ភ្នំពេញៈ កិច្ចចរចា​រក​ដំណោះស្រាយ​លើក​ទី៧ នៃ​វិវាទ​ការងារ រវាង​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ និង​បុគ្គលិក​នៃ​ក្រុមហ៊ុន​នេះ នៅ​តែ​បន្ត​ខ្វែងគំនិតគ្នា​​ដោយ​ភាគី​បុគ្គលិក​នៅ​តែបន្ត​លើក​សំណើ​រ​ដដែល​ ហើយ​ភាគីក្រុម​ហ៊ុន​នៅ​តែបន្ត​ច្រាន​ចោល​ដដែល​​ ខណៈ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​កំណត់​ថ្ងៃ​ប្រជុំ​ជាថ្មី​ទៀត នៅ​ថ្ងៃទី ២១ ខែ ​មេសា ឆ្នាំ ២០​២២។

យោង​សេចក្តីជូនដំណឹង ​របស់​ក្រសួង​ការងារ ស្តីពី​វឌ្ឍនភាព​ នៃ​ការដោះស្រាយ​វិវាទ​កា​រងារ​នេះ បាន​ឱ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី៦ ខែមេសា ក្រសួង ​បាន​បន្ត​អញ្ជើញ​គូភាគី​វិវាទ​ មកជួប​ប្រជុំ​ដោះស្រាយ​ជា លើក​​ទី៧ ក្រោម​អធិប​តីភាព​លោក ទេស រុក្ខា​ផល អគ្គលេខា​ធិការ​ នៃ​អគ្គលេខា​ធិកា​រដ្ឋាន គណៈ​កម្មការ​​សម្រាប់​ដោះ​ស្រាយ​បញ្ហា កូដ​កម្ម បាតុកម្ម​ នៅតាម​គ្រប់​មុខ​សញ្ញា (គ.ក.ប.) ដោយមាន​តំណាង​ភាគី​កម្មករ​និយោ​ជិត និង​តំណាង​ភាគី​និយោ​ជក រួម​ចូល​រួម​។

ក្នុង​កិច្ចប្រជុំ​នោះ សហជីព និង​តំណាង​ភាគី​កម្មករ​និយោជិត សង្ឃឹម​ថា ​នឹងមាន​ពន្លឺ​នៃ​ដំណោះស្រាយ​ករណី​វិវាទ​នេះ ហើយ​នៅតែ​រក្សា​ជំហរ​នៃ​ការទាមទារ​សុំឱ្យតំណាង​ក្រុម​ហ៊ុន ទទួល​យក​អតីត​បុគ្គលិក​ចូល​ធ្វើការ​ងារ​វិញ។

ភាគី​សហជីព​បន្តថា បុគ្គលិក​ដែល​ទាមទារ​ចូលធ្វើ​ការងារ​វិញ​ បាន​ថយចុះ​ពី ៣០០នាក់ មក​នៅត្រឹម​ជាង ២០០នាក់​វិញ ខណៈ​ដែល​បច្ចុប្បន្ន​​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ តែងតែ​ផ្តល់​ការងារ ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត​ជាបន្ត​បន្ទាប់​។

សហជីព​ថា៖«ដូចនេះ ស្នើ​សុំឱ្យ​ក្រុមហ៊ុន ​ផ្តល់​ការងារ​ធ្វើ​ជូន​បុគ្គលិក​ ដែលមាន​ជំនាញ​ស្រាប់ និង​មាន​បទពិសោធន៍​ការងារ​យូរ​ឆ្នាំ មិនចាំបាច់​បណ្តុះ​បណ្ដាល​ឡើងវិញ ស្រប​ពេលដែល​ក្រុមហ៊ុន​ត្រៀម​ដំណើរ​ការ​អគារ​ថ្មី​ដែរ»។

បន្ថែម​ពីនេះ សហជីព ស្នើសុំ​ទៅ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ផ្តល់​យុត្តិធម៌​ដល់​ពួកគេ និង​បាន​សំណូមពរ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ លើក​លែង​បទ​ចោទ​ចំពោះ​តំណាង​កម្មករ​និយោ​ជិត​ទាំង​អស់។

ចំណែក​ភាគី​តំណាង​ក្រុមហ៊ុន​ ណាហ្គា​វើ​លដ៍ បាន​លើកឡើងថា ក្រុមហ៊ុន​នៅ​រក្សា​ជំហរ​ដដែល​ដូចដែល​បានបញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​កន្លងមក ដោយ​មិនអាច​ទទួលយក​កម្មក​រ​ និយោជិត​ចំនួន ២០០នាក់ ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ ​ឱ្យចូល​ធ្វើការ​វិញ​បានទេ ហើយក៏​មិន​ពិចារណា​ ក្នុងការ​ដោះដូរ​តាម​សំណើ​រ​របស់​តំណាង​កម្មករ​និយោ​ជិត​នោះ​ដែរ។

