សៀមរាបៈ ក្នុង​កិច្ចការពារ និង​អភិរក្ស​បរិស្ថាន​បឹង​ទន្លេសាប រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​ស្ថាប័ន​ជំនាញ​បាន​ធ្វើការ​ដកហូត​ដីព្រៃ​លិច​ទឹក​នៅ​តំបន់ ​៣ ​ជុំវិញ​បឹង​ទន្លេសាប​ជាង​ ៨៧​ ពាន់​ហិកតា នៅក្នុង​ខេត្ត​ចំនួន​ ៦ រួមមាន​ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ និង​ខេត្តសៀមរាប ព្រមទាំង​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន សហការ​ដាំ​ដើមឈើ​ឡើងវិញ ដើម្បី​ការពារ​បរិស្ថាន​ផង និង​ការពារ​ជម្រក​ត្រី​ពង​កូន​ផង​។

យោងតាម​របាយការណ៍​របស់​រដ្ឋបាល​ជលផល ដែល​ភ្នំពេញ-​ប៉ុស្តិ៍​ទទួលបាន មកទល់​ពេលនេះ អាជ្ញាធរខេត្ត​ទាំង​ ៦ ជុំវិញ​បឹង​ទន្លេសាប មាន​សួន​បណ្តុះ​កូនឈើ​ចំនួន ៧ ​កន្លែង និង​បាន​បណ្តុះ​កូនឈើ​ចំនួន ១ ​សែន​ដើម និង​បាន​នាំយក​កូនឈើ​ទាំងនោះ​ទៅ​ដាំ​នៅលើ​ដី​ដែល​បាន​ដកហូត​ជា​បណ្តើរៗ​ហើយ​។ ក្នុងនោះ​អាជ្ញាធរ​ខេត្តសៀមរាប​បាន​ដាំ​ឫស្សី​បាន​ចំនួន ២០០​ ដើម កូន​ត្នោត ៣៥ ​ដើម កប់​គ្រាប់ត្នោត​បាន ៧៣ ៦៧៦​ គ្រាប់ និង​កូនឈើ​ព្រៃ​លិច​ទឹកបាន ៥ ៣០០ ​ដើម លើ​ផ្ទៃដី ដែល​ដកហូត​មកវិញ​ចំនួន​ជាង ៣ ៣០០ ​ហិកតា​។

ក្នុង​ដំណើរ​ចុះសួរសុខទុក្ខ ក្រុមការងារ​បង្ក្រាប​បទល្មើស​ជលផល​នៅ​បឹង​ទន្លេសាប​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួមទាំង​សហការី​ក៏បាន​អញ្ជើញ​ទៅពិនិត្យ​ស្ថានីយ​បណ្តុះ​កូនឈើ​ព្រៃ​លិច​ទឹក​របស់​ខណ្ឌ​រដ្ឋបាល​ជលផល​សៀន​រាន ស្ថិតនៅ​ភូមិ​គោករុន ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្ត​សៀមរាប ដើម្បី​លើកទឹកចិត្ត​ដល់​មន្ត្រី​នៅ​ទីនោះ​ផងដែរ​។

នៅក្នុង​ឱកាស​នោះ លោក ពីង ឆុង ប្រធាន​សហគមន៍​នេសាទ​សសរស្តម្ភ បានធ្វើ​សេចក្ដី​រាយការណ៍​ពី​លទ្ធផល​ការងារ​បណ្តុះ​កូនឈើ​ព្រៃ​លិច​ទឹក​ជូន​ដល់​លោក​រដ្ឋមន្ត្រី ដោយ​លើកឡើងថា សហគមន៍​បាន​បណ្តុះ​កូនឈើ​ប្រភេទ​ដើម​រាំង រំដេញ ច្រកែង ផ្គោល និង​ដើម​កន្សែង សរុប​បាន​ចំនួន ៥ ​ម៉ឺន​កូន​។ ទន្ទឹមនឹងនេះ សហគមន៍​បាន​ដាំ​កូនឈើ​ព្រៃ​លិច​ទឹក​ទាំងនោះ​ចាប់តាំងពី​ឆ្នាំ​ ២០២០ ​មកដល់​ពេលនេះ សម្រេចបាន​ចំនួន​ ៧០ ​ហិកតា​។

ថ្វីបើ​ដូច្នេះ​ក្ដី លោក ឆុង បាន​ត្អូញត្អែរ​អំពី​ការលំបាក​មួយចំនួន​របស់​សហគមន៍​ដល់​លោក​រដ្ឋមន្ត្រី​ផងដែរ​ថា​៖ «​ទន្ទឹមនឹង​ភាពជោគជ័យ​នេះ សហគមន៍​ក៏មាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ ដូចជា​ខ្វះ​មធ្យោបាយ​ធ្វើដំណើរ​ទាំង​ក្នុង​ទឹក និង​លើគោក សម្រាប់ធ្វើ​ការងារ​ល្បាត​ពិនិត្យមើល​បទល្មើស​ក្នុង​ដែន​សហគមន៍ ខ្វះ​ប្រេងឥន្ធន: និង​ថវិកា​សម្រាប់ធ្វើ​ការពង្រីក​ការងារ​ដាំ និង​បណ្តុះ​កូនឈើ​»​។

