ស្ទឹងត្រែងៈ យុទ្ធនាការ​អន្ទាក់​សូន្យ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា​កំពុង​អំពាវនាវ​ឱ្យមាន​ការចូលរួម​យ៉ាងសកម្ម​ថែមទៀត​ពី​ប្រជាពលរដ្ឋ និង​សហគមន៍​មូលដ្ឋាន​ទាំងអស់ ដើម្បី​បញ្ឈប់​ការដាក់​អន្ទាក់​គ្រប់​ប្រភេទ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា ខណៈ​យុទ្ធនាការ​នេះ​ចាប់ផ្ដើម​អនុវត្ដ​មុនគេ​នៅ​ក្រុង​ស្ទឹងត្រែង​នៃ​ខេត្តស្ទឹងត្រែង នា​ថ្ងៃទី​ ៧ ខែមេសា​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ថ្លែងថា រាប់​ចាប់ពី​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ដល់​អ្នកផ្តល់​សេវា​ដឹកជញ្ជូន អ្នកលក់ដូរ​ម្ហូបអាហារ​នៅ​ទីផ្សារ​ក្នុង​ក្រុង និង​ទីប្រជុំជន​រហូត​ដល់​ម្ចាស់​ភោជនីយដ្ឋាន និង​អតិថិជន​ការចូលរួម​របស់​ប្រជាពលរដ្ឋ​សហគមន៍ គឺ​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការផ្តល់​សុវត្ថិភាព​ដល់​ការរស់រាន​នៃ​សត្វព្រៃ​គ្រប់​ប្រភេទ​ក្នុង​ទីជម្រក​ព្រៃ​ធម្មជាតិ និង​ក្នុង​ការចូលរួម​បញ្ឈប់​ការប្រើប្រាស់ និង​ការដាក់​អន្ទាក់​ក្នុង​ដែន​ជម្រក​ធម្មជាតិ​សម្រាប់​សត្វព្រៃ​។ ក្រសួង​បរិស្ថាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​បញ្ឈប់​ការទទួលទាន​សាច់​សត្វព្រៃ ឬ​ជាវ​ផលិតផល​​ពី​សត្វព្រៃ​ដទៃទៀត​ជាដាច់ខាត​។

លោក​ថ្លែងថា​៖ «​យើងខ្ញុំ​សូម​អំពាវនាវ​យ៉ាងទទូច​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យ​និយាយថា ទេ​ចំពោះ​សាច់សត្វ​ព្រៃ និង​ចូលរួម​ក្នុង​សកម្មភាព​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យនៅ​ស្ថិតស្ថេរ​គង់វង្ស​»​។

ព្រះតេជព្រះគុណ ថូ ធូរស់ ព្រះវិន័យធរ ខេត្ត​ឧត្តរមានជ័យ និង​ជា​ប្រធាន​សង្ឃ​រុក្ខវ័ន លើកឡើងថា ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​រាប់ទាំង​ព្រះសង្ឃ​ផងដែរ មាន​តួនាទី​យ៉ាងសំខាន់​ណាស់​ក្នុងការ​ចូលរួម​ការពារ និង​ស្ដារឡើងវិញ​នូវ​ចំនួន​សត្វព្រៃ និង​ធនធាន​ធម្មជាតិ​កម្ពុជា​។

ព្រះតេជព្រះគុណ​បញ្ជាក់ថា​៖ «​ព្រះសង្ឃ​កម្ពុជា​ទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ​តួនាទី​របស់ខ្លួន​ក្នុងការ​ផ្សព្វផ្សាយ​ដើម្បី​បញ្ជ្រាប​ពុទ្ធឱវាទ​ដែលមាន​ឥទ្ធិពល​វិជ្ជមាន​ក្នុង​ការអប់រំ និង​អាច​កែប្រែ​ឥរិយាបថ និង​ជំនឿ​ដែល​ពុំមាន​មូលដ្ឋាន ត្រឹមត្រូវ​របស់​អ្នក​និយម​បរិភោគ​សាច់ [​សត្វ​] ​ព្រៃ​ ឬ​ជាវ​ផលិតផល​ពី​សត្វព្រៃ​»​។

