ភ្នំពេញៈ មន្ត្រី​ជំនាញ​ផ្នែក​សារមន្ទីរ​បាន​ថ្លែងថា រូប​បដិមា​ព្រះ​គ្រឹស្នាទ្រ​ភ្នំ​គោវធ៌ន ដែលមាន​អាយុកាល​ជាង​ ១ ៥០០ ​ឆ្នាំ​​របស់​កម្ពុជា​កំពុង​ទទួលបាន​ការលើក​តម្កើង​ជា​អន្តរជាតិ​ បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​អ្នកទស្សនា​ក្នុង​កម្មវិធី​ពិព័រណ៍​ 3D ​នៅ​ទីក្រុង​ Cleveland ​រដ្ឋ​ Ohio ​សហរដ្ឋអាមេរិក​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន ហើយ​​បច្ចុប្បន្ន គ្រោង​យកទៅ​តាំងពិព័រណ៍​តាម​ប្រព័ន្ធ​ 3D ​នេះ​ជាថ្មី​ម្ដងទៀត​នៅ​រដ្ឋធានី​វ៉ា​ស៊ីនតោន​នា​ចុងខែ​មេសា​នេះ​។

លោក​ សុខ សូដា អនុប្រធាន​នាយកដ្ឋាន​សារមន្ទីរ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែល​បាន​អញ្ជើញ​ចូលរួម​ពិព័រណ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​​ទី​ ៦ ខែមេសា​ថា កាលពី​អំឡុង​ខែវិច្ឆិកា​ឆ្នាំមុន រូបលោក​ត្រូវ​បាន​ខាង​សារមន្ទីរ Cleveland ​អញ្ជើញ​ចូលរួម​ជា​កិតិ្តយស​ក្នុង​កម្មវិធី​បើកសម្ពោធ​ការតាំងពិព័រណ៍​ 3D ​ក្រោម​ប្រធានបទ​ «​ការលាត​ត្រដាង​ពី​ប្រវត្តិ​នៃ​រូប​បដិមា​ព្រះគ្រឹស្នា៖​ ដំណើរ​ទៅកាន់​​ដែន​គិរី​ស័ក្តិសិទ្ធិ​នៃ​កម្ពុជា​»​។

ពិព័រណ៍​នេះ ត្រូវបាន​បិទបញ្ចប់​កាលពី​ចុងខែ​មករា ឆ្នាំ ​២០២២ ​ជាមួយ​សំឡេងគាំទ្រ​ និង​ការប្តេជ្ញាចិត្ត​ដ៏ក្លៀវក្លា​របស់​អ្នកទស្សនា​រាប់លាន​នាក់​ថា​នឹង​រៀបចំ​ពេលវេលា​ដ៏សមស្រប​មួយ​ ដើម្បី​ធ្វើដំណើរ​ទៅកាន់​ដែនដី​កំណើត​នៃ​ប្រវត្តិ​ដ៏​អស្ចារ្យ​របស់​រូប​បដិមា​ព្រះ​គ្រឹស្នា​ទ្រ​ភ្នំ​គោវធ៌ន​ដ៏មហិមា​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ពិព័រណ៍​នោះ​បាន​ធ្វើឱ្យ​អារម្មណ៍​របស់ខ្ញុំ​រំភើប​គ្មានអ្វី​មក​ផ្ទឹម​បានទេ​។

វា​ជា​ពិព័រណ៍​លើកដំបូង​ដែល​ខ្ញុំ​មិន​ធ្លាប់​ទស្សនា​ពីមុនមក វា​ពិតជា​អស្ចារ្យ​ណាស់​»​។

