ភ្នំពេញៈ ​តំណាង​កម្ពុជា​បាន​សម្តែង​ពី​មោទនភាព​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ដែល​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​ ១៣ ក្នុងចំណោម​ប្រទេស​ចំនួន​ ១២២ និង​លេខ​ ២ ​ក្នុងចំណោម​ប្រទេស​អាស៊ាន ដែល​បាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ជា​ស្ត្រី​ទៅកាន់​បណ្តា​ប្រទេស​នានា​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​។

ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​លើកឡើងថា កម្ពុជា​គាំពារ​សមភាព​យេនឌ័រ និង​ការផ្តល់អំណាច​ដល់​ស្ត្រី ដែល​ត្រូវតែ​ជា​អាទិភាព​លើ​គ្រប់​វិស័យ​។ ស្ត្រី​កម្ពុជា​បាននិង​កំពុង​ដើរតួនាទី​ដឹកនាំ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ទប់ស្កាត់ និង​ការឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​កូវីដ​ ១៩​។

ការថ្លែង​ដូច្នេះ​ធ្វើឡើង​ក្នុង​អំឡុង​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​រយៈពេល ​៥​ សប្តាហ៍ ចាប់ពី​ថ្ងៃទី​ ២៨ ខែកុម្ភៈ ដល់​ថ្ងៃទី​ ១ ខែមេសា​។ តំណាង​កម្ពុជា​បញ្ជាក់ថា​៖ «​ក្នុង​វិស័យ​សន្តិភាព​ និង​សន្តិសុខ កម្ពុជា​មាន​មោទនភាព ដែល​ជាប់​ចំណាត់ថ្នាក់​ទី​ ១៣ ​ក្នុងចំណោម​ប្រទេស​ចំនួន​ ១២២ ​និង​លេខ​ ២​ ក្នុងចំណោម​ប្រទេស​អាស៊ាន​ដែល​បាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ជា​ស្ត្រី​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​»​។ នេះ​បើ​យោងតាម​សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថាន​បេសកកម្ម​នេះ នា​ថ្ងៃទី​ ៤ ខែមេសា​។

ពាក់ព័ន្ធ​នឹង​ការបញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ជា​ស្ត្រី​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ លោក​ រ៉ូ វណ្ណៈ សហស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៦ ​ខែមេសា​ថា វា​បង្ហាញ​ពី​ពលិកម្ម​ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​នារី​ខ្មែរ​ក្នុង​បុព្វហេតុ​មនុស្សធម៌​អន្តរជាតិ​ដែល​ពួកគាត់​បាន​ឃ្លាត​ចាក​ឆ្ងាយ​មាតុភូមិ​កំណើត និង​ក្រុមគ្រួសារ​ជា​ទីស្រឡាញ់ និយាយ​ដាច់​ដោយឡែក​។ «​និយាយ​ជារួម វា​ជួយ​លើក​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ក្នុងនាម​ជា​ប្រទេស​តូច និង​ធ្លាប់​រងគ្រោះ​ដោយសារ​សង្គ្រាម​មហាអំណាច​មាន​សមត្ថភាព​បញ្ជូន​កម្លាំង​ជួយ​ប្រទេស​ដទៃ ក្នុង​ន័យ​មនុស្សធម៌ និង​សន្តិភាព​ដែល​ស្ថិតក្រោម​ឆ័​ត្រ​អង្គការ​សហប្រជាជាតិ​ដែល​គួរ​គោរព​វីរភាព​របស់​ពួកគាត់​»​។

យោងតាម​មជ្ឈមណ្ឌល​បោសសម្អាត​មីន យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​បណ្តុះបណ្តាល​បានឱ្យដឹងថា កម្ពុជា គិត​ចាប់ពី​ឆ្នាំ​ ២០០៦​ រហូតមកដល់​ឆ្នាំ​ ២០២២​ នេះ​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​សរុប​ជាង ៨ ០០០ ​នាក់ ក្នុងនោះ​មាន​នារី​ចំនួន ៥២៨ ​នាក់ ទៅកាន់​បេសកកម្ម​ចំនួន​ ១១​ ក្នុងប្រទេស​ចំនួន​ ៩​។