ព្រះតេជព្រះគុណ​បន្ថែមថា​៖ «​ព្រះសង្ឃ​ចាំបាច់​ចូលរួម​តាមរយៈ​ការផ្តល់​ធម៌​ទេសនា ឬ​ជជែក​ជាប្រចាំ​ជាមួយ​ពុទ្ធសាសនិក​ដោយ​បញ្ជ្រាប​នូវ​សារៈសំខាន់ៗ អំពី​សារៈសំខាន់​នៃ​ការអភិរក្ស​សត្វព្រៃ​កម្ពុជា និង​ភាពចាំបាច់​ក្នុង​ការកាត់បន្ថយ​ [​តម្រូវការ​] ​នៃ​សាច់ និង​ផលិតផល​សត្វព្រៃ​»​។

លោក សេង ទៀក នាយក​អង្គការ WWF ថ្លែងថា វិធានការ​សម្រាប់​ពង្រឹង​ការអនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង និង​ការនាំ​ខ្លួន​អ្នក​ដាក់​អន្ទាក់ អ្នកប្រមាញ់ និង​អ្នកជួញដូរ​សត្វព្រៃ​ទៅ​តុលាការ​មាន​ភាពចាំបាច់ ដើម្បី​បញ្ចប់​ការសម្លាប់​សត្វព្រៃ​កុំឱ្យ​មាន​តទៅ​ទៀត​។ លោក​ថ្លែងថា​៖ «​លើសពីនេះ​ទៀត​គេ​ត្រូវ​ដាក់ចេញ​នូវ​វិធានការ​ដើម្បី​បិទ​រាល់​ទីផ្សារ​សត្វព្រៃ​ទាំងអស់​នៅក្នុង​មូលដ្ឋាន និង​ត្រូវអនុវត្ត​ការចុះ​ត្រួតពិនិត្យ​តាមដាន​ជាប្រចាំ​ដោយ​មន្ត្រី​អនុវត្ត​ច្បាប់​ចល័ត​»​។

លោក​បញ្ជាក់ថា​៖ «​វា​នៅ​ទាន់ មិនយឺត​ពេល​ទេ ក្នុង​ការរួមគ្នា ដើម្បី​ធ្វើឱ្យ​មាន​ការផ្លាស់ប្តូរ​មួយ​ជា​វិជ្ជមាន សម្រាប់​ការអភិរក្ស និង​ស្តារ​ចំនួន​សត្វព្រៃ និង​ធនធាន​ធម្មជាតិ​ឡើងវិញ​។ ប៉ុន្តែ​យើង​ត្រូវតែ​ចាប់ផ្តើម​កិច្ចការ​នេះ​ចាប់ពី​ពេល​ឥឡូវនេះ​តទៅ​នៅ​គ្រប់លំដាប់​ថ្នាក់​ទាំងអស់​ ដើម្បី​រៀបចំ​វិធានការ​អភិរក្ស​រួមគ្នា​បន្ទាន់​ក្នុង​ការអភិរក្ស​ធនធាន​ព្រៃឈើ សត្វព្រៃ និង​ស្តារ​ធនធាន​ធម្មជាតិ​កម្ពុជា​ឱ្យ​ប្រសើរឡើង​»​។

បើតាម​លោក សេង ទៀក ប្រសិនបើ​គ្មាន​វិធានការ​បន្ទាន់​ទេ​នោះ​កម្ពុជា​នឹង​ប្រឈម​នឹង​ការបាត់បង់​ធនធាន​សត្វព្រៃ​របស់ខ្លួន​ដែលមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បានជា​សកល​ក្នុងពេល​អនាគត​។

លោក Jackson Frechette នាយក​កម្មវិធី​នៃ​មហា​តំបន់​មេគង្គ​នៃ​អង្គការ CI លើកឡើងថា តាមរយៈ​យុទ្ធនាការ​នេះ​បាន​ជួយ​បង្កើន​ការយល់ដឹង​ដល់​សាធារណជន​អំពី​កត្តា​គំរាមកំហែង និង​ការទទួល​រងគ្រោះថ្នាក់​ច្រើនយ៉ាង​ដែល​សត្វព្រៃ​កម្ពុជា​កំពុង​ជួបប្រទះ​ជា​រៀងរាល់ថ្ងៃ​។

