ភ្នំពេញៈ អគ្គស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី-​ភ្នំពេញ លោក ស ថេត បាន​ធ្វើការ​ប្រជុំ​រៀបចំ​ផែនការ និង​បាន​ត្រៀម​កម្លាំងចម្រុះ​ជាង​ ២ ២០០ ​នាក់ ក្នុង​ការការពារ​សន្តិសុខ និង​របៀបរៀបរយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​សប្តាហ៍​ក្រោយ​។

នាកិច្ចប្រជុំ​នៅ​ថ្ងៃទី​ ៧​ មេសា លោក ស ថេត បាន​ណែនាំ​ដល់​ស្នងការរង​ទាំងអស់ ត្រូវ​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការដឹកនាំ​កម្លាំង ដើម្បី​អនុវត្ត​ការងារ​ឱ្យបាន​ល្អ​ធានា​ឱ្យបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ ជាពិសេស​កម្លាំង​ចរាចរណ៍​ទាំងអស់​ត្រូវតែ​ចេញ ជួយ​សម្រួល​ចរាចរណ៍ ទាំង​ក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​ច្រកចេញ ចូល រាជធានី​-​ភ្នំពេញ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​។

លោក​បញ្ជាក់ថា ការត្រៀម​វិធានការ​ការពារ​ទុកជា​មុននេះ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ទប់ស្កាត់​សកម្មភាព​បង្ក​ការរំខាន​នានា ដែល​អាច​បង្ក​ការគំរាមកំហែង​នៅតាម​ទីវត្តអារាម​កន្លែង​សប្បាយ​នៅតាម​រមណីយដ្ឋាន កន្លែង​ប្រមូលផ្តុំ តាម​ដងផ្លូវ​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ​។

លោក សាន សុខសីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ៧ ខែមេសា ថា ស្នងការ​រាជធានី​ភ្នំពេញ​បាន​ប្រជុំ​ត្រៀមកម្លាំង​ ដើម្បី​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ក៏ដូចជា​ចរាចរណ៍​ដើម្បី​កុំឱ្យ​មានការ​កកស្ទះ​ដល់​ប្រជាពលរដ្ឋ​ទាំង​មុន​ចូលឆ្នាំ ពេល​ចូលឆ្នាំ និង​ក្រោយ​ពិធី​ចូលឆ្នាំ​។

លោក​មានប្រសាសន៍​ថា​៖ «​យើង​ត្រៀម​កម្លាំងចម្រុះ​ប្រហែល​ជាង​ ២ ២០០ ​នាក់ ដែលមាន​ទាំង​កម្លាំង​ការិយាល័យ​ជំនាញ កម្លាំង​អធិការ​ខណ្ឌ កម្លាំង​ប៉ុស្តិ៍ កម្លាំង​ចរាចរណ៍ កម្លាំង​ខាង​អគ្គិភ័យ និង​កម្លាំង​អន្តរាគមន៍​ពិសេស​។ កម្លាំង​គ្រប់ផ្នែក​ទាំងអស់​នឹង​ធ្វើការ​សហការ​គ្នា​ដើម្បី​ធ្វើ​កិច្ចការងារ​ការពារ​ពលរដ្ឋ​»​។

លោក សាន សុខសីហា បន្ថែមថា កម្លាំង​ចរាចរណ៍​ជាច្រើន​រយ​នាក់​បានធ្វើ​ការពង្រាយ​នៅ​គ្រប់​គោលដៅ​ក្នុង​ក្រុង ជាពិសេស​គឺ​គោលដៅ​ច្រកចេញ-​ចូល​ក្រុង​ធ្វើយ៉ាងណា​ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​កុំឱ្យ​មានការ​កកស្ទះ ដោយសារ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ពួកគាត់​នឹងធ្វើ​ដំណើរ​ចេញទៅ​ស្រុកកំណើត និង​វិល​មកវិញ​បន្ទាប់ពី​ចប់​ចូលឆ្នាំ​។

លោក​ថា​៖ «​វិធានការ​របស់​មន្ត្រី​យើង គឺ​ធ្វើ​យ៉ាងម៉េច​ត្រូវអនុវត្ត​ឱ្យបាន​ល្អ ដើម្បី​ជួយ​សម្រួល​ក្នុង​កិច្ចការងារ​នេះហើយ​ចំពោះ​មន្ត្រី​អគ្គិភ័យ​គឺមាន​អ្នកប្រចាំការ​ ២៤ ​ម៉ោង​ ដើម្បី​ជួយសង្គ្រោះ​នៅពេល​ដែលមាន​បាតុភាព​អ្វីមួយ​កើតឡើង​។ យើង​ក៏មាន​កម្លាំង​អន្តរាគមន៍​ពិសេស​ត្រៀម​ជាប្រចាំ​ក្នុងករណី​មាន​បញ្ហា​អ្វី​កើតឡើង​»​។ កម្លាំង​ដែល​បាន​ត្រៀម​នេះ​នឹង​ការពារ​នៅតាម​ទីវត្តអារាម កន្លែង​កម្សាន្ត និង​ទីកន្លែង​សំខាន់ៗ​ជាច្រើន​ទៀត​ដែល​ប្រជាពលរដ្ឋ​ទៅ​កម្សាន្ត​។

