លោក លី ច័ន្ទតុលា ត្រូវបាន​ជាប់ឆ្នោត​ធ្វើជា​ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អាណត្តិ​ទី​ ១៣ កាលពី​ថ្ងៃទី​ ១៦ ខែតុលា ឆ្នាំ​ ២០២០​។

ភ្នំពេញ​ប៉ុស្តិ៍​បាន​ជួប​សម្ភាស​លោក លី ច័ន្ទតុលា ដើម្បី​ស្នើសុំ​ឱ្យ​លោក​បង្ហាញ​អំពី​វឌ្ឍនភាព​ការងារ​របស់​គណៈមេធាវី​ក្នុង​រយៈពេល​ជិត​ ២ ​ឆ្នាំ​មកនេះ ថា​តើ​សម្រេច​បាន​សមិទ្ធផល​សំខាន់ៗ​អ្វីខ្លះ និង​មាន​ទិសដៅ​បន្ត​បែប​ណា​ទៀត ជាពិសេស​ការងារ​ទាក់ទង​នឹង​កិច្ចសហការ​លើ​ការអនុវត្ត​វិជ្ជាជីវៈ​មេធាវី​ជាមួយ​ស្ថាប័ន​រាជរដ្ឋាភិបាល និង​អង្គភាព​ពាក់ព័ន្ធ​នានា​ក្នុង​ការចូលរួម​ជួយ​ដល់​សង្គម​ក្នុង​ការការពារ​ក្ដី​ជូន​ស្ត្រី ក្មេងស្រី និង​ប្រជាជន​ក្រីក្រ៖

ក្រោម​ការដឹកនាំ​របស់​លោក​ក្នុង​អាណត្ដិ​រយៈពេល​ជិត​ ២ ឆ្នាំ​មកនេះ តើ​គណៈមេធាវី​សម្រេចបាន​សមិទ្ធផល​សំខាន់ៗ​អ្វីខ្លះ​?

ខ្ញុំ​អាច​លើក​យកតែ​អ្វី​ដែលជា​កិច្ចការងារ​សំខាន់ៗ​ដែល​គណៈមេធាវី​យើង​បានធ្វើ​។ ក្នុង​រយៈពេល​ជិត​ ២ ឆ្នាំនេះ គណៈមេធាវី​បាន​សម្រេច​នូវ​កិច្ចការងារ​ច្រើនណាស់​ក្នុងនោះ​មាន​ទាំង​កិច្ចការងារ​ផ្ទៃក្នុង​របស់​គណៈមេធាវី សម្រាប់​វិជ្ជាជីវៈ​មេធាវី ក៏ដូចជា​កិច្ចការងារ​ជួយ​ទៅដល់​រាជរដ្ឋាភិបាល និង​សង្គមជាតិ​ទាំងមូល​ផងដែរ​។ ពាក់ព័ន្ធ​នឹង​ការងារ​ក្នុង​ក្របខ័ណ្ឌ​វិជ្ជាជីវៈ​មេធាវី ចាប់​តាំងពី​ពេលដែល​ខ្ញុំ​ចូលមក​កាន់តំណែង​ជា​ប្រធាន​គណៈមេធាវី​នេះ គឺ​យើង​បានរៀបចំ​កែសម្រួល​នូវ​រចនាសម្ព័ន្ធ​របស់​យើង គឺ​ធ្វើ​យ៉ាងម៉េច​ឱ្យ​កិច្ចការងារ​ផ្ទៃក្នុង​គណៈមេធាវី​របស់​យើង​នេះ​គឺមាន​ប្រសិទ្ធភាព និង​ផ្ដល់​សេវាកម្ម​ជូនទៅ​ដល់​បង​ប្អូន​សហភាតា​យើង ដែល​ពួកគាត់​ត្រូវការ​សេវា​ពី​គណៈមេធាវី គឺ​យើង​ធ្វើឱ្យបាន​រហ័ស​។ ជាទូទៅ​ការស្នើសុំ​ផ្សេងៗ​ពី​សំណាក់​បងប្អូន​មេធាវី​មក គឺ​យើង​ធ្វើ​យ៉ាងយូរ​ក្នុង​រយៈពេល ២ ​ថ្ងៃ គឺ​យើង​ធ្វើ​រួចរាល់​ហើយ​។

