The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សាលាឧទ្ធរណ៍​ភ្នំពេញ​ បើកសវនាការ​សំណុំរឿង​ឃាតកម្ម​ដោយ​អំពើ​អាបធ្មប់

សាលាឧទ្ធរណ៍​ភ្នំពេញ​ បើកសវនាការ​សំណុំរឿង​ឃាតកម្ម​ដោយ​អំពើ​អាបធ្មប់

Content image - Phnom Penh Post
ជនជាប់ចោទ​ក្នុង​ករណី​ឃាតកម្ម​រឿង​អាបធ្មប់​។ រូបថត FB

សាលាឧទ្ធរណ៍​ភ្នំពេញ​ បើកសវនាការ​សំណុំរឿង​ឃាតកម្ម​ដោយ​អំពើ​អាបធ្មប់

ភ្នំពេញៈ សាលាឧទ្ធរណ៍​ភ្នំពេញ​នៅ​ថ្ងៃទី​ ៦ ​មេសា​បាន​លើកយក​សំណុំរឿង​សម្លាប់​បុរស​ម្នាក់​ដោយ​ចោទថា​ចេះ​អំពើ​អាបធ្មប់​មក​បើកសវនាការ​ជំនុំជម្រះ​ដែលមាន​ជន​ជាប់ចោទ​ម្នាក់​ក្នុងចំណោម​ ១៦ ​នាក់​ប្រព្រឹត្ត​អំឡុង ខែ​មេសា ឆ្នាំ​ ២០១៤ នៅ ភូមិ​ព្រៃជន្លួញ ឃុំ​ក្រាំងលាវ ស្រុក​បាទី ខេត្តតាកែវ​។

នៅក្នុង​បន្ទប់​សវនាការ​នៃ​សាលាឧទ្ធរណ៍​ភ្នំពេញ​នៅ​ថ្ងៃទី​ ៦​ មេសា​ដែលមាន លោក​ចៅក្រម ស៊ិន វិសាល ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ក្នុងចំណោម​ចៅក្រម​ប្រឹក្សា​ ៣ ​រូប ជនជាប់ចោទ​ឈ្មោះ ឃុន វានា ហៅ អាវ៉ា អាយុ​ ៤០ ​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល​ជ្រៃ ឃុំ​ក្រាំងលាវ ស្រុក​បាទី បាន​និយាយប្រាប់​ចៅក្រម​ថា កាលពី​ល្ងាច ថ្ងៃទី​ ២៧​ មេសា ឆ្នាំ​ ២០១៤​ នៅ​ភូមិ​ព្រៃ​ជន្លួញ ឃុំ​ក្រាំងលាវ ស្រុក​បាទី មាន​មនុស្ស​ក្មេង​ចាស់​ប្រហែល​ ៥០០​ នាក់​មកពី​ ៣ ​ភូមិ​បាននាំគ្នា​ស្រែក​នៅ​ពីមុខ​ផ្ទះ​បុរស​ឈ្មោះ ពៅ សុវណ្ណ អាយុ​ ៣៥ ​ឆ្នាំ​ដោយ​ចោទថា បុរស​ម្នាក់​នោះ​ចេះ​អំពើ​អាប​ធ្មប់​ហើយ​ស្រែក​ជំរុញ​ឱ្យ​អ្នកចូលរួម​សម្លាប់​គាត់​ចោល​។

ជនជាប់ចោទ​បន្តថា ពេលនោះ​រូបគាត់​បាន​ដើរ​មកពី​ភូមិ​ឈើទាល​ជ្រៃ ឃុំ​ក្រាំងលាវ ស្រុក​បាទី ហើយ​បានឮ​សំឡេង​អ្នកភូមិ​ស្រែក​ជំរុញ​ឱ្យ​វាយ​សម្លាប់​ជនរងគ្រោះ​ឈ្មោះ ពៅ សុវណ្ណ ហើយ​គាត់​ក៏​ស្រែក​បន្ទរ​ឱ្យ​សម្លាប់​ជនរងគ្រោះ​ដូច​គេ​ដែរ​។ នៅពេលនោះ​គាត់​បានឃើញ​ហ្វូងមនុស្ស​បាន​សម្រុក​ឡើង​លើផ្ទះ​របស់​ជនរងគ្រោះ​ហើយ​ព្រួត​គ្នា​យក​ដំបង​ឈើ​វាយ​ជនរងគ្រោះ និង​គប់​ដុំថ្ម​បណ្តាលឱ្យ​ជនរងគ្រោះ​ដាច់ខ្យល់​ស្លាប់​នៅ​កន្លែង​កើតហេតុ​។ បន្ទាប់ពី​កើតហេតុ​គាត់​មិនបាន​រស់នៅក្នុង​ភូមិ​ទេ ហើយ​គាត់​ត្រូវបាន​នគរបាល​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ​ខេត្តតាកែវ​នៅ​ថ្ងៃទី​ ២៤ កញ្ញា ឆ្នាំ​ ២០១៧​ ពេល​គាត់​ចូល​ក្នុងភូមិ​របស់គាត់​។