មជ្ឈមណ្ឌល​នេះ​បញ្ជាក់ថា ដោយឡែក​នៅក្នុង​ឆ្នាំ ​២០២២ ​នេះ កម្ពុជា​មាន​កងទ័ព​មួក​ខៀវ​ចំនួន​ជិត​ ៨០០ ​នាក់ កំពុង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព នៅតាម​បណ្តា​ប្រទេស​ចំនួន​ ៤​ រួមមាន ប្រទេស​ស៊ូដង់​ខាងត្បូង លីបង់ អាហ្វ្រិក​កណ្តាល និង​ប្រទេស​ម៉ាលី​។

ថ្មីៗ​នេះ លោកស្រី​វរសេនីយ៍ទោ ជាម៉ៃ សារ៉ស់ បានទទួល​មេដាយ​អង្គការសហប្រជាជាតិ​សម្រាប់​ការកោត​សរសើរ ចំពោះ​មេបញ្ជាការ​កងកម្លាំង រួម​ជាមួយ​នឹង​ការទទួលស្គាល់​យ៉ាង​ទូលំទូលាយ ចំពោះ​ភាពក្លាហាន និង​ការប្តេជ្ញាចិត្ត​របស់​លោកស្រី​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក​ ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​។

លោក​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​កាលពី​ពាក់​កណ្តាល​ខែមីនា​ថា លោកស្រី ជាម៉ៃ សារ៉ស់ បាន​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង និង​ព្រំ​ប្រទល់​លីបង់​ និង​អ៊ីស្រាអែល​ ខណៈ​ដែល​ត្រូវបាន​ជ្រើសរើស​យកមក​ផ្សព្វផ្សាយ​ក្នុង​យុទ្ធនាការ «​ស្ត្រី​ដើម្បី​ពហុភាគី​និយម​។ លោក​សរសេរថា​៖ «​យើង​ពិតជា​មាន​មោទនភាព ចំពោះ​លោកស្រី​ក៏ដូចជា​បុគ្គល​ជាច្រើនរូប​ទៀត​ដែល​ខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ ដើម្បី​បុព្វហេតុ​សន្តិភាព​ និង​សន្តិសុខ​នៃ​តំបន់ និង​ពិភពលោក​»​។

គួរ​បញ្ជាក់ថា ក្នុង​ឆ្នាំ​ ២០២២​ នេះ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​ជា​ស្ត្រី​លើក​ទី​ ២ ក្រោម​ប្រធានបទ «​កសាង​ចីរភាព​បរិយាប័ន្ន និង​ភាពធន់​៖ សហគ្រិនភាព​របស់​ស្ត្រី​នៅ​អាស៊ាន​»​។

នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នោះ​ផងដែរ តំណាង​កម្ពុជា​លើកឡើងថា ការ​ដោះស្រាយ​ចំពោះ​ការកើនឡើង​នៃ​ការប្រើប្រាស់​ភាសា​ស្អប់ខ្ពើម ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ និង​ការ​ញុះញង់​ដែល ​«​ពួន​ជ្រក​ក្រោម​ស្លាក​សេរីភាព​នៃ​ការបញ្ចេញមតិ​» គួរ​ជា​អាទិភាព​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​។

