ភ្នំពេញៈ ក្រៅពី​កម្លាំង​នគរបាល និង​ទាហាន អគ្គស្នងការ​នគរបាលជាតិ បន្ថែម​កម្លាំង​ប្រជាការពារ​ប្រមាណ​ជិត ១០ ០០០​ នាក់ សម្រាប់​ចូលរួម​ធានា​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​ក្នុង​ដំណើរការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​ ៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២ នៅតាម​គោលដៅ​នៃ​ការបោះឆ្នោត​។

លោក​ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ​ថ្លែង​ក្នុង​កិច្ចប្រជុំ ដើម្បី​ធានា​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​គ្រប់​ដំណាក់កាល​នៃ​ដំណើរការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​កាលពី​ថ្ងៃទី​ ៦ ខែ​មេសា ឆ្នាំ​ ២០២២ ​ថា ការបន្ថែម​កម្លាំង​ប្រជា​ការពារ​ដើម្បី​ជួយ​ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​ក្នុង​ដំណើរការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជិត​១​ម៉ឺន​នាក់ ព្រោះ​នៅក្នុង​ខេត្ត​មួយចំនួន មាន​កម្លាំង​តិចជាង ចំនួន​ការិយាល័យ​បោះឆ្នោត​។

លោក​បាន​លើក​ឧទាហរណ៍​ថា ក្នុង​ខេត្ត​កំពង់ស្ពឺ​ចំនួន​កម្លាំង​នគរបាល​តិចជាង​ចំនួន​ការិយាល័យ​បោះឆ្នោត​ដែល​ត្រូវ​កៀរគរ​កម្លាំង​ពី​ខេត្ត​ទៅ​ជួយ​ស្រុក និង​សង្កាត់​ឃុំ ដូច្នេះ​ត្រូវ​ប្រើ​កម្លាំង​ប្រជាការពារ​ជំនួស រីឯ​កម្លាំង​មាន​សមត្ថកិច្ច​ទុក​ជួយ​អន្តរាគមន៍​នៅពេល​មាន​ហេតុការណ៍​កើតឡើង​។

ជាមួយ​គ្នានេះ លោក នេត សាវឿន បានស្នើ​ឱ្យ​បណ្តា​រាជធានី​ខេត្ត​រៀបចំ​ផែនការ​ហ្វឹកហាត់​បំប៉នកម្លាំង​ទាំងអស់​ដែល​ត្រូវ​ពង្រាយ​ការពារ​សន្តិសុខ​បោះឆ្នោត​តែ​អាទិភាព​មុនគេ​គឺ​ប្រជាការពារ​ដែល​គាត់​ស្ម័គ្រចិត្ត​បម្រើ​ប្រជាពលរដ្ឋ អាជ្ញាធរ និង​មូលដ្ឋាន​ផ្ទាល់ខ្លួន​។

លោក​ថ្លែងថា​៖ «​សូមឱ្យ​ខេត្ត​រៀបចំ​កម្លាំង​អធិការ​ស្រុក​ដើម្បី​មក​បណ្តុះបណ្តាល​នៅ​ខេត្ត និង​សូមឱ្យ​ស្នងការ​ក៏​ដូចជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ត្រូវ​សហការ​ជាមួយ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​រាជធានី​ខេត្ត ដើម្បី​ស្នើសុំ​គ្រូ​បង្គោល​ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​នៅ​ខេត្ត និង​ប្រគល់ឱ្យ​ស្រុក​បន្ត​បណ្តុះបណ្តាល​តាម​ឃុំ​»​។

បើតាម​លោក នេត សាវឿន គោលដៅ​អាទិភាព​ដែល​ត្រូវការពារ​មានដូចជា​ស្នាក់ការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ការិយាល័យ​ពិនិត្យ​បញ្ជីឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ការិយាល័យ​បោះឆ្នោត និង​​រាប់​សន្លឹកឆ្នោត ការដឹកជញ្ជូន​ឧបករណ៍ សម្ភារ ឯកសារ​បោះឆ្នោត សន្លឹកឆ្នោត និង​កន្លែង​ទុក​សន្លឹកឆ្នោត​។

លោក កង សាវាង្ស មន្ត្រី​សម្របសម្រួល​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ​ហៅ​កាត់​ថា ខុម ហ្វ្រែល បាន​ថ្លែង​​នៅ​ថ្ងៃទី​ ៧ ខែមេសា​ថា ការជ្រើសរើស​ប្រជាការពារ​ឱ្យជួយ​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​នៅក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ​នេះ គឺជា​បរិបទ​ថ្មី​ប្លែក​ពី​ការបោះឆ្នោត​មុនៗ​ដែល​មានតែ​ការប្រើប្រាស់​កម្លាំង​នគរបាល និង​ទាហាន​ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល​ត្រឹមត្រូវ​។

