ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ចំនួន​ជិត ៣០ នាក់ បន្ថែម​ទៀត​ដែល​សុទ្ធ​តែជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង​ទាំង​អស់ និង​មាន​អ្នកជា​សះស្បើយ​បន្ថែម​ចំនួនជិត​ ៧០ ​នាក់​ផង​ដែរ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ថ្មីដោយ​សារ​មេ​រោគ​កូ​វីដ ១៩ ឡើ​យ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី ​៧ ខែ​ មេសា ឆ្នាំ ​២០២២ ​បាន​បញ្ជាក់​ថា មនុស្ស​ចំនួន ២៧​ នាក់​ទៀត ​មាន​ឆ្លង​វីរុស​កូ​វីដ ១៩ និង​មាន​អ្នកជា​សះ​ស្បើយ​ចំនួន ៦៨ នាក់។ ការ​រកឃើញ​នេះ​មាន​ករណី​ឆ្លង​សហ​គមន៍​ចំនួន​ ២៧ ​នាក់ និង​មិន​មាន​ការ​រក​ឃើញ​ឆ្លង​លើ​អ្នក​ដំណើរ​ពី​បរទេស​ទេ​។

គិត​ត្រឹម​ព្រឹកថ្ងៃទី​ ៧ ខែ មេសា ឆ្នាំ​ ២០២២ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ទូទាំង​ប្រទេស​ចំនួន ១៣៥ ៨៦១​ នាក់ ​អ្នកជា​សះ​ស្បើយ សរុប​ចំនួន​ ១៣២ ៥១៧ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ៣ ០៥៥ នាក់​៕