ភ្នំពេញៈ គិត​ចាប់​ពីថ្ងៃ​បង្កើត​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​ឆ្នាំ​ ២០១៤ មកដល់​ដំណាច់​ខែធ្នូ ឆ្នាំ​ ២០២១ កម្ពុជា​បាន​បណ្ដេញចេញ​ជនបរទេស​ខុសច្បាប់​ចំនួន​ ២០ ៨២៤​ នាក់ ក្នុងនោះ​មាន ១០២​ សញ្ជាតិ ហើយ​ក្នុង​ឆ្នាំ​ ២០២១ បាន​បណ្ដេញចេញ​ចំនួន ​៣ ៥៩៤​ នាក់ មាន​ ៤៣ ​សញ្ជាតិ ក្នុងនោះ​សញ្ជាតិ​ច្រើន​ជាងគេ គឺ ថៃ ចិន វៀតណាម និង​នីហ្សេរីយ៉ា​។ នេះ​បើតាម​របាយការណ៍​។

ក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២១ និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កាលពី​ថ្ងៃទី ​៦ មេសា លោក​ ពុំ វិត្យា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ថ្លែង ដោយ​មាន​ឯកសារយោង​ថា ការងារ​ស៊ើបអង្កេត​ និង​អនុវត្ដ​នីតិវិធី ទោះបី​កម្ពុជា​បាន​ពង្រឹង​វិធាន​ការលើក​កម្ពស់​ការត្រួតពិនិត្យ​ផ្ដល់​ទិដ្ឋាការ​ចូល និង​ផ្ដល់​ការអនុញ្ញាត​បន្ត​ការ​ស្នាក់នៅ ក៏ដូចជា​ការ​ត្រួតពិនិត្យ​ការធ្វើដំណើរ​ចូល​តាម​ច្រកទ្វារ​យ៉ាង​ហ្មត់ចត់​ក៏ដោយ ប៉ុន្ដែ​នៅតែ​លេចឡើង​គួរឱ្យ​កត់សម្គាល់​នូវ​ការ​លួច​ជ្រៀតចូល​ដោយ​ខុសច្បាប់​។ ការ​ស្នាក់នៅ​គ្មាន​លិខិតឆ្លងដែន ស្នាក់នៅ​ហួសពេល​កំណត់ ជន​រត់គេច​ពី​សំណាញ់​ច្បាប់​នៃ​ប្រទេស​ដទៃ ព្រមទាំង​ធ្វើ​សកម្មភាព​ល្មើសច្បាប់​ផ្សេងទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បាន​ថ្លែងថា ប្រឈម​នឹង​បញ្ហា​នេះ ដើម្បី​ធានាថា​វត្ដ​មាន​របស់​ជនបរទេស​មាន​ផលវិជ្ជមាន​សម្រាប់​ការអភិវឌ្ឍ​ជាតិ ធានា​ការចូលរួម​ថែរក្សា​សន្តិសុខ សុវត្ថិភាព​សង្គម នាយកដ្ឋាន​បាន​ប្រមូលផ្ដុំ​បង្កើន​វិធានការ ប្រមូល​ព័ត៌មាន និង​ស្រាវជ្រាវ ស៊ើបអង្កេត​ជាប្រចាំ​ដើម្បី​ស្វែងរក​ជនបរទេស​ប្រព្រឹត្ត​ល្មើសច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ជា​លទ្ធផល​ការងារ​ឆ្នាំ​ ២០២១​ បាន​រៀបចំ​នីតិវិធី​បណ្ដេញ​ចេញ​ជនល្មើស​ច្បាប់​ចេញពី​ប្រទេស​កម្ពុជាមាន​ចំនួន​ ៣ ៥៩៤ ​នាក់ មាន​ ៤៣ ​សញ្ជាតិ ក្នុងនោះ​មាន​សញ្ជាតិ​ច្រើនជាង គឺ សញ្ជាតិ​ថៃ ចិន វៀតណាម និង​នីហ្សេរីយ៉ា ជាដើម​»​។

លោក​បាន​បន្តថា​៖ «​បើ​គិត​ចាប់​ពីថ្ងៃ​បង្កើត​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​ឆ្នាំ​ ២០១៤ ​មកដល់​ដំណាច់​ខែធ្នូ ឆ្នាំ​ ២០២១ បាន​បណ្ដេញចេញ​ជនបរទេស​ខុសច្បាប់​បាន​ចំនួន​ ២០ ៨២៤​ នាក់ មាន​ចំនួន ១០២​ សញ្ជាតិ​»​។

