ភ្នំពេញៈ អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៧ និង​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម (NSPC) បាន​សហការគ្នា​រៀបចំ​នូវ​យុទ្ធនាការ​ផ្សព្វផ្សាយ​នៅ​ទូទាំង​ប្រទេស​ស្តីពី​កិច្ច​គាំពារ​សង្គម ដែល​ផ្តោត​ជា​ចម្បង​ពី​សារៈសំខាន់​នៃ​បណ្ណ​សមធម៌ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ និង​មូលនិធិ​សមធម៌​សុខាភិបាល​ផងដែរ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួមគ្នា​ពី​ដៃគូ​អង្គការ​សង្គម​ស៊ីវិល​ផ្សព្វផ្សាយ​អំពី​កិច្ចគាំពារ​សង្គម ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ៦ ខែមេសា បានឱ្យដឹងថា អង្គការ​អុកស្វាម (Oxfam) រួមជាមួយ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៦ និង​ក្រុមប្រឹក្សាជាតិ​គាំពារ សង្គម (NSPC) បាន​សហការគ្នា​រៀបចំ យុទ្ធនាការ​ផ្សព្វផ្សាយ​ទូទាំង​ប្រទេសមួយ​ស្តីពី​កិច្ចគាំពារ​សង្គម ដោយមាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​ក្រសួង​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​សហព័ន្ធ​អាល្លឺម៉ង់ (BMZ) តាមរយៈ​អង្គការ GIZ​។

ដៃគូ​សង្គម​ស៊ីវិល​ក្នុង​គម្រោង​នេះ​រួមមាន អង្គការ​ជនជាតិដើម​ភាគតិច​កម្ពុជា (CIPO) គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា (CCC) បណ្តាញ​កសិករ និង​ធម្មជាតិ (FNN) អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល

(FACT) គណៈកម្មាធិការ​សម្របសម្រួល​សកម្មភាព​សុខភាព (HACC) និង​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGOF)​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​លើកឡើងថា យុទ្ធនាការ​នេះ​ផ្តោត​ជា​ចម្បង​លើ​សារៈសំខាន់​នៃ​បណ្ណ​សមធម៌ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ និង​មូលនិធិ​សមធម៌​សុខាភិបាល ដែល​កំពុង​ត្រូវបាន​ផ្សព្វផ្សាយ​តាម​គ្រប់​មធ្យោបាយ​ដែល​អាចធ្វើ​ទៅបាន​ដូចជា វិទ្យុ​ក្នុងស្រុក ដំណឹង​តាម​ប្រព័ន្ធ​អនឡាញ បណ្តាញ​សង្គម ក្រុម​តេឡេក្រាម ការប្រជុំ​ដោយផ្ទាល់​នៅតាម​សហគមន៍​។

ប្រភព​ដដែល​បាន​បន្តថា ការផ្សព្វផ្សាយ​តាម​គ្រប់​មធ្យោបាយ​ទាំងនេះ ជាការ​ផ្តល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅក្នុង​តំបន់​ដាច់ស្រយាល​បំផុត ហើយ​ដើម្បី​ធានា​បរិយាប័ន្ន​ក្រុម​ជនជាតិដើម​ភាគតិច កម្មវិធី​សម្ភាសន៍​តាម​វិទ្យុ​ក៏មាន​ផ្តល់ជូន​ជា​ភាសា​ក្នុងស្រុក ដូចជា ព្នង គ្រឹង កួយ ទំពួន និង​ចារ៉ាយ​ផងដែរ​។

យោងតាម​ការវាយតម្លៃ​មួយ​ដែល​ធ្វើឡើង​ដោយ​អង្គការ​អុកស្វាម​ពី​កម្រិត​នៃ​ការយល់ដឹង និង​ការទទួលបាន​ព័ត៌មាន​ស្តីពី​គម្រោង​គាំពារ​សង្គម​ក្នុងចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បានចេញ​ផ្សាយ​កាលពី​ខែតុលា ឆ្នាំ​ ២០២១ កន្លងទៅ បាន​បង្ហាញថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ និង​មូលនិធិ​សមធម៌​សុខាភិបាល​មិន​ត្រូវបាន​ប្រជាពលរដ្ឋ​កម្ពុជា​ស្គាល់​ជាទូទៅ​នៅឡើយ​។

តាម​ការសិក្សា​នេះ​ ៥៤% នៃ​អ្នក​ឆ្លើយតប​នឹង​បទសម្ភាស​បានដឹង​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ ហើយ​ចំនួន​ ៤១% បានដឹង​អំពី​មូលនិធិ​សមធម៌​សុខាភិបាល​។

នាយិកា​អង្គការ​អុកស្វាម​លោកស្រី ភាណ សោភ័ណ បានឱ្យដឹងថា កិច្ច​គាំពារ​សង្គម ជា​ឧបករណ៍​ដ៏សំខាន់​មួយ​សម្រាប់​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​របស់​ប្រជាជន​ពី​ផលប៉ះពាល់​សេដ្ឋកិច្ច បរិស្ថាន និង​សង្គម​នៅ​ទូទាំង​វដ្ត​ជីវិត​របស់​ពួកគេ​។

