ភ្នំពេញៈ ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ​(​ស៊ីខៅឌូ​) ​បាន​សុំ​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ឱ្យជួយ​កម្មករ​និយោជិត​ជាង​ ១ ​ពាន់​នាក់​ដែល​កំពុង​រងគ្រោះ​មិនទាន់​បាន​ទទួល​សំណង និង​យុត្តិធម៌ ក៏ប៉ុន្តែ​មន្ដ្រី​ក្រសួង​ការងារ​ថា​ករណីនេះ​ភាគី​ទំនាស់​អាច​ប្ដឹង​បន្តទៅ​តុលាការ​បាន​។

សេចក្តី​ថ្លែងការណ៍​របស់ ស៊ីខៅឌូ ចុះ​ថ្ងៃទី​ ៤ មេសា បានឱ្យ​ដឹងថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កម្មករនិយោជិត​បាន​ប្រើ​សិទ្ធិ​បង្កើត​អង្គការ​វិជ្ជាជីវៈ​ក្នុង​សហគ្រាស គ្រឹះស្ថាន ដែល​ពួកគេ​បាន​បំពេញការងារ​តាមច្បាប់ ក៏ប៉ុន្តែ​​ត្រូវបាន​និយោជក​មួយចំនួន​ប្រើ​គ្រប់​រូបភាព​ដោយបាន​បណ្ដេញ​សហស្ថាបនិក​បង្កើត​សហជីព​មួយចំនួន​ចេញពី​កន្លែង​ការងារ​ពួកគេ និង​មាន​​ករណី​បិទទ្វារ​រោងចក្រ​ដោយ​មិនបាន​ទូទាត់​ប្រាក់​សំណង​តាម​កិច្ចសន្យា​ការងារ​របស់​ពួកគេ​តាមច្បាប់​ស្តីពី​ការងារ​ជា​ធរមាន​នោះឡើយ​។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា ករណី​​នេះ មាន​សមាជិក​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​​ចំនួន​ ២៣​ រោងចក្រ ដែល​ពាក់ព័ន្ធ​ស្មើនឹង​កម្មករ​ ១ ៤០៨ ​នាក់​បាន​រងគ្រោះ​។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា​ «​សំណុំរឿង​មួយចំនួន​បាន​ដោះស្រាយ​ដោយ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាច្រើនលើក​ច្រើនសា​មកហើយ តែ​មិនមាន​ដំណោះស្រាយ​នោះទេ ហើយ​សំណុំរឿង​មួយចំនួនទៀត​ត្រូវបាន​ដោះស្រាយ​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ក៏​និយោជក​មិនបាន​អនុវត្តតាម​សេចក្ដី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ផងដែរ​»​។

ស៊ីខៅឌូ បាន​សម្តែង​ការសោកស្តាយ​ដែល​កម្មករនិយោជិត​បាន​រងគ្រោះ​ដោយ​ការប្រើ​សិទ្ធិ​ និង​កាតព្វកិច្ច​ដែល​ត្រូវ​ទទួលបាន​តាមច្បាប់ តែ​បែរជា​ប្រើពេល​ជាច្រើន​ខែ ច្រើន​ឆ្នាំ​ក្នុង​ការដោះស្រាយ ហើយ​មិន​ទទួលបាន​លទ្ធផល​ដែល​អាច​ទទួល​យកបាន​។

ស៊ីខៅឌូ ថា​ «​ករណី​ទាំងនេះ​ជា​ករណី​រំលោភសិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ និង​ការកេងប្រវ័ញ្ច​ពលកម្ម​កម្មករ​​និយោជិត​ដែល​ត្រូវបាន​ហាមឃាត់​ដោយ​ច្បាប់​»​។

បន្ថែម​ពីនេះ ស៊ីខៅឌូ ក៏​បង្ហាញ​ការខកចិត្ត​ចំពោះ​ក្រសួង​ការងារ​ផងដែរ ចំពោះ​ភាពយឺតយ៉ាវ​ក្នុង​ការដោះស្រាយ ហើយ​គ្មាន​ប្រសិទ្ធភាព ព្រមទាំង​គ្មាន​វិធានការ​ចំពោះ​និយោជក​ដែល​មិនបាន​អនុវត្ត​ច្បាប់​កន្លងមក​។