តំណាង​កម្ពុជា​ក៏បាន​អំពាវនាវ​ដល់​ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ​ឱ្យ​បង្កើត​យន្តការ​ត្រួតពិនិត្យ​ក្រមសីលធម៌​របស់​អ្នករាយការណ៍​ពិសេស​របស់ខ្លួន ដើម្បី​ធានា​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ក្រមសីលធម៌​នេះ ដោយ​លើកឡើង​ថា​៖ «​កម្ពុជា​គាំទ្រ​រាល់​កិច្ចខិតខំ​ប្រឹងប្រែង​សំដៅ​កែលម្អ​ការងារ​របស់​អ្នករាយការណ៍​ពិសេស ហើយ​ឯករាជភាព​មិនអាច​គេច​ចេញពី​ការទទួល​ខុសត្រូវ​បានទេ​»​។

គួរ​បញ្ជាក់ថា ក្នុងអំឡុង​នៃ​កិច្ចប្រជុំ​នោះ​លោក វិទិត មុនតាប៊ន​ (Vitit Muntarbhorn) អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៩ ខែមីនា បាន​លើកឡើង​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ថា លម្ហ​សេរីភាព​ពលរដ្ឋ​ និង​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ទៅ និង​ដើរ​ថយក្រោយ​ដោយសារ​តែ​ការគ្រប់គ្រង​ «​បែប​ឯកបក្ស​»​។

ប៉ុន្តែ​តំណាង​កម្ពុជា​ថ្លែង​ការពារ​នៅក្នុង​កិច្ចប្រជុំ​នេះ​ថា កម្ពុជា​បាន​ប្រកាន់​គោលការណ៍​សិទ្ធិមនុស្ស​ជា​ស្នូល​ជាពិសេស​សិទ្ធិ​មាន​ជីវិត សុខភាព និង​ការរស់រាន​។

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ចប់​សម័យប្រជុំ​លើក​ទី​ ៤៩ កាលពី​ថ្ងៃទី​ ១ ខែមេសា​ បន្ទាប់ពី​បានរៀបចំ​កិច្ចសន្ទនា​អន្តរសកម្ម​ជាមួយ​អ្នករាយការណ៍​ពិសេស​តាម​ប្រធានបទ និង​ប្រទេស​ជាក់លាក់​ចំនួន​ ៤១ កិច្ចពិភាក្សា​ទូទៅ​ចំនួន​ ៩ និង​កិច្ចពិភាក្សា​ជា​ក្រុម​ចំនួន​ ៨ ព្រមទាំង​បានអនុម័ត​សេចក្តី​សម្រេចចិត្ត​ពាក់ព័ន្ធ​នឹង​បញ្ហា​តាម​ប្រធានបទ និង​ប្រទេស​ជាក់លាក់ សរុប​ចំនួន​ ៣៥​។

ក្នុងអំឡុង​នៃ​កិច្ចប្រជុំ​រយៈពេល​ ៥ សប្តាហ៍​នេះ តំណាង​កម្ពុជា​បាន​ទ្បើង​ថ្លែង​បទ​អន្តរាគមន៍​សរុប ៣៣ លើក​ដោយ​បង្ហាញ​ពី​កិច្ចប្រឹងប្រែង​សមិទ្ធផល ​និង​វឌ្ឍនភាព​ក្នុង​ទិដ្ឋភាព​ច្បាប់ គោលនយោបាយ និង​ការអនុវត្ត​ជាក់ស្តែង​របស់​កម្ពុជា ក្នុង​ការលើកកម្ពស់​ និង​ការពារ​សិទ្ធិមនុស្ស​គ្រប់​ប្រភេទ មានដូចជា​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ សិទ្ធិ​សង្គម សេដ្ឋកិច្ច​ និង​វប្បធម៌ រួមទាំង​សិទ្ធិ​អភិវឌ្ឍន៍​។

ជាមួយ​គ្នានេះ គណៈប្រតិភូ​កម្ពុជា​ក៏បាន​ចូលរួមចំណែក​ក្នុង​កិច្ចពិភាក្សា​នានា ស្ដីពី​ការពង្រឹង​របៀបរបប​ការងារ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស និង​អ្នក​រាយការណ៍​ពិសេស ព្រមទាំង​ប្រធានបទ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​មួយចំនួន​ផងដែរ​៕