The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ២ ​ខែ អគ្គនាយកដ្ឋាន​ពន្ធដារ​ទទួលបាន​ប្រាក់​ពន្ធ​ពី​យានយន្ត​ចំនួន​ ៣ ៨៩៣,៣ ​លាន​រៀល

២ ​ខែ អគ្គនាយកដ្ឋាន​ពន្ធដារ​ទទួលបាន​ប្រាក់​ពន្ធ​ពី​យានយន្ត​ចំនួន​ ៣ ៨៩៣,៣ ​លាន​រៀល

Content image - Phnom Penh Post
នគរបាល​ឃាត់​រថយន្ត​ និង​ម៉ូតូ​នៅ​ផ្លូវ​មុនីវង្ស ពីថ្ងៃ​ទី ៦ ​មេសា​។ ហេង ជីវ័ន

២ ​ខែ អគ្គនាយកដ្ឋាន​ពន្ធដារ​ទទួលបាន​ប្រាក់​ពន្ធ​ពី​យានយន្ត​ចំនួន​ ៣ ៨៩៣,៣ ​លាន​រៀល

ភ្នំពេញៈ នៅក្នុង​រយៈពេល​ ២​ ខែ​គឺ​ខែកុម្ភៈ​ និង​ខែមីនា​ឆ្នាំ​ ២០២២ ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ធ្វើការ​ត្រួតពិនិត្យ​យានយន្ត​បាន​ចំនួន ៨ ៥២៩ គ្រឿង ទទួលបាន​ប្រាក់​ពន្ធ​ចំនួន​ ៣ ៨៩៣,៣ លាន​រៀល​និង​ពិន័យ​បាន​យានយន្ត​ចំនួន ៨ ១៣៨ គ្រឿង​។ នេះ​បើតាម​លោក មាស សុខសេនសាន អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

លោក មាស សុខសេនសាន ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៥ ខែមេសា​ថា រយៈពេល​ ២ ​ខែ​ចាប់ពី​ខែកុម្ភៈ​ដល់​ខែមីនា​មន្ត្រី​ពន្ធដារ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ចុះ​ត្រួតពិនិត្យ​យានយន្ត​ជាង ៨ ០០០ ​គ្រឿង និង​ក៏បាន​ធ្វើការ​អប់រំ​ណែនាំ​ក្រើនរំឭក​ពលរដ្ឋ​កុំឱ្យ​ភ្លេច​ទៅ​បង់ពន្ធ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ការត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ឆ្នាំ​ ២០២១ គិត​ចាប់ពី​ថ្ងៃទី​ ១ ខែកុម្ភៈ ដល់​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ​ ២០២២ អគ្គនាយកដ្ឋាន​ពន្ធដារ ត្រួតពិនិត្យ​យានយន្ត​បាន​ចំនួន ​៨ ៥២៩ គ្រឿង ប្រាក់​ពន្ធ​ចំនួន ៣ ៨៩៣,៣ លាន​រៀល​ និង​ពិន័យ​បាន​យានយន្ត​ចំនួន ៨ ១៣៨ គ្រឿង ប្រាក់​ពិន័យ​ចំនួន ៣ ៦៦២,៥ លាន​រៀល​»​។

ជាមួយ​គ្នានេះ លោក ចាន់ ប៊ន អនុប្រធាន​សាខា​ពន្ធដារ ខេត្តតាកែវ ថ្លែងប្រាប់​ ភ្នំពេញ​ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ៥ ខែមេសា​ថា ក្នុង​រយៈពេល​ ២ ​ខែ ចាប់ពី​ខែកុម្ភៈ​ដល់ ខែមីនា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​មន្ត្រី​សាខា​ពន្ធដារ​ខេត្តតាកែវ បាន​ចុះ​អនុវត្ត​កិច្ចការងារ​ត្រួតពិនិត្យ​លើ​ការបង់ពន្ធ និង​ផាកពិន័យ​រថយន្ត​គ្រប់​ប្រភេទ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ជាច្រើន​គោលដៅ​ក្នុង​នោះ​ជា​លទ្ធផល​មន្ត្រី​ពន្ធដារ​សាខា​ខេត្តតាកែវ​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​រថយន្ត​ចំនួន​ជាង ៤០០ ​គ្រឿង ដោយ​ទទួលបាន​ប្រាក់​បង់ពន្ធ​ជាង ១៦០ លាន​រៀល និង​ប្រាក់​ពិន័យ​ជាង ១៦០ ​លាន​រៀល​។