លោក​បន្តថា ប្រជាការពារ​​មិនដែល​ទទួលបាន​ការបណ្តុះបណ្តាល និង​ជា​អ្នកស្ម័គ្រចិត្ត​ដែល​ពួកគាត់​ខ្លះ​ធ្លាប់ធ្វើ​កិច្ចការ​ហួស​តួនាទី​រហូត​មានការ​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​នៅពេល​តវ៉ា​ផ្សេងៗ ដោយសារ​មិនបាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​!​សម្រាប់​​ខ្ញុំ យល់ឃើញថា ការ​រើស​អ្នកណាមួយ ជា​ការចាត់ចែង​របស់​រាជរដ្ឋាភិបាល និង​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត ប៉ុន្តែ​អ្វី​​ដែល​សំខាន់​ត្រូវ​ពង្រឹង​តួនាទី​ និង​ភារកិច្ច​របស់​ពួកគេ​គឺ​ត្រូវ​បណ្តុះបណ្តាល​ពួកគេ​ឱ្យ​ស្គាល់​​ពី​តួនាទី និង​ការអនុវត្ត​របស់ខ្លួន​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ត្រូវតែ​ឱ្យមាន​វិន័យ និង​គោលការណ៍​​ទោស​បញ្ញត្តិ​សម្រាប់​អ្នក​ដែល​ប្រព្រឹត្ត​ខុស​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង លោក ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដើម្បី​សុំ​ធ្វើ​អត្ថាធិប្បាយ​ពី​ករណីនេះ​បានទេ នៅ​ថ្ងៃទី​ ៧ ខែមេសា ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​កាលពី​ថ្ងៃ​ ២៩​ មីនា​ថា​ «​យើង​នឹង​បណ្តុះបណ្តាល​ប្រជាការពារ​ទាំងនោះ​សម្រាប់​ប្រើប្រាស់​ ​និង​ធ្វើជា​កម្លាំង​ជំនួយ​រក្សា​សណ្តាប់ធ្នាប់​នៅក្នុង​អំឡុងពេល​បោះឆ្នោត ប៉ុន្តែ​ពួកគាត់​​ក៏​មិនមែន​កម្លាំង​ស្នូល​សម្រាប់​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ទេ ពួកគាត់​ជា​អ្នកស្ម័គ្រចិត្ត និង​កម្លាំង​ជំនួយ​ដែល​អាច​ការពារ​នៅក្នុង​ភូមិសាស្ត្រ​ដែល​ស្រាល​»​។

លោក សោម សូរីដា អ្នក​នាំពាក្យ គ.ជ.ប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៧ ខែមេសា​ថា ការជ្រើសរើស​ប្រជា​ការពារ​របស់​អគ្គស្នងការ​នគរបាលជាតិ​បន្ថែម​នេះ ដោយសារតែ​មានការ​កើនឡើង​នៃ​ការិយាល័យ​បោះឆ្នោត​ដែល​ពីមុន​មានតែ​ជាង​ ២២ ០០០ ​ការិយាល័យ​ទេ ប៉ុន្តែ​បច្ចុប្បន្ន​បាន​ឡើងដល់​ជាង ​២៣ ៦០០​ ការិយាល័យ​។

លោក​បន្តថា ចំនួន ​២៣ ៦០០ ​ការិយាល័យ គឺជា​ចំនួន​ដ៏ច្រើន ដែល​នៅក្នុង​បទបញ្ជា​ និង​នីតិវិធី​របស់ គ.ជ.ប គឺ​ក្នុង​ ១​ ការិយាល័យ​មាន​ភា្នក់ងារ​សន្តិសុខ​បោះឆ្នោត​ចំនួន​ ៣ ​រូប​​ដែល​ម្នាក់​ប្រចាំការ​នៅ​បរិវេណ​ជុំវិញ​ការិយាល័យ និង​ ២ ​នាក់​ទៀត​នៅ​ខាងក្រៅ​ការិយាល័យ​បោះឆ្នោត​។

លោក​ថ្លែងថា​៖ «​យើង​មានការ​ចាប់អារម្មណ៍​ដែរ​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ ៥ ​ដែល​​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២ ខាងមុខនេះ កម្លាំង​សន្តិសុខ​បោះឆ្នោត មិនមែន​ប្រចាំការ​នៅតាម​តែ​ការិយាល័យ​បោះឆ្នោត​ទេ ។ អ៊ីចឹង​គោលដៅ​នៃ​ការការពារ​គឺមាន​ទីស្តីការ គ.ជ.ប គណៈកម្មការ​រៀបចំ​បោះឆ្នោត​របស់ គ.ជ.ប ទាំង​ ២៥ ​រាជធានី​ខេត្ត និង​ ២០៤ ក្រុង​ស្រុក​ខណ្ឌ ក៏​ត្រៀមកម្លាំង​ដើម្បី​ការពារ​ក្នុងករណី​ ឬ​មាន​​បញ្ហា​ណាមួយ​កើតឡើង​ក្នុងនោះ​គោលដៅ​ឃុំ​សង្កាត់​ចំនួន​ ១ ៦៥២​ ក៏ត្រូវ​ការពារ​ដែរ​»៕