លោក​ ពុំ វិត្យា លើកឡើងថា ដើម្បី​ការពារ​ជោគវាសនា​ប្រជាពលរដ្ឋ​ខ្មែរ​ពី​ការបោកប្រាស់​យកទៅ​ជួញដូរ ធ្វើបាប​នៅក្រៅ​ប្រទេស​ក្នុង​ឆ្នាំ​ ២០២១ តាម​សំណើ​របស់​ក្រុមការងារ​ច្រកចេញចូល​តែមួយ​ក្រសួង​មហាផ្ទៃ អគ្គនាយកដ្ឋាន​បាន​ពិនិត្យ​បញ្ជាក់​សមាសភាព​ជនបរទេស ដែល​បាន​ស្នើសុំ​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​ពលរដ្ឋ​ខ្មែរ​ចំនួន​ ៥៨១ ​នាក់ មាន​ ២៣ ​សញ្ជាតិ បាន​ឆ្លើយតប​ទាន់ពេលវេលា​តាម​ការស្នើសុំ​ផងដែរ​។

លោក​ថា ក្រៅពីនេះ អគ្គនាយកដ្ឋាន​បាន​យក​ចិត្ដទុកដាក់​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្ដាប់​ព័ត៌មាន​ទាក់ទិន​នឹង​សកម្មភាព​ជនបរទេស​ ដើម្បី​ចូលរួម​ដោះស្រាយ និង​មាន​វិធានការ​ទប់ស្កាត់​ទាន់​ពេលវេលា​។ ក្នុងនោះ​ក្រុម​ការងារ​ក្ដាប់​បទល្មើស​ជនបរទេស ដោយបាន​រកឃើញ និង​បង្ក្រាប​ជនបរទេស​ល្មើសច្បាប់​ចំនួន​ ៨៩៦ លើក ជនសង្ស័យ​មាន ៤ ៣១១ ​នាក់ មាន​ ២២ ​សញ្ជាតិ​។ ក្នុងនោះ​មាន​ករណី​ឃាតកម្ម​ ៣ ​លើក ជនសង្ស័យ​ ៥ ​នាក់ និង ២- សញ្ជាតិ​។​សញ្ជាតិ​ចិន​ ៤​ នាក់ និង​កូរ៉េ​ ១ ​នាក់ កើតឡើង​នៅ​ខេត្ដ​ព្រះសីហនុ និង​ខេត្ដ​បន្ទាយមានជ័យ រួម​នឹង​ករណី​កើតឡើង​មួយចំនួនទៀត គឺពាក់ព័ន្ធ​ភាគច្រើន​ជា​ករណី​គ្រឿងញៀន​។

ទាក់ទង​នឹង​ការគ្រប់គ្រង​ការស្នាក់នៅ​របស់​ជនបរទេស លោក​ឱ្យដឹងថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ខិតខំ​បង្កើន​ការគ្រប់គ្រង​វត្ដមាន​ស្នាក់អាស្រ័យ​នៅ​កម្ពុជា​របស់​ជនបរទេស​គ្រប់​ប្រភេទ​ក្នុង​គោលដៅ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម និង​ការអភិវឌ្ឍ​ជាតិ​។

ការគ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍ ជនបរទេស​អន្តោប្រវេសន៍ ដែល​បានដាក់​ពាក្យស្នើសុំ​ទទួលស្គាល់ និង​បណ្ណ​ស្នាក់នៅ​អចិន្រៃ្តយ៍​គិត​ត្រឹម​ថ្ងៃ​បិទ​ឱសានវាទ ថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ​ ២០១៩ យុទ្ធនាការ​ជំរឿន​ស្ថិតិ និង​ដកហូត​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី​មាន​ចំនួន ​២៨ ៩៤៥ ​គ្រួសារ ក្នុងនោះ​មាន​មនុស្ស​ចំនួន​ ៨៩ ៧៨៦ ​នាក់​។

លោក​បន្តថា ដើម្បី​គ្រប់គ្រង ក្រសួង​មហាផ្ទៃ​បានផ្ដល់​បណ្ណ​ស្នាក់នៅ​អចិន្រៃ្តយ៍​ជូន​អ្នក​ដែលមាន​អាយុ​ ១៨ ​ឆ្នាំ​ឡើងទៅ​ចំនួន ៦៥ ១៦៨ ​នាក់​។ ជាមួយគ្នា​នោះបាន​ផ្ដល់​បណ្ណ​បន្ត​សុពលភាព​ដែលមាន​រយៈពេល​ ២ ​ឆ្នាំ​ម្ដង​សរុប​ចំនួន​ ១៩ ៥៦១​បណ្ណ​ក្នុង​នោះបាន​បន្ត​សុពលភាព​លើក​ទី ​១ ចំនួន​ ១៥ ៩៣៣ ​នាក់ លើក​ទី​ ២ ចំនួន​ ៣ ៥៦៧ នាក់ លើក​ទី​ ៣ ចំនួន​ ៥២​ នាក់ និង​លើក​ទី​ ៤ ចំនួន​ ៩​ នាក់​។