តំណាង​ក្រុមហ៊ុន​បញ្ជាក់ថា ៖«ក្រុមហ៊ុន​នៅតែ​រក្សា​ជំហរ​ដោះស្រាយ​វិវាទ​ដោយ​មេត្រីភាព​ជាមួយ​សហ​ជីព ហើយ​ក្រុមហ៊ុន​ស្នើសុំ ឱ្យ​សហជីព​គួរ​លើកឡើង​នូវ​ដំណោះស្រាយ​មួយ​ដែល​អាចទៅរួច​​ជា​ជាង​សំណើ​របច្ចុប្បន្ន (ស្នើសុំ​ចូលធ្វើការ​វិញ)របស់ខ្លួន​នេះ ដើម្បីឱ្យ​ក្រុមហ៊ុន​យកទៅ​ពិចារណា និង​សិក្សា​ថា​តើ​ក្រុម​ហ៊ុន​អាច​ទទួលយក​បាន ឬ​យ៉ាង​ណា»។

ក្រសួងការ​ងារ​ បានឱ្យដឹងថា ក្រោយពី​ការពិភាក្សាគ្នា​យ៉ាង​ផុសផុល ភាគី​ទាំងពីរ នៅ​មិនទាន់​ឈាន​ដល់​ចំណុច​ព្រម​ព្រៀង​គ្នា​នៅ​ឡើយ​ទេ។

ក្រសួង​បានកំណត់​កាលបរិច្ឆេទ​ប្រជុំ​បន្ទាប់ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ វេលា​ម៉ោង ២និង​៣០ នាទី ដើម្បីឱ្យ​ភាគី​ទាំងពីរ​ មានឱកាស​ពិចារណា​ឡើងវិញ អំពី​លទ្ធភាព​នៃ​ការ​សម្បទាន​គ្នា​ទៅវិញ​ទៅមក​ដែល​អាច​ឈាន​ទៅ​បញ្ចប់​វិវាទ​នេះ។

អ្នក​គ្រប់​គ្រង​កម្មវិធី​ការងារ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្សលោក ឃុន ថា​រ៉ូ មាន​ប្រសាសន៍ថា វិវាទ​ការងារ​ទាមទារ​ឱ្យមាន​ឆន្ទៈ និង​ការ​សម្បទាន​គ្នា​ទៅវិញទៅមក​ ចំពោះ​ភាគី​ដែលមាន​វិវាទ។

យ៉ាង​ណាមិញ​លោក​មើលឃើញថា ក្នុងករណីនេះ​ ទាល់តែ​មានការ​អន្តរា​គមន៍​ណាមួយ​ពីថ្នាក់​ដឹកនាំ​ ទើប​ឈាន​រក​ដំណោះ​ស្រាយ ដោយ​សារ​ភាគី​ទាំងពីរ​នៅ​ប្រកាន់​ជំហរ​រឹង​រៀងៗ​ខ្លួន។

លោក​ថា៖«បើ​យើង​គិតពី​ការសម្របសម្រួល​របស់​គណៈកម្មការ ច្រើន​លើ​ក​​ច្រើនសា​រហើយ បែរជា​អត់​មាន​លទ្ធផល​ដុំ​កំភួន​។ ចឹ​ង​ខ្ញុំ​គិតថា វិវាទ​ការងារ​នេះ​ មិនអាច​ដោះស្រាយបាន ហើយ​នៅតែ​បន្ត​ជាប់គាំង​បើសិនជា​គ្មាន​កិច្ច​អន្តរាគមន៍ ឬក៏​ការសម្របសម្រួល​ជា​លក្ខណៈ​ក្រៅ​ប្រព័ន្ធ​ណាមួយ​ ដើម្បីឱ្យ​ភាគី​ទាំងសងខាង ​មានលទ្ធភាព​នៅក្នុង​ការ​ទទួលយក​និង​ធ្វើការ​សម្បទាន​គ្នា»។

ជាថ្មី​ម្តងទៀត ក្រសួង​ការ​ងារ​​ស្នើឱ្យ​ភាគី​ទាំងពីរ​ មានការ​យោគយល់​គ្នា​ខ្ពស់​ ក្នុង​ការចូលរួម​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ ដោយ​បន្ត​សហការ​ជិតស្និទ្ធ​ ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ​ដោយ​​សន្តិវិធី និង​ថែរក្សា​សន្តិសុខ សណ្ដាប់​ធ្នាប់​សាធា​រណៈ។

ក្រសួង​បញ្ជាក់​ផងដែរ​ថា យោងតាម​នីតិវិធី​ច្បាប់ ប្រសិន​បើ​វិវាទ​ការងារ​នេះ​ មិនអាច​ស្វែងរក​ដំណោះ​ស្រាយបាន​ដោយ​ការផ្សះផ្សា នីតិវិធី​បន្ទាប់​គឺអាច​បញ្ជូន​ទៅ​តុលាការ ដើម្បី​រក​ដំណោះស្រាយ​ចុងក្រោយ​៕