ទន្ទឹមនឹង​នេះដែរ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង​ក៏បាន​ធ្វើការ​ណែនាំ​ទៅដល់​អាជ្ញាធរ​អភិបាលខណ្ឌ​ទាំង​ ១៤ ឱ្យ​យកចិត្ត​ទុក​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​គ្រប់​ទីកន្លែង​កម្សាន្ត​សប្បាយ ដើម្បី​បង្កើន​ភាពកក់ក្តៅ​ដល់​ប្រជាពលរដ្ឋ និង​ត្រូវ​ទប់ស្កាត់​ឱ្យ​ខាងតែបាន​នូវ​ការលេង​ល្បែង​មួយចំនួន​ដែល​មិនត្រូវ​បានអនុញ្ញាត​។

លោក ឃួង ស្រេង បាន​លើកឡើងថា អភិបាលខណ្ឌ​ទាំង ​១៤ ត្រូវ​យកចិត្ត​ទុកដាក់​ណែនាំ​ដោយ​ហាម​ដាច់ខាត​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​លេងល្បែង​ជះ​ទឹក​ ឬ​បាញ់​ទឹក​ដាក់គ្នា​នៅតាម​ផ្លូវ​សាធារណៈ តំបន់​រមណីយដ្ឋាន កន្លែង​កម្សាន្ត​សប្បាយៗ ទីវត្តអារាម និង​កន្លែង​រៀបចំ​សង្ក្រាន្ត​វត្តភ្នំ​ឡើយ​ក្នុងឱកាស​បុណ្យ​ចូលឆ្នាំថ្មី​នាពេល​ខាងមុខ​។

លោក​ថ្លែងថា​៖ «​កងកម្លាំង​ចម្រុះ​ត្រូវ​ទប់ស្កាត់​ឱ្យ​ខាងតែបាន​ករណី​លេងល្បែង​បាញ់​ទឹក ដោយសារ​វា​ក៏​ជា​បញ្ហា​ប្រឈម​មួយ​នាំឱ្យ​ឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ ផងដែរ ខណៈដែល​ជំងឺ​នេះ​មិនទាន់​មាន​ស្ថានភាព​ថមថយ​នៅឡើយ​ទេ​»​។

លោក ឃួង ស្រេង ក៏​បញ្ជាក់​ផងដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀមលក្ខណៈ​រួចរាល់​ក្នុង​ការរៀបចំ​កម្មវិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅ​ទីតាំង​តំបន់​ប្រវត្តិសាស្ត្រ​វត្តភ្នំ​ហើយ​នៅតាម​វត្ត​ទាំង​ ១៥០ នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ក៏ត្រូវ​រៀបចំ​កម្មវិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​ការរៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​មាន​រាំច្រៀង លេងល្បែង​ប្រជាប្រិយ​ខ្មែរ ដើម្បី​ទទួល​អំណរ​ទេវតា​ឆ្នាំ​ថ្មី​។

ជាមួយ​គ្នា​នោះដែរ ក៏បាន​ណែនាំ​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ រៀបចំ​សោភណភាព តុបតែង​លម្អ​ភ្លើង​ចម្រុះ​ពណ៌​នៅតាម​ដងផ្លូវ ទីវត្តអារាម និង​នៅ​តំបន់​រមណីយដ្ឋាន​វត្ត​ភ្នំ​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ទីតាំង​ទាំងនោះ​កាន់​តែមាន​សម្រស់​ស្រស់ស្អាត​នាពេល​រាត្រី ជា​ទីក្រុង​ស៊ីវិល័យ ដែល​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ និង​ពលរដ្ឋ​ដែល​មកលេង​កម្សាន្ត​នាឱកាស​បុណ្យ​ចូលឆ្នាំថ្មី​។

គួរ​បញ្ជាក់ថា ប្រមុខ​រាជរដ្ឋាភិបាល​បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​ ១៤-១៥ និង​ទី​ ១៦ ខែមេសា​ខាងមុខ បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​ខកខាន​ប្រារព្ធ​ពិធីបុណ្យ​នេះ រយៈពេល ​២ ​ឆ្នាំ​មកហើយ ដោយសារ​ការឆ្លង​រាលដាល​កូវីដ​ ១៩៕