លោក​ថ្លែងថា​៖ «​រថយន្ត​ដែល​ត្រូវបាន​ពិនិត្យ និង​ផាកពិន័យ​គឺ​រថយន្ត​គ្រប់​ប្រភេទ ក្នុង​នោះ​មានដូចជា រថយន្ត​ដឹកទំនិញ រថយន្ត​ដឹក​អ្នកដំណើរ និង​រថយន្ត​ទេសចរណ៍ ៣ ​ប្រភេទ​ហ្នឹង​។ រថយន្ត​ទេសចរណ៍​ហ្នឹង​បាន​ន័យថា រថយន្ត​គ្រួសារ រថយន្ត​ដឹក​អ្នកដំណើរ និង​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ​»​។

លោក​បន្តថា ការចុះអនុវត្ត​ការត្រួតពិនិត្យ ការបង់ពន្ធ​លើ​​មធ្យោបាយ​ដឹកជញ្ជូន និង​ផាកពិន័យ​នេះ ធ្វើឡើង​ជាច្រើន​ទីតាំង​ទាំង​នៅតាម​ផ្លូវជាតិ និង​តាម​បណ្តា​ផ្លូវ​ខេត្ត​នានា​ក្នុង​ខេត្តតាកែវ​។ លោក​បញ្ជាក់ថា​៖ «​ការចុះ​ពិនិត្យ​នេះ​យើង​ធ្វើការ​ប្តូរ​ទីតាំង​រហូត ហើយ​ការប្តូរ​នេះ គឺជា​គោលការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ចង់ឱ្យ​អ្នកមាន​រថយន្ត​ដឹងថា ពេលដែល​យើង​បង់ពន្ធ​ហើយ​គឺ ភ្នាក់ងារ​ពន្ធដារ​តែង​ចុះ​ត្រួតពិនិត្យ បើ​មិន​ចុះ​ទេ ឆ្នាំក្រោយៗ​ទៀត​ប្រហែលជា​គ្មាន​អ្នក​ចូល​បង់​ទេ​»​។

លោក ប៉ែត ចក់ អនុប្រធាន​សាខា​ពន្ធដារ ខេត្ត​ព្រះសីហនុ​ថ្លែង​នៅ​ថ្ងៃទី​ ៥ ខែមេសា​ថា ការចុះ​ត្រួតពិនិត្យ​យានយន្ត​ដែល​មិនបាន​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន ក្នុង​ខេត្ត​ព្រះសីហនុ​រយៈពេល ២ ​ខែ ចាប់ពី​ខែកុម្ភៈ ដល់ ខែមីនា មន្ត្រី​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ​បាន​ពិនិត្យ​រថយន្ត​ចំនួន ៦៣៨ គ្រឿង និង​ផាកពិន័យ​រថយន្ត​បាន​ចំនួន ៣៦៤ ​គ្រឿង​ក្នុងនោះ​ប្រាក់​ពន្ធ​​មាន​ចំនួន​ជាង ៣៦៥ លាន​រៀល ប្រាក់​ពិន័យ​ចំនួន​ជាង ៣៥៧ លាន​រៀល​។

លោក​ថ្លែងថា​៖ «​ចំនួន​រថយន្ត ៦៣៨ ​គ្រឿង​ហ្នឹង បង់ពន្ធ​ធម្មតា​ (​និង​ពិន័យ​)​ មាន ​៤​ គ្រឿង (​មិន​ពិន័យ​)​។ អ៊ីចឹង​យើង​ពិន័យ​បាន ៦៣៤ ​គ្រឿង ហើយ​ប្រាក់​ពន្ធ​ប្រាក់​ពិន័យ​ទៅតាម​ហ្នឹង ហើយ​អាហ្នឹង​គឺ​សរុប ២​ ខែ គឺ​ខែ ២ និង​ខែ ៣ ហើយ​បញ្ចប់​ត្រឹម​ខែ​ ៣ ​ហ្នឹងហើយ​»​។

