
បន្ទប់ទឹកសាធារណៈនៅក្រុងព្រះសីហនុ។ រូបថត រដ្ឋបាលខេត្តព្រះសីហនុ
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញនូវផែនការជំហានទី ២ រយៈពេលខ្លី ដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបាននូវការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល នៅក្នុងខេត្តចំនួន ៦ នៅត្រឹមឆ្នាំ ២០២៣ និងសម្រេចឱ្យបានទាំងអស់ ២៥ រាជធានី ខេត្តនៅត្រឹមឆ្នាំ ២០២៥។
លោក ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៦ ខែមេសាថា បច្ចុប្បន្នក្រសួងបាននិងកំពុងអនុវត្តផែនការសកម្មភាពជាតិជំហានទី ២ (២០១៩-២០២៣) ក្នុងគោលដៅសម្រេចឱ្យបាន ៩០ % នៅឆ្នាំ ២០២៣ ខណៈមកដល់ពេលនេះ សម្រេចបានជិត ៨០% ហើយ។ លោកបន្តថា តាមការណែនាំរបស់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ គឺធ្វើយ៉ាងណាឱ្យខេត្តចំនួន ៥ ជាខេត្តឈានទៅសម្រេចឱ្យបាននូវការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល នៅឆ្នាំ ២០២៣ រួមមានខេត្តកែប ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ ស្វាយរៀង និងព្រៃវែង។
ទោះជាយ៉ាងណា លោក ថា កាលពីពេលថ្មីៗនេះ ខេត្តកណ្តាលក៏បានប្តេជ្ញានឹងសម្រេចឱ្យបាននូវការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល នៅមុនឆ្នាំ ២០២៣ ផងដែរ។ ដូច្នេះមានខេត្តចំនួន ៦ ដែលនឹងជោគជ័យលើផែនការនេះ ហើយនឹងឈានទៅសម្រេចឱ្យបាន ១០០% នៅឆ្នាំ ២០២៥។ «យើងមានផែនការច្បាស់លាស់របស់យើងដើម្បីសម្រេចឱ្យបានគោលដៅនេះ»។
បើតាមលោក ជ្រាយ ប៉ុម ការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលតាមផែនការកំណត់នេះនឹងកាត់បន្ថយផលប៉ះពាល់ដល់សុខភាព អប់រំ និងទេសចរណ៍ ខណៈតាមការសិក្សា បង្ហាញថា ក្នុង ១ ឆ្នាំៗ កម្ពុជាខាតបង់ថវិកា ៤៧៧ លានដុល្លារអាមេរិកលើបញ្ហាសុខភាពសាធារណៈដែលបង្កឡើងពីការបន្ទោបង់ពាសវាលពាសកាលនេះ។
លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៦ ខែមេសាថា អង្គការភ្លែន-អន្តរជាតិកម្ពុជាបានគាំទ្រ និងចូលរួមយ៉ាងសកម្មដើម្បីពន្លឿនការបញ្ឈប់ការបន្ទោបង់ពាសវាលពាលកាល ព្រោះការបន្ទោបង់ពាសវាលពាសកាលនេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខភាពកុមារ ដែលធ្វើឱ្យកុមារងាយទទួលរងនូវជំងឺរាករូស និងជំងឺផ្សេងៗ។
លោកបន្តថា ជាពិសេសនៅពេលបន្ទោបង់ពាសវាលពាសកាល លាមកនឹងហូរចូលទៅក្នុងទឹក នៅពេលដែលយកទឹកនោះមកប្រើប្រាស់ វានឹងកើតជំងឺរាករូស និងកើតព្រូនជាដើម និងធ្វើឱ្យកុមារក្រិនប៉ះពាល់ដល់ការលូតលាស់ និងប៉ះពាល់ដល់ខួរក្បាលកុមារទៅថ្ងៃអនាគត។ ទោះជាយ៉ាងណា មកដល់បច្ចុប្បន្ននេះ កម្ពុជាសម្រេចបានជាង ៧០% លើផែនការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនេះ។
លោកថ្លែងថា៖ «យើងគាំទ្រ ព្រោះវាស្ថិតនៅក្នុងទិសដៅ និងយុទ្ធសាស្ត្ររបស់អង្គការភ្លែន រយៈពេល ៥ ឆ្នាំទៅមុខទៀត ដែលផ្តោតទៅលើកម្មវិធីចាប់ផ្តើមសុខភាពល្អ។ អ៊ីចឹងការងារហ្នឹង ជាការងារអាទិភាព»។
ក្នុងកិច្ចប្រជុំកំពូលថ្នាក់ក្រោមជាតិ ស្តីអំពីការពន្លឿនការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅខេត្តព្រះសីហនុ ពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២២ លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ថា គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២១ ប្រជាជននៅតាមតំបន់ជនបទ ទូទាំងរាជធានី-ខេត្ត ចំនួន ៧៧,២% មានបង្គន់អនាម័យប្រើប្រាស់ ខណៈប្រជាជនជនបទប្រមាណ ៧៣,៤ % មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ លោកបន្តថា៖ «យោងតាមការអង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជា តាមការវាយតម្លៃគិតដល់ដំណាច់ត្រីមាសទី ៣ ឆ្នាំ ២០២១ ប្រជាជនជនបទប្រមាណ ៧៣,៤% មានទឹកស្អាតប្រើប្រាស់។ អត្រានៃការទទួលបានអនាម័យបានកើនពី ៧០,៩% នៅឆ្នាំ ២០១៧ ដល់៧៤,២% នៅឆ្នាំ ២០១៩។ នៅឆ្នាំ ២០២១ ប្រជាជនជនបទប្រមាណ ៧៧,២% មានបង្គន់អនាម័យប្រើប្រាស់»៕
វីដេអូ៖