ជនជាប់ចោទ​និយាយថា​៖ «​ខ្ញុំ​មិនបាន​ចូលរួម​វាយ​សម្លាប់​ជនរងគ្រោះ​ទេ ហើយ​សមាជិក​ក្នុង​គ្រួសារ​របស់ខ្ញុំ​ក៏​គ្មាន​អ្នកណា​ឈឺ​ស្លាប់​ដែល​សង្ស័យថា​ជនរងគ្រោះ​ធ្វើអំពើ​អាបធ្មប់​ដែរ​។ តែ​នៅថ្ងៃនោះ​ខ្ញុំ​បាន​ស្រែកថា​សម្លាប់​ទៅៗ​តាម​គេ​ដែរ​»​។

សំណុំ​រឿងនេះ​ត្រូវបាន​សាលាដំបូង​បើកសវនាការ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ១​ កុម្ភៈ ឆ្នាំ ២០១៨ សម្រេច​ផ្តន្ទាទោស​បុរស​ចំនួន​ ១៦​ នាក់​ក្នុងនោះ​មាន​គាត់​ម្នាក់​ផងដែរ​ឱ្យ​ជាប់ពន្ធនាគារ​ម្នាក់​ ១៣​ ឆ្នាំ​ដោយ​ប្តូរ​បទ​ចោទ​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន​មកជា​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​បណ្តាលឱ្យ​ជនរងគ្រោះ​មរណភាព​។

ជនជាប់ចោទ​និយាយ​ក្នុង​សវនាការ​ថា​៖ «​ខ្ញុំ​ជាប់​ពន្ធនាគារ​បាន​ ៥ ​ឆ្នាំ​ហើយ ហើយ​ខ្ញុំ​សូម​ចៅក្រម​មេត្តា​បន្ថយទោស​ដល់​ខ្ញុំ​ផង​ ដើម្បី​ឆាប់​បាន​ចេញទៅ​ជួបជុំ​ប្រពន្ធ​កូន​ខ្ញុំ​វិញ​។ ខ្ញុំ​គ្រាន់តែ​បាន​ចូលរួម​ស្រែក​​ជាមួយ​គេ តែ​ខ្ញុំ​មិនបាន​សម្លាប់​ជនរងគ្រោះ​ទេ​»​។

លោក ជា ម៉េត តំណាង​មហាអយ្យ​ការធ្វើ​សេចក្តី​សន្និដ្ឋាន​ថា តាម​ការសិក្សា​អង្គហេតុ និង​ស្តាប់​ចម្លើយ​របស់​ជន​ជាប់ចោទ​បង្ហាញថា ការឆ្លើយ​ដោះសារ​របស់​ជនជាប់ចោទ​មិនអាច​ឱ្យ​តុលា​ការជឿ​បានទេ​ហើយ​គាត់​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​របស់​តុលាការ​ខេត្តតាកែវ​ពិតប្រាកដ​មែន​។

លោក​ថ្លែងថា​៖ «​សាលក្រម​របស់​សាលាដំបូង​ខេត្តតាកែវ បានសម្រេច​សេចក្តី​នេះ​ត្រឹមត្រូវ​តាមច្បាប់​ហើយ​។ ខ្ញុំ​សូម​តម្កល់​សាលក្រម​ទុកជា​បានការ​ដដែល​»​។

លោក​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ​ដែល​ស្នើ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​បាន​សន្និដ្ឋាន​នៅក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃទី​ ៦ ​មេសា​ថា តាម​ការ​ស្តាប់​ចម្លើយ និង​តាម​ការសិក្សា​អង្គហេតុ​បញ្ជាក់ថា​កូនក្តី​លោក​ពិតជា​បាន​ស្រែក​ឱ្យ​អ្នកភូមិ​សម្លាប់​ជនរងគ្រោះ​មែន​៖ «​ប៉ុន្តែ​ខ្ញុំ​ស្នើសុំ​តុលាការ​បន្ថយទោស​ដល់​រូបគាត់​ផង​»​។ ក្រោយពី​បើកសវនាការ​រយៈពេល​ជាង​កន្លះ​ម៉ោង​មក​លោក​ចៅក្រម ស៊ិន វិសាល ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែងថា សាលដីកា​នេះ​ប្រកាស​នៅ​ថ្ងៃទី​ ២៦ ​មេសា​៕

អត្ថបទគួរចាប់អារម្មណ៍