ឧទាហរណ៍​ថា គាត់​ចង់​ស្នើសុំ​វិញ្ញាបនបត្រ ឬក៏​ស្នើសុំ​បើក​ការិយាល័យ​មេធាវី​ជាដើម គឺ​យើង​ធ្វើការ​លឿន​ជូន​ដល់​ពួកគាត់​។ ដើម្បី​ជា​ការផ្ដល់​សេវា​ឆាប់រហ័ស​ពេលខ្លះ​មេធាវី​ដែល​ត្រូវការ​សេវា​ផ្សេងៗ ពួកគាត់​អាច​ស្នើ​ពាក្យសុំ​តាម​បណ្ដាញ​សារ​អេឡិចត្រូនិក ដូចជា តេឡេក្រាម ឬ​វ័តស្អាប់ ជាដើម​មកជា​មុន ហើយ​ច្បាប់ដើម​ស្នើ​មក​តាម​ក្រោយ ដើម្បី​យើង​ពន្លឿន​ការដំណើរការ​ទៅលើ​ការស្នើសុំ​របស់​ពួកគាត់​។

ទាក់ទង​នឹង​ការផ្តល់​សេវា​ការពារ​ក្តី​ជូន​ជនក្រីក្រ តើ​បាន​ដំណើរការ​យ៉ាងដូចម្តេច​ដែរ​?

នេះ​ជា​កិច្ចការ​សំខាន់​នៅក្នុង​យន្តការ​នៃ​ការ​ផ្ដល់នូវ​ការ​ការពារ​ក្ដី​ជូន​ដល់​ជនក្រីក្រ គឺ​គណៈមេធាវី​យើង​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការផ្ដល់​មេធាវី​ការពារ​ក្ដី ដល់​ជនក្រីក្រ ដែលជា​ជនល្មើស នៅក្នុង​សុំ​រឿង​ព្រហ្មទណ្ឌ បទមជ្ឈិម ឬក៏​បទឧក្រិដ្ឋ​។ បន្ថែម​ពីលើ​នេះ យើង​ក៏បាន​ចូលរួម​សកម្ម​នៅក្នុង​ការជួយ​ដល់​ស្ដ្រី និង​ក្មេងស្រី ដែល​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ​ ឬ​ដោយ​អំពើ​រំលោភ​សេពសន្ថវៈ ឬ​ជាការ​ប៉ះពាល់​ដល់​កិត្ដិយស​ស្ដ្រី ឬ​ក្មេងស្រី ដែល​កិច្ចការងារ​នេះ យើង​បាន​សហការ​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ដ្រី​។

កាលពី​ខែកុម្ភៈ ឆ្នាំ ​២០២១ ខ្ញុំ​ក៏បាន​ដាក់ចេញ​នូវ​គោល​នយោបាយ​មួយទៀត​គឺ​គោលនយោបាយ​ស្ដីពី​ការពិគ្រោះ​យោបល់ និង​ការការពារ​ក្ដី​ដោយ​មិន​យក​កម្រៃ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ សម្រាប់​បងប្អូន​កម្មករ កម្មការិនី ក៏ដូចជា​ស្ដ្រី និង​ក្មេងស្រី​ដែល​រងគ្រោះ គឺ​យើង​មាន​ផ្ដល់​មេធាវី​ដើម្បី​ការពារ​ក្ដី ជូន​ពួកគាត់ ទាំង​ក្នុង​រឿង​ព្រហ្មទណ្ឌ ទាំង​ក្នុង​រឿង​រដ្ឋប្បវេណី ដោយ​យើង​មិន​ធ្វើការ​យក​កម្រៃ​អ្វី​ទេ​។

ដោយសារតែ​បច្ចុប្បន្ន​ជា​សម័យ​កាល​ឌីជីថល តើ​គណៈមេធាវី​បាន​ធ្វើ​សកម្មភាព​ការងារ​អ្វីខ្លះ​តាម​បណ្តាញ​សង្គម​?