ក្រោយពី​បាន​ស្ដាប់​នូវ​របាយការណ៍​របស់លោក​ ពីង ឆុង​អំពី​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​របស់​សហគមន៍​នេសាទ​សសរស្តម្ភ​រួចមក លោក វេង សាខុន បាន​ណែនាំ​ឱ្យ​សហគមន៍ និង រដ្ឋបាល​ជលផល រួមទាំង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប ត្រូវ​បង្កើន​ការយកចិត្ត​ទុកដាក់​លើ​ការងារ​បណ្តុះ​កូនឈើ​លិច​ទឹក​ឱ្យបាន​ច្រើន​បន្ថែមទៀត ដើម្បី​​យកទៅ​ដាំ​លើដី​ដែល​ដកហូត​បាន​ពី​បទល្មើស​នៃ​ការកាប់​ទន្ទ្រាន ឈូសឆាយ​ដីព្រៃ​លិចទឹក​ខុសច្បាប់​នោះ​ឡើងវិញ​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ដោយ​ជំរុញ​យ៉ាង​ដូច្នេះ​ថា​៖ «​ទន្ទឹមនឹងនេះ​រដ្ឋបាល​ជលផល​ត្រូវខិតខំ​ស្វែងរក​ដៃគូ​បន្ថែម​ ដើម្បី​ជួយ​ដល់​ការងារ​អភិវឌ្ឍន៍​សហគមន៍​នេសាទ​ទាំង​លើ​ការងារ​បច្ចេកទេស​ការងារ​ល្បាត សួន​បណ្តុះ​កូនឈើ ការបង្ក្រាប​បទល្មើស និង​វារីវប្បកម្ម​»​។

បន្ទាប់ពី​បានផ្ដល់​ការណែនាំ​រួច​លោក​រដ្ឋមន្ត្រី​ក៏បាន​ឧបត្ថម្ភ​ប្រេងឥន្ធនៈ ២០០ ​លីត្រ និង​ថវិកា ៤០​ ម៉ឺន​រៀល​ដល់​សហគមន៍​នេះ​ ដើម្បី​ទុក​ដោះស្រាយ​ជីវភាព​សម្រាប់​អ្នកប្រចាំការ​ក្នុង​សួន​បណ្ដុះ​កូនឈើ​។

ដោយឡែក​រដ្ឋបាលខេត្ត​ពោធិ៍សាត់​កាលពី​ថ្ងៃទី​ ១ ខែមេសា បាន​បង្កើត​អនុគណៈកម្មការ​ និង​ក្រុមការងារ​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល នៅតាម​តំបន់​ព្រៃ​លិច​ទឹក និង​បឹង​ទន្លេសាប​ក្នុង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់​។

លោក ជាវ តាយ អភិបាល​ខេត្តពោធិ៍សាត់ និង​ជា​ប្រធាន​អនុគណៈកម្មការ​នេះ​បញ្ជាក់ថា អនុគណៈកម្មការ​នេះ​មាន​តួនាទី និង​ភារកិច្ច​ដឹកនាំ​ការងារ​រួម​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ទប់ស្កាត់ បទល្មើស​ជលផល ដែល​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទ នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។

លោក​បាន​ថ្លែងថា​៖ «​ក្រៅពី​ការងារ​ចុះ​ត្រួតពិនិត្យ​ស្រាវជ្រាវ​ស្រង់​ស្ថិតិ​អំពី​បទល្មើស​នេសាទ និង​ការដកហូត​ឧបករណ៍​រួមទាំង​មធ្យោបាយ​នេសាទ នៅតាម​ខ្នង​ផ្ទះ​ប្រជា​នេសាទ​នីមួយៗ អនុគណៈកម្មការ​នេះ ក៏មាន​តួនាទី និង​ភារកិច្ច ចុះ​ផ្សព្វផ្សាយ​ច្បាប់​ដកហូត​ការលក់​ឧបករណ៍​ និង​មធ្យោបាយ​នេសាទ​ខុសច្បាប់ ចុះ​ត្រួតពិនិត្យ​ការទិញ-​លក់​ផល​នេសាទ នៅ​តំបន់​ព្រៃលិច​ទឹក និង​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជន​ប្រព្រឹត្ត​បទល្មើស​ជលផល និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់​»​។ លោក​បន្តថា ទន្ទឹមនឹង​បង្កើត​អនុគណៈកម្មការ​នេះ រដ្ឋបាលខេត្ត​ពោធិ៍សាត់​ក៏បាន​បង្កើត​ក្រុមការងារ​ចំនួន​ ៣ ​ដើម្បី​ចុះ​ស្រាវជ្រាវ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​ក្នុង​តំបន់​ព្រៃ​លិច​ទឹក បឹង​ទន្លេសាប​នៅក្នុង​ស្រុក​ក្រគរ ស្រុក​កណ្ដៀង និង​ស្រុក​បាកាន ដោយ​បាន​បង្កើត​ស្នាក់ការ​នៅក្នុង​តំបន់​​ព្រៃលិច​ទឹក​ទាំង ​៣ ​ស្រុក សម្រាប់​ក្រុមការងារ​ប្រចាំការ​ឃ្លាំមើល​ និង​បង្ក្រាប​បទល្មើស​បាន​ទាន់​ពេលវេលា​៕