្ជាក់ថា មិន​តែប៉ុណ្ណោះ​ភាគី​កម្ពុជា​បានស្នើ​សុំឱ្យ​ខេត្ត​ដាក់​ឡាក់​បន្ត និង​សហការ​ជួយ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​ខុសច្បាប់ បទល្មើស​សេដ្ឋកិច្ច ការជួញដូរ​ស្ត្រី និង​​កុមារ និង​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ផងដែរ​។

លោក​ថ្លែងថា​៖ «​ភាគី​ទាំង​ ២ បាន​សហការគ្នា​បានល្អ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ម្ចាស់ការ​ក្តាប់បាន​នូវ​សភាពការណ៍​ដែល​ពាក់ព័ន្ធ រកឃើញ​ទាន់ពេលវេលា និង​បាន​ជូនដំណឹង​គ្នា​ទៅវិញ​ទៅមក​ទាន់ពេលវេលា​អំពី​សភាពការណ៍​បទល្មើស​»​។

លោក ឡេ វិញគ្វី នាយក​មន្ទីរ​នគរបាល​ខេត្ត​ដាក់​ឡាក់​របស់​វៀតណាម​​បាន​ឯកភាព​តាម​សំណើ​របស់​ភាគី​កម្ពុជា និង​បានលើកឡើង​ពី​ចំណង​សាមគ្គីភាព និង​កិច្ចសហប្រត្តិបត្តិការ​​រវាង​នគរបាល​ខេត្តមណ្ឌលគិរី និង​មន្ទីរ​នគរបាល​នៃ​ខេត្ត​ដាក់​ឡាក់​ដែល​​តែងមាន​ទំនាក់ទំនង​គ្នា​ល្អ​លើ​ការទប់ស្កាត់​បទល្មើស​តាម​ព្រំដែន​។

លោក​ថា​៖ «​ស្ថិតក្នុង​បរិយាកាស​ស្និទ្ធស្នាល​ប្រកបដោយ​ការសាមគ្គីភាព មិត្តភាព និង​មានការ​យោគយល់​គ្នា​ទៅវិញ​ទៅមក ភាគី​យើង​ទាំង​ ២ ​បាន​​បន្ត និង​ពិភាក្សា និង​បាន​ឯកភាពគ្នា​​លើក​ទិសដៅ​សហប្រតិបត្តិការ​សម្រាប់​​ឆ្នាំ​ ២០២០-២០២១ មាន​ចំនួន​ ១២​ ចំណុច​សំខាន់ៗ​ក្នុង​កិច្ចសហប្រតិបត្តិការ​រវាង​ស្នងការដ្ឋាន​នគរបាល​នៃ​ខេត្ត​យើង​ទាំង ​២ និង​បញ្ហា​សេសសល់​មួយចំនួនទៀត និង​គ្រោង​ធ្វើ​នៅពេល​ខាងមុខ​បន្តទៀត​»​។

បើតាម​របាយការណ៍ ភាគី​នៃ​ខេត្ត​​ទាំង​ ២ ក៏បាន​ឯកភាព និង​ចុះ​ហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​នេះ​​ផងដែរ​៕