ស៊ីខៅឌូ​បាន​បន្តថា​៖ «​សូម​សំណូមពរ​ដោយ​ទទូច​ដល់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជួយ​ចាត់វិធានការ និង​ចាត់ចែង​គណៈកម្មការ​ពិសេស ឬ​ស្ថាប័ន​ពាក់ព័ន្ធ​...​ដោះស្រាយ​ករណី​ ២៣ ​រោងចក្រ​ជាបន្ទាន់​ ដើម្បី​បញ្ចប់​វិវាទ​ការងារ​ដ៏​រ៉ាំរ៉ៃ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​»​។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក​ ហេង សួរ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទាក់ទង​បញ្ហា​នេះ ក្រសួង​អាច​ឆ្លើយតបបាន ប្រសិនបើ​មាន​ករណី​ដោយ​ចំពោះ​នីមួយៗ​។

លោក​ថា​៖ «​អ្វីដែល​ក្រសួង​ក្តាប់បាន​កន្លងមក​គឺអាច​នៅមាន​ករណីខ្លះ​គឺ​មិនទាន់​បញ្ចប់​ដោយសារតែ​ភាគី​ទាំង​ ២​ មិនទាន់​ឯកភាពគ្នា​ ឬ​មិន​ព្រម​ទទួលយក​សំណង បើទោះបី​ជា​មានការ​បកស្រាយ​ ឬ​គណនា​ដោយ​មន្ត្រី​ផ្សះផ្សា​វិវាទ​ក៏ដោយ ក៏មាន​ករណីខ្លះ​គឺ​កើតឡើង​ដោយសារ​ការក្ស័យធន ហើយ​កម្មករនិយោជិត​នៅតែ​បន្ត​ប្តឹង​មិន​ទទួលយក​សំណង​ដែល​ទទួលបាន​ពី​ការលក់​ឡាយឡុង​សម្ភារ បរិក្ខារ​ដែល​បន្សល់ទុក​ដោយ​ម្ចាស់​រោងចក្រ​»​។

លោក ហេង សួរ បាន​បញ្ជាក់ថា យោង​លើ​នីតិវិធី​ដោះស្រាយ​វិវាទ​ដែលមាន​ចែង​ក្នុង​ច្បាប់ ភាគី​វិវាទ​អាច​ប្តឹង​បន្តទៅ​តុលាការ ប្រសិនបើ​សេចក្តី​បង្គាប់​របស់​អាជ្ញាកណ្តាល​ត្រូវបាន​បដិសេធ​ដោយ​ភាគី​ណាមួយ​។

លោក​ កាំង មូនីកា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) បាន​ថ្លែងថា លោក​ជឿជាក់ថា ករណី​ទាំងនេះ​ត្រូវបាន​ដោះស្រាយ​ដោយ​ត្រឹមត្រូវ​ទៅតាម​ច្បាប់​ការងារ​។ លោក​ថា​៖ «​ប្រសិនបើ​មាន​ករណី​រំលោភបំពាន​មែន​នោះ​ករណី​ទាំងនោះ គួរតែ​ត្រូវ​ដាក់បញ្ចូល​ក្នុង​របាយការណ៍​ឯករាជ្យ​របស់​អង្គការ​​អន្តរជាតិ​ខាង​ការងារ​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ (ILO-BFC)​។

តាមរយៈ​សេចក្តីថ្លែងការណ៍​នេះ ស៊ីខៅឌូ បាន​បញ្ជាក់ដែរថា ល្គឹកណា​មិនមាន​ដំណោះស្រាយ​កម្មករ​និយោជិត​រងគ្រោះ​នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​ ១​ នៅ​ថ្ងៃទី​ ២៧ ខែមេសា ឆ្នាំ​ ២០២២ និង​មាន​ការតវ៉ា​ដាក់​ញត្តិ​នៅមុខ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី​ ១ ខែឧសភា​ឆ្នាំ ​២០២២ ខាងមុខនេះ​៕