លោក​បាន​ថ្លែងថា​៖ «​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​ផ្តល់នូវ​ធនធាន និង​លទ្ធភាព​គ្រប់គ្រាន់​ដល់​អាជ្ញាធរ និង​ភ្នាក់ងារ​មាន​សមត្ថ​កិច្ចការពារ​សត្វព្រៃ​ដើម្បី​ពួកគាត់​អាច​រៀបចំ​នូវ​វិធានការ​សមស្រប និង​ប្រកប​ [​ដោយ​]​ ភាព​ច្នៃប្រឌិត​សម្រាប់​ជា​ដំណោះស្រាយ​ឆ្លើយតប​ឱ្យដល់​ឫសគល់​នៃ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការជួញដូរ​សត្វព្រៃ ដើម្បី​ឈានទៅ​ស្តារ​ធនធានធម្មជាតិ​កម្ពុជា​ឡើងវិញ​»​។

លោក​ ស្វាយ សំអ៊ាង អភិបាលខេត្ដ​ស្ទឹងត្រែង​បាន​ឱ្យដឹងថា ក្នុង​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង មាន​តំបន់​ការពារ​ធម្មជាតិ និង​បរិស្ថាន​ដែល​ក្នុងនោះ​រួមមាន តំបន់​ឧទ្យាន​ជាតិ​វីរជ័យ ផ្ទៃដី ៩៩ ១៥០​ ហិកតា ឧទ្យាន​ជាតិ​វ៉ឺនសៃ សៀមប៉ាង មាន​ផ្ទៃដី ទំហំ​ ៤៤ ៨១៧ ​ហិកតា ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​មាន​ផ្ទៃដី​ ១២១ ៩០៣ ​ហិកតា ដែនជម្រក​សត្វព្រៃ​សៀមប៉ាង មាន​ផ្ទៃដី​ ១៣៣ ៧០៧,៧៣ ​ហិកតា និង​តំបន់​រ៉ាមសារ មាន​ផ្ទៃដី ​១៤ ៦០០​ ហិកតា​។

លោក​ថា ក្នុងស្ថានភាព​នៃ​តំបន់​ការពារ​ដែលមាន​ផ្ទៃដី​ធំ​ទូលាយ​នេះ មន្ត្រី និង​កម្លាំង​មាន​សមត្ថកិច្ច​គ្រប់ផ្នែក​បាន​ខិតខំ​ប្រឹងប្រែង​អស់កម្លាំង​កាយចិត្ត​ក្នុងការ​អនុវត្ត​វិធានការ ទប់ស្កាត់​ការប្រព្រឹត្ត​បទល្មើស​នានា​ក្នុង​ដែន​នៃ​តំបន់​ការពារ​ធម្មជាតិ​ទាំងនោះ ប៉ុន្តែ​បញ្ហា​បទល្មើស​មួយចំនួន​នៅតែ​កើតមាន​ឡើងជា​បន្តបន្ទាប់​។

លោក​ថ្លែងថា​៖ «​តាមរយៈ​ប្រធានបទ​នៃ​យុទ្ធនាការ​នៅថ្ងៃនេះ ខ្ញុំ​សូម​ធ្វើការ​វាយតម្លៃ​ខ្ពស់ និង​សូម​ថ្លែងអំណរគុណ​ដ៏ជ្រាលជ្រៅ និង​ថ្លៃថ្លា​បំផុត​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​នៃ​ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍ ដែល​បាន​គាំទ្រ និង​ផ្តួចផ្តើម​រៀបចំ​ប្រារព្ធ​ឡើង​នូវ​យុទ្ធនាការ អន្ទាក់​សូន្យ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​»​។

លោក​បន្ថែមថា យុទ្ធនាការ​នេះ គឺជា​ប្រធានបទ​មួយ​ឆ្លុះបញ្ចាំង​ទៅនឹង​ការអប់រំ ផ្សព្វផ្សាយ​ជំរុញ​ការចូលរួម​ថែរក្សា ស្រឡាញ់​រាល់​ធនធាន​ធម្មជាតិ ដែលជា​សម្បត្តិ​ដ៏​មាន​សក្តានុពល​ក៏ដូចជា​ការ​បំផុស​ចលនា​នៃ​ការចូលរួម​គោរព​ច្បាប់ និង​អនុវត្ត​វិធានការ​ច្បាប់​ ដើម្បី​ធានា​ការគ្រប់គ្រង ថែរក្សា​ការពារ​ធនធាន​ទាំងនោះ​ឱ្យបាន​គង់វង្ស ស្ថិតស្ថេរ​ចីរកាល​តរៀង​ទៅ​៕

វីដេអូ៖