ភ្នំពេញៈ ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា​បាន​ជំរុញ​ឱ្យ​អ្នកពាក់ព័ន្ធ​រួមគ្នា​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ដែល​កំពុងតែ​រីក​រាលដាល នាពេល​ចុង​ក្រោយនេះ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅក្នុង​សង្គមជាតិ ខណៈ​រដ្ឋសភា​ក៏​កំពុង​គិតគូរ​ក្នុង​ការចូលរួម​ទប់ស្កាត់​បញ្ហា​នេះ​ផងដែរ​។

លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​សភាជាតិ​កម្ពុជា​នៃ​សភា​និយាយ​ភាសា​បារាំង APF ថ្លែង​បែបនេះ ក្នុងពេល​ធ្វើជា​អធិបតី ពិធី​បើក​សិក្ខាសាលា ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ និង​សេរីភាព​សារព័ត៌មាន​៖ បញ្ហា​ប្រឈម និង​ដំណោះស្រាយ​។

សិក្ខាសាលា​នេះ​មាន​ការចូលរួម​ពី​សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា ថ្នាក់ដឹកនាំ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ព្រឹទ្ធសភា ព្រមទាំង​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ព្រឹទ្ធសភា និង​ស្ថាប័ន​សារព័ត៌មាន​មួយចំនួន​។ សិក្ខាសាលា​នេះ រៀបចំ​ដោយ​ក្រុម​សភាជាតិ​កម្ពុជា APF និង​កម្មវិធី​នុយមេរិច​នៃ​សភា​និយាយ​ភាសា​បារាំង​ចាប់ពី​ថ្ងៃទី​ ៦ ដល់​ថ្ងៃទី​ ៧ ខែមេសា ឆ្នាំ​ ២០២២ នៅ​វិមាន​ព្រឹទ្ធសភា​។

លោក​ ប៉ែន បញ្ញា ថ្លែងថា​៖ «​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ព័ត៌មាន​ក្លែងបន្លំ និង​ព័ត៌មាន​ខុស បាន​រីករាលដាល​យ៉ាង​ឆាប់រហ័ស​នៅ​ជុំវិញ​ពិភពលោក ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ ដោយសារតែ​ការអភិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ព័ត៌មាន និង​ការកើនឡើង​នៃ​ការប្រើប្រាស់​បណ្តាញ​សង្គម​ជាដើម​»​។

លោក​បន្តថា​៖ «​ព័ត៌មាន​ក្លែងបន្លំ និង​ក្លែងក្លាយ​ជា​បច្ចេកទេស​ទំនាក់ទំនង ដែលមាន​គោលបំណង​បំភាន់ អ្នកអាន ឬ​មតិសាធារណៈ​ដើម្បី​ផលប្រយោជន៍​អ្វីមួយ ឬ​ជះឥទ្ធិពល​លើ​មតិសាធារណៈ​លើ​ប្រធានបទ​ជាក់លាក់​»​។

ធ្ងន់ធ្ងរ​ជាងនេះទៀត​ប្រភេទ​នៃ​ព័ត៌មាន​ក្លែងក្លាយ​មួយចំនួន​ក៏មាន គោលបំណង​ស្វែងរក​ផលចំណេញ​ផ្នែក​នយោបាយ ឬ​សេដ្ឋកិច្ច ហើយ​មាន​ខ្លឹមសារ​ជ្រុលនិយម មាន​ចេតនា​កៀរគរ​មតិសាធារណៈ ដឹកនាំ​មនុស្ស​ឱ្យ​ប្រកាន់​យក​ទស្សនៈ គំនិត​ជ្រុលនិយម និង​ដណ្តើមយក​ស្វ័យភាព​របស់​បុគ្គល ដែល​ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។

លោក​បញ្ជាក់ថា ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំ និង​ព័ត៌មាន​ខុស​នេះ​បាន​ក្លាយជា​អាវុធ​មួយ​ដែល​អាច​បង្ក​ជា​ឧបសគ្គ​ដ៏ធំ​ចំពោះ សន្តិភាព សន្តិសុខ និង​សេដ្ឋកិច្ច ឬ​ដល់​សុខភាព​សាធារណៈ​ទាំង​ជាតិ និង​តំបន់​។

