ភ្នំពេញៈ ក្រុមហ៊ុន​ធំៗ​ចំនួន​ ១៨ ​នឹង​ផ្តល់ ឱកាស​ការងារ​ចំនួន ៣ ២១៦ កន្លែង ក្នុង​មុខ​ជំនាញ​ផ្សេងៗ​គ្នា​ជា​ច្រើន​ដល់​ប្រជា​ពលរដ្ឋ និង​សិស្ស​និស្សិត​កម្ពុជា នៅក្នុង​វេទិកា​ការងារ​របស់ មជ្ឈ​មណ្ឌល​ការងារ​ រាជ​ធានី​ភ្នំពេញ​នៃ​ ទីភ្នាក់​ងារ​ជាតិ​មុខ​របរ​ និង​ការ​ងារ ​(NEA)​នៃ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ នៅ​ថ្ងៃទី ៨​ ខែ​ មេសា ​ឆ្នាំ ​២០២២​​។​

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈ​មណ្ឌល​ការងារ​ រាជ​ធានី​ភ្នំពេញ​នៃ​ ទីភ្នាក់​ងារ​ជាតិ​មុខរបរ​ និង​ការងារ​ នៅ​ថ្ងៃទី ៧​ខែមេសា​នេះ ​ឱ្យដឹង​ថា​វេទិកា​ការងារ​ សហ​ការ​រៀប​ចំ​ដោយ​ទីភ្នាក់​ងារ​ជាតិ​មុខរបរ​ និង​ការងារ​ (NEA)​ នៃ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ ​ជា​មួយ​នឹង​សហភាព​ សហ​ព័ន្ធ​យុវជន​កម្ពុជា​នៅ​ថ្ងៃទី ​៨ ខែមេសា ​ឆ្នាំ ​២០២២​ ចាប់​ពី​ម៉ោង ​៨:០០​រសៀល ​ដល់​ម៉ោង​ ០៥:០០​ ល្ងាច ​នៅ​ក្នុង​បរិវេណ ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​។​

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្តថា​ ចំពោះ​សិស្ស​និស្សិត​ និង​អ្នក​កំពុង​តែ​ស្វែងរក​ការងារ​ ឬ​ចង់​ផ្លាស់​ប្តូរ​ការងារ​អាចយ​ក ​ប្រវត្តិ​រូប​សង្ខេប ​(CV)​ ដើម្បី​ចូល​រួម​ដាក់​ពាក្យ​ផ្ទាល់​ និង​សម្ភាស​ផ្ទាល់​ ជា​មួយ​អ្នក​តំណាង​ក្រុមហ៊ុន​ទាំង​នោះ​បាន​ភ្លាមៗ​ក្នុង​ថ្ងៃ​តែ​មួយ​តែម្តង​។​

បើតាម​មជ្ឈ​មណ្ឌល​ការងារ​ រាជធានី​ភ្នំពេញ​ ក្រុមហ៊ុន​ធំៗ​ទាំង​១៨ ដែល​នឹង​ចូលរួម​ជ្រើសរើស​បុគ្គលិក​ក្នុង​វេទិកា​ការងារ​របស់​NEA នោះ​រួមមាន​៖ ធនាគារ​កាណាឌីយ៉ា​, គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ អេ អឹម ខេ ភីអិលស៊ី , ​ក្រុមហ៊ុន​ EMD (F&B) Co.,ltd, GGear Group Co., Ltd, Kim Mex Construction and Investment Co., LTD, ​ក្រុម​ហ៊ុន​ CHIP MONG GROUP, TH GROUP, PHNOM PENH HOTEL, ម៉ា​ស្ទ័​រ ស៊ុ​គី​ស៊ុប​, DEWHIRST EST.1880, DENSO (CAMBODIA) CO., LTD , BIMA, LOPFORM, KK FUND LEASING PLC, ​ក្រុម​ហ៊ុន​ជប៉ុន ​Sumi (Cambodia) Wiring System CO.LTD, និង ក្រុម​ហ៊ុន​ជប៉ុន ​Minebea Mitsumi, CC-REALTY​។​​

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​សរសេរ​ថា​៖ «​រាល់ពេល​នៃ​ការ​រៀបចំ​វេទិកា​ការងារ​ ឬ​កិច្ច​សម្ភាសន៍​ការងារ ​ទីភ្នាក់​ងារ​ជាតិ​មុខរបរ​ និង​ការងារ​ តែងតែ​អនុវត្តន៍​យ៉ាង​ម៉ត់ចត់​នូវ​វិធាន​ការណ៍​សុវត្ថិ​ភាព​ ស្របតាម​ ការ​ណែ​នាំ​របស់​ក្រសួង​សុខាភិ​បាល​គឺ ៣​ការពារ ៣​កុំ ដើម្បី​ទប់ស្កាត់​ ការ​ឆ្លង និង​រីក​រាល​នៃ​ជំងឺ កូ​វីដ​-១៩​ ដើម្បី​អាច​ធានា បាន​នូវ​សុវត្ថិភាព ​និង​ទំនុក​ចិត្ត​ក្នុងការ​ជ្រើសរើស​កម្លាំង​ពលកម្ម​ និង​ទទួល​បាន​ឱកាស ​ការងារ ​សម្រាប់​ភាគី​និយោ​ជក និង​អ្នក​ស្វែង​រក​ការងារ​»​។​​