ក្នុង​រយៈពេល​ជិត ២​ ឆ្នាំនេះ យើង​ក៏បាន​ពង្រឹង​នូវ​យន្តការ​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​អំពី​សកម្មភាព​របស់​គណៈមេធាវី ក៏ដូចជា​យន្តការ​នៃ​ការទទួល​យក​នូវ​ព័ត៌មាន ក៏ដូចជា​ការស្នើសុំ​អន្តរាគមន៍​ពី​សំណាក់​បងប្អូន​សហភាតា​មេធាវី​របស់​យើង​។ យើង​ក៏មាន​ពង្រីក​សកម្មភាព ការងារ​របស់​យើង​នៅក្នុង​គេហទំព័រ និង​បណ្ដាញ​សង្គម​របស់​គណៈមេធាវី ក៏ដូចជា​បង្កើត​ក្រុម​តេឡេក្រាម​របស់​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បីឱ្យ​យើង​អាច​ទទួល​ព័ត៌មាន ឬក៏​សំណូមពរ​ពី​បងប្អូន​សហ​ភាតា​របស់​យើង​មកវិញ​។ នៅក្នុង​យន្តការ​នេះ​យើង​ឃើញថា បងប្អូន​សហភាតា​មេធាវី​ដែល​គាត់​មាន​បញ្ហា​ ឬ​មាន​សំណូមពរ​ផ្សេងៗ ពួកគាត់​អាច​ប្រើប្រាស់​នូវ​យន្តការ​ទាំងអស់​នេះ ដើម្បី​ទំនាក់​ទំនង​ជា​មួយ​គណៈមេធាវី​ហើយ​គណៈមេធាវី​ក៏​អាច​អន្តរាគមន៍ ឬ​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​បាន​ឆាប់រហ័ស​ដែរ​។

នៅក្នុងពេល​ថ្មីៗ​នេះ យើង​ក៏បាន​បង្កើត​នូវ​វេទិកា​មេធាវី (lawyer forum) ដែល​វេទិកា​មេធាវី​នេះ គឺប្រធាន​គណៈមេធាវី ក៏ដូចជា​ថ្នាក់ដឹកនាំ​គណៈមេធាវី​ដែលជា​ក្រុមប្រឹក្សា​គណៈមេធាវី និង​អ្នកដឹកនាំ​នៅក្នុង​គណៈមេធាវី គឺ​យើង​ជួប​ជាមួយ​បងប្អូន​ជា​មេធាវី នៅក្នុង​ពេលនេះ​យើង​បានបង្ហាញ​ពី​វឌ្ឍនភាព​របស់​គណៈមេធាវី ហើយនឹង​ទិសដៅ​របស់​គណៈមេធាវី​ទៅខាង​មុខ ហើយ​យើង​ក៏​ស្ដាប់​នូវ​ទុក្ខ​កង្វល់​របស់​ពួកគាត់​នូវ​បញ្ហា​ប្រឈម​ដែល​ពួកគាត់​ជួប​នៅក្នុង​ការប្រកប​វិជ្ជាជីវៈ​ការ​ទំនាក់ទំនង​ជាមួយ​តុលាការ ក្រឡាបញ្ជី កិច្ចការងារ​ជាមួយ​មន្ដ្រីនគរបាល​យុត្ដិធម៌ ឬក៏​អាជ្ញាធរ បើ​ពួកគាត់​ជួប​បញ្ហា​អ្វី ពួកគាត់​អាច​លើកឡើង​តាមរយៈ​មាតិកា​មេធាវី​នេះ​។

ទាក់ទង​ទៅនឹង​សមត្ថភាព​របស់​មេធាវី តើ​គណៈមេធាវី​បាន​ធ្វើ​អ្វីខ្លះ​?

