សៀមរាបៈ តុលាការ​ខេត្ត​សៀមរាប​ សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ក្នុង​បទល្មើស​នេសាទ​ចំនួន ​៤ នាក់ ​នៅ​ពន្ធនាគារ​ខេត្ត​ ជាបណ្ដោះ​អាសន្ន​ បន្ទាប់​ពី​ត្រូវបាន​ក្រុម​អនុគណៈ​កម្មការ​បង្ក្រាប​បទល្មើស​ជលផល​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ៦ ​ខែមេសា ​ខណៈ​ពួកគេ​កំពុង​នាំគ្នា​អូស​អួន​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប ​ដោយ​មាន​ភ្ជាប់​ប្រើ​ឧបករណ៍​ឆក់​ខុស​ច្បាប់។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​សៀម​រាប។

លោក​យ៉ីន ស្រាង ​អ្នក​នាំពាក្យ ​សាលា​ដំបូង​ខេត្ត​សៀមរាប ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​នៅ​រសៀល​ថ្ងៃ​ទី៨​ ខែមេសា ​ថា ​ ជន​សង្ស័យ​ ឈ្មោះ​ដឹប ខា ​អាយុ​៥៦ឆ្នាំ ​ទីលំនៅ​ភូមិ​មាត់ខ្លា ​ឃុំ​អន្លង់​សំណរ ​ស្រុក​ជីក្រែង ​ខេត្ត​សៀមរាប ​និង​បក្ខពួក​៣នាក់​ទៀត​ មាន​ឈ្មោះ​ខា បូរី ​ អាយុ​២០ឆ្នាំ ​ឈ្មោះ​លិន ហុកលាង ​អាយុ​២០ឆ្នាំ ​និង​ឈ្មោះ​ រ៉ាយ សុជា ​ អាយុ​២៣ឆ្នាំ។ ពួកគេ ​ត្រូវ​បាន​ចៅ​ក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​សៀមរាប ​សម្រេច​ចោទប្រកាន់​ក្នុង​បទល្មើស​នេសាទ​ត្រី ​ដោយ​ប្រើ​ឧបករណ៍​ឆក់ ​តាម​មាត្រា​៩៨ ​នៃ​ច្បាប់​ស្ដី​ពី​ជលផល។

លោក​បញ្ជាក់​ថា​៖«ក្រោយ​ពី​សាកសួរ ​និង​ចោទ​ប្រកាន់​រួច ​លោក​ចៅក្រម​ស៊ើបសួរ ​បានបង្គាប់​ឱ្យមន្ត្រី​នគរបាល​យុត្តិធម៌ ​នាំ​ខ្លួន​ពួកគេ​ទៅឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ភ្លាមៗ ​ដើម្បី​រង់​ចាំ​ការជំនុំ​ជម្រះ​នៅ​ពេល​ក្រោយ»។

យោង​តាម​មាត្រា​៩៨​នៃ​ច្បាប់​ជលផល ​ពួកគេ​នឹង​ប្រឈម​ការផ្ដន្ទាទោស​ជាប់​ពន្ធនាគារ ​ពី​៣ឆ្នាំ ​ទៅ​៥ឆ្នាំ។

ជុំវិញ​ការបង្ក្រាប​បទល្មើស​ជលផល​នេះ ​លោក​ទា គឹមសុទ្ធ ​ប្រធាន​មន្ទីរ​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ​ខេត្ត​សៀមរាប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា ​គិត​ចាប់​ពី​ថ្ងៃទី២ ​ខែមីនា ​ដល់​ថ្ងៃទី៦ ​ខែមេសា ​ឆ្នាំ២០២២ ​ក្រុម​សមត្ថកិច្ច​ចម្រុះ ​នៃ​រដ្ឋបាល​ខេត្ត​សៀម​រាប ​បាន​បង្ក្រាប​បទល្មើស​ឧបករណ៍​អួន​អូស​ទឹកសាប​២០​វង់ ​ម៉ាញ់​៣វង់ ​ឈឺប​យន្ត​២គ្រឿង ​អួនហ៊ុម​៨វង់ ​កាណូត​៤៤គ្រឿង​ ម៉ាស៊ីន​១៤គ្រឿង ​និង​បានស្រាវ​ជ្រាវ​កំណត់​មុខ​សញ្ញា​ជនប្រព្រឹត្ត​បទល្មើស ​បាន​១១នាក់ ​ដោយបាន​កសាង​និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​១១ករណី។

ដោយ​ឡែក ​លោក​ភុំ វិមល ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ​ខេត្ត​ពោធិ៍សាត់ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​កាលពី​ថ្ងៃទី៦ ​មេសា ​លោក​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះបង្ក្រាប​បទល្មើស​នេសាទ​លើ​ផ្ទៃទឹក​បឹង​ទន្លេសាប ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​កំពុង​លួង ​ស្រុក​ក្រគរ។​​ ជា​លទ្ធផល ​ក្រុម​ការងារ​បានបង្ក្រាប​នឹង​ចាប់​រឹបអូស​វត្ថុតាង​នៃ​បទល្មើស​បានមួយ​ចំនួន​ រួមមាន​សាច់​អួន​ក្រឡា​ល្អិត ​ដែល​ជន​សង្ស័យ​យកទៅ​ប្លុង​ចោល​ក្នុង​ទឹក​ប្រវែង​៦៥០ម៉ែត្រ ​និង​ទូក​សំប៉ាន​១គ្រឿង ​ដែល​ផ្ទុក​សាច់​អួន​ទឹក​សាប ​ទំហំ​៣០ម៉ែត្រ​គុណ​២៥ម៉ែត្រ ​ចំនួន​២វង់ ​បង្គោល​ឈើ​ចំនួន​៨៦០ដើម។

លោក​បញ្ជាក់ថា​៖ «ចំពោះ​វត្ថុតាង​ទាំងអស់ ​ដែល​បាន​ដកហូត​ សមត្ថកិច្ច​យើង​បានយក​ទៅ​រក្សាទុក​ នៅ​ស្នាក់ការ​រដ្ឋបាល​ជល​ផល​កំពង់លួង​ ដើម្បី​បំផ្លាញ​ចោល​តាម​នីតិវិធី​ច្បាប់»៕