ភ្នំពេញៈ ​វិស័យ​សុខាភិបាល​បាន​ចូលរួម​ចំណែក​យ៉ាងសំខាន់​​ក្នុង​ការអភិវឌ្ឍ​សង្គមកិច្ច សេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​ដូចជា ការលើក​កម្ពស់​ស្ថានភាព​សុខភាព​របស់​​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​ប្រសើរ​ឡើង ការថយចុះ​ជា​បន្តបន្ទាប់​នូវ​អត្រា​ស្លាប់​របស់​មាតា ទារក និង​កុមារ និង​អត្រា​ឈឺ អត្រា​ស្លាប់​ដោយ​ជំងឺឆ្លង​ផ្សេងៗ​។

នេះ​ជា​ការលើកឡើង​របស់​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ប្រចាំ​ ២០២១ និង​ទិសដៅ​បន្ត​ឆ្នាំ​ ២០២២​ របស់​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​នៅ​ថ្ងៃទី​ ៥ ខែមេសា ឆ្នាំ​ ២០២២​។

នៅក្នុង​ឱកាស​នោះ​លោក ម៉ម ប៊ុនហេង ក៏បាន​អះអាង​ផងដែរ​ថា ក្រសួង​សុខាភិបាល​នៅតែ​ដាក់ចេញ​ផែនការ​យុទ្ធសាស្ដ្រ​ ដើម្បី​ពង្រឹង និង​ពង្រីក​ការកែលម្អ​គុណភាព​សេវា​សុខាភិបាល​នៅ​ឆ្នាំ​បន្ទាប់​ខាងមុខ​ទៀត​។

លោក​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា​៖ «​នៅ​ឆ្នាំ​បន្ត​ខាងមុខ​ក្រសួងសុខាភិបាល​នៅតែ​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ដ្រ​សុខាភិបាល​ឱ្យ​បន្ដ​អនុវត្ដ​យ៉ាងសកម្ម​ដោយ​កាត់បន្ថយ​ថែមទៀត​នូវ​អត្រា​មរណភាព​របស់​មាតា ទារក និង​កុមារ និង​កង្វះ​អាហារូបត្ថម្ភ ពង្រីក​កម្មវិធី​បង្ការ និង​ព្យាបាល​ជំងឺឆ្លង ជំងឺមិនឆ្លង​រ៉ាំរ៉ៃ ក្នុង​ការពង្រឹង និង​ពង្រីក​ការកែលម្អ​គុណភាព​សេវា​​សុខាភិបាល​ជូន​ប្រជាជន​»​។

ជាមួយ​នេះដែរ​ក្រសួង​ក៏​នឹង​បន្ត​កែលម្អ​ឥរិយាបថ​របស់​អ្នក​ផ្ដល់​សេវា​សុខាភិបាល លើក​កម្ពស់​កម្រិត​ជំនាញ និង​សមត្ថភាព​របស់​បុគ្គលិក​សុខាភិបាល កែលម្អ​ការគ្រប់គ្រង និង​ផ្គត់ផ្គង់​​ឱសថ គ្រឿង​បរិក្ខារ​វេជ្ជសាស្ដ្រ ការពង្រឹង​ប្រព័ន្ធ​ព័ត៌មាន​សុខាភិបាល តាមរយ:​អភិបាលកិច្ច​តាមដាន​សុខាភិបាល​។

លោក ម៉ម ប៊ុនហេង បានបញ្ជាក់​ទៀតថា លើសពីនេះ​ទៀត ក្រសួង​សុខាភិបាល​នៅតែ​បន្ត​ការអនុវត្ដ​គោលការណ៍​លើកលែង​ការបង់ថ្លៃ​សេវា​ចំពោះ​ប្រជាជន​ក្រីក្រ​តាមរយ:​គម្រោង​មូលនិធិ​សមធម៌ និង​ការអនុវត្ត​ការផ្តល់​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​ដោយ​ឥត​បង់ថ្លៃ​នៅ​គ្រប់​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ដល់​មន្ត្រីរាជការ​សាធារណ: អតីតមន្ត្រី​រាជការ និង​អតីត​យុទ្ធជន​។

មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប​បានឱ្យដឹងថា ទោះ​ស្ថិតក្នុង​ដំណាក់កាល​នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ក៏​ដំណើរការ​ផ្តល់​​សេវា​សុខភាព​ជូន​ប្រជាជន​នៅ​​តាម​មូលដ្ឋាន​សុខាភិបាល​នៅ​​តែ​បន្ត​ដោយ​រលូន ពោល​គឺ​ការចូលរួម​លះបង់ កម្លាំងកាយ កម្លាំងចិត្ត របស់​មន្ត្រីរាជការ​សុខាភិបាល​គ្រប់​ឋានានុក្រម​។

លោក អ៊ាប ប៊ុនលឿន អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប​បានលើកឡើង​ដែរ​ថា ការចូលរួម​សហការ​ល្អ ជាពិសេស​ពី​អាជ្ញាធរ​មូលដ្ឋាន អង្គការ​​ដៃគូ និង​អ្នកពាក់ព័ន្ធ​បានធ្វើឱ្យ​គ្រប់​មូលដ្ឋាន​សុខាភិបាល​ក្នុង​​ខេត្តសៀមរាប​បើកទ្វារ​ផ្តល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​ ២៤ ​ម៉ោង​លើ​ ២៤ ​ម៉ោង​ដោយមាន​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​សុខភាព​ជាធម្មតា​រៀងរាល់​ថ្ងៃ​។

លោក អ៊ាប ប៊ុនលឿន បាន​បន្ថែមថា​៖ «​គ្រួសារ​ក្រីក្រ​ត្រូវ​បាន​បង្ការ​ហានិភ័យ​ហិរញ្ញវត្ថុ​ដោយ​បាន​ផ្តល់ជូន​នូវ​សេវា​ពិនិត្យ​ពិគ្រោះ ព្យាបាល​ជំងឺ​ដូចៗ​គ្នា តាមរយ:​ការ​គ្របដណ្តប់​​នៃ​មូលនិធិ​សមធម៌ ដែល​ផ្តល់​ដោយ​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ ដោយ​លើកលែង​ការបង់ថ្លៃ​សេវា​នៅ​គ្រប់​មូលដ្ឋាន​សុខាភិបាល​សាធារណ:»​។

យោងតាម​របាយការណ៍​ជាតិ​នៃ​លទ្ធផល​ចុងក្រោយ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា​ឆ្នាំ​ ២០១៩ បានបង្ហាញ​ពី​អត្រា​មរណភាព​ទារក និង​កុមារ​នៅ​កម្ពុជា បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេងទៀត​នៅក្នុង​តំបន់ អត្រា​មរណភាព​របស់​ទារក​គឺ​មិនមាន​អត្រា​​ខ្ពស់​ប៉ុន្មាន​ឡើយ ប៉ុន្តែ​មាន​លក្ខណៈ​ល្អប្រសើរ​ឡើង​ច្រើន បើ​ធៀប​នឹង​ឆ្នាំ​កន្លងទៅ​។

ក្រោម​គំនិត​ផ្តួចផ្តើម​របស់​អង្គការ​សហប្រជាជាតិ ពិភពលោក​បានចាប់ផ្តើម​នូវ​របៀបវារៈ​ថ្មី​មួយ​សម្រាប់​អភិវឌ្ឍន៍ ដើម្បី​សម្រេច​គោលដៅ​ឆ្នាំ​ ២០៣០​។ គោលដៅ​ថ្មី​នេះ​បាន​ដាក់ចេញ​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ក្នុង​បំណង​កាត់បន្ថយ​អត្រា​មរណភាព​ទារក​ឱ្យបាន​យ៉ាងហោចណាស់​ទាប​ជាង​ ១២ ​នាក់ ក្នុង ១ ០០០ ​កំណើត​រស់ និង​អត្រា​មរណភាព​កុមារ​អាយុ​ក្រោម​ ៥​ ឆ្នាំ​ឱ្យបាន​យ៉ាងហោចណាស់​ទាប​ជាង​ ២៥ ​នាក់ ក្នុង ១ ០០០ ​កំណើត​រស់​។

យោងតាម​លទ្ធផល​ជំរឿន អត្រា​មរណភាព​ទារក និង​កុមារ​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​គួរកត់សម្គាល់​គឺ​ពី ​២៦​ នាក់មក នៅ ​១៨​ នាក់​ (​ទារក​)​ និង​កុមារ​ពី​ ៤៤ ​នាក់ មក​នៅ ២៨​ នាក់ (​ក្រោម​អាយុ​ ៥ ​ឆ្នាំ​) ​សម្រាប់​ឆ្នាំ​ ២០០៨ និង​ឆ្នាំ​ ២០១៩៕