កិច្ចការងារ ដែល​យើង​សម្រេចបាន​នៅក្នុង​រយៈពេល​នេះដែរ គឺ​យើង​បានធ្វើការ​បណ្ដុះបណ្ដាល ក៏ដូចជា​ការពង្រឹង​នូវ​ជំនាញ​វិជ្ជាជីវៈ​សម្រាប់​បងប្អូន​សហភាតា​មេធាវី​យើង​ដែរ​។ អ៊ីចឹង នៅក្នុង​នោះ ទោះបី​យើង​ជួបប្រទះ​នូវ​បញ្ហា​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ក៏ដោយ ប៉ុន្ដែ​យើង​បាន​ពុះពារ ហើយ​យើង​បានរៀបចំ​នូវ​សិក្ខាសាលា​ជាច្រើន ក្នុងនោះ​គណៈមេធាវី​ខ្លួនឯង​បាន​រៀបចំ​សិក្ខាសាលា​អនឡាញ​បាន​ចំនួន ១១ ​ដង ហើយ​យើង​បានធ្វើ​កិច្ចសហការ​ជាមួយ​នឹង​ស្ថាប័ន​វិជ្ជាជីវៈ​ពាក់ព័ន្ធ​មានដូចជា​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល សមាគម​កម្មសិទ្ធិបញ្ញា​កម្ពុជា​ឬក៏​មជ្ឈមណ្ឌលជាតិ​នៃ​មជ្ឈត្តការ​ផ្នែក​ពាណិជ្ជកម្ម​( ម.ជ.ម.) ជាដើម​ក៏​យើង​បានធ្វើ​សិក្ខាសាលា​រួមគ្នា​ដែរ​ដែល​មកដល់​ពេលនេះ​យើង​ក៏​ធ្វើ​សិក្ខាសាលា​បាន ៤ ​ដង​ដែរ​។

យន្តការ​មួយទៀត​ដែល​យើង​សម្រេចបាន គឺ​ការផ្សព្វផ្សាយ​នូវ​វិជ្ជាជីវៈ​មេធាវី ក៏ដូចជា​ផ្សព្វផ្សាយ​ច្បាប់​ជូនទៅ​ដល់​សាធារណជន និង​ទៅដល់​មេធាវី​។ នៅក្នុង​នោះ យើង​បាន​បង្កើត​នូវ​កម្មវិធី​ជាច្រើន​ដូចជា​កម្មវិធី ៣ សំណួរ​អំពី​ច្បាប់ កម្មវិធី​កិច្ចសន្ទនា​មេធាវី ក៏ដូចជា​កម្មវិធី ជជែក​ពិភាក្សា​ផ្នែក​ច្បាប់​ផ្សេងទៀត ដែល​យើង​បានរៀបចំ​។

ថ្មីៗ​នេះ​ក៏​ជា​មោទនភាព​មួយ​ផងដែរ ដែល​គណៈមេធាវី​យើង​បានរៀបចំ​ជា​បន្ទប់​ស្ទូឌីយោ​ផ្ទាល់ខ្លួន​មួយ សម្រាប់​យើង​ធ្វើ​ការថត​នូវ​កិច្ចសម្ភាសន៍ ឬក៏​យើង​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ផ្សេងៗ​។

តើ​គណៈមេធាវី​មាន​កិច្ចសហការ​បែបណា​ដែរ ជាមួយ​ក្រសួង​យុត្តិធម៌ និង​ស្ថាប័ន​តុលាការ ក្នុង​ការចូលរួម​ជួយ​ការពារ​ក្ដី​ជូន​ប្រជាជន​ក្រីក្រ​?