លោក​ ពុំ វិត្យា លើកឡើង​តាម​ការស្រាវជ្រាវ​ទិន្នន័យ​នៃ​ការផ្ដល់​បណ្ណ​ស្នាក់នៅ​អចិន្រៃ្តយ៍ ពិនិត្យឃើញថា មាន​ជនបរទេស​អន្តោប្រវេសន៍​ចំនួន​ ៦ ៦១៤​ នាក់ ដែល មិន​មក​បន្ត​សុពលភាព អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កំពុងមាន​វិធានការ​ដើម្បី​ជំរុញ​ឱ្យ​ពួកគេ​គោរព​ត្រឹមត្រូវ​តាមច្បាប់​កំណត់​។

លោក​ឱ្យដឹងថា អគ្គនាយកដ្ឋាន​បានទទួល​ពាក្យ​បណ្តឹងតវ៉ា​ទាមទារ​សញ្ជាតិ​ខ្មែរ​ពី​ជនបរទេស ដែល​ត្រូវបាន​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី​ចំនួន ១២៥​ បណ្តឹង មាន​មនុស្ស​រួម​ចំនួន​ ៥៥៣ ​នាក់​។ ក្នុងនោះ​ឈប់ ប្ដឹងតវ៉ា​ជា​ខ្មែរ និង​វាយតម្លៃ​ជា​ជនជាតិ​វៀតណាម ចំនួន​ ៦៤​ បណ្តឹង មនុស្ស​រួម​ ២៧៧ ​នាក់ បានសម្រេច ជា​ខ្មែរ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ៥៣ ​បណ្តឹង​មនុស្ស​រួម​ចំនួន​ ២៤១ ​នាក់​ផងដែរ​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក ​គៀត ច័ន្ទថារិទ្ធ ថ្លែង​ក្នុង​ពិធី​នោះ​ថា ដោយសារ​ឥទ្ធិពល​នៃ​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ប៉ះពាល់​ដល់​សុខុមាលភាព អាយុជីវិត ព្រមទាំង​បានធ្វើឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ទាំង​មូល​មាន​ការ​ធ្លាក់ចុះ​គួរឱ្យ​កត់សម្គាល់​។ ចំណែក​ប្រទេស​កម្ពុជា ក៏បាន​ប្រឈម​ខ្លាំង​ចំពោះ​បញ្ហា​កូវីដ​ ១៩ ដែល​បាន​ឆ្លង​ចូលក្នុង​សហគមន៍​ចាប់ពី​ថ្ងៃទី​ ២០ ខែកុម្ភៈ ឆ្នាំ​ ២០២១​។ ប៉ុន្ដែ​រាជរដ្ឋាភិបាល​បាន​ចាត់​វិធានការ​ទប់ស្កាត់​ទាន់​ពេលវេលា ជា​បន្តបន្ទាប់ ពិសេស​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ឈានដល់​កាត់បន្ថយ​ការស្លាប់ ការឆ្លង​ថ្មី រហូត​អាច​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​ថែមទៀត​។

លោក​ឱ្យដឹងថា ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅបាន​បំពេញភារកិច្ច​ផ្សេងៗ​ទៀត​ដែលជា​កិច្ចការ​ស្នូល​របស់ខ្លួន តាម​តួនាទី​ភារកិច្ច​ដែល​ក្រសួង​បានប្រគល់​ជូន ដោយ​សម្រេចបាន​លទ្ធផល​ធំធេង គួរ​ជា​ទីមោទនៈ ទាំង​លើ​ការងារ​គ្រប់គ្រង​ការចេញចូល​ប្រទេស​។ ការផ្ដល់​ទិដ្ឋាការ បន្ត​ទិដ្ឋាការ​ស្នាក់នៅ​បណ្ដោះអាសន្ន ការគ្រប់គ្រង​វត្ដមាន​ស្នាក់នៅ​ជាក់ស្ដែង​របស់​ជនបរទេស​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ការគ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍ ការធ្វើ​អធិការកិច្ច​ហត្ថ​ពលករ​បរទេស ការអនុវត្ដ​ការងារ​នីតិវិធី​ចំពោះ​អ្នក​សុំ​សិទ្ធិ​ជ្រោក​កោន និង​ជនភៀសខ្លួន ព្រមទាំង​ការងារ​ស្រាវជ្រាវ​ស៊ើបអង្កេត​អនុវត្ដ​នីតិវិធី​ការបណ្ដេញ​ចេញ​ជាដើម​។

លោក​ គៀត ច័ន្ទថារិទ្ធ បាន​ថ្លែងថា​៖ «​ប៉ុន្ដែ​ទោះបីជា​យ៉ាងនេះ​ក្ដី យើង​ក៏​នៅ​ជួបប្រទះ​បញ្ហា​ប្រឈម​នានា​ជាច្រើន​ក្នុង​ក្របខ័ណ្ឌ​នៃ​តួនាទី​ភារកិច្ច និង​ការទទួល​ខុសត្រូវ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​»៕

វីដេអូ៖