
លោក កឹម សុខា មកតុលាការរាជធានី ពីថ្ងៃទី ១៦ មករា ឆ្នាំ ២០២១។ ហេង ជីវ័ន
ភ្នំពេញៈ សវនាការរឿងក្តីលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិពាក់ព័ន្ធនឹងសំណុំរឿង សន្ទិដ្ឋភាពជាមួយបរទេស ឬឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលត្រូវបានតំណាងអយ្យការចោទសួរដេញដោលលើការបោះឆ្នោតឆ្នាំ ២០១៣ ហើយសវនាការ នេះត្រូវបានសម្រេចបន្តលើកពេលទៅធ្វើនៅថ្ងៃទី ២០ ខែមេសា នៅក្រោយបុណ្យចូលឆ្នាំខ្មែរ។
លោក ផែង ហេង សហមេធាវីរបស់លោក កឹម សុខា ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់សវនាការ ពីថ្ងៃទី ៦ ខែមេសា ថា សវនាការរបស់លោក កឹម សុខា នៅពេលនេះត្រូវបានសួរដេញដោល ដោយតំណាងអយ្យការពាក់ព័ន្ធនឹងការបោះឆ្នោត ដែលសំណួរមួយចំនួនជាសំណួរបច្ចេកទេសនៃការបោះឆ្នោត ឬដំណោះស្រាយភាពមិនប្រក្រតីនៃបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ ២០១៣។
លោកបន្តថា លោក កឹម សុខា បានឆ្លើយបំភ្លឺទៅតំណាងអយ្យការលើសំណួរណាដែលមិនមែនជាបច្ចេកទេសតែប៉ុណ្ណោះ ដូចជា បញ្ហាមួយចំនួនពាក់ព័ន្ធនឹងការចរចាបង្កើតគណៈកម្មការចម្រុះរវាងគណបក្សប្រជាជន និង គណបក្សសង្គ្រោះជាតិ ជាដើម។ ប៉ុន្តែចំពោះសំណួរបច្ចេកទេស លោកបានរុញសំណួរទាំងអស់នោះ ទៅសួរអ្នកជំនាញ គ.ជ.ប.ឬសុំឯកសារពី គ.ជ.ប. មកបញ្ជាក់។
លោកថ្លែងថា៖ «ពាក់ព័ន្ធនឹងបញ្ហានេះ យើងបានកត់សម្គាល់ ថា ដីកាបញ្ជូនមកជំនុំជម្រះនោះ គឺចោទពីបទសន្ទិដ្ឋភាពជាមួយបរទេស ហើយឃើញសំណួរហាក់បីដូចជាសួរទៅលើបច្ចេកទេស ការបោះឆ្នោត ដែលសំណួរទាំងអស់នេះគួរតែហៅអ្នកបច្ចេកទេស មកបំភ្លឺជាជាងឱ្យឯកឧត្តម កឹម សុខា ឆ្លើយលម្អិតទៅនឹងបញ្ហាទាំងអស់នេះទេ»។
ក្នុងសវនាការ លោក ផែង ហេង បានស្នើឱ្យតំណាងអយ្យការសួរដេញដោលលើដីកាសរសេរក្នុងដំណោះស្រាយពោលគឺមិនត្រូវសួរសំណួរបច្ចេកទេស មកលោក កឹម សុខា នោះទេ។ ជាពិសេសតំណាងអយ្យការគួរតែពិនិត្យតាំងសំណួរឱ្យបានត្រឹមត្រូវ និងតាមបទចោទវិញ កុំឱ្យអូសបន្លាយ។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ភ្នំពេញ ប៉ុស្តិ៍ ក្រោយចប់សវនាការ នៅថ្ងៃទី ៦ មេសា ថា សវនាការនៅពេលនេះ ផ្តោតលើការសាកសួរ លោក កឹម សុខា ដែលជាជនជាប់ចោទលើការចូលរួមពិនិត្យបញ្ជីឈ្មោះបោះឆ្នោត តំណាងរាស្ត្រ ឆ្នាំ ២០១៣។ លោកបញ្ជាក់ថា សវនាការនឹងបន្ត នៅថ្ងៃទី ២០ មេសា ឆ្នាំ ២០២២ វេលាម៉ាង ៨:៣០ នាទីព្រឹក។
លោក ឯម សុវណ្ណារ៉ា អ្នកតាមដានបញ្ហានយោបាយនៅកម្ពុជា ថ្លែងនៅថ្ងៃទី ៦ មេសា ថា លោកហាក់មិនយល់ពីតុលាការ ដែលបានសួរនាំលោក កឹម សុខា ពីការបោះឆ្នោតឆ្នាំ ២០១៣ នោះទេ។ ប៉ុន្តែបើគេប្រើគោលការណ៍ច្បាប់ជាទូទៅ ការអនុវត្ត ឬការកាត់ក្តី គឺគេមិនសូវប្រើប្រាស់យន្តការថយក្រោយទេ ខណៈការបោះឆ្នោតនៅពេលនោះ បានប្រកាសលទ្ធផលជាផ្លូវការ និងទទួលស្គាល់ទាំងអស់គ្នារួចហើយ។
លោកថា ការលើកអំណះអំណាង ឬភ័ស្តុតាងក្នុងសវនាការ ដើម្បីចោទលើលោក កឹម សុខា ដោយចំណាយពេលយូរ និងមិនមានអំណះអំណាងគ្រប់គ្រាន់ ធ្វើឱ្យមតិជាតិ និងអន្តរជាតិដាក់មន្ទិលសង្ស័យទៅលើយន្តការ និងការប្រើប្រាស់ច្បាប់នៅកម្ពុជា។ ដូច្នេះសំណុំរឿងលោក កឹម សុខា តុលាការគួរតែពន្លឿននីតិវិធី ដើម្បីផ្តល់ការជឿជាក់លើមតិជាតិ និង អន្តរជាតិមកលើតុលាការកម្ពុជា។
លោកថា៖ «ខ្ញុំយល់ថា ដំណើរការ និងយន្តការនៃការកាត់ក្តីរបស់លោក កឹម សុខា រហូតមកដល់ពេលនេះហើយ នៅចោទសួររកភ័ស្តុតាងដើម្បីដាក់បន្ទុក។ ខ្ញុំមិនដឹងថា កាត់ក្តីកន្លងមក វាមានខ្លឹមសារ ឬគោលការណ៍បែបណាទេ ដែលរំលាយគណបក្សសង្គ្រោះជាតិរបស់លោក កឹម សុខា កន្លងទៅ។ អានេះជាកិច្ចការមួយដែលមតិជាតិ និងអន្តរជាតិ គេបាត់ជំនឿ ហើយបើអូសបន្លាយកាន់តែយូរថែមទៀត គេបាត់ជំនឿកាន់តែច្រើន»៕