ទាក់ទង​ជាមួយ​នឹង​កិច្ចការងារ​នេះ គឺ​គណៈមេធាវី​យើង​បាន​រៀបចំ​ជា​យន្តការ ដែល​ក្នុងនោះ​មាន​យន្តការ​ ៤ សំខាន់ គឺ​ទី​ ១ ​គណៈមេធាវី​យើង​បាន​ចូលរួម​ការពារ​ក្ដី​ជូន​ជនក្រីក្រ​តាមរយៈ​យន្តការ​នៃ​ក្រសួងយុត្តិធម៌ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​រាជរដ្ឋាភិបាល​បានផ្ដល់​ជា​ថវិកា​ជូន​ដល់​គណៈមេធាវី​យើង​ជា​រៀងរាល់ឆ្នាំ​។ ទី​ ២ យើង​មាន​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ដ្រី​។ ទី ​៣ យើង​មាន​គោលនយោបាយ​ផ្ដល់នូវ​មេធាវី​ស្ម័គ្រចិត្ដ​ដើម្បី​ការពារ​ក្ដី និង​ពិគ្រោះយោបល់​ដោយ​ឥតគិតថ្លៃ​ជូន​ជនក្រីក្រ និង​បងប្អូន​កម្មករ កម្មការិនី​។ ទី​ ៤ ​គឺជា​យន្តការ​ថ្មី​ដែល​យើង​ទើបនឹង​រៀបចំ​អនុវត្ដ​ជាមួយ​នឹង​អង្គការ​យូនីសេហ្វ (UNI-CEF)​។

លោក​អាច​បញ្ជាក់​បានទេ ថា​តើ ក្នុង​រយៈពេល​ ២​ ឆ្នាំ​កន្លងមកនេះ គណៈមេធាវី​បាន​ការពារ​ក្តី​ជូន​ពលរដ្ឋ​ក្រីក្រ​បាន​ចំនួន​ប៉ុន្មាន​ករណី​?

ខ្ញុំ​សូម​ផ្ដល់នូវ​តួលេខ​ត្រួសៗ ដែល​យើង​សម្រេចបាន​ក្នុង​រយៈពេល​ជិត​ ២ ​ឆ្នាំ​មកនេះ គឺថា​នៅក្នុង​យន្តការ​នៃ​ការការពារ​ក្ដី​ក្រោម​ជំនួយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ២ ​ឆ្នាំនេះ គឺ​យើង​ការពារ​ក្ដី​ជូន​ជនក្រីក្រ​បាន​ចំនួន ១១៨-៩២ ​ករណី​នៅក្នុង​នោះ មានកូន​ក្ដី​សរុប​ចំនួន​ ១៩ ១៩៤​ នាក់ ក្នុង​នោះ​មាន​ស្ដ្រី​ចំនួន​ ១ ៣៥៣​ នាក់ អនីតិជន ៤ ៥៨៩ ​នាក់​។

នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហការ​ជាមួយ​នឹង​ក្រុម​ប្រឹក្សាជាតិ​កម្ពុជា​ដើម្បី​ស្ដ្រី​ក្នុង​រយៈពេល​ជិត​ ២ ​ឆ្នាំនេះ គឺ​យើង​ផ្ដល់នូវ​ការការពារ​ក្ដី​បាន ១១៧ ករណី​ដែល​នៅ​ក្នុងនោះ មាន​ស្ដ្រី និង​ក្មេងស្រី ដែល​ពាក់ព័ន្ធ​មាន​ចំនួន ១២០ ​នាក់​។ ចំណែក​នៅក្នុង​យន្តការ​នៃ​ការផ្ដល់​ការពិគ្រោះ​យោបល់ ផ្នែក​ច្បាប់ និង​ការការពារ​ក្ដី​ដោយ​ឥត​គិត​កម្រៃ​គឺ​យើង​ទើប​ចាប់ផ្ដើម​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២១ ដែល​មកដល់​ពេលនេះ​យើង​បានផ្ដល់​នូវ​ការការពារ​ក្ដី​បាន ២៥៧ ​ករណី ដែល​ក្នុងនោះ​មានកូន​ក្ដី​ដែល​ពាក់ព័ន្ធ​ចំនួន ៣៨៨ ​នាក់​។

ក្រៅពីនេះ តើ​គណៈមេធាវី​បាន​ជួប​បញ្ហា​ប្រឈម​អ្វីខ្លះ​ជាពិសេស​ទាក់ទង​នឹង​ការចូលរួម​ការពារ​ក្ដី​ជូន​ដល់​ជនក្រីក្រ​?

