ភ្នំពេញៈក្រោយពី​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ជូនដំណឹង​ពី​ការរៀបចំ​ឱ្យមាន​ការបន្ថែម​នូវ​ទីតាំង​ចាក់វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ បណ្តា​រាជធានី​-​ខេត្ត​ចាប់ផ្តើម​រៀបចំ​កន្លែង​ និង​មន្ត្រី​ពេទ្យ​ត្រៀម​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដែល​មក​វត្តអារាម និង​កន្លែង​កម្សាន្ត​នានា​ដែល​ចង់​ចាក់​វ៉ាក់សាំង ឬ​ដល់​វេន​ត្រូវ​ចាក់​។

អភិបាលខេត្ត​កែប លោក​ សោម ពិសិដ្ឋ បានប្រកាស​ជូនដំណឹង​ពី​ការចាក់​វ៉ាក់សាំង​កូវីដ ​១៩ តាម​បណ្តា​វត្តអារាម និង​តំបន់​កម្សាន្ត​សំខាន់ៗ​ក្នុង​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ចាប់ពី​ថ្ងៃ​ទី​ ១៣-១៧ មេសា ខាងមុខនេះ​។

លោក​លើកឡើង​ថា រដ្ឋបាលខេត្ត​កែប​បាន​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ជា​បន្តបន្ទាប់​ ដើម្បី​កុំឱ្យ​មានការ​ធ្លាក់ចុះ​នៃ​ភាពស៊ាំ​ក្នុង​សហគមន៍​។ ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ផង​នោះ រដ្ឋបាលខេត្ត​នឹង​រៀបចំ​ទីតាំង​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខនេះ នៅតាម​បណ្តា​វត្តអារាម និង​តំបន់​កម្សាន្ត​ផងដែរ​។

លោក​ឱ្យដឹងថា រដ្ឋបាលខេត្ត​បាន​រៀបចំ​ទីតាំង​ចំនួន​ ៦​ កន្លែង​សម្រាប់​ចាក់​វ៉ាក់សាំង​ក្នុង​អំឡុងពេល​បុណ្យ​ចូលឆ្នាំ​ក្នុង​នោះ​មាន​វត្ត​ចរិយាវង្ស ប្រចាំការ​ដោយ​ក្រុមគ្រូពេទ្យ​របស់​មណ្ឌល​សុខភាព​អូរក្រសារ​។ វត្ត​កំពង់ត្រឡាច​ប្រចាំការ​ដោយ​ក្រុមគ្រូពេទ្យ​របស់​មណ្ឌល​សុខភាព​ព្រៃធំ​។ មុខ​មន្ទីរទេសចរណ៍​ខេត្ត​ប្រចាំការ​ដោយ​ក្រុម​គ្រូពេទ្យ​របស់​មន្ទីរពេទ្យ​ខេត្ត​។ ឆ្នេរ​អង្កោល​ប្រចាំការ​ដោយ​ក្រុមគ្រូពេទ្យ​របស់​មណ្ឌល​សុខភាព​អង្កោល​។ វត្ត​ភ្នំលាវ​ប្រចាំការ​ដោយ​ក្រុមគ្រូពេទ្យ​របស់​មណ្ឌល​សុខភាព​ពងទឹក និង​វត្ត​ព្រៃតាកុយ ប្រចាំការ​ដោយ​ក្រុមគ្រូពេទ្យ​របស់​មណ្ឌល​សុខភាព​ចំការ​បី​។

លោក​ សោម ពិសិដ្ឋ បញ្ជាក់ថា​៖ «​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ និង​រក្សាបាន​របៀបរៀបរយ​សូម​បងប្អូន ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​នូវ​វិធានការ ៣ ​ការពារ និង​ ៣ ​កុំ តាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

ចំណែក​អភិបាលខេត្ត​បន្ទាយ​មានជ័យ លោក​ អ៊ុំ រាត្រី ក៏បាន​កំណត់​រួចរាល់​ដូចគ្នា​ដែរ​ពី​ទីតាំង និង​កាលបរិច្ឆេទ​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុងពេល​ចូលឆ្នាំ​ដោយ​ការចាក់​វ៉ាក់សាំង​នេះ​ខេត្ត​នឹងធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី​ ១៤ ដល់ទី​ ១៦ ខែមេសា​។ ការចាក់​វ៉ាក់សាំង​នេះ​នឹង​ធ្វើ​ឡើង ក្នុង​ក្រុង​-​ស្រុក ចំនួន​ ១៧ ​ទូទាំង​ខេត្ត ដោយ​ក្នុងនោះ​ទីតាំង​សម្រាប់​ចាក់​វ៉ាក់សាំង​មាន​ចំនួន​ ១៨ ​កន្លែង ដែល​មាន​វត្តអារាម​ និង​កន្លែង​កម្សាន្ត​ផងដែរ​។

ជាមួយ​គ្នានេះ ខេត្តតាកែវ​ក៏បាន​កំណត់​រួចហើយ​ផងដែរ​នូវ​ទីតាំង សម្រាប់​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ក្នុង​ក្រុង​-​ស្រុក​ចំនួន​ ១០ ដែលមាន​រហូតដល់​ជិត​ ១០០ ​កន្លែង ទាំង​ក្នុង​វត្តអារាម និង​មណ្ឌល​សុខភាព​ផងដែរ​។

រដ្ឋបាល​ខេត្តតាកែវ​បាន​ឱ្យដឹងថា មន្ទីរ​សុខាភិបាល​ខេត្ត​នឹង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខាងមុខនេះ រយៈពេល​ ៥​ ថ្ងៃ គឺ ចាប់ពី​ថ្ងៃទី​ ១៣ ដល់ទី​ ១៧ ខែមេសា សម្រាប់​អ្នក​ដែលមាន​អាយុ​ចាប់ពី​ ៣​ ឆ្នាំ​ឡើងទៅ​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង កូវីដ​ ១៩ ដូស​មូលដ្ឋាន ដូស​ទី​ ៣ និង​ដូស​ទី ៤ ទៅតាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។

បើតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃទី​ ៦ ខែមេសា ឆ្នាំ​ ២០២២ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ជិត​ ១៥​លាន​នាក់ ឬ​ ៩២.៧៥% ​ធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ​ ១៦​ លាន​នាក់​នៅ​ទូទាំង​ប្រទេស​។ ក្រសួង​បាន​បន្តថា សម្រាប់​អ្នក​ដែល​បាន​ចាក់​ដូស​ជំរុញ ឬ​ដូស​ទី​ ៣ បាន​ជាង​ ៨ ​លាន​នាក់ និង​អ្នក​ដែល​បាន​ចាក់​ដូស​ទី​ ៤ មាន​ជាង​ ១​ លាន​នាក់​ហើយ​ផងដែរ​៕