លោកស្រី​មានប្រសាសន៍ថា៖ «​កិច្ច​គាំពារ​សង្គម​បានបង្ហាញ​ពី​សក្តានុពល​ក្នុងការ​គាំទ្រ​បុគ្គល​ដែល​រស់នៅក្នុង​ភាពក្រីក្រ ឬ​បុគ្គល​ដែល​ប្រឈមមុខ​នឹង​ការធ្លាក់​ចូលទៅក្នុង​ភាពក្រីក្រ​វិញ​។ ដូច្នេះ នេះ​ជាការ​ចាំបាច់​ និង​បន្ទាន់​ដែល​ត្រូវ​ធ្វើការ​សម្របសម្រួល​កិច្ចសហការ​ពហុភាគី ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះខាត​ចំណេះដឹង និង​ការយល់ដឹង​នេះ​»​។

ជាមួយ​គ្នានេះដែរ លោក​ ចន ណារិទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សាជាតិ​គាំពារ​សង្គម​បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា​ជាការ​សំខាន់​ណាស់​ដែល​ត្រូវធ្វើ​ការលើក​កម្ពស់​ការយល់ដឹង​របស់​សាធារណជន​អំពី​ប្រព័ន្ធ​គាំពារ​សង្គម​កម្ពុជា និង​អភិវឌ្ឍ​វប្បធម៌​នៃ​ការយល់ដឹង​អំពី​កិច្ច​គាំពារ​សង្គម​ឈានទៅ​ពង្រីក​ការអភិវឌ្ឍ ប្រព័ន្ធ​គាំពារ​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​បន្ថែមទៀត​។

លោក​បន្ថែមថា​៖ «​យើង​មាន​ការទទួល​ខុសត្រូវ​ក្នុងការ​អប់រំ​សាធារណជន​អំពី​អត្ថប្រយោជន៍​ដែល​ប្រព័ន្ធ​ជំនួយ​សង្គម និង​សន្តិសុខ​សង្គម​ផ្តល់ជូន​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​។ បុគ្គល​ដែល​ទទួលបាន​ព័ត៌មាន​ច្បាស់​អំពី​អត្ថប្រយោជន៍​នៃ​កិច្ចគាំពារ​សង្គម នឹង​កាន់តែ​សកម្ម​ក្នុងការ​ប្រើប្រាស់​កម្មវិធី​នេះ​»​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​គំនិត​ផ្តួចផ្តើម​នេះ​គាំទ្រ​ដល់​ការបង្កើត​យន្តការ​ផ្សព្វផ្សាយ​ជាតិ​គាំពារ​សង្គម ដែលជា​កិច្ចសហការ​រវាង​ក្រុមប្រឹក្សាជាតិ​គាំពារ​សង្គម ដែល​រួមមាន​ក្រសួង-​ស្ថាប័ន​ចំនួន ១១ អង្គការ​អុកស្វាម និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៦ ដែល​តំណាងឱ្យ​អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​នៅ​ថ្នាក់​សហគមន៍ ចំនួន​ជាង ៧០០​។

យោងតាម​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ឱ្យដឹងថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​-១៩ ចាប់ពី​ថ្ងៃទី​ ២៥ ខែមិថុនា ឆ្នាំ​ ២០២០ មកដល់​បច្ចុប្បន្ននេះ បាន​ចំនួន ៨​ ជុំ មាន​ ២១ ​លើក​រួចមកហើយ​។

ក្រសួង​បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី ​២៤ ខែមីនា រាជរដ្ឋាភិបាល​បានផ្តល់​ប្រាក់ឧបត្ថម្ភ​ចំនួន ៦២២,៩២ លាន​ដុល្លារ​អាមេរិក ទៅដល់​គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ ចំនួន​ ៦៩ ​ម៉ឺន​គ្រួសារ​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាជាតិ​គាំពារ​សង្គម បាន​ថ្លែង​ក្នុង​ពិធី​បើក​កម្មវិធី​សប្តាហ៍​គាំពារ​សង្គម​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​ថា ឥទ្ធិពល​នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ មិន​ត្រឹមតែ​មិនបាន​បន្ទច់បង្អាក់​ការខិតខំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​ប៉ុណ្ណោះ​ទេ វិបត្តិ​នេះ ថែមទាំង​បាន​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​បង្កើន​ការយកចិត្ត​ទុកដាក់​កាន់តែខ្លាំង​ឡើង​ក្នុង​ការកសាង​ប្រព័ន្ធ​គាំពារ​សង្គម​មួយ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។

លោក​ថា រាជរដ្ឋាភិបាល​ក៏បាន​យកចិត្ត​ទុកដាក់​ជាពិសេស ដោយ​ផ្តោត​សំខាន់​លើ​ការកសាង «​ភាពធន់​-Resilience»​ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​នានា​ផងដែរ​៕