បើតាម​លោក សូដា តាមរយៈ​ប្រព័ន្ធ​ទំនើបកម្ម​ 3D អ្នក​ចូលរួម​ទស្សនា​ពិព័រណ៍​នោះ​ត្រូវបាន​គេ​ឱ្យ​ពាក់​ឧបករណ៍​មួយ​ឈ្មោះ Hololens​។ វា​បាន​ផ្ដល់នូវ​បទពិសោធ​ដ៏អស្ចារ្យ​សម្រាប់​អ្នកទស្សនា​នូវ​អារម្មណ៍​ និង​រូបភាព​និមិ្មតកម្ម​ដែល​មើលទៅ​ហាក់ដូចជា​កំពុង​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ទីតាំង​ពិតប្រាកដ​នៃ​ប្រវត្តិ​របស់​រូប​បដិមា​នេះ​ក្នុង​ដែន​គិរី​ស័ក្តិសិទ្ធិ​នៃ​កម្ពុជា​យ៉ាង​ដូច្នោះ​ដែរ​។

លោក​មានប្រសាសន៍​បន្ថែម​ថា​៖ «​ក្រោយ​ទស្សនា​ពិព័រណ៍​នោះ អ្នកទស្សនា​ជាច្រើន​បាន​សម្ដែង​ភាពរីករាយ ហើយ​ពួកគេ​បាន​និយាយថា ពួកគេ​នឹង​រក​ពេលវេលា​សមស្រប​មួយ​ ដើម្បី​មក​ទស្សនា​ផ្ទាល់​នៅ​ទឹកដី​កំណើត​នៃ​រូប​បដិមា​ព្រះ​គ្រឹស្នា ទ្រ​ភ្នំ​គោវធ៌ន ក្នុងប្រទេស​កម្ពុជា​»​។

លោក​បាន​បន្តថា តាមរយៈ​ការអះអាង​របស់​អ្នកទស្សនា​ពិព័រណ៍​នោះ​ក៏​ជា​ផ្នែក​មួយ​ជំរុញ​​ឱ្យ​មានការ​ស្រូប​ទាញ​នូវ​លំហូរ​ទេសចរ​បរទេស​បន្ថែមទៀត​ចូលមក​ទស្សនា​ដែនដី​ពិសិដ្ឋ​នៃ​រូ​បដិមា​ព្រះគ្រឹស្នា​ទ្រ​ភ្នំ​គោវធ៌ន​ដ៏​អស្ចារ្យ​ និង​មាន​អាយុកាល​យូរលង់​រាប់​សតវត្សរ៍​ដែល​ស្ថិត​ក្នុងស្រុក​អង្គរបុរី ខេត្តតាកែវ​។

បើតាម​ប្រសាសន៍​របស់​អ្នកស្រី Sonya Rhie Mace ​គទានុរក្ស​ប្រចាំ​សារមន្ទីរ​សិល្បៈ Cleveland នៅ​ទីក្រុង Cleveland រដ្ឋ​ Ohio សហរដ្ឋអាមេរិក​ដែលជា​អ្នកដឹកនាំ និង​រៀបចំ​​ពិព័រណ៍​បានឱ្យដឹងថា ពិព័រណ៍​​នេះ​លេចចេញ​ជា​រូបរាង​ឡើង​ដើម្បី​រៀបរាប់​អំពី​ប្រវត្តិ​នៃ​ការអភិរក្ស​រូប​ព្រះគ្រឹស្នា​ទ្រ​ភ្នំ​គោវធ៌ន ហើយ​ថា នៅ​ចុងខែ​មេសា​ឆ្នាំ​ ២០២២ ​នេះ សារមន្ទីរ​ជាតិ​សម្រាប់​សិល្បៈ​អាស៊ី​នៃ​មជ្ឈមណ្ឌល​សិល្បៈ Smithsonian នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នឹង​បើក​ពិព័រណ៍​ដដែល​នេះ​ជូន​ដល់​សាធារណជន​ទស្សនា ជាថ្មី​​ទៀត​រហូតដល់​ខែកញ្ញា​។

