ភ្នំពេញៈ ការចូលរួម​លើក​កម្ពស់​សុខុមាលភាព​មនុស្ស​វ័យចាស់​ក្នុង​បរិបទ​ជំងឺ​កូវីដ​ ១៩ តំណាង​សមាគម​មនុស្ស​ចាស់​ចំនួន​ ៤០ ​សហគមន៍​ក្នុង​ ៥​ រាជធានី-​ត្ត រៀបចំ​ធ្វើ​យុទ្ធនាការ​ស្វែងរក​ការគាំទ្រ​ដល់​មនុស្ស​ចាស់ ដោយ​ផ្តោតទៅលើ «​ការចូលរួម​លើកកម្ពស់​សុខុមាលភាព​មនុស្ស​វ័យចាស់​ក្នុង​បរិបទ​ជំងឺ​កូវីដ​ ១៩» ដែល​ចាប់ផ្តើម​ពី​ដើមខែ​រហូតដល់​ចុងខែ​មេសា​នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​មនុស្ស​ចាស់​កម្ពុជា​កាលពី ថ្ងៃទី​ ៥ មេសា ឱ្យដឹងថា តំណាង​សមាគម​មនុស្ស​ចាស់​ក្នុង​ ៥​ រាជធានី​-​ខេត្ត ដែល​នឹងចូលរួម​ក្នុង​យុទ្ធនាការ​នេះ​រួមមាន ខេត្ត​បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និង​រាជធានី​ភ្នំពេញ​។ យុទ្ធនាការ​នេះ​រៀបចំ​ឡើង​ដើម្បី​ស្វែងរក​ការគាំទ្រ​ទៅដល់​មនុស្ស​ចាស់​ប្រមាណ​ ២ ១៥៦ ​នាក់ នៅតាម​សហគមន៍​របស់​ពួកគាត់​។

អង្គការ​មនុស្ស​ចាស់​កម្ពុជា​លើកឡើងថា យុទ្ឋនាការ​នេះ ដឹកនាំ និង​រៀបចំ​ឡើង​ដោយ​មនុស្ស​វ័យចាស់ ដែលជា​តំណាង​នៅតាម​សហគមន៍​នីមួយៗ ដែល​មាន​គោលបំណង​ស្វែងរក​ការគាំទ្រ​សម្រាប់​មនុស្ស​វ័យចាស់ ព្រមទាំង​លើកកម្ពស់​ការយល់ដឹង និង​បង្កើន​ការយកចិត្ត​ទុកដាក់​ទៅលើ​បញ្ហា​សុខភាព​របស់​មនុស្ស​វ័យ​ចាស់ ជាពិសេស​ក្នុងអំឡុង​ផលប៉ះពាល់​នៃ​ការរាតត្បាត​ជំងឺ​កូវីដ ​១៩​នេះ​។

យុទ្ធនាការ​នឹងមាន​ការសហការ​ផងដែរ​ជាមួយ​មណ្ឌល​សុខភាព និង​អាជ្ញាធរ​មូលដ្ឋាន​នៅតាម​តំបន់​នីមួយៗ ដើម្បី​ផ្តល់​សេវា​អប់រំ​សុខភាព និង​ពិនិត្យ​សុខភាព​បឋម​ជូន​ដល់​មនុស្ស​ចាស់​នៅតាម​សហគមន៍ ការជូន​មនុស្ស​ចាស់​ដែលមាន​បញ្ហា​សុខភាព ឬ​មាន​វ័យ​ជរា​ពិបាក​ក្នុង​ការ​ធ្វើដំណើរ​ទៅ​ទទួល​ការព្យាបាល និង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ផងដែរ​។

យោងតាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ជាតិ-​សង្គមកិច្ច កាលពី​ចុងឆ្នាំ​ ២០១៨ ស្ដីពី​«​តម្រូវការ និង​បញ្ហា​ប្រឈម​របស់​មនុស្ស​ចាស់​នៅ​កម្ពុជា​» មនុស្ស​ដែលមាន​វ័យចាស់​ភាគច្រើន​ចាប់ពី​អាយុ​ ៦០​ ឆ្នាំ​ឡើងទៅ ជាពិសេស​មនុស្ស​វ័យចាស់​ដែលជា​ស្ត្រី​ និង​មនុស្ស​វ័យចាស់​ដែលមាន​ពិការភាព ងាយ​ប្រឈម និង​មាន​ហានិភ័យ ខ្ពស់​ទៅនឹង​បញ្ហា​ជំងឺមិនឆ្លង​ដែលមាន ដូចជា ឈឺសន្លាក់ លើសឈាម ទឹកនោមផ្អែម​ជាដើម ដែល​ធ្វើឱ្យ​ពួកគាត់​មានការ​លំបាក​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​។

របាយការណ៍​ដដែល​បញ្ជាក់​ថា ក្នុងនោះ មាន​ប្រមាណ ២២% នៃ​ពួកគាត់​ប្រឈម​ទៅនឹង​បញ្ហា​ជំងឺ​លើសឈាម និង​មាន​រហូត​ទៅដល់​ ៥៩% ដែល​បញ្ហា​សុខភាព​នេះ​អាច​នាំទៅដល់​ពិការភាព ជាពិសេស​នៅ​ចន្លោះ​វ័យ​ ៦០​ ឆ្នាំ ដល់​ ៨០​ ឆ្នាំ​។

លោក​ ទុំ វីរ៉ា នាយក​ប្រតិបត្តិ អង្គការ​មនុស្ស​ចាស់​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ៥ ខែមេសា ថា គោលបំណង​ចម្បង​របស់​យុទ្ធនាការ​នេះ ចង់​បង្ហាញ​ពី​តម្រូវការ​របស់​មនុស្ស​ចាស់​ដែល​ពាក់ព័ន្ធ​នឹង​សុខភាព​របស់​ពួកគេ​តែម្តង​។ ពួកគាត់​ចង់ឱ្យ​រាជរដ្ឋាភិបាល ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​ពិចារណា​ និង​ផ្តល់​បណ្ណ​-​សមធម៌​ដល់​ពួកគាត់​ក្នុង​ការប្រើប្រាស់​សម្រាប់​ថែទាំ​សុខភាព ឬ​ព្យាបាល​ដោយ​មិន​គិតថ្លៃ​។

លោក​ថ្លែងថា​៖ «​ក្នុង​យុទ្ធនាការ​នេះដែរ អ្វីដែល​ខ្ញុំ​រំពឹងទុក​មាន​ ២ ​កម្រិត ដែល​ក្នុងនោះ​សម្រាប់​សហគមន៍ គឺ​មនុស្ស​ចាស់​អាចនឹង​ទទួល​នូវ​សេវា​ការពារ ថែទាំ​សុខភាព ក៏ដូចជា​ការយល់ដឹង​ពី​ការថែទាំ​សុខភាព​ក្នុង​វ័យចាស់​របស់​ពួកគាត់ និង​ទទួលបាន​នូវ​ការជួយ​គាំទ្រ​ពី​អាជ្ញាធរ​មូលដ្ឋាន ពិសេស​មន្ត្រី​សុខាភិបាល​»​។

លោក​ ទុំ វីរ៉ា បញ្ជាក់ទៀតថា មួយវិញទៀត​លោក​សង្ឃឹមថា រាជរដ្ឋាភិបាល​នឹង​ទទួលបាន​ពី​តម្រូវការ​របស់​មនុស្ស​ចាស់​ទាំងអស់នេះ ដែល​ពួកគាត់​ចង់បាន​នូវ​បណ្ណ​សមធម៌ ហើយ​រាជរដ្ឋាភិបាល​នឹងធ្វើ​ការគិតគូរ ឬ​សិក្សា​បន្ថែម​ពី​តម្រូវការ​របស់​មនុស្ស​ចាស់​ថា តើ​ពួកគាត់​ជា​ក្រុម​អាទិភាព​ឬ​យ៉ាងណា​?