ការលំបាក​ទី ​១ ដែល​យើង​ជួប​គឺ​បញ្ហា​ថវិកា ដែល​ពេលខ្លះ​មេធាវី​ស្ម័គ្រចិត្ដ ដែល​ពួកគាត់​ទៅ​ជួយ​ការពារ​ក្ដី​ជាធម្មតា​ពួកគាត់​ចំណាយ​នូវ​ថវិកា​ផ្ទាល់ខ្លួន ពាក់ព័ន្ធ​ទៅនឹង​ការថត​ចម្លង​សំណុំរឿង និង​ការចំណាយ​ទៅលើ​ការធ្វើដំណើរ​ជាដើម​។ កន្លងមកនេះ យើង​ទទួល​បាន​ការ​ជួយឧបត្ថម្ភ​ពី​សំណាក់​រាជរដ្ឋាភិបាល ដែល​ចំនួន​ថវិកា​នេះ គឺ​យើង​បាន​ទទួល​ជា​តួលេខ គឺ​បាន​កើនឡើង​រហូត គឺថា​កាលពី​ឆ្នាំ​ ២០២១ គឺ​យើង​ទទួលបាន​ការឧបត្ថម្ភ​ថវិកា​ចំនួន ២ ពាន់​លាន​រៀល​ក្នុង ១ ​ឆ្នាំ ប៉ុន្ដែ​សម្រាប់​ឆ្នាំ​ ២០២២ នេះ យើង​ទទួលបាន​ដល់​ទៅ ២ ៦០០​ លាន​រៀល​។ អ៊ីចឹង​ថវិកា​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​នេះ គឺជា​ចំនួន​មួយ​ដែល​បាន​ជួយ​កាត់បន្ថយ​បន្ទុក​ខ្លះ​របស់​មេធាវី ហើយ​នៅក្នុង​យន្តការ​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ដ្រី​ក៏​យើង​ទទួលបាន​នូវ​ការឧបត្ថម្ភ​ជា​ថវិកា​ខ្លះ​ដែរ​ពី​រាជរដ្ឋាភិបាល​តាមរយៈ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ដ្រី​។

បញ្ហា​ទី​ ២ ដែល​យើង​មានការ​លំបាក​ចំពោះ​ការដាក់​មេធាវី​ទៅតាម​បណ្ដា​ខេត្ដ​ដាច់ស្រយាល​។ នៅ​ក្នុងនេះ​ពេលខ្លះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ខេត្ដ​ឆ្ងាយៗ គឺ​គាត់​មាន​ការលំបាក​ដែរ នៅពេលដែល​គាត់​ត្រូវការ​មេធាវី ដោយសារតែ​មេធាវី​យើង​ភាគច្រើន​ប្រជុំគ្នា​នៅ​ខេត្ដ​ធំៗ ប៉ុន្ដែ​នៅពេល​យើង​ទៅ​ខេត្ដ​តូចៗ គឺ​យើង​មាន​ជួប​បញ្ហាលំបាក​។ ប៉ុន្ដែ​ទោះបីជា​យ៉ាងណា​ក៏ដោយ ក៏​យើង​ធានា​នូវ​ការផ្ដល់សេវា​នេះ ទោះបីជា​ទៅដល់​ខេត្ដ​ដាច់ស្រយាល​ក៏ដោយ​។

ជា​ទិសដៅ​ទៅ​ថ្ងៃមុខ យើង​ក៏​សូម​អំពាវនាវ​ឱ្យ​បងប្អូន​មេធាវី​យើង ជួយ​ទទួល​សំណុំរឿង​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ខេត្ដ​ឆ្ងាយៗ​។ កន្លងមកនេះ ខ្ញុំ​តែងតែ​សប្បាយ​ចិត្ដ​ណាស់​នៅពេលដែល​ឃើញ​បងប្អូន​មេធាវី​យើង ពួកគាត់​ស្នើសុំ​ទៅ​បម្រើ​ការងារ​ក្នុងនាម​ជា​ប្រតិភូ​តាម​បណ្ដា​ខេត្ដ​ឆ្ងាយៗ គឺ​ឃើញ​ភ្លាម​គឺ​ស៊ីញ៉េ​ឯកភាព​ភ្លាម​។

