​ក្រសួង​អប់រំ យុវជន និង​កីឡា បានកំណត់​យក​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ថ្ងៃទី​ ១៤ ខែ វិច្ឆិកា ឆ្នាំ​ ២០២២ ដោយ​ក្រសួង​បានចេញ​នូវ​សេចក្តីណែនាំ​ពី​ដំណើរការ​នៃ​ការប្រឡង​នេះ​ ដែល​ការទទួល​ពាក្យសុំ​ចុះឈ្មោះ​ប្រឡង​នេះ​ធ្វើឡើង​នៅតាម​វិទ្យាល័យ​ចាប់ពី​ថ្ងៃទី ​០១ ដល់ទី ​៣១ ខែ ឧសភា ឆ្នាំ ​២០២២​។​

​យោងតាម​សេចក្តីណែនាំ​ដែល​ចុះហត្ថលេខា​ដោយ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​៣១ ខែមីនា ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​០៨ ខែមេសា នេះ​បានឱ្យដឹងថា ការរៀបចំ​ការណែនាំ​នេះ ដើម្បី​ធានា​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឱ្យមាន​ប្រសិទ្ធភាព​។​

​ទាក់ទង​នឹង​ការកំណត់​មណ្ឌល​ប្រឡង ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ខេត្ត​ត្រូ​ង​ធ្វើសំណើ​មណ្ឌល​ប្រឡង​ជូន​រដ្ឋមន្ត្រីក្រសួង ដោយ​ផ្អែកលើ​គោលការណ៍​និង​លក្ខខណ្ឌ​មួយចំនួន​ផងដែរ ដូចជា ប្រមូលផ្តុំ​គ្រឹះស្ថានសិក្សា​ចាប់ពី​បឋម​សិ​ក្ស​ឡើងទៅ​ទាំង​សាធារណៈ និង​ឯកជន​នៅក្នុង​រាជធានី​និង​ទី​រួម​ខេត្ត​។ ក្នុងករណី ខេត្ត​ណា​មិនអាច​អនុវត្តបាន ត្រូវ​ប្រមូលផ្តុំ​នៅ​ទីរួមស្រុក ដែល​នៅ​ជិត​ទី​រួម​ខេត្ត​ជាងគេ​។​

​សម្រាប់​កាលបរិច្ឆេទ​ដំណើរការ​កំណែ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៩-២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅតាម​មណ្ឌល​កំណែ​ប្រមូលផ្តុំ​រាជធានី​ភ្នំពេញ​។​

​លោក ហង់​ជួន ណា​រ៉ុ​ន បានលើកឡើង​ឱ្យដឹងថា ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ខេត្ត​ត្រូវ​ចាត់តាំង​តំណាង​ឱ្យមក​ទទួលយក​បញ្ជី​ប្រកាស​លទ្ធផល​ប្រឡង​នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២២ ដើម្បី​យកទៅ​បិទ​ផ្សាយ​នៅតាម​មណ្ឌល​សំណេរ​នីមួយៗ​នា​រសៀល​ថ្ងៃទី​០៦ ខែធ្នូ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។​

​លោក​បាន​បន្តថា សម្រាប់​ខេត្ត​ផ្សេង​នៅ​ទូទាំងប្រទេស​នឹង​បិទ​ផ្សាយ​លទ្ធផល​ប្រឡង​នេះ​នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២២ ហើយ​ការបើក​ស្រោម​បញ្ជី​ប្រកាស​លទ្ធផល​ត្រូវធ្វើ​នៅតាម​មណ្ឌល​សំណេរ​រៀងៗ​ខ្លួន ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ដែនដី និង​ត្រូវមាន​របាយការណ៍​ប្រគល់​មក​នាយកដ្ឋាន​កិច្ចការ​ប្រឡង​ផងដែរ​៕