បើតាម​លោក ប៉ែន បញ្ញា ការទទួល​ខុសត្រូវ​យ៉ាងសំខាន់​របស់​រដ្ឋសភា​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​បាតុភាព​នេះ គឺ​អាច​ធ្វើទៅបាន​តាមរយៈ​ការបង្កើត​ច្បាប់​ដ៏​រឹងមាំ និង​មាន​ប្រសិទ្ធភាព ស្របតាម​គោលការណ៍​នីតិរដ្ឋ និង លទ្ធិប្រជាធិបតេយ្យ​ ដើម្បី​ទប់ស្កាត់​ការចែកចាយ​ព័ត៌មាន​ក្លែងបន្លំ និង​ព័ត៌មាន​ខុស ការប្រើប្រាស់​ទិន្នន័យ​ផ្ទាល់ខ្លួន​ក្នុង​លក្ខណៈខុស​ច្បាប់ និង​ធានា​ឱ្យបាន​នូវ​សេរីភាព​សារព័ត៌មាន​។

លោក​ថ្លែងថា សិក្ខាសាលា​ថ្ងៃនេះ គឺ​ពិតជា​ឆ្លើយតប​ទៅនឹង​គោលការណ៍​ចំនួន ២ សំខាន់ ទី​ ១ ការពង្រឹង​ជំនាញ​របស់​សមាជិករ​ដ្ឋ​សភា និង​មន្ត្រី​ជាន់ខ្ពស់​របស់​សភា ដែល​ទទួល​ខុសត្រូវ​លើក​ការតាក់តែង​ច្បាប់ និង​ទី​ ២ ជំរុញ​កិច្ចសហប្រតិបត្តិការ​រវាង​អ្នក​សារព័ត៌មាន​ទាំងអស់ ព្រមទាំង​សង្គម​ស៊ីវិល ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងបន្លំ និង​ខុស​។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​ថ្លែងថា ព័ត៌មាន​ក្លែងក្លាយ គឺជា​ព័ត៌មាន​ខុស ព័ត៌មាន​មិន​ពិត ដែល​ជន​អគតិ​មួយចំនួន​បង្កើតឡើង​ដើម្បី​បំផ្លិចបំផ្លាញ​ផលប្រយោជន៍​សង្គមជាតិ និង​បំពុលសង្គម​។

លោក​បញ្ជាក់ថា​៖ «​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​រូបធាតុ​មួយ​នៃ​តម្លៃ​របស់​ប្រជាធិប្បតេយ្យ ព្រោះ​លទ្ធិប្រជាធិបតេយ្យ​បានឱ្យ​តម្លៃ​ទៅលើ​សេរីភាព​សារព័ត៌មាន និង​សេរីភាព​ខាង​ការបញ្ចេញមតិ ដែល​សេរីភាព​ទាំងនេះ​ពាក់ព័ន្ធ​ទៅដល់​ការផ្សព្វផ្សាយ​។ ដូច្នេះ​ការ​ផ្សព្វផ្សាយ​នេះ គឺ​សំដៅ​ផ្ដល់ព័ត៌មាន​ពិត​ទៅដល់​ប្រជាជន​ពី​សភាពការណ៍​របស់​ប្រទេស​ខ្លួន និង​ព័ត៌មាន​អន្តរជាតិ​ជាដើម​»​។

លោក​បន្ថែមថា ព័ត៌មាន​ក្លែងក្លាយ​បាន​បង្កើតឡើង ដើម្បី​ធ្វើឱ្យ​ច្របូក​ច្របល់ ដល់​ភាពស្អាតស្អំ​របស់​ព័ត៌មាន​ពិត​។ ដូច្នេះហើយ​អ្នកពាក់ព័ន្ធ​ត្រូវ​រួមគ្នា​ទប់ស្កាត់​នូវ​រាល់​ព័ត៌មាន​ក្លែងក្លាយ ដែល​កើតមានឡើង គឺ​ត្រូវ​រួមគ្នា​លុបបំបាត់ចោល​ព័ត៌មាន​ក្លែងក្លាយ​តែម្ដង​។ លោក​ថ្លែងថា​៖ «​នៅ​ចំពោះមុខ​ព័ត៌មាន​ក្លែងក្លាយ តើ​រដ្ឋសភា​នឹងមាន​ភារកិច្ច​យ៉ាងម៉េច នេះ​គឺជា​ចំណុច​ដែល​ឯកឧត្ដម ប៉ែន បញ្ញា បាន​លើក​លម្អិត​។ អ៊ីចឹង​បាន​សេចក្ដីថា នៅ​ចំពោះមុខ​ព័ត៌មាន​ក្លែងក្លាយ​នេះ រដ្ឋសភា​ត្រូវតែ​ចាប់អារម្មណ៍ ហើយ​ត្រូវតែ​តាមដាន​មើលថា តើ​គួរតែ​ធ្វើយ៉ាងណា សម្រាប់​នីតិប្បញ្ញត្តិ​នេះ ដើម្បី​ចូលរួម​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​ដែល​កំពុង​កើតមានឡើង​នេះ​»៕