បាត់ដំបងៈ ពលករ​ប្រុស​ស្រី​ និង​កូនៗ​របស់​ពួកគេ​ចំនួន​ ៨៦៥ ​នាក់​បាន​វិលត្រឡប់​មកពី​ថៃ​វិញ តាម​ស្រុក​កំរៀង និង​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​ពីថ្ងៃ​ទី​ ៦ ​មេសា ខណៈ​ថ្ងៃ​ចូលឆ្នាំ​ថ្មី​ជិត​ចូលមក​ដល់ ក្នុងនោះ​មាន​ពលករ​ ១២ ​នាក់​ត្រូវបាន​​គ្រូពេទ្យ​បញ្ជូនទៅ​មណ្ឌល​ចត្តាឡីស័ក​។ ​នេះ​បើតាម​សមត្ថកិច្ច​ទទួល​ពលករ​នៃ​ស្រុក​ទាំង​ ២​។

លោក ម៉ង់ ស៊ី មេបញ្ជាការវរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ​៨១៩ ប្រចាំការ​នៅតាម​បន្ទាត់​ព្រំដែន​នៅ​ចំណុច​តំបន់​អូរ​អន្លក់ ក្នុង​ភូមិ​អូរ​អន្លក់ ឃុំ​តាសែន ស្រុក​កំរៀង បានឱ្យដឹង​នៅ​ថ្ងៃទី ​៧ មេសា​ថា ពលករ​ប្រុស​ស្រី​ចំនួន​ ៤៥៥​ នាក់​ (​ស្រី​ ១៨៦​ នាក់ និង​ក្មេង​ ៥៤ ​នាក់​) ​កាលពី​ថ្ងៃទី ​៦ ​មេសា​បាន​ឆ្លងដែន​ពី​ថៃ​ចូល​​មក​ចំណុច​ប៉ុស្តិ៍​អូរអន្លក់​ក្នុង​ភូមិ​អូរអន្លក​។ ដំណើរ​វិល​មកវិញ​​របស់​ពួកគាត់​នេះ មិនមែន​ពួកគាត់​ប្រព្រឹត្ត​បទល្មើស ហើយ​ត្រូវបាន​ទាហាន​ថៃ​ចាប់បញ្ជូន​មក​ទេ តែ​ពួកគាត់​មក​ស្របច្បាប់​។ ក្នុង​ចំនួន​ពលករ​ទាំង​ ៤៥៥​ នាក់ ដែល​ចូល​តាម​ស្រុក​កំរៀង​គឺមាន​តែ ​១២ ​នាក់​ប៉ុណ្ណោះ​ដែល​ខាង​ជំនាញ​ពេទ្យ​បញ្ជូនទៅ​មណ្ឌល​ចត្តាឡីស័ក ដោយសារ​អាចមកពី​ចាក់​វ៉ាក់សាំង​មិនទាន់​គ្រប់​ដូស​។

លោក​បន្តថា​៖ «​ឃើញ​ពលករ​ខ្មែរ​យើង​សម្រុក​មក​ច្រើន​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​យើង​។ ​ខ្ញុំ​សួរ​ពួកគាត់ ហើយ​ប្រាប់ថា ពួកគាត់​មកលេង​ស្រុក​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។ ម្យ៉ាង​​នៅ​ថៃ​មិនសូវ​សម្បូរ​ការងារ​ធ្វើ​​ផង ម្យ៉ាង​គាត់​នៅ​ថៃ​យូរ​ឆ្នាំ​ផង​»​។

បើតាម​លោក ម៉ង់ ស៊ី ចំនួន​ពលករ​ទៅធ្វើការ​នៅ​ប្រទេស​ថៃ ហើយ​វិល​មក​តាម​ប៉ុស្តិ៍​អូរន្លក់ គឺ​ពួកគាត់​ឆ្លងដែន​មកជា​បន្តបន្ទាប់ ជា​រៀងរាល់ថ្ងៃ តែមាន​ចំនួន​មិន​ដល់​ ៥០ ​នាក់​ទេ ក្នុង​ ១ ​ថ្ងៃៗ​។ ​ប៉ុន្តែ​នៅពេល​ជិត​ដល់​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ទើប​ពលករ​នាំគ្នា​សម្រុក​ឆ្លងដែន​មក​ស្រុក​កំណើត​ច្រើន ដែលមាន​រហូតដល់​រាប់រយ​នាក់​ឯណោះ​។

ពាក់ព័ន្ធ​នឹង​វិធានការ​ការពារ​ ​និង​ការយល់ដឹង​ពី​ជំងឺ​កូវីដ​វិញ​លោក​ថា តាម​ការសង្កេត បងប្អូន​ពលករ​ខ្មែរ​មានការ​យល់ដឹង​ច្រើន​ហើយ​ពួកគាត់​ម្នាក់ៗ​ក៏​ហាក់ដូចជា​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការពារ​មេរោគ​កូវីដ​នេះដែរ​។

លោក​ប្រាប់ថា​៖ «​ជា​គោលការណ៍​របស់លោក​អភិបាល​ខេត្ត និង​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ខេត្តបាត់ដំបង​គឺ​យើង​បាន​ជួយ​សម្រួល​ដល់​បងប្អូន​ពលករ​យើង​មិនមាន​បញ្ហា​អី​ទេ​»​។

ដោយឡែក​លោក ប្រាក់ សាយ មេបញ្ជាការ​វរសេនាតូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​ ៨១៧ បានឱ្យដឹង​នៅ​ថ្ងៃទី​ ៧ មេសា​ថា កម្លាំង​របស់លោក​ដែលមាន​គ្រូពេទ្យ​រួមជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​គីឡូ​ ១៣ ក្នុង​ភូមិសាស្ត្រ ភូមិ​ពោធិ៍ជ្រៃ ឃុំ​សិរីមានជ័យ ស្រុក​សំពៅលូន​បាន​ទទួល​ពលករ​ប្រុស​ស្រី​ចំនួន​ ៤១០​ នាក់​ (​ស្រី​ ១៤៨ ​នាក់ ក្មេង​ ៥៤ ​នាក់ ក្មេងស្រី​ ២២ ​នាក់​)​ កាលពី​ថ្ងៃទី​ ៦ ខែមេសា ។

ទន្ទឹមនឹងនេះ ទាំង​កម្លាំង​សមត្ថកិច្ច​របស់​លោក​ទាំង​គ្រូពេទ្យ​ក៏បាន​ណែនាំ​ពន្យល់​អប់រំ​ដល់​ពលករ​ទាំងនោះ​ឱ្យ​យល់​ពី​បញ្ហា​ឆ្លង​នៃ​ជំងឺ​កូវីដ និង​វិធី​ការពារ​ខ្លួន​ផងដែរ​។

លោក​ថ្លែងថា​៖ «​ពលករ​ខ្មែរ​យើង​ប្រុស និង​ក្មេងៗ​ជា​កូន​របស់​ពួកគាត់​ទាំងនោះ​មិន​​មាន​ជំងឺ​កូវីដ​ទេ ហើយ​ភាគច្រើន​ពួកគាត់​បាន​ចាក់​វ៉ាក់សាំង​​កូវីដ​រួច​អស់ហើយ​»៕