តើ​គណៈមេធាវី​មាន​ទិសដៅ​បន្ត បែបណា​ទៀត លើ​ការគិតគូរ​ដល់​សុខុមាលភាព និង​វិជ្ជាជីវៈ​របស់​មេធាវី​?

ជា​ទិសដៅ​ទៅមុខ​របស់​គណៈមេធាវី គឺ​ក្នុងពេល​ឆាប់ៗ​ខាង​មុខនេះ យើង​នឹង​រៀបចំ​ឱ្យមាន​នូវ​ការពង្រីក​វិសាលភាព​នៃ​មូលនិធិ​សុខុមាលភាព​សម្រាប់​មេធាវី នៅក្នុង​នោះ​អ្វីដែល​យើង​បានគិត​គូរ​នោះ គឺ​ចង់​បង្កើតឱ្យមាន​នូវ​ប្រព័ន្ធ​នៃ​ការផ្ដល់ប្រាក់​សោធន​និវត្ដន៍​សម្រាប់​មេធាវី​ដែលមាន​វ័យចាស់ ឬក៏​មេធាវី​ដែល​គាត់​មាន​ជំងឺ​ធ្ងន់ធ្ងរ​។ យើង​នឹង​បង្កើតឱ្យមាន​ជា​យន្តការ​សម្រាប់​ជួយ​ទៅដល់​ពួកគាត់​។ យើង​ក៏បាន​អនុវត្ដ​រួចហើយ​ដែរ គឺ​គណៈមេធាវី​បាន​ចុះ​សួរសុខទុក្ខ ចំពោះ​មេធាវី​ដែល​គាត់​មាន​វ័យចាស់ ឬ​មាន​ជំងឺ គឺ​យើង​មាន​ប្រតិភូ​របស់​យើង ដើម្បី​ចុះទៅ​សួរសុខទុក្ខ​ដល់​ពួកគាត់​។

ចំណុច​មួយទៀត​ដែល​ខ្ញុំ​បាន​សន្យា​ដែរ ហើយ​យើង​បានរៀបចំ​ជា​សេចក្ដី​សម្រេច​រួចហើយ គឺ​យើង​នឹង​រៀបចំ​ឱ្យមាន​ជាការ​ផ្ដល់​ជា​មេដាយ សម្រាប់​ជាការ​តបស្នង​ដឹងគុណ​ទៅដល់​មេធាវី​ដែល​គាត់​មាន​គុណ​បំណាច់ នៅក្នុង​ការជួយ​ទៅដល់​វិជ្ជាជីវៈ​មេធាវី ឬក៏​ជួយ​ទៅដល់​យុត្ដិធម៌​នៅក្នុង​សង្គម​។

ជា​ទិសដៅ​ការងារ​សំខាន់​ដែរនោះ​គឺ​យើង​នឹង​បន្តធ្វើ​ការផ្សព្វផ្សាយ​នូវ​វិជ្ជាជីវៈ​មេធាវី​នេះ​ឱ្យបាន​ទូលំទូលាយ​ហើយ​ក្នុង​គំនិត​របស់​យើងខ្ញុំ គឺ​នឹង​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ពី​វិជ្ជាជីវៈ​មេធាវី និង​ច្បាប់​សំខាន់ៗ​មួយចំនួន​ទៅដល់​កម្រិត​ថ្នាក់ឃុំ សង្កាត់​តែម្ដង​។ យើង​ក៏​នឹង​បន្ត​រៀបចំ​នូវ​ការពង្រឹង​នូវ​សមត្ថភាព និង​ជំនាញ​វិជ្ជាជីវៈ​របស់​មេធាវី​៕