លោក ​ឆោម​ សុខឿន​ ប្រធាន​ស្តីទី​ មជ្ឈ​មណ្ឌល​ការងារ​ រាជ​ធានី​ភ្នំពេញ​នៃ ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ន​ភៅ​ថ្ងៃទី ៧​ ខែមេសាថា​ មជ្ឈម​ណ្ឌល​ការងារ​ រាជធានី​ភ្នំពេញ​ ក៏​ដូចជា​មជ្ឈ​មណ្ឌល​ការងារ​នៅ​តាម​បណ្តា​ខេត្ត​នៃ ទីភ្នាក់​ងារ​ជាតិ​មុខ​របរ ​និង​ការងារ ​តែង​តែ​រៀបចំ​ឱ្យមាន​វេទិកា​ការងារ​ និង​កិច្ច​សម្ភាសន៍​ការងារ​​។​

លោក​បន្ត​ថា​ វេទិកា​ការងារ​នេះ ​គឺមាន​សារៈ​សំខាន់ ​ព្រោះ​អនុញ្ញាត​ឱ្យមាន​ការ​ជួប​ជុំគ្នា​រវាង​និយោជក​ និង​អ្នកស្វែង​រក​ការងារ​ធ្វើ នៅ​ទីតាំង​មួយ​កន្លែង។​ បន្ថែម​ពីនេះ ​និយោជក​ គឺ​មាន​ឱកាស​ក្នុងការ​ផ្សព្វផ្សាយ​ការងារ​ ដល់​អ្នក​ស្វែង​ការងារ​ធ្វើ​ ដែល​កន្លង​ទៅ មជ្ឈ​មណ្ឌល​ការងារ​ រាជ​ធានី​ភ្នំពេញ​ តែង​តែង​រៀបចំ​ផ្សព្វផ្សាយ​ដោយផ្ទាល់​ ប៉ុន្តែ​ ប្រកាន់​ភ្ជាប់​នូវ​វិធាន​ការ ៣​កុំ ៣ ​ការពារ​និង​តាម​អន​ឡាញ ដើម្បី​ផ្តល់​ឱកាស​ការងារ​ដល់​សិស្ស​និ​ស្សិ និង​ប្រជា​ពលរដ្ឋ​ខ្មែរ​​។​​

លោក​ថ្លែង​ថា​៖ ​«​កា​រ​រៀបចំ​តាម​អន​ឡាញ​អត់​សូវ​មាន​អ្នក​ចូលរួម​ច្រើន​ទេ វា​អត់​ដូច​ការរៀ​ប​ចំ​ផ្ទាល់​ទេ។ ​ដូច្នេះ​​សម្រាប់​បង​ប្អូន​សិស្ស​និស្សិត ​ដែល​មាន​ការ​ចូលរួម​មានការ​ចាប់​អារម្មណ៍​ នៅ​ក្នុង​វេទិកា​ការងារ​ដែល​ត្រូវ​រៀបចំ​ផ្ទាល់ គឺ​ការ​រៀបចំ​ផ្ទាល់​នេះ​ គឺ​ពួក​គាត់​អាច​ជួប​ជា​មួយ​នឹង​និយោជក និង​ក្រុមហ៊ុន​ភ្លាមៗ ​និង​ដឹង​ភ្លាមៗ ​ជាប់ ឬ​មិន​ជាប់​»​។​

បើតាម​ លោក​ ឆោម​ សុខឿន​ គិត​ត្រឹម​បំណាច់​ត្រីមាស​ទី ១​ ឆ្នាំ ​២០២២ ​និង​លើក​នេះ​ មជ្ឈ​មណ្ឌល​ការងារ​ រាជ​ធានី​ភ្នំពេញ​ ៥ ដង​ ហើយ ​ដោយ​រំពឹង​ថា​ វេទិកា​លើក​នេះ ​នឹ​​ង​ទទួល​បាន​ចាប់​អារម្មណ៍​ច្រើន​ពី​សិស្ស​និស្សិត​ និង​ប្រជា​ពលរដ្ឋ​ខ្មែរ ព្រោះ​កន្លង​មក​នេះ ​ពួក​គាត់​បាន​ទាក់​ទង​មក​មជ្ឈ​មណ្ឌល ​និង​ម្យ៉ាង​មាន​ឱកាស​ការងារ​គ្រប់​កម្រិត និ​ង​គ្រប់​ជំនាញ​​។​

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់​ទង​មជ្ឈ​មណ្ឌល​ការងារ​ រាជធានី​ភ្នំពេញ​នៃ​ ទីភ្នាក់​ងារ​ជាតិ​មុខរបរ​ និង​ការងារ​ តា​ម​រយៈ​លេខ​ទូរស័ព្ទ​ ០១៦ ៧៨៦ ៦៥៥​ ឬ​ចូល​មើល​គេហទំព័រ​ www.nea.gov.kh ​និង​ទំព័រ​ National Employment Agency​ (​អិន​អ៊ី​អេ ​ខ្មែរ​)​៕​

​​