លោក​បន្តថា​៖ «​យើង​ជា​សង្គម​ស៊ីវិល និង​បានធ្វើការ​ជាមួយនឹង​មនុស្ស​ចាស់ យើង​ដឹង​ច្បាស់​ថា នៅ​ប្រព័ន្ធ​គាំពារ​នៅ​ស្រុក​ខ្មែរ ដើម្បី​ជួយ​ដល់​មនុស្ស​ចាស់ ឬ​ជរាភាព គឺ​មិនទាន់​មាន​នូវ​កម្មវិធី​ជាតិ​នៅឡើយ​ទេ​។ ដូចនេះ ខ្ញុំ​គិតថា ប្រសិនបើ​យើង​មាន​ជា​បណ្ណ​សមធម៌ សម្រាប់​មនុស្ស​ចាស់ នោះ​វា​នឹង​ជា​កម្មវិធី​ដំបូង​មួយ​ដែល​កម្ពុជា​យើង​ធ្វើ​សម្រាប់​មនុស្ស​ចាស់​»​។

កម្មវិធី​ដែលមាន​រាជរដ្ឋាភិបាល​អនុវត្ត​ជា​ការផ្តល់នូវ​កម្មវិធី​ផ្តល់​សាច់ប្រាក់​ដល់​ប្រជាពលរដ្ឋ នោះ​គឺជា​កម្មវិធី​ជួយ​ជនក្រីក្រ​ដែលមាន​មនុស្សចាស់​។ ប៉ុន្តែ​មិនមែនជា​កម្មវិធី ដែល​បង្កើតឡើង សម្រាប់តែ​ជន​ជរាភាព​នោះឡើយ​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោក​ ទុំ វីរ៉ា​។

កាលពី​ចុងឆ្នាំ ​២០១៧ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ឱ្យ​អនុវត្ត​នូវ​ផែនការ​សកម្មភាព​ ២០១៨-២០២០ នៃ​គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​វ័យចាស់ ២០១៧-២០៣០ ដើម្បី​បន្ត​លើកកម្ពស់​សុខុមាលភាព​របស់​មនុស្ស​វ័យចាស់​នៅ​កម្ពុជា​។ ក្នុង​ផែនការ​សកម្មភាព​នេះ រាជរដ្ឋាភិបាល​បាន​ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​វ័យចាស់ ២០១៧-២០៣០ សំដៅ​លើកកម្ពស់​គុណភាព​ជីវិត​មនុស្ស​ចាស់​នៅ​កម្ពុជា​។

បើតាម​ក្រសួង​សង្គមកិច្ច​ និង​អតីតយុទ្ធជន គណៈកម្មាធិការ​ជាតិ​កម្ពុជា​ដើម្បី​មនុស្ស​ចាស់​ (​គ.ម.ច.) បាន​ធ្វើការ​ពិគ្រោះ​យោបល់​អន្ដរក្រសួង​លើក​ទី​ ៣ ស្ដីពី​ការរៀបចំ​ផែនការ​សកម្មភាព ដំណាក់កាល​ទី​ ២ (២០២១-២០២៥) នៃ​គោលនយោបាយ​ជាតិ​ស្ដីពី​មនុស្ស​វ័យចាស់​កាលពី​ពេល​ថ្មីៗ​កន្លងទៅ​ផងដែរ​។

បើ​យោងតាម​ជំរឿន​ឆ្នាំ ​២០១៩ ចំនួន​មនុស្ស​ចាស់​ក្នុង​ប្រទេស​កម្ពុជា​មាន​ជាង​ ១,៣ ​លាន​នាក់ ឬ​ស្មើនឹង​ប្រមាណ​ជា ៨,៩% នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​៕