លោក​បាន​បញ្ជាក់ថា រថយន្ត​ចំនួន​ ៤ ​គ្រឿង ដែល​មិន​ត្រូវបាន​ពិន័យ​នោះ គឺ​ដោយសារតែ​គេ​បានចេញ​បណ្ណ​សម្គាល់​យានយន្ត​នៅក្នុង​ខែធ្នូ ឆ្នាំ​ ២០២១ ដែល​ករណីនេះ អគ្គនាយកដ្ឋាន​ពន្ធដារ មិន​តម្រូវឱ្យ​បង់ប្រាក់​ពិន័យ​ទេ គឺ​គ្រាន់តែ​បង់ប្រាក់​ពន្ធ​ធម្មតា​ឆ្នាំ​ ២០២១ ​តែប៉ុណ្ណោះ​។

លោក​ឱ្យដឹងទៀតថា ទន្ទឹមនឹង​ការត្រួតពិនិត្យ​ការបង់ពន្ធ មន្ត្រី​សាខា​ពន្ធដារ​ក៏បាន​ធ្វើការ​ក្រើនរំឭក​ផ្សព្វផ្សាយ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ដែលមាន​កាតព្វកិច្ច​បង់ពន្ធ កុំ​ភ្លេច​ទៅ​បង់ពន្ធ​។ អ្នក​ជាប់ពន្ធ​អាច​ធ្វើការ​បង់ពន្ធ​ដោយផ្ទាល់​ជាមួយ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឬ​ធនាគារ ដែល​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ចាប់ពី​ថ្ងៃទី​ ១ ខែមិថុនា រហូតដល់​ថ្ងៃទី​ ៣១ ​ខែវិច្ឆិកា​នៃ​ឆ្នាំ​នីមួយៗ​។

លោក​ឱ្យដឹងថា​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ត្រូវបាន​លើកលែង​ចំពោះ​រថយន្ត​គិលានសង្គ្រោះ រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ យានយន្ត​ដែលជា​កម្មសិទ្ធិ​របស់​អង្គភាព​កងយោធពល​ខេមរភូមិន្ទ កងរាជ​អាវុធហត្ថ នគរបាលជាតិ ដែល​បម្រើ​ការងារ​សម្រាប់​កិច្ចការ​ការពារជាតិ សន្តិសុខ និង​សណ្តាប់ធ្នាប់​។

ក្រៅពីនេះ យានយន្ត​ដែលជា​កម្មសិទ្ធិ​របស់​ស្ថានទូត​ ឬ​ស្ថាន​កុងស៊ុល​បរទេស​អង្គការ​អន្តរជាតិ​ ឬ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា​ក៏​មិន​តម្រូវឱ្យ​បង់ពន្ធ​ដែរ​។ លោក ប៉ែត ចក់ បាន​បញ្ជាក់ថា មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ដែល​ខកខាន ឬ​មិនបាន​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន សម្រាប់​បណ្តា​ឆ្នាំកន្លងមក​គឺ​ត្រូវ​បង់ប្រាក់​ពន្ធ និង​ប្រាក់​ពិន័យ​ឱ្យបាន​រួចរាល់​នៅតាម​ឆ្នាំ​ទាំងនោះ​ជាមុនសិន ទើប​អនុញ្ញាត​ឱ្យ​ប្រកាស​បង់ពន្ធ​សម្រាប់​ឆ្នាំ​បច្ចុប្បន្ន​។ ប្រាក់​ដែល​ពិន័យ​នៃ​ការខកខាន​គឺ​ស្មើនឹង ១០០% នៃ​ប្រាក់​ពន្ធ​ត្រូវ​បង់​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