ភ្នំពេញៈ លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ជំរុញ​ឱ្យ​មន្ដ្រីនគរបាល​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ក៏ត្រូវ​ពង្រឹង​បន្ថែមទៀត ក្នុង​ការទប់ស្កាត់​បទល្មើស​ផ្សេងៗ ដើម្បី​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​ផងដែរ​។

លោក នេត សាវឿន បាន​ថ្លែង​បែបនេះ ពេល​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​សភាពការណ៍ និង​លទ្ធផល​នៃ​ប្រតិបត្តិការ​ប្រចាំ​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ និង​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​ឆ្នាំ ២០២២ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ កាលពី​ថ្ងៃទី​ ៦ ខែមេសា​។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​នេះ​លោក ឆាយ គឹមខឿន អគ្គស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បញ្ជាក់ថា កិច្ចប្រជុំ​ផ្តោតទៅលើ​ការវាយតម្លៃ​សភាពការណ៍ និង​លទ្ធផល​កិច្ចប្រតិបត្តិការ​សម្រាប់​ត្រីមាស​ទី ​១ ដែល​សភាពការណ៍​មាន​លក្ខណៈ​ល្អប្រសើរ បើទោះបី​ជា​មាន​បញ្ហា​ខ្លះៗ ពាក់ព័ន្ធ​និង​ការបង្ក​ចលាចល​ក្នុងសង្គម​ការបំពុល​ព័ត៌មាន​តាម​បណ្តាញ​សង្គម ប៉ុន្តែ​រាល់​បញ្ហា​ទាំងអស់​ត្រូវបាន​ដោះស្រាយ​។

លោក​ថ្លែងថា​៖ «​អាជ្ញាធរ​ក៏បាន​ចាត់វិធានការ​ពង្រឹង​បន្ថែម​តាម​វិធានការ​សន្តិសុខ​ជារួម និង​តាម​ជំនាញ​ជាពិសេស​ជំរុញ​វិធានការ​កាត់បន្ថយ​បទល្មើស​ជាទូទៅ ដើម្បី​ធានា​ឱ្យបាន​នូវ​បរិយាកាស​សង្គម​»​។ លោក​បញ្ជាក់ថា​៖ «​ឯកឧត្តម​នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន នៅក្នុង​កិច្ចប្រជុំ​បាន​ផ្តាំផ្ញើ​នូវ​ចំណុច​មួយចំនួន​ដល់​មន្ដ្រី​នគរបាល​ក្នុងនោះ ទី​ ១​ ត្រូវការពារ​ឱ្យបាន​ដាច់ខាត​នូវ​ព្រឹត្តិការណ៍​នយោបាយ ព្រឹត្តិការណ៍​បុណ្យជាតិ-​អន្តរជាតិ​ធំៗ ជាពិសេស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ និង​ការការពារ​កិច្ចប្រជុំ​កំពូល​អាស៊ាន​»​។

ទី​ ២ ការពារ​ឱ្យបាន​ដាច់ខាត​នូវ​ស្ថាប័ន​ជាតិ​កំពូលៗ ការពារ​គោលដៅ​នយោបាយ ការទូត សេដ្ឋកិច្ច និង​វប្បធម៌​។ ទី​ ៣ ការពារ​ព្រះមហាក្សត្រ​ និង​ឥស្សរជន​ជាន់ខ្ពស់​ជាតិ និង​ទី ​៤ ពង្រឹង​វិធានការ​ដើម្បី​ទប់ស្កាត់​ការបំពុល ការបង្ក​ចលាចល​ក្នុងសង្គម​ដែល​ធ្វើឱ្យ​រំខាន​ដល់​សន្តិសុខ​ជាតិ​។

លោក នេត សាវឿន ក៏បាន​ណែនាំ​ឱ្យ​មន្ដ្រី​នគរបាល​ត្រូវ​កាត់បន្ថយ​បទល្មើស​ទូទៅ​ដើម្បី​ធានា​ដល់​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​សង្គម​បានល្អ​ប្រសើរ ជាពិសេស​សម្រាប់​ឆ្នាំ ​២០២២​ នេះ គ្រប់​នាយកដ្ឋាន​អង្គភាព​ជំនាញ និង​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត​។ ត្រូវ​កសាង​ផែនការ​សកម្មភាពជាក់ស្តែង ដើម្បី​ធានា​ឱ្យបាន​នូវ​ព្រឹត្តិការណ៍​សំខាន់ៗ ជាពិសេស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​។ ត្រូវ​ចាត់​កម្លាំង​ការពារ នៅ​តាម​គោលដៅ​ឱ្យបាន​ច្បាស់លាស់​នៅតាម​ទីតាំង​វត្តអារាម រមណីយដ្ឋាន​កម្សាន្ត​សប្បាយ​របស់​ប្រជាពលរដ្ឋ ការដោះស្រាយ​សណ្តាប់ធ្នាប់​នៅតាម​ដងផ្លូវ និង​ការការពារ​សហគមន៍​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ទៅ​ស្រុក​កំណើត​ផងដែរ​។

លោក​ថ្លែងថា​៖ «​ឯកឧត្ដម​អគ្គស្នងការ​នគរបាលជាតិ​បាន​ជំរុញ​ជួយ​កាត់បន្ថយ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ការពង្រឹង​ការអនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក​ជាមួយ​គ្នា​នោះ ក៏​ស្នើ​ឱ្យមាន​ការអប់រំ​កែប្រែ​ឥរិយាបថ​របស់​កងកម្លាំង​ពិសេស​កម្លាំង​នគរបាល​ចរាចរណ៍ ដែល​ធ្វើ​ប្រតិបត្តិការ​តាម​ដងផ្លូវ បើទោះបីជា​មាន​ការហត់​នឿយ ប៉ុន្តែ​ត្រូវ​បង្កើន​ការអត់ធ្មត់​ថែមទៀត ទាំង​ឥរិយាបថ​បំពេញការងារ ការផាកពិន័យ និង​ការអប់រំ​ណែនាំ​ប្រជាពលរដ្ឋ​»​។

ក្រៅពីនេះ លោក នេត សាវឿន ក៏បាន​ស្នើឱ្យ​គ្រប់​នាយកដ្ឋាន-​អង្គភាព​ជំនាញ ស្នងការ​នគរបាល​រាជធានី​-​ខេត្ត ត្រូវ​ពង្រឹង​យន្តការ​ដឹកនាំ​នៅក្នុង​អង្គភាព​នីមួយៗ​ទាំង​របៀបរបប​ការងារ ទាំង​ការគ្រប់គ្រង​កងកម្លាំង ទាំង​ការងារ​ប្រចាំ​បញ្ជា ជាពិសេស​ការយក​បេះដូង និង​មនោសញ្ចេតនា​ក្នុងការ​ដឹកនាំ​កងកម្លាំង​ក្នុង​អង្គភាព​៕