អ្នកស្រី Sonya បាន​បញ្ជាក់ថា​៖ «​នេះ​គឺជា​ឱកាស​ដ៏កម្រ​ និង​ពិសេស​មួយ​ដែល​រូប​បដិមា​មាន​អាយុកាល​ដ៏​យូរលង់​របស់​​កម្ពុជា​រួម​ជាមួយនឹង​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​យកមក​ធ្វើជា​ប្រធានបទ​ដ៏សំខាន់​នៅក្នុង​ពិព័រណ៍​ខ្នាត​ធំ​ និង​បែប​ច្នៃប្រឌិត​ប្រកប​ដោយ​បច្ចេកវិទ្យា​ទំនើប​ដោយសារ​មន្ទីរ​ធំៗ​ទាំង​ ២ ​នេះ នៅ​សហរដ្ឋអាមេរិក​»​។

យោងតាម​ឯកសារ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​នាយកដ្ឋាន​សារមន្ទីរ​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​បាន​បង្ហាញថា​កាលពី​ឆ្នាំ​ ១៩៧៣ សារមន្ទីរ​សិល្បៈ​ Cleveland បាន​ទិញ​រូប​បដិមា​ព្រះគ្រឹស្នា​ទ្រ​ភ្នំ​គោវធ៌ន​។ ក្នុងអំឡុង​ពេលនោះ​រូប​បដិមា​នេះ មានតែ​ដងខ្លួន​ និង​ព្រះសិរ ​(​ក្បាល​) ​តែប៉ុណ្ណោះ ដោយ​គ្មាន​ដៃ​ និង​ជើង​នោះទេ​។ ក្នុងអំឡុងពេល​ជិត​ ២​ ទសវត្សរ៍​ចាប់តាំងពី​ឆ្នាំ ​២០០៥ ​មក​សារមន្ទីរ​សិល្បៈ Cleveland បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សារមន្ទីរ​ជាតិ​កម្ពុជា​ក្នុង​កិច្ចការ​អភិរក្ស​រូប​បដិមា​នានា​នៅ​កម្ពុជា និង​នៅ​សហរដ្ឋអាមេរិក​។

ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១៥ សារមន្ទីរ​សិល្បៈ ​Cleveland បាន​រក​​ឃើញថា​បំណែក​ខ្លះ​នៃ​រូប​បដិមា​នេះ​មាន​វត្តមាន​នៅ​កម្ពុជា​ហើយ​ត្រូវបាន​យកទៅ​ផ្គុំ​នឹង​រូប​ព្រះ​គ្រឹស្នា​មួយទៀត​ដែលជា​កម្មសិទ្ធិ​របស់​សារមន្ទីរ​ជាតិ​កម្ពុជា​ រីឯ​បំណែក​ខ្លះ​នៃ​រូប​ព្រះគ្រឹស្នា​នៅ​កម្ពុជា​មាន​វត្តមាន​នៅ​សារមន្ទីរ​សិល្បៈ​ Cleveland ឯណោះ​វិញ​។ ការរកឃើញ​នេះ​បានក្លាយ​ទៅជា​ចំណុច​ផ្តើម​នៃ​ចំណង​មិត្តភាព​ និង​ទំនាក់ទំនង​ដ៏​សកម្ម​រវាង​សារមន្ទីរ​ជាតិ​កម្ពុជា​ និង​សារមន្ទីរ​សិល្បៈ​ Cleveland នៅ​ក្នុងការ​បង្កើតជា​ពិព័រណ៍​ «​លាតត្រដាង​ព្រះគ្រឹស្នា​» ​នេះ​។ ​ដោយ​សហការ​រួមគ្នា​សារមន្ទីរ​ទាំង​ ២ បាន​ធ្វើឱ្យ​រូប​បដិមា​ព្រះគ្រឹស្នា​ទាំង​ ២​ ដែល​រង​ការបែកបាក់​ទទួលបាន​ការអភិរក្ស​ដ៏ល្អឥតខ្ចោះ​តាមតែ​អាចធ្វើ​បាន​៕

វីដេអូ៖