ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ដល់​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ មិនត្រូវ​គំរាមកំហែង​ប្រើ​អំពើ​ហិង្សា​ដល់​ជនបរទេស​ឡើយ ដើម្បី​ឱ្យ​ជនបរទេស​ទាំងនោះ កៀរគរ​ជនបរទេស​ផ្សេងៗ​ទៀត មក​បណ្ដាក់ទុន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​បន្ថែម​។

លោក ស ខេង បាន​ថ្លែង​បែបនេះ​ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ របស់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ កាលពី​ថ្ងៃទី​ ៦ ខែមេសា ឆ្នាំ​ ២០២២ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។

លោក​លើកឡើងថា ការ​គ្រប់គ្រង​ជនបរទេស​ចូលមក​កម្ពុជា គឺជា​ការងារ​ធានា​សន្ដិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​សាធារណៈ​របស់​កងកម្លាំង​គ្រប់លំដាប់​ថ្នាក់​។

លោក​ថ្លែងថា​៖ «​យើង​ក៏​ធានា​ដល់​ការលើកទឹកចិត្ត​សម្រាប់​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមជាតិ​ផងដែរ​។ គឺ​ខិតខំ​លើកទឹកចិត្ត​ដល់​អន្ដោប្រវេសន៍​គ្រប់ផ្នែក​ដែល​រស់នៅ​ប្រទេស​កម្ពុជា ជាពិសេស​អន្ដោប្រវេសន៍​ស្របច្បាប់​ធ្វើ​យ៉ាងម៉េច​ឱ្យគេ​រស់នៅ​ប្រកប​ដោយ​សុខស្រួល គ្មាន​ការគំរាមកំហែង គ្មាន​អំពើហិង្សា គ្មាន​ការ​ឆបោក លួច ឆក់ ប្លន់ ជាដើម ដើម្បី​លើក​ទឹកចិត្ត​ឱ្យគេ​កៀរគរ​ជនបរទេស​ផ្សេងៗ​ទៀត ឬ​វិនិយោគិន​ផ្សេងទៀត​ពី​បរទេស​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​»​។

លោក​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ត្រូវ​គ្រប់គ្រង​សណ្ដាប់ធ្នាប់​សាធារណៈ ពិសេស​ពង្រឹង​ការការពារ​ជនបរទេស ហើយ​ប្រឆាំង​ដាច់ខាត​ចំពោះ​បទល្មើស​ឆ្លងដែន​គ្រប់ប្រភេទ ជាពិសេស​តាម​ច្រក​ព្រំដែន​ផងដែរ​។

លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ប្តេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការកំណត់​យុទ្ធសាស្ត្រ​សំដៅ​ដោះស្រាយ​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការផ្តល់សេវា​អន្តោប្រវេសន៍ និង​ការគ្រប់គ្រង​ជនបរទេស​នៅ​កម្ពុជា​ក្នុង​គោលបំណង​សំខាន់​ ដើម្បី​ចូលរួម​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ការរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​។

លោក ពុំ វិត្យា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានលើកឡើង​ទាក់ទង​នឹង​ការគ្រប់គ្រង​ការស្នាក់នៅ​របស់​ជនបរទេស អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ខិតខំ​បង្កើន​ការគ្រប់គ្រង​វត្ដមាន​ស្នាក់អាស្រ័យ​នៅ​កម្ពុជា​របស់​ជនបរទេស​គ្រប់​ប្រភេទ​ក្នុង​គោលដៅ​ថែរក្សា សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម និង​ការអភិវឌ្ឍ​ជាតិ​។ ការគ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍ ជនបរទេស​អន្តោប្រវេសន៍​ដែល​បានដាក់​ពាក្យ​ស្នើសុំ​ទទួលស្គាល់ និង​បណ្ណ​ស្នាក់នៅ​អចិន្រៃ្តយ៍ គិត​ត្រឹម​ថ្ងៃ​បិទ​ឱសានវាទ​ថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ ​២០១៩ យុទ្ធនាការ​ជំរឿន​ស្ថិតិ និង​ដកហូត​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី​មាន​ចំនួន ២៨ ៩៤៥ គ្រួសារ​ក្នុងនោះ​មាន​មនុស្ស​ចំនួន ៨៩ ៧៨៦ ​នាក់​។

លោក​បន្តថា ដើម្បី​គ្រប់គ្រង​ក្រសួងមហាផ្ទៃ​បានផ្ដល់​បណ្ណ​ស្នាក់នៅ​អចិន្រៃ្តយ៍​ជូន​អ្នក​ដែលមាន​អាយុ ១៨ ​ឆ្នាំ​ឡើងទៅ​ចំនួន ៦៥ ១៦៨ ​នាក់ ជាមួយ​គ្នា​នោះ​ផងដែរ​បានផ្ដល់​បណ្ណ​បន្ត​សុពលភាព​ដែលមាន​រយៈពេល ២ ​ឆ្នាំ​ម្ដង​សរុប​ចំនួន ១៩ ៥៦១ ​បណ្ណ​ក្នុង​នោះបាន​បន្ត​សុពលភាព​លើក​ទី​ ១ ចំនួន ១៥ ៩៣៣ ​នាក់ លើក​ទី ​២ ចំនួន ៣ ៥៦៧ ​នាក់ លើក​ទី​ ៣ ចំនួន ៥២ ​នាក់ និង​លើក​ទី​ ៤ ចំនួន ៩ ​នាក់​។

ដោយឡែក​ចំពោះ​ភ្ញៀវបរទេស​ចូលមក​កម្ពុជា លោក ពុំ វិត្យា បាន​ឱ្យដឹងថា មានការ​ថយចុះ​យ៉ាងគំហុក បើ​ប្រៀបធៀប​ភាគរយ​ទៅនឹង​ឆ្នាំ​ ២០២០ មានការ​ថយចុះ ៩០,៦៧ ភាគរយ​។ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​ ២០១៩ មុន​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ មានការ​ថយចុះ​រហូត ៩៧,៦៥ ​ភាគរយ​។ ក្នុងនោះ​ភ្ញៀវទេសចរ​ថយចុះ ៩៥,០២ ​ភាគរយ អ្នកជំនួយ​ថយចុះ ៦១,៤៦​ ភាគរយ​។ ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្វើដំណើរ​ចេញទៅ​បរទេស​មានការ​ថយចុះ ៩២,២១ ភាគរយ និង​ពលករ​ខ្មែរ​ទៅធ្វើការ​នៅក្រៅ​ប្រទេស​ដែល​បាន​អាជ្ញាធរ​បរទេស​ចាប់ខ្លួន​បញ្ជូន​មកវិញ ៤៥, ៦៤ ​ភាគរយ​ផងដែរ​។

លោក​បានឱ្យដឹងថា អ្នកដំណើរ​ជនបរទេស​ចូល​ជា​លក្ខណៈ​អន្តរជាតិ​សរុប​មាន ១៤៧ ៧៧៧ ​នាក់ ក្នុងនោះ​មាន ១៥៨​ សញ្ជាតិ លើ ២ ៨២២ ​នាក់ ក្នុងនោះ​មាន​ពាណិជ្ជករ ៨៩ ១៨៤ ​នាក់ ស្នើ​នឹង ៦០,៣៦​ ភាគរយ​។ ទេសចរ ១១ ៥២៦ នាក់​ស្មើនឹង ៧, ៧៩ ភាគរយ​។ ក្រៅពីនោះ​អ្នក​ការទូត​មាន ១ ០៨៥ ​នាក់​។

លោក​បញ្ជាក់ថា ក្នុងចំណោម​អ្នកដំណើរ​ជនបរទេស​ចូល​ជា​លក្ខណៈ​អន្តរជាតិ​មក​កម្ពុជា​សរុប​មាន ១៤៧ ៧៧៧​ នាក់ ចូល​តាម​ច្រកទ្វារ​ផ្លូវអាកាស​ចំនួន ៩៩ ៥២០​ នាក់ ផ្លូវគោក​ចំនួន ១ ២៣៦ ​នាក់ និង​ផ្លូវទឹក​ចំនួន ៣៦ ២២១ ​នាក់ នៅ​ក្នុងនោះ​ភាគច្រើន​មាន​ជនជាតិ​ចិន វៀតណាម និង​ថៃ​។

ចេញ​ជា​លក្ខណៈ​អន្តរជាតិ​សរុប​មាន​ចំនួន ១៥០ ១៥១ នាក់ មាន ១៦៣​ សញ្ជាតិ លើ ១៩២៧ ៦៨៨ ​នាក់ បើ​ប្រៀបធៀប​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២០ គឺមាន​ការថយចុះ ៩២,២១ ភាគរយ​។ ចេញ​ជា​លក្ខណៈ​តំបន់​ព្រំដែន​មាន​ចំនួន ៨៨ ៨៤៧​ នាក់​លើ ២៩ ៣៨៤ នាក់ កើនឡើង​ចំនួន ៦៦